មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពិធីបុណ្យចូលឆ្នាំខ្មែរ

ផ្សាយថ្ងៃទី ១៣ មេសា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ចូលឆ្នាំខ្មែរ (អង់គ្លេស: Khmer New Year) គឺជាពិធីបុណ្យ​ចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ "បុណ្យរដូវក្ដៅ" (The Hot Season) នៃវិស្សមកាលតូច (Small vacations) ដែលបានមកពីអរិយ្យធម៌ នៃវប្បធម៌ ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា "សង្ក្រាន្ត" (Sangkranta) ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ (សំស្ក្រឹត-Sanskrit) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា (សង្ក្រាន្ត​ខ្មែរ​-Sangkrant Khmer) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធ​ឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា (April) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ ដែលមានរយៈពេលពេញមួយសប្ដាហ៍ ។
មុនថ្ងៃចំនូលឆ្នាំខ្មែរមកដល់ ប្រជាជនខ្មែរគ្រប់រូបនិងធ្វើដំណើរនិវត្តគ្រប់ទិសទីមកស្រុកកំណើតរបស់ពួកគេវិញ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេ រៀងរាល់មួយឆ្នាំម្ដង បន្ទាប់មក ពួកគេនិងរៀបចំសំអាតផ្ទះសម្បែង និងតុបតែង លម្អផ្ទះសម្បែងផងដែរ ជាមួយនិង ប្រពៃណីព្យួគោមផ្កាយ (Star Lantern) ដែលពួកគេមានជំនឿថា ពន្លឺគោមផ្កាយ និងនាំមកនូវ សិរីសួស្ដី លាភសំណាង និង ភាពមានបានផងដែរ ក្រៅពីនេះទៀតមានលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ នៅតាមភូមិស្រុករបស់ពួកគេផងដែរ ដូចជា៖ ចោលឈូង លាក់កន្សែង ទាញព្រ័ត បោះអង្គុញ ស្ដេចចង់ ពង្រាត់សង្សា ក្លែងឆាបកូនមាន់ ផ្សេងៗ ក្រៅពីល្បែងកំសាន្តទាំងនេះ ក៏មានល្បែងកំសាន្តមួយប្រភេទទៀតហៅថា ពិធីលេងជះទឹក តាមទីលំនៅនីមួយៗ តែងមានធុងទឹកនៅពីមុខផ្ទះរបស់ពួកគេ ដើម្បីជះទឹកទៅលើអ្នកដំណើរ ដែលពួកគេមានជំនឿថា ភាពមិនល្អដែលតោងទាមយើងគ្រប់គ្នាតាំងពីឆ្នាំចាស់ និងត្រូវលាងសំអាតជម្រះចេញក្នុងឆ្នាំថ្មីនេះ ដែលជាទំនៀមមួយមិនអាចចោលបាននូវក្នុងវប្បធម៌ប្រពៃណីខ្មែរ ដែលទាក់ទងនិង កិច្ចពិធីស្រង់ព្រះពុទ្ធអង្គ និង ស្រង់ព្រះរស់ដែលជាឪពុកម្ដាយ យាយតា របស់យើងផងដែរ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
កំណត់ចំណាំ ៖ ពិធីលេងជះទឹក នៅកម្ពុជាមានប្រវត្តិមកយូលង់ណាស់មកហើយ តាំងពីសម័យសង្គមរាស្ត្រនានិយមមកម៉្លេះ ហើយត្រូវបានខូចរូបរាង្គដោយជនខិលខូចមួយចំនួន លេងដោយអសីលធម៌ ដោយការចងថង់ទឹកគប់ទៅលើអ្នកដំណើរ បង្ករជារបួសស្នាម ដួលគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរថែមទៀតផង ដូចនេះហើយ បង្កើតបានការវែកញែកទៅដល់ពលរដ្ឋទូទៅ អំពីការហាមប្រាម និង ចង់លុបចោលនៅពិធីដ៏ល្អនេះ រហូតដល់ប្រទេសជិតខាង ដាក់ចូលជាពិធីលេងជះទឹកយ៉ាងធំក្នុងប្រទេសរបស់ពួកគេទៀតផង ដូចនេះសូមកុំបោះបង់ពិធីនេះអី ហើយសូមលេងដោយមានការគោរពទៅលើសីលធម៌ របស់អ្នកដ៍ទៃផងដែរ សូមអរគុណ ។
ក្នុងតំណាលនិទានអំពី មហាសង្ក្រាន្តសូត្រ បានបរិយាយអំពី ទឹក ជាគ្រឿង នាំមកនូវ សិរីមង្គល ទាំង បីប្រការ សម្រាប់ជាមង្គលដល់ មនុស្សលោកទាំងពួង "ពេលព្រឹក លាងមុខ" "ពេលថ្ងៃ លាងទ្រូង" និង "ពេលល្ងាច លាងជើង" ។ ក្នុង ឱកាសសង្រ្កាន្តឆ្នាំថ្មី នេះផងដែរ ប្រជាជនខ្មែរ ក៏មាននូវកិច្ចពិធី ស្រង់ព្រះរស់ (ឪពុកម្តាយ) ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និង ពុទ្ធបដិមា ផងដែរ ។ ការលេងបាចទឹក ដាក់គ្នា ក្នុងថ្ងៃចូលឆ្នាំថ្មីនេះ មានក្នុងកំណត់ត្រាលោក ចូវតាក្វាន់ (Zhou Daguan) ដែលជារាជ្យទូត នគរយ័ន (Yuan dynasty) មកពីប្រទេសចិនបច្ចុប្បន្ន ដែលបានកត់ត្រាអំពីពិធីចូលឆ្នាំខ្មែរ នាសម័យកាលអង្គរ ក្នុងឆ្នាំ ១២៩៧ នៃគ.សករាជ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីជំរះលាងស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥ អង្គដែលគេបានយកមកដង្ហែរនាពេលនោះ មនុស្សម្នាជាច្រើនបានជះទឹកដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ និង តាមរយៈកំណត់ត្រានៃ ការបកប្រែរបស់លោក លី ធាមតេង ស្ដីពី កំណត់ហេតុរបស់ ជីវ តាក្វាន់ ដែលបានចុះផ្សាយក្នុងឆ្នាំ 1973 ។
ការលេងជះទឹក និង ប៉ាតម៉្សៅ ប្រជាពលរដ្ឋចូលរួមលេងកំសាន្តរាប់សែននាក់ មិនមានករណីស្លាប់ដោយការលេងបែបនេះទេ បើសិនជាមានផលប៉ះពាល់ បង្កើតជារបួសស្នាមផ្សេងៗក៏មាន មិនដល់ 1% នៃប្រជាជនដែលបានចូលរួមលេងកំសាន្តនោះដែរ ។ អ្នកមិនចូលចិត្តលេងបែបនេះ ពួកគេអាចវាងផ្លូវ ពាក់អាវភ្លៀង មុនពេលផ្ដើមចូលឆ្នាំខ្មែរ និង ក្រោយពេលចូលឆ្នាំខ្មែរ ១ថ្ងៃ ទៅ២ថ្ងៃ ឬ មិនឆ្លងកាត់តំបន់ដែលគេលេងនេះ ហើយការលេងកំសាន្តបែបនេះ មានរៀងរាល់មួយឆ្នាំម្ដងប៉ុនណោះ ។ ការយករូបភាព នៃការលេងជះទឹក និង ប៉ាតម៉្សៅអសីលធម៌ នៃក្រុមបុគ្គលមួយចំនួនតូច មកវាយប្រហារពិធីលេងជះទឹករបស់ខ្លួនទាំងមូល ។ ប្រជាជនថៃ និង ឡាវ ដែលមាន ពិធីលេងជះទឹក និង ប៉ាតម៉្សៅ ដូចគ្នាទៅនិងកម្ពុជា ហើយក៏មានរូបភាព អសីលធម៌ និង ការបង្កររបួស្នាមផងដែរ តែពួកគេនៅតែលេងកំសាន្ត ផ្ទុយនិងផ្នត់គំនិតនៃបុគ្គលខ្មែរមួយចំំំនួន ដែលពួកគេប្រើពាក្យវាយប្រហារ ពិធីរបស់ខ្លួន ហើយចោទថាពិធីរបស់ខ្លួនចម្លងបរទេសថែមទៀតផង ។
ការលេងគប់ថង់ទឹក
ការលេងគប់ប៉េងប៉ោងទឹក
ការលេងបាញ់ទឹកទៅរកផ្ទៃមុខអ្នកដំណើរ
ការលេងជះទឹកសាប៊ូលើអ្នកដំណើរ
ការលេងបាញ់ទឹក និង ជះទឹកទៅលើអ្នកដំណើរ ដែលបានលើកដៃជាសញ្ញា បញ្ចាក់ពីការមិនយល់ព្រម
ការលេងបាញ់ទឹក និង ជះទឹក ទៅលើអ្នកដំណើរដែល ស្លៀកសំលៀកពាក់ទៅវត្ត ជាពិសេសប្រការលេងខុសឆ្គង ទៅលើអ្នកស្លៀកហូលផាមួង
ការចាប់ប៉ាតម៉្សៅហួសហេតុ បណ្ដាលឱ្យចូលបំពង់ខ្យល់ ដកដង្ហើម
ការប៉ាតម៉្សៅប៉ះពាល់ភ្នែក
ដូចនេះ មិនគួរលេងបាញ់ទឹក ជះទឹក ឬ ប៉ាតម៉្សៅ ក្នុងប្រការហាមប្រាមដែលបានរៀបរាប់នៅខាងលើនេះទេ សូមលេងដោយក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរ ។
ព្រេងនិទាន គោមផ្កាយ
ព្រេងនិទាន គោមផ្កាយ ដែលដកស្រង់ចេញពីគម្ពីរ Skanda Purāna ដ៏ធំរបស់ សាសនាហិណ្ឌូ ដែលនិទានពី ការកកើតនៅ សភាវៈសុីមិនចេះឆ្អែត "កាឡា" (Kala) ដែលជានិមិត្តសញ្ញានៃ ប្រហោងខ្មៅ (Black Hole) នៅក្នុងចក្រវាឡ (In the universe) ដែលត្រូវបានប្រសិទ្ធនាមថា "កិត្តិមុខ" (Kirtimukha) ដែលមានឆ្លាក់ជាប់នៅតាមផ្ដែរនៃប្រាសាទមួយចំនួនរបស់កម្ពុជា ។[៤]
នាថ្ងៃមួយដែល "ព្រះឥន្ទ្រ" (Indra) និង ព្រះហស្បាទី (Brihaspati) ដែលជាតារានិករ នៃ ភពព្រហស្បតិ៍ បានធ្វើដំណើរទៅភ្នំកៃឡាសដើម្បីទៅជួបព្រះនាងគង្គា ដោយល្បីថាទ្រង់មានសម្រស់ស្អាតដាច់គេនាជម្ពូទ្វីប និងចង់ទៅប្រឡោមស្នេហ៍មកធ្វើជាប្រពន្ធរបស់ខ្លួន ធ្វើដំណើបានពាក់កណ្តាលផ្លូវ ព្រះឥសូរ បានក្រឡាខ្លួនជាឥសីម្នាក់មករារាំងផ្លូវដើម្បីសាកល្បងជាមួយព្រះឥន្ទ និង ព្រះហស្បាទី ។ ព្រះឥន្ទបានឱ្យ ឥសីនោះចេញពីផ្លូវ តែឥសីពុំព្រមចេញ ព្រះឥន្ទក៏គំរាមឥសីដោយអាវុធ វជ្រ ដែលជាសិល៍កាំរន្ទះរបស់ខ្លួន និងបានចោលវាត្រូវដៃរបស់ព្រះឥសូរ ដោយសេចក្ដីគ្រោធខឹង ឥសីនោះក៏បើកភ្នែកទីបីអគ្គីនេត្រ បាញ់ប្រហារទៅ ព្រះឥន្ទ្រ ឯព្រះហស្បាទី ឃើញដូចនេះបានហក់ទៅជួយ ព្រះឥន្ទ្រ គេចចេញពីថាមពលភ្នែកទី៣ របស់ឥសីនោះ ថាមពលភ្នែកទីបីរបស់ឥសីនោះ បានរត់ទៅប៉ះនិងស្រទាប់ចក្រវាឡ បង្កើតបានជា សភាវៈសុីមិនចេះឆ្អែត "កាឡា" ។ កាឡា បានលេបយកដួងតារានិករទាំងអស់នៅក្នុងចក្រវាឡ ព្រះហស្បាទី ឃើញដូចនេះក៏ពោលថា បើសភាវៈនេះលេបយក ដួងផ្កាយទាំងអស់ នោះចក្រវាឡ ទាំងមូល និងប្រែជាខ្មៅងងឹតអន្ធកាល រីឯឥសីនោះ បានក្រឡាខ្លួនជា ព្រះឥសូរវិញ ព្រះឥន្ទ្រ និង ព្រហស្បាទី ក៏ស្គាល់ថា នេះគឺជាមហាទេវៈ ក៏លត់ជង្គង់សូមឱ្យព្រះឥសូរអភ័យទោស និង សូមឱ្យបញ្ឈប់សភាវៈកាឡា ព្រះឥសូរក៏យល់ព្រម និងបានហាម "កាឡា" មិនឱ្យលេបដួងផ្កាយបន្តទៀត តែកាឡាបានពោលទៅវិញថា ខ្ញុំសុីមិនឆ្អែតសោះ តើធ្វើដូចម្ដេចទើបខ្ញុំឈប់ឃ្លានបាន ? ព្រះឥសូរ ក៏មានបន្ទូលថា ចូលឯងសុីកន្ទុយខ្លួនឯងចុះ ឯងនិងឆ្អែត "កាឡា" បានសុីកន្ទុយរបស់ខ្លួនព័ទ្ធមួយជុំដល់មុខរបស់ខ្លួនវិញ ក៏រលត់សង្ខារស្លាប់ទៅ ដោយ "កាឡា" ជាសភាវៈដ៏ស្មោះត្រង់ ព្រះឥសូរ បានប្រសិទ្ធនាមវាថា "កិត្តិមុខ" មុខដ៏មានកិត្តិនាម ។ ព្រេងនិទាន ដ៏មានអត្ថន័យនេះ ដែលជាការប្រែសម្រួលរបស់កម្ពុជា បានផ្សារភ្ជាប់និងទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ នៃការផ្ជួរគោមផ្កាយ ក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរមកដល់បច្ចុប្បន្ននេះ ចំណែកឯការនិពន្ធបន្ថែមប្រែសម្រួលផ្សេងទៀតមានទៅតាមបែបផែនផ្សេងគ្នារបស់អ្នកពិន្ធផ្សេងៗផងដែរ ។
