អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខចាក់ជាច្រើនកូនកាំបិត ប្លន់យកម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួន ស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់
ភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ខណៈម្ចាស់ផ្ទះសំណាក់ យីហោ ចន្ធូ ត្រជាក់ចិត្ត ស្ថិតក្នុងភូមិឬស្សី ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ បានប្រទះឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានដេកស្លាប់ ដោយសុទ្ធតែឈាមពេញខ្លួន ក្នុងបន្ទប់ផ្ទះសំណាក់ជាន់ទី ៣ កាលពីវេលាម៉ោង ៧ នឹង ៣០នាទីយប់ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩ ។
បើតាមសម្ដីប្អូនថ្លៃប្រុស របស់ជនរងគ្រោះបានឲ្យដឹងថា (សព) មានឈ្មោះ យ៉ាន់ ជឿន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិព្រៃសំបូរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និងជាម្ចាស់ម៉ូតូបាត់បង់ម៉ាកហុងដាឌ្រីម ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-9986 ព្រមទាំងចញ្ចៀនមួយវង់ និងលុយក្នុងកាបូបមួយចំនួនទៀត ។
ប្អូនប្រុសជនរងគ្រោះបានឲ្យដឹងទៀតថា ជនរងគ្រោះគឺជាអ្នករត់ម៉ូតូឌុបនៅខេត្តតាកែវ ដោយយូរៗឡើងមកភ្នំពេញយកអីវ៉ាន់ដាក់ឲ្យម៉ូយ(ភ្ញៀវម្ដង)។ លុះនៅថ្ងៃកើតហេតុ ទាំងបងប្អូន និងប្រពន្ធកូន មិនឃើញជនរងគ្រោះចូលផ្ទះដូចសព្វដង ។ ក្រោយមកក៏មានសមត្ថកិច្ចខលមកប្រាប់ថា ជនរងគ្រោះខាងលើត្រូវបានគេចាក់សម្លាប់នៅក្នុងផ្ទះសំណាក់រួចទៅហើយ ។ ចំណែកឃាតករដែលមិនស្គាល់មុខ បានចាក់សម្លាប់ជនរងគ្រោះ រួចជិះម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងយកចញ្ចៀន និងលុយមួយចំនួនក្នុងកាបូប ចេញពីផ្ទះសំណាក់គេចខ្លួនបាត់ស្រមោល ។
បើតាមប្រភពពីម្ចាស់ផ្ទះសំណាក់ ចន្ធូ ត្រជាក់ចិត្ត ខាងលើ បានប្រាប់ថា ជនរងគ្រោះ និងឃាតករ (ប្រហែលជាស្គាល់គ្នា) បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកសម្រាកក្នុងផ្ទះសំណាក់ នៅវេលាម៉ោង ៥ល្ងាច នៅថ្ងៃកើតហេតុ ក្រោយមកជនសង្ស័យបានដើរចេញមកក្រៅ ហើយរូបគាត់ក៏បានសួរនាំដោយជនសង្ស័យបានឆ្លើយថា ទៅយកស្រីមកដេក រួចក៏បានជិះម៉ូតូចេញទៅបាត់ លុះ រំលងបានប្រហែល ២ម៉ោង ម្ចាស់ផ្ទះសំណាក់ខាងលើមានកាសង្ស័យ បានដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះត្រូវបានជនសង្ស័យចាក់ជាច្រើនកាំបិតស្លាប់លើឥដ្ឋការ៉ូ មានសុទ្ធតែឈាម ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យ បានចុះមកពិនិត្យដោយឃើញថា ជនរងគ្រោះត្រូវបានគេចាក់សម្លាប់ ពិតប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។ ចំណែកជនដៃដល់ សមត្ថកិច្ចជំនាញ និងបន្តធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យតែបាន ៕
អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខចាក់ជាច្រើនកូនកាំបិត ប្លន់យកម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួន ស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:34:00 PM
Rating:

No comments: