មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋាន ប្រាសាទភ្នំជើងព្រៃ

ប្រាសាទភ្នំជើងព្រៃដែលស្ថិតក្នុង ភូមិរវៀង ឃុំរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ភ្នំជើងព្រៃនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងជើងថ្នល់ជាតិលេខ៦ ត្រង់ខាងកើតផ្សារផ្អាវប្រមាណ ៣គីឡូម៉ែត្រ ដែលមានផ្លូវលំមួយ ចូលទៅខាងជើង ប្រមាណ ១៥០០ម៉ែត្រ មានភ្នំពីរឃ្លាតគ្នាប្រហែលជា ១០០ម៉ែត្រពីគ្នា។ មួយនៅខាងកើតហៅភ្នំស្រី ឬភ្នំធំ មួយទៀតទាបនៅខាងលិច ហៅភ្នំប្រុស ឬភ្នំព្រះបាទ ភ្នំទាំងពីរនេះ គេហៅរួមគ្នាថា "ភ្នំជើងព្រៃ" បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថា មនុស្សស្រី និងប្រុស ភ្នាល់គ្នាលើកភ្នំនេះ ដូច "ភ្នំស្រីភ្នំប្រុស" នៅជិតកំពង់ចាមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះ រណ្ដៅដីនៅភ្នំស្រី ដែលខាងស្រីជីកយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ មានទឹកខួបប្រាំងខួបវស្សា ហៅថា ស្រះទឹកព្រះ ឯរណ្ដៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកដីយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំមួយគ្មានទឹកខួបប្រាំងខួបវស្សា ហៅថា កំពែងស្ងួត។ ឯផ្លូវលំ នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣គីឡូម៉ែត្រ ដែលបែកពីថ្នល់ជាតិ កាត់ទៅភ្នំជើងព្រៃនេះ ជាផ្លូវរាបស្មើធេង រថយន្តតូចធំចេញចូលបានស្រួល។
loading...
ស្រះទឹកព្រះនោះ ឋិតនៅទិសឦសានភ្នំស្រី ឬ ភ្នំធំ ចម្ងាយប្រមាណជា ១០០ម៉ែត្រ ទំហំប្រមាណជា ១០០ម៉ែត្រ ៤ ជ្រុង ជម្រៅប្រមាណជា ១០ ម៉ែត្រទទឹងខ្នងលើនៃមាត់ស្រះជុំវិញ ៥ម៉ែត្ររាបស្មើធេង ។ សព្វថ្ងៃ នៅល្អនៅឡើយ មានទឹកថ្លាឈ្វេង ជាទីអាស្រ័យនៅនៃពួកបច្ឆាជាតិ ហើយមានទាំងវារីជាតិនានា ដុះពាសពេញស្រះនោះផង បញ្ចេញផ្លែផ្ការីកស្គុះស្គាយ ដេរដាស អាចប្រៀបទៅនឹងបឹងតូចមួយបាន ដ៏ជាទីមនោរម្យក្រៃពេក ដល់អ្នកទស្សនា។ ឥតមានពួកអ្នកនេសាទណាមួយ ហ៊ានទៅចងសន្ទូច ទៅប្របក់ ឬ ទៅដាក់លបលាយអ្វី ក្នុងស្រះនោះឡើយ ដោយគេខ្លាចរអាគ្រប់ៗ គ្នា