ភ្នំពេញ: ប្រទេសឡាវ ចង់ឲ្យបង្កើតឲ្យមានការិយាល័យកុងស៊ុលឡាវ ប្រចាំនៅខេត្តសៀមរាប ដែលជាទេសចរណ៍វប្បធម៌ដ៏សំខាន់របស់កម្ពុជា ក្នុងគោលបំណងជួយសម្រួលដល់ដំណើរទស្សនារបស់ប្រជាជនឡាវ ទៅកាន់ទីនោះ។ លោក Prasith SAYASITH ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនបញ្ហានេះ ទៅកាន់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែតុលា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា នៅក្នុងជំនួបនោះ ក្រៅពីការសំដែងការគួរសម លោក Prasith SAYASITH បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ថាប្រទេសឡាវ ចង់បង្កើតឲ្យមានការិយាល័យកុងស៊ុលមួយ ប្រចាំនៅខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ដំណើរទស្សនារបស់ប្រជាជនឡាវ ទៅកាន់ទីនោះ។ លោក ឯក ថា បានឲ្យដឹងទៀតថា លើបញ្ហានេះ លោក សុខ អាន បានគាំទ្រឲ្យមានការបើកកុងស៊ុលឡាវ ប្រចាំនៅខេត្តសៀមរាប។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៣ កន្លងមកនេះទេសចរណ៍ឡាវ បានមកទស្សនាកម្ពុជាមានចំនួនជាង ៤៤ ម៉ឺននាក់ ដែលជាទំហំគួរឲ្យចាប់អារម្មណ៍។ បើនិយាយពីពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវ វិញនៅឆ្នាំ២០១៣ មកនេះ កម្ពុជានាំទំនិញចេញទៅកាន់ប្រទេសឡាវ មានចំនួនជាង ៥៨៦.០០០ ដុល្លារអាមេរិក ហើយនាំចូលពីឡាវមកកម្ពុជាវិញមានជាង ៥ លានដុល្លាអាមេរិក ដែលទំហំពាណិជ្ជកម្មទ្វេរភាគីនេះ មានការកើនឡើងជានិច្ច។ នៅក្នុងជំនួបសំដែងការគួរសមនោះ លោក Prasith SAYASITH បានស្នើឲ្យភាគីកម្ពុជាពន្លឿនការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ ឲ្យបានឆាប់ ដើម្បីរួមចំណែកអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសម្រាប់ដំណើរការពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូនទៅវិញទៅមកឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។ ជាការឆ្លើយតប លោក សុខ អាន បានឯកភាពទៅលើការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតឡាវ គឺធ្វើយ៉ាងណាជំរុញឲ្យមានការបោះបង្គោលឲ្យបានឆាប់ សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវនេះ បានសម្រេច ៨៦ ភាគរយ ហើយភាគីទាំងពីរនឹងខិតខំបញ្ចប់ឲ្យបានឆាប់ ដើម្បីធ្វើសន្ធិសញ្ញារួមគ្នាយកទៅតម្កល់នៅអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះផងដែរ លោក សុខ អាន និង លោក Prasith SAYASITH ក៏បានពិភាក្សាគ្នាអំពីបញ្ហាបើកច្រកព្រំដែនអន្តរជាតិមួយ នៅត្រពាំងគ្រៀល និងបានពិភាក្សាគ្នាអំពីការសាងសង់ស្ពាននៅព្រែកល្ពៅ សម្រាប់តភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម សេដ្ឋកិច្ច កម្ពុជា-ឡាវ ឲ្យកាន់តែមានប្រសិទ្ធិភាព៕
រថយន្តកូរ៉ូឡាឆ្លងចរន្តឆេះខ្ទិចមួយកំណាត់មុខ
កូនអកត្តញ្ញូវាយឪពុក
ត្រឡប់ក្រោយវិញ
ឡាវ ចង់បង្កើតកុងស៊ុលប្រចាំខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើទេសចរណ៍របស់ជនជាតិឡាវ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:12:00 AM
Rating:
No comments: