មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តោះទៅទស្សនា ប្រាសាទភ្នំជីសូរ ទាំងអស់គ្នា

ផ្សាយថ្ងៃទី ០៩ សីហា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រុំដែនអន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ ២ កាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ ៦២ គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវលំមួយមានចំងាយ ៥ គីឡូម៉ែត្រ ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ ២៧ គីឡូម៉ែត្រ។ ភ្នំជីសូរមាន កំពស់ ១៣០ ម៉ែត្រ។
សំណង់នៃប្រាង្គប្រាសាទ បុរាណជាមរតក វប្បធម៌ខ្មែរដ៏មានតម្លៃដោយមិនអាច កាត់ថ្លៃបានឡើយ។ លក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែងមានការកត់សំគាល់នូវប្រវត្តិនៃការកសាងពីរ បែបខុសគ្នា គឺតាមរយៈអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវតាម រយៈសិលាចារឹកផង និងមួយបែបទៀតតាមរយៈរឿងព្រេង និទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចេះចាំមាត់ហើយបាននិយាយតៗ គ្នាផង។ តាមសិលាចារឹក លើភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។នៅក្នុងប្រាសាទភ្នំជីសូរមាន សិលាចារឹកពីរ សិលាចារឹកទីមួយនិយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ្រិស្តសករាជ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ចំណែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទីពីរ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន[២]។តាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារ បានរៀបរាប់ពី ការធ្វើពិធីសេវលិង្គ ឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឫ ជីសូរនៅក្នុងឆ្នាំ ១០១៨ នៃគ្រិស្តសករាជ។ ចំណែកឯ សិលាចារឹកអង្គរខេត្តសៀមរាប បានហៅប្រាសាទភ្នំជីសូរថា ស្រីសូរ្យគីរី និងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាល ដែលខ្មែរបុរាណហៅថា កម្រតេងជគត ដែលបានតម្កល់នៅប្រាសាទនេះ។ ប៉ុន្តែបើយើងនិយាយ អំពីតាមបែបរឿងព្រេងនិទានវិញនោះ មានប្រវតិ្តនៃការកសាងប្រាសាទភ្នំជីសូរ ដូចតទៅនេះ ៖ ចាស់ទុំដែលរស់នៅតំបន់ជុំវិញភ្នំជីសូរ នៅតែមានការចេះចាំហើយបានតំណាលរឿងព្រេងនិទាននេះបន្តឲ្យកូនចៅបានចេះចាំតៗ គ្នា ពីមាត់មួយទៅមាត់មួយថា កាលពីព្រេងនាយមានមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសន៍មួយកន្លែងឋិតនៅខាងកើត ភ្នំជីសូរនៅជិតទន្លេមួយឈ្មោះថា ទន្លេឱម។
រាជនិវេសន៍នោះឈ្មោះថា «សែនភូវាំង» ដែលមានឈ្មោះ និងស្លាកស្នាមនៃទីកន្លែងមកទល់នឹងសព្វថ្ងៃនេះ។កាលណោះមានការរៀបចំពិធីមួយហៅថាជាការកោរសក់កូនស្តេច ដែលពាក្យរាជស័ព្ទ ហៅថា ពិធីចម្រើន ព្រះកេស ព្រះរាជឱរស។ ក្នុងគ្រានោះដែរ ក៏មានពួកព្រាហ្មណ៍ ជាគ្រូអាចារ្យសំខាន់ៗ បានជូនពរសព្ទ សាធុការពរជ័យដល់ព្រះរាជ ឱរសនោះ។ ប៉ុន្តែគេបានធ្វើការចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យ ដល់ព្រះរាជ ឱរសថា សូមឲ្យខ្លាំងដូចស្រមោច ឲ្យពូកែដូចខ្មោច និងមានចិត្តមុតដូចស្រី។ គ្រានោះដែរ មជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស់និង ព្រះមហាក្សត្រផងដែរ បានឆ្ងល់ទៅនឹងខ្លឹមសារនៃពរជ័យនោះហើយសេ្តចក៏បានឲ្យព្រាហ្មណ៍នោះធ្វើការពន្យល់ដើម្បីឲ្យអស់សង្ស័យ។ ព្រាហ្មណ៍នោះបានបកស្រាយដូចតទៅៈ
loading...
ពរទី១ ខ្លាំងដូចស្រមោច គឺសំដៅទៅលើការកំណត់ច្បាស់ថា ស្រមោចវាជាសត្វមានកម្លាំងខ្លាំង។ ទន្ទឹមនេះដែរព្រាហ្មណ៍បានបញ្ជាក់ថា ឲ្យយកដែកប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សលើកម្នាក់ឯង។ ពេលនោះមនុស្សលើកដែកនោះពុំរួចទេ។ ប៉ុន្តែបើគេយកម្ជុលទំហំប៉ុនខ្លួនស្រមោចហើយមានការប្រឡាក់ទឹកឃ្មុំនោះគេ ឃើញស្រមោចមួយពាំទៅបាត់។ នេះហើយដែលហៅថា ខ្លាំងដូចស្រមោច។
ពរទី២ ពូកែដូចខ្មោច គឺឲ្យយកខ្មោចតៃហោងទាំង៧ ទៅកប់នៅផ្នូរ ជិតៗ គ្នាបរិវេណតែមួយមានរាងជារង្វង់ហើយមានកប់ផ្តិលប្រាក់នៅទីកណ្តាលនោះដែរ។ នៅពេលយប់គេមានរៀបចំ ពែអុជធូបសែន នៅទីនោះដែលគេសួរថា តើមាននរណាហ៊ានទៅជីក កកាយយកផ្តិលប្រាក់ទាំងយប់ ឬក៏អត់? គេថា មិនមាននរណាហ៊ានទៅជីកយកទេ។ នេះហើយដែលគេហៅថា មានឫទ្ធិពូកែដូចខ្មោចនោះ។ ពរទី៣ ចិត្តមុតដូចស្រី គឺមានដំណើររឿងជាក់ស្តែងដែលបានបង្ហាញថា ស្រ្តីមានចិត្តដាច់ដោយហ៊ានសម្លាប់ប្តី ដើម្បីបានទ្រព្យសម្បត្តិ និងកិត្តិយស។ ចំណែកឯប្តី វិញមិនហ៊ានសម្លាប់ប្រពន្ធដើម្បីទ្រព្យសម្បត្តិ និងបុណ្យសក្តិនោះឡើយ។ នេះហើយដែលមានការលើកឧទាហរណ៍ បញ្ជាក់ឲ្យឃើញជាក់ស្តែងថា ពិតជាស្រ្តីភាពមានចិត្តមុតមែន។ នៅពេលដែលបានជ្រាបនិងទ្រង់ជ្រាបបានច្បាស់ពីអត្ថន័យតាមការជូនពរនោះហើយ ភ្ញៀវទាំងអស់ក្នុងពិធីនោះព្រមទាំងព្រះមហាក្សត្រផង មានការយល់ព្រមហើយមានការគាំទ្រនិងលើកតម្លើង ព្រាហ្មណ៍នោះជារាជគ្រូក្នុងការបង្ហាត់បង្រៀនដល់កូនស្តេចទៀតផង។ មិនតែប៉ុណ្ណោះព្រះមហាក្សត្របានកសាងអាស្រមនៅលើភ្នំជីសូរ គឺប្រាសាទភ្នំជីសូរទុកជាមរតកមកទល់នឹងបច្ចុប្បន្ននេះ ដើម្បីជូនដល់ព្រាហ្មណ៍នោះ គង់នៅព្រមទាំងធ្វើជា បូជនីយដ្ឋាននៃការគោរពសក្ការៈផងដែរ។ នេះហើយដែលជាប្រវត្តិនៃការកសាងប្រាសាទភ្នំជីសូរតាមរយៈរឿងព្រេងនិទាន។
ប្រាសាទភ្នំជីសូរស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួន បើតាមសិលាចារឹកយើងអាចដឹងថា ប្រាសាទនេះត្រូវបានកសាងឡើងក្នុងអំឡុងរាជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ នៅក្នុងរវាងឆ្នាំ១០១០ ដល់ឆ្នាំ១០១២ នៃគ.ស។ បើគិតពីរាជព្រះអង្គ រវាងឆ្នាំ១០០២ ដល់ ឆ្នាំ១០៥០នៃគ.ស។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនាគឺព្រះឥសូរ បានជាគេថាឧទ្ទិសចំពោះព្រះឥសូរ ពិព្រោះគេសំអាងលើចម្លាក់នៅលើហោជាងនិងផ្ដែរ ដែលមានឆ្លាល់ទាក់ទងនិងព្រះឥសូរអង្គុយជាមួយមហាសីនាងឧមារ នៅលើគោននិ្ទន និងព្រះឥសូររាំរបាំ ជាដើម។ ប្រាសាទនេះកសាងពីថ្មភក់ និងលីប៉ូនិត។ ប្រាសាទភ្នំជីសូរកសាងតាមប្លង់តម្រៀបប្លង់លើអ័ក្សបណ្ដាយពីលិចទៅកើត រត់តគ្នារវាងក្រុមកណ្ដាលដែលនៅលើកំពូលភ្នំ មាន ប្រាសាទសែនត្មុលឫឆ្មស់(ត្មុលជាពាក្យបាលីសាស្រឹ្តតដែលមានន័យថាគោ ដែលសំដៅលើគោននិ្ទន ដែលជាយានជំនិះរបស់ព្រះឥសូរ ប្រាសាទសែនត្មុលសម្រាប់តម្កល់គោននិ្ទន) ប្រាសាទសែនរវាំង (សែនភូវាំង) និងទន្លេអ៊ុំ។ ទន្លេអ៊ុំដែលជាបារាយន៍ឫតំណាងឳ្យទន្លេគង្គា ប្រើសម្រាប់ពីធីសេវលិង្គ ដើម្បីធ្វើពិធីលាងបាប។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើត។ នៅចំកណ្តាលបរិវេនគីប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច។ លុះសម័យក្រោយអង្គរ ភ្នំជីសូរក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយ៍ហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការ ប្រជាជននិយមហៅថា ព្រះវិហារក្នុង។គួរកត់សម្គាល់ដែរថា នៅឆ្នាំ១៩៣៦ សាលាចុងបូព៌ា ធ្លាប់បានជួសជុលប្រាសាទនេះ ម្ដងហើយ តែគួរឱ្យស្ដាយប្រាសាទនេះ មួយភាគធំត្រូវបានខូចខាត ដោយទម្លាក់គ្រាប់ ក្នុងអំឡុងសង្រ្គាម នាដើមទសវត្សរ៍១៩៧០។ កន្លងមកក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបាន អនុវត្តន៍គម្រោងនានាដូចជា ការសង្រ្គោះបន្ទាន់ពីរឆ្នាំជាប់គ្នា២០១៤ ២០១៥ និងការបោះបង់គោលកំណត់ទីតាំងការពាររមណីយដ្ឋាន រចនាសម្ព័ន្ឋប្រាង្គប្រាសាទ ស្លាកស្នាមបុរាណវិទ្យារួមនិងទេសភាពវប្បធម៌ឳ្យស្ថិតស្ថេរគង់វង្ស។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
តោះទៅទស្សនា ប្រាសាទភ្នំជីសូរ ទាំងអស់គ្នា តោះទៅទស្សនា ប្រាសាទភ្នំជីសូរ ទាំងអស់គ្នា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.