សូម្បីតែបន្លែបង្ការ និង ផ្លែផ្កានៃវារិជាតផ្សេងៗ មានផ្កាឈូកជាដើម ក៏គេហាមកូនចៅគេ មិនឲ្យបេះបោចសោះឡើយ ។ស្រះនេះ ពីដើមគេហៅថា "ស្រះទឹកព្រះ" ដូចជម្រាបខាងដើម តែសព្វថ្ងៃ គេហៅតែ "ទឹកព្រះ" ។ បានជាគេហៅថា "ទឹកព្រះ" ព្រោះទឹកថ្លាណាស់ ហើយនៅពេលដែលគេត្រូវការឡើងទៅលើភ្នំនោះម្ដងៗ ដោយមានការអ្វីក្ដី ដោយកម្សាន្តក្ដី គេតែងតែយកដប ថូ កែវ ផ្តិល ចុះទៅដងទឹកក្នុងស្រះនោះ យកទៅស្រង់ព្រះ នៅលើកំពូលភ្នំពុំដែលខាន ។ពាក្យថា "ទឹកព្រះ" បានដិតជាប់នឹងមាត់អ្នកស្រុក ដែលនៅជិតទីនោះគ្រប់ៗ គ្នា, ពេលណា គេត្រូវការតាមគោ ក្របី ដែលបាត់ ឬ ត្រូវការទៅរកឧស គេតែងតែសួរគ្នាថា រកឃើញនៅខាងណាទឹកព្រះ ? ឬ ទៅរកឧសខាងណាទឹកព្រះ ? ។បុរាណវត្ថុនានា ដែលមាននៅបរិវេណនៃភ្នំនោះ បាក់បែកទៅក៏ច្រើន នៅសល់ក៏ច្រើន ដែលនៅសល់សព្វថ្ងៃ គឺព្រះពុទ្ធរូបចូលនិព្វាន ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន ទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន មានកម្ពស់ជាង ១ ម. បែរព្រះភក្ត្រចំទៅទិសអាគ្នេយ៍ ប្រតិស្ឋាននៅក្នុងគុកគុហា ១ ជាមួយព្រះពុទ្ធរូបទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។ព្រះពុទ្ធរូបនិព្វាន ព្រះកេសបែរទៅទិសបូព៌ ព្រះភក្ត្របែរទៅទិសឧត្ដរ ញញឹមស្រស់ ប្រតិស្ឋាននៅក្នុងសាលង្គមួយ ប្រក់ស័ង្កសី ដែលជនជាន់ក្រោយសាងថ្វាយ នៅទិសនិរតីនៃគុកគុហា ។គុកគុហាដែលតម្កល់បូជនីយវត្ថុទាំងនោះ ទ្រុឌទ្រោមគ្រាំគ្រាណាស់ទៅហើយ, អ្នកដែលចូលទៅនមស្ការបូជាព្រះក្នុងគុកគុហានោះ តែងតែមានចិត្តព្រួយបារម្ភ ក្រែងបាក់ធ្លាក់សង្កត់លើខ្លួន ។
នៅលើមាត់ទ្វារខាងលិច និងខាងកើត នៃគុកគុហានោះ មានសិលាចារឹកយ៉ាងច្បាស់លាស់, អ្នកមើលពីចម្ងាយទៅ សំគាល់ថា អក្សរខ្មែរ តែលុះចូលទៅដល់ អ្នកចេះអក្សរខ្មែរសម័យបច្ចុប្បន្នមើលពុំបាន អានពុំចេញថាម៉េចឡើយ ព្រោះជាអក្សរខ្មែរបុរាណ ។ឯរណ្ដៅក្ដី ដែលប៉ែកខាងប្រុសជីកយកមកធ្វើជាភ្នំ ហើយក្លាយទៅជាស្រះ ១ ធំ ឈ្មោះ "កំពែងស្ងួត" នោះ មានទំហំ ប្រមាណជា ១០០ ម. ៤ ជ្រុងស្មើ ជម្រៅប្រមាណជា ១០ ម. ឋិតនៅប៉ែកខាងកើត ឆៀងខាងត្បូង នៃស្រះទឹកព្រះ របស់ពួកខាងស្រី ដែលមានទឹកខួបប្រាំងខួបវស្សា ។ ស្រះកំពែងស្ងួតនោះ ស្ងួតមិនស្គាល់ប្រាំងវស្សាទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ច្រើនយ៉ាងណា ក៏ទឹកមិនដក់នៅក្នុងស្រះនោះដែរ, តែកាលណាភ្លៀងរាំងភ្លាម ក៏រីងស្ងួតហួតទឹកអស់មួយរំពេច ហាក់ដូចជាមានរន្ធយ៉ាងធំបង្ហូរទឹកចេញ ។ គួរឲ្យឆ្ងល់ណាស់ ស្រះទាំងពីរគឺខាងស្រី និង ស្រះខាងប្រុសនេះ ឋិតនៅចម្ងាយពីគ្នាមិនទាំងដល់ ១០០ ម. ផង ម៉េចក៏ស្រះមួយខាងស្រី មានទឹកពេញព្រៀបខួបប្រាំងវស្សា ហើយស្រះមួយទៀតខាងប្រុស ក៏បែរជាស្ងួតហួតហែងទៅវិញ ? តាមចាស់ៗ នៅជិតស្រះនោះ និទានថា បានជាស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្ដាសា ដែលពួកខាងស្រីដាក់ឲ្យពួកខាងប្រុស ។នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូច ទំហំប្រមាណជា ៥ម៉ែត្រ បួនជ្រុងស្មើ ជម្រៅប្រមាណជា ៤ ឬ ៥ ម៉ែត្រ គេហៅថា ស្រះលាងជើង ។
ចាស់ៗ តំណាលថា ស្រះនេះ បានជាគេហៅដូច្នោះ ព្រោះចាស់បុរាណ បានជីកទុកចុះទៅលាងជើង មុននឹងឡើងទៅលើភ្នំទាំង ២ ។សព្វថ្ងៃនៅរាល់ថ្ងៃ ៨ កើត ៨ រោច ១៥ កើត ១៤-១៥ រោច ជាថ្ងៃសីល ពួកពុទ្ធបរិស័ទ នៅភូមិផ្អាវខ្លះ ភូមិជើងព្រៃខ្លះ ភូមិទំនប់ច្រកភ្នំខ្លះ គេតែងនិមន្តព្រះសង្ឃឡើងទៅលើភ្នំនោះ ដើម្បីធ្វើកិច្ចសមាទានសីល កាលបើគេសមាទានឧបោសថសីលហើយ ខ្លះក៏ត្រឡប់មកលំនៅឋានវិញ ខ្លះក៏នៅអស់រយៈពេល ១ ថ្ងៃនោះទល់ល្ងាច ខ្លះទៀត នៅរហូតអស់រយៈពេល ១ ថ្ងៃ ១ យប់ ទើបវិលមកលំនៅរបស់អាត្មាវិញ ។ អ្នកដែលនៅអស់រយៈពេល ១ ថ្ងៃ ១ យប់នោះ គឺគេនៅធ្វើសមាធិកម្មដ្ឋាន, លុះព្រឹកឡើង គេធ្វើចង្ហាន់ប្រគេនព្រះសង្ឃ កិច្ចបំពេញទានក្នុងវេលាព្រឹកនោះទៀត ។
អ្នកដែលបានធ្វើចង្ហាន់ ប្រគេនព្រះសង្ឃនោះ គេធ្វើតែសម្លបួស មិនធ្វើសម្លត្រី-សាច់ទេ ដោយជឿថា បើធ្វើសម្លត្រី-សាច់ នឹងមានហេតុ នាំឲ្យរំខានក្នុងការធ្វើសមណធម៌ រមែងមានស្រមោច សង្អារ ក្អែប ខ្ទួយ មករោម ខាំ ទិច រកតែដេកមិនបាន អង្គុយធ្វើសមណធម៌មិនកើត ដោយការទទួលទានត្រី-សាច់ នាំឲ្យឆ្អេះឆ្អាបស្អុយ ។មានលោកធុតង្គជាច្រើនអង្គ និមន្តមកគង់នៅលើភ្នំនោះ តែទ្រាំនៅឲ្យជាប់រាប់ខែមិនបាន