ភ្នំពេញ៖ បុរសស្រវឹងស្រាម្នាក់ បានបើក រថយន្តកុងតឺន័រ ទៅបុករះម៉ូតូកង់បី និង ម៉ូតូ១គ្រឿង ដែលធ្វើដំណើរស្របគ្នា បណ្ដាលឲ្យរងការខូចខាត រួចហើយ រថយន្តបង្កព្យាយាមបើករត់តែត្រូវសមត្ថកិច្ចឃាត់ជាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៨ នឹង ១០នាទី យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែផ្សារបេសេ តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមសម្ដីម្ចាស់ម៉ូតូកង់បី (ម៉ូតូឥណ្ឌា) ពាក់ស្លាកលេខភ្នំពេញ 1HE-5128 និងម្ចាស់ម៉ូតូViVA ពាក់ស្លាកលេខ កណ្ដាល1M-9590 ដែលអ្នករងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅពេលកើតហេតុនោះគឺ ពួកគាត់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅស្របគ្នាពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក កុងតឺន័រធុនធំ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0010 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹង បានធ្វើដំណើរតាមក្រោយក្នុងល្បឿនល្មម និងរេចង្កូតពេញផ្លូវ ក៏ជ្រុលមកបុកម៉ូតូកង់បីពីក្រោយ ហើយខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើររងរបួស ។ ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបន្តដំណើរទៅមុខទៀតដើម្បីរត់គេច តែជិតដល់ស្ពានដែកក៏ត្រូវសមត្ថកិច្ចដែលប្រចាំការនៅទីនោះឃាត់ជាប់ទាំងរថយន្ត និងតៃកុង ។
ដោយឃើញស្ថានភាពករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនសូវធ្ងន់ធ្ងរ សមត្ថកិច្ចមូលដ្ឋានក៏បានឲ្យភាគីរថយន្តបង្ក និងម្ចាស់ម៉ូតូកង់បី ព្រមទាំងម៉ូតូដែលរងគ្រោះធ្វើការដោះស្រាយគ្នា ដោយតៃកុងរថយន្ត បង្កព្រមចេញថ្លៃខូចខាតទៅលើម៉ូតូកង់បី និងម៉ូតូរងគ្រោះឲ្យស្អាតដូចដើម ដើម្បីបញ្ចប់រឿងនៅនិងកន្លែងតែម្ដង ៕
ស្រវឹងបើករថយន្តធុនធំ ទៅបុករះម៉ូតូ កង់បី និងម៉ូតូ ១គ្រឿង ហើយព្យាយាម បើករត់ តែត្រូវសមត្ថកិច្ចឃាត់ជាប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:06:00 PM
Rating:
No comments: