មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តុលាការសម្រេចឃុំខ្លួនជនត្រូវចោទ ៥ នាក់ ករណីឃាតកម្មបាញ់សម្លាប់នៅស្រុកបាភ្នំ,,,

(ព្រៃវែង)៖ រឿងឃាតកម្មខ្មាន់កាំភ្លើងបាញ់ ១០ គ្រាប់ សម្លាប់ជនរងគ្រោះ ដោយចោទថា ចោរលួចឡាននោះ លទ្ធផលឃុំខ្លួនជនត្រូវចោទ ៥នាក់ បទល្មើសផ្សេងគ្នា។
នៅល្ងាចថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៩ នេះ លោក កែ សាខន អនុប្រធានសាលាដំបូងខេត្តព្រៃវែង និងចៅក្រមស៊ើបសួរ បានសម្រេចចេញដីកា ឃុំខ្លួនជនត្រូវចោទ ៥នាក់ ដាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
ទី១ឈ្មោះ ជឹម រតនៈ ភេទ ប្រុស អាយុ ២៩ឆ្នាំ។ ២ ឈ្មោះ ជឹម វិន ភេទ ប្រុស អាយុ ២៥ ឆ្នាំ អ្នកទាំងពីរ ជាប់ចោទពីបទ៖ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្ត នៅភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង កាលពីវេលាម៉ោង ២៣ៈ០០ យប់ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៩។
ដោយឡែកជនត្រូវចោទ ៣នាក់ទៀត៖ ទី១៖ ឈ្មោះ សេង ឈិន ភេទប្រុសអាយុ ២៥ឆ្នាំ ជាម្ចាស់បណ្ដឹងផ្ដល់ព័ត៌មានមកឈ្មោះ ផាន់ សុឌី ឲ្យជួយចាប់ចោរលួចឡាន។ ២៖ ឈ្មោះ ផាន់ សុឌី ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។ ៣! ឈ្មោះ ភាព ផានី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជាពលរដ្ឋនៅឃុំកំពង់សឹង អ្នកផ្ដល់ព័ត៌មានមកប៉ូលិស។ អ្នកទាំងបី ជាប់ចោទពីបទ៖ ប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ នៅភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង កាលពីវេលាម៉ោង ២៣៖០០យប់ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៩។
សូមរម្លឹកថា! ករណីឃាតកម្មបាញ់ ១០គ្រាប់ ស្រោចយ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង ២៣ៈ០០នាទីយប់ ថ្ងៃទី ២៣ មីនា ឆ្នាំ ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង ខណៈជនរងគ្រោះកំពុងបើកឡាន បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ម៉ន រ៉ាវុធ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លាប់ក្នុងថ្លុកឈាម រួចទើបដឹកសពទៅសង្គ្រោះ។ ចំណែកអ្នករួមដំណើរឈ្មោះ វ៉ាន​ ខេមរិន ភេទ ប្រុស អាយុ ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសស្រាល។
ដើមចមដំបូង៖ ជនរងគ្រោះឈ្មោះ យ៉ន រ៉ាវុទ្ធ ជាម្ចាស់រថយន្ត បានយកប្រាក់ ៣,០០០ដុល្លារ ពីឈ្មោះ សេង ឈិន ទៅ លស់ យករថយន្តរបស់ខ្លួន ។ ដែលបានបញ្ចាំ រួចយករថយន្តនោះ មករកស៊ីជាមួយគ្នា ដោយជួលអោយជនជាតិចិន បានរយៈពេល ៣ខែ ហើយក្នុង ១ខែ ទទួលបាន ៤៥០ដុល្លារ ចែកគ្នាបាន ២២៥$ម្នាក់ លុះដល់ថ្ងៃកើតហេតុ ដោយសាររថយន្តនោះខូច និងដោយមានការខ្វែងគំនិតគ្នា ជនរងគ្រោះបានយករថយន្តនោះ មកជួសជុល ដែលជាមូលហេតុ បណ្តាលអោយឈ្មោះ សេង ឈិន ចោទថា ជាករណីលួចឡាន និងបានទាក់ទងទៅសមត្ថកិច្ចឲ្យតាមចាប់។ ទន្ទឹមនឹងនោះ សមត្ថកិច្ច PM បានបើកឡានដេញតាមពីក្រោយ ជាមួយឈ្មោះ សេង ឈិន និងឈ្មោះ ផាន់ សុឌី ដោយដេញតាមតាំងពីគល់ស្ពានអ្នកលឿង បត់មកផ្លូវជាតិលេខ ១១ ទិសដៅឆ្ពោះទៅទីរួមខេត្តព្រៃវែង លុះមកដល់ផ្លូវបំបែក ទៅផ្សារស្នេហ៍ស្រុកបាភ្នំ ជនរងគ្រោះបានបើករថយន្តសំដៅ ទៅទីរួមស្រុកបាភ្នំ នៅពេលមកដល់ ចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ កន្លែងកើតហេតុ ស្រាប់តែសមត្ថកិច្ចមួយក្រុមដឹកនាំដោយលោក ជា ឡាឌីន នាយប៉ុស្តិ៍កំពង់សឹង មកស្ទាក់ពីមុខ ហើយឈ្មោះ ជឹម រតនៈ និងឈ្មោះ ជឹម វិន បានដកកាំភ្លើង បាញ់ស្រោចមកលើជនរងគ្រោះ ចំនួន ១០គ្រាប់ បើទោះបីជាជនរងគ្រោះ សំពះសុំទុកជីវិតក៏នៅតែបាញ់មិនឈប់។ បណ្ដាលឲ្យត្រូវជនរងគ្រោះ ៥គ្រាប់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយចោទថាជាចោរលួចរថយន្ត។
ក្រោយមកសមត្ថកិច្ច នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃសហការជាមួយ ស្នងការខេត្តព្រៃវែង ធ្វើការស្រាវជ្រាវ ចាប់ជនពាក់ព័ន្ធ ជាបន្តបន្ទាប់ រហូតដល់ ៥នាក់ ដើម្បីបញ្ជូនមកកាន់តុលាការ៕
តុលាការសម្រេចឃុំខ្លួនជនត្រូវចោទ ៥ នាក់ ករណីឃាតកម្មបាញ់សម្លាប់នៅស្រុកបាភ្នំ,,, តុលាការសម្រេចឃុំខ្លួនជនត្រូវចោទ ៥ នាក់ ករណីឃាតកម្មបាញ់សម្លាប់នៅស្រុកបាភ្នំ,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:09:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.