នៅតែបន្តិចៗ ក៏និមន្តទៅបាត់ ។ឧបាសក ឧបាសិកាខ្លះ យកទឹកទៅស្រង់ព្រះ ខ្លះទៅស្រោចស្នាមព្រះបាទនៅផ្ទាំងសិលាធំ, លុះទឹកហូរហៀរមកវិញ គេយកផ្តិល ឬ ចានត្រងយកមកចាក់ដាក់ដប ទុកយកទៅផ្ទះផ្ញើកូនផ្ញើចៅ គ្រាន់បានលុបមុខ និង ទទួលទានជាដើម, នេះជាជំនឿម្យ៉ាង របស់អ្នកដែលឡើងទៅសុំសីលលើភ្នំ ។ក្រៅអំពីបុរាណវត្ថុ ដូចបានរៀបរាប់មកហើយនេះ នៅមានបុរាណវត្ថុខ្លះទៀត ជាផែនថ្មតាងផ្ទាំង គេហៅថា កីនាងទាវ តែសព្វថ្ងៃ ឃើញនៅតែគោលៗ ប៉ុណ្ណោះ ព្រោះបាក់បែកខ្លះ សឹករលុបបាត់ខ្លះទៅហើយ ។ តាមព័ត៌មានពីអ្នកស្រុកនៅទីនោះថា កាលបារាំងទៅនៅទីនោះ វាបានគាស់យកសសរកីនាងទាវនោះ ទៅធ្វើជាជណ្ដើរចុះទៅស្រះខាងស្រី ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
នៅលើភ្នំស្រីពីខាងមុខ មានផែនថ្មស្នាមជើងមនុស្ស, អ្នកស្រុកហៅថា "ដានជើងតាព្រេង" ។ខាងលើភ្នំនេះ ត្រង់ជ្រុងឦសាន មាននាទីដីរាបស្មើធេង ស្អាតបាត គេហៅថាកន្លែងឃុនឆាងទាត់សី ។ ខាងទិសបស្ចិមគុកគុហា មានរន្ធថ្ម ១ ប៉ុនប្រាក់រៀលពីដើម គឺល្មមដាក់ប្រាក់រៀលចុះ គេថារន្ធថ្មនោះ ជារន្ធឡូតាព្រេង ដែលគាត់តែងលេងនៅពេលល្ងាចៗ ។មួយទៀត ជុំវិញបរិវេណភ្នំនោះ មានកំពែងធ្វើដោយថ្មបាយក្រៀម ដែលមួយដុំៗ មានទំហំប្រហែលជា ០,៤០ម៉ែត្រ x ០,៦០ម៉ែត្រ ។ កំពែងថ្មនោះ តាមចាស់បុរាណលោកថា មានដល់ទៅ ៧ ជាន់ សុទ្ធសឹងជាថ្មដែលជាស្នាដៃនៃបុព្វបុរសខ្មែរយើង កសាងបន្ថែមជាខាងក្រោយ ជំនាន់លោក "យមរាជសិង្ហៈ" ដើម្បីការពារអសន្តិសុខ ឬ ការពារអ្វីម្យ៉ាង របស់លោកក្នុងជំនាន់នេះ ។ កំពែងនេះ បាក់បែកជាច្រើនទៅហើយ តែនៅសល់ក៏ច្រើនដែរ អ្នកទស្សនា អាចសន្និដ្ឋានបានថា មាន ៧ ជាន់មែន ។ភ្នំជើងព្រៃ ជាទីប្រតិស្ឋាននៃបុរាណវត្ថុនានា មានស្រះទឹកព្រះ ជាដើម ដូចរៀបរាប់មកខាងលើនោះ សព្វថ្ងៃ បានក្លាយទៅជារមណីយដ្ឋានមួយសម្រាប់អ្នកទេសចរនានា ពិសេស សម្រាប់ជនជាតិខ្មែរយើង ដែលនៅក្នុងស្រុកជើងព្រៃ និង ស្រុកព្រៃឈរ ទាំងរាស្ត្រ ទាំងនាម៉ឺន ទៅលេងកម្សាន្តសប្បាយ នៅរដូវចូលឆ្នាំខ្មែរ ឬ នៅដំណាច់ខែចេត្រ, ប៉ុន្តែភាគច្រើន ចូលចិត្តទៅលេងនៅថ្ងៃដាច់ខែចេត្រ ម្នាក់ៗ គេរង់ចាំឲ្យតែដល់ដាច់ខែចេត្រថ្ងៃណា គេនឹងបាននាំគ្នាទៅលេង នៅភ្នំជើងព្រៃនេះដោយរីករាយ ។គេទៅដោយយានជំនិះផ្ទាល់ខ្លួន ដូចជាទោចក្រយាន ទោចក្រយានយន្ត, រទេះគោ រទេះក្របី ឬ រថយន្តក៏មាន ជួលទោចក្រយានសណ្ដោង វេស្បាកង់បី ឬ ជួលរថយន្តឈ្នួលក៏បាន ។
នៅពេលនោះ មានយានផ្សេងៗ ចតតម្រៀបត្រៀបត្រា នឹងគណនាត្រារាប់ពុំបាន ។ មនុស្សអ៊ូអរ ប្រជ្រៀតគ្នារកម្លប់ជ្រករៀងៗ ខ្លួន, ខ្លះដែលបានឡើងទៅលើភ្នំហើយ ក៏នាំគ្នាត្រឡប់ចុះមកវិញ ខ្លះដែលទើបនឹងទៅដល់ ក៏ខំប្រញាប់ប្រញាល់ឡើងទៅលើភ្នំ ។ បណ្ដាអ្នកទៅទាំងប៉ុន្មាន ម្នាក់ៗ គេមានទឹកដប និង ផ្កា ទៀន ធូប ដើម្បីយកទៅស្រង់ព្រះ និង ធ្វើសក្ការបូជា ចំពោះព្រះពុទ្ធរូបទាំងនោះ ។ កាលបានធ្វើសក្ការបូជាហើយ ខ្លះក៏ច្រៀងរាំវង់ ខ្លះស្រស់ស្រូបម្ហូបអាហារ ខ្លះលេងអង្គញ់ ខ្លះលេងឈូង ខ្លះលេងល្បែងផ្សេងៗ តាមពួកតាមក្រុម នៅក្រោមម្លប់ឈើ ជាពិសេស នៅក្រោមម្លប់ដើមស្វាយជាជួរៗ រហូតដល់ល្ងាចត្រជាក់ទើបគេនាំគ្នាត្រឡប់មកគេហដ្ឋានរៀងៗ ខ្លួនវិញ ។អ្នកដែលទៅលេងកម្សាន្តក្ដី ទៅមានការក្ដី គេតែងប្រយ័ត្ន ២យ៉ាងគឺ ៖
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
១-នៅភ្នំនោះ មានខ្ទមតូច ១ ឋិតនៅក្រោមដើមសំរោង ១ ដើម ជាខ្ទមអ្នកតាក្រហមក ។ អ្នកតានោះ ពូកែណាស់ អ្នកស្រុកគេហៅថា អស់លោកភ្នំ ។ ពីដើម អ្នកចេះមន្តអាគម ស្រីមានផ្ទៃពោះ អ្នករាជការ, អ្នកមានបណ្ដាសក្ដិ ដើរកាត់មុខមិនបាន តែហ៊ានដើរកាត់មុខ មុខជាសាបមន្តអាគម រលូតកូន ធ្លាក់បុណ្យសក្ដិពុំខាន ។ ប៉ុន្តែសព្វថ្ងៃ ថយឫទ្ធិអំណាចខ្លះទៅហើយ តែទោះបីថយឫទ្ធិខ្លះ ក៏គេនៅប្រយ័ត្នដែរ ។
២-គេមិនហ៊ានដេញស្វាដែលនៅលើដើមសំរោង ជាកូនចៅរបស់អ្នកតាក្រហមកនោះទេ បើដេញវាយ នឹងត្រូវទទួលគ្រោះថ្នាក់ ដោយហើមដៃ ហើមជើង ហើមខ្លួនយ៉ាងដំណំ ។ សូមជម្រាបថា បើត្រូវការលេងកម្សាន្ត នៅជើងព្រៃ សូមអញ្ជើញទៅនៅដំណាច់ខែចេត្រ ទើបបានសប្បាយ ។
រមណីយដ្ឋាន ប្រាសាទភ្នំជើងព្រៃ រមណីយដ្ឋាន ប្រាសាទភ្នំជើងព្រៃ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:56:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.