ការសម្ដែងរបាំត្រុដិ
យោង​តាម​សៀវភៅ ​(​របាំ​ប្រជាប្រិយ​ខ្មែរ​) នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ លើក​ឡើង​ថា របាំ​ត្រុដិ​ជារបាំប្រជាប្រិយ​មួយ​បែប ​ដែលគេសម្ដែងលេង​ដើម្បី​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី​ជូន​ដល់​អ្នកស្រុក​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិខ្មែរ ។ ឈ្មោះ​ថា «​ត្រុដិ​» ជា​ពាក្យ​ដើម​មក​ពី​ភាសាសំស្ក្រឹត​ប្រែ​ថា «​ផ្តាច់ ឬ កាត់​ផ្តាច់​» គឺ​សំដៅ​ដល់​ការ​ផ្តាច់​ឆ្នាំ ឬ​ការ​កាត់​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ហើយ​ដែល​នៅ​មាន​ជាប់​នាម​ព្រះរាជ​ពិធី​មួយ​ហៅ​ថា «​ត្រស្តិ​សង្ក្រាន្ត​» មកដល់សព្វថ្ងៃ ។ ដូចនេះ​ឃើញ​ថា ឈ្មោះ​របាំ​ត្រុដិ​បញ្ជាក់​ថា សម្រាប់​ប្រកប​ឡើង​នៅ​ពេល​ដំណាច់ឆ្នាំ នីមួយ​ៗ ។ "ប្រដាប់ប្រដារ​និង​របៀប​លេង" តាម​ធម្មតា​វង់​របាំ​ត្រុដិ​មាន​ក្រុម​តូច ក្រុម​ធំ​យោង​ទៅ​តាម​ការ​និយម​របស់​អ្នកស្រុក និង​និយម​តាម​ចំនួន​មនុស្ស​ដែល​ស្ម័គ្រចិត្ត​ចូល​លេង ។ ឯ​ប្រដាប់ប្រដារ​សោត​ក៏​និយម​ទៅ​តាម​នោះ​ដែរ ប៉ុន្តែ​យើង​អាច​រក​មើល​ទាំងអស់​ឲ្យ​ឃើញ​ថា តើ​វង់​ត្រុដិ​ពេញលេញ​នោះ​ប្រដាប់​មានឈ្មោះ​អ្វីខ្លះ គឺ​មាន គ្រឿង​ភ្លេង ៖
loading...
«​ក​ញ្ចា​រ​» ដង​ធ្វើ​ពី​ពីងពង់​ប្រវែង​២ ម៉ែត្រ មាន​បន្ទះ​រនាប​តូចឆ្មារ​ភ្ជាប់​នៅ​ចុង ហើយ​ខ្វែងគ្នា​ពត់​ង​ទន្ទាំ​មាន​សណ្ឋាន​ដូច​ស្នែង​៤ ។ នៅ​ចុង​បន្ទះ​រនាប​មាន​ចងខ្សែ​ខ្វែង​ពី​ចុង​មួយ​ទៅ​ចុង​មួយ ហើយ​ត្រង់​កណ្តាល​ខ្សែ​ខ្វែង​នេះ​មាន​បណ្តោយ​ផ្លែ​អង្គញ់​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​ក្រួស ឬ​កម្ទេច​ដែក​ទៅ​ក្នុង​នោះ​ប្រយោជន៍​ឲ្យ​ឮ​សូរ កាលណា​គេ​បុក​ដង​វា​នឹង​ដី​តាម​ចង្វាក់​ស្គរ ។ «​ចង្ក្រង់​ដំបែ​» ៖ ចង្ក្រង់​ចង​បន្តោង​នឹង​ខ្សែទាម​គោ ហើយ​ចង​ភ្ជាប់​នឹង​ដង​ឫស្សី​ដែរ ។ កាលណា​គេ​បុក​នឹង​ដី​ក៏​មាន​សូរ ប្រាវ​ៗ តាម​ចង្វាក់ ។ «​ចង្ក្រង់​រ៉ូង​» ៖ ចង្ក្រង់​នេះ​ចង​ព្យួរ​នឹង ចង្កេះ​មនុស្ស​តែ​ម្តង ដោយ​ចង​គួប​គ្នា​ជា ចង្កោម​ៗ ។ «​ស្គរ​» ៖ ស្គរអារក្ស គឺ​ស្គរ​ដែល​ធ្វើ​ពី​ដី​ដុត​ពាស​ស្បែក​ថ្លាន់ ។ «​ប៉ីពក​» ៖ មាន​តែ​១​ប៉ុណ្ណោះ​។ «​ទ្រអ៊ូ ឬ​ទ្រសោ​» ៖ ត្រូវ​មាន​ទាំង​ពីរ ។ «​សន្ទូច​» ៖ ដង​ពីងពង់​វែង​មាន​សណ្ឋាន ដូច​សន្ទូច​ចង​ចុង​ដូច​ចន្ទោល​រទេះ ដោយ​មាន ព្យួរ​ថង់​មួយ​នៅ​ចុង​សម្រាប់​ទទួល​វត្ថុ​ជា​ទាន ។ គ្រឿង​តែង ៖
មុខ​ត្លុក ៖ ធ្វើ​ពី​ឆ្អឹង​ឫស្សី​ពាស​ក្រដាស ឬ​ស្មាច់ ឬ​ខ្មុក ។ មកុដ ៖ គេ​ធ្វើ​ពី​ក្រដាស​លាប​កាវ និង​បិទ ឲ្យ​ក្រាស់​តម្រួត​គ្នា​ទៅ​ជា​រឹង គឺ​ស្មាច់ ឬ​ខ្មុក ហើយ​ផាត់​ពណ៌ ។ ​ស្នែង​ប្រើស ៖ គេ​យក​ផ្តៅ​មក​ព័ទ្ធ​ធ្វើ​ឆ្អឹង ហើយ​យក​ក្រដាស​បិទ​ពី​ក្រៅ​ឲ្យ​ក្រាស់​ព័ទ្ធ​ឲ្យ​មាន​រាង​ដូច​ស្នែង ឬ​ជួនកាល​គេ​យក​ស្នែង​ប្រើស​មែនទែន​មក​ស៊ក​ភ្ជាប់​នឹង​ផ្តៅ​ពាក់​ឲ្យ​ជាប់​នឹង​ក្បាលមនុស្ស​ក៏​មាន ។ ​ស្នែងទន្សោង​៖ ស្នែងទន្សោង​គេ​ធ្វើ​ប្រហែល​គ្នា​នឹង​ស្នែង​ប្រើស​ដែរ គឺ​ជួន​គេ​យក​ស្នែង​មែនទែន​មក​ធ្វើ ជួន​គេ​ស្មាច់​ក្រដាស​ឲ្យ​ក្រាស់ ។ កន្ទុយក្ងោក ៖ យក​កន្ទុយក្ងោក​មែនទែន​មក​កាន់ ហើយ​កាច់​កែ​ឲ្យ​មាន​សណ្ឋាន​ដូច​សត្វ​ក្ងោក​មែនទែន ។ ​ក្រចក ៖ យក​ផ្តៅ​ប្រវែង​០,២០​ម៉ែត្រ ទៅ​បិត​ចុង​ឲ្យ​ស្រួច រោល​ភ្លើង​ពត់​ឲ្យ​ង ហើយ​យក​អំបោះ​ចង​គល់​ភ្ជាប់​នឹង​ម្រាម​៤ ឯ​មេដៃ​មិន​ពាក់​ទេ ។
ព្រះរាជពិធី ត្រស្តិសង្ក្រាន្ត (អ.ថ.ត្រស់តិ សង់ក្រានតៈ) គឺជាពិធី ព័ទ្ធ​ខ្សែសីម៉ា សូត្របាលីគាថា ភាណៈយក្ស ហៅអន្ទងស្ដេចយក្ស សម្ដេចព្រះវេស្សវ័ន្ត ស្ដេចនៃពួកអាសុរា ឱ្យមកបណ្ដេញ​ខ្មោចព្រាយបីសាច ឱ្យចេញពី ព្រះបរមរាជវាំង ដែលប្រព្រឹត្តទៅវេលា ចំនួន ៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃ ១២រោច ១៣រោច ១៤រោច និង ១៥រោច ខែផល្គុន ជារៀងរាល់ឆ្នាំ ។ ព្រះរាជពិធី​នេះ តែងធ្វើឡើងក្នុងព្រះទីនាំង ទេវានិច្ឆ័យ នៅក្នុងរោងមណ្ឌលទាំង៥ ដែលនៅខាងក្រៅកំពែងព្រះបរមរាជវាំង មានអំបោះឆៅ ពណ៌ស ព័ទ្ធជុំវិញ​កំពែងរាជវាំង និងព័ទ្ធគ្រប់រោងមណ្ឌលទាំង៥ រហូតដល់ក្នុង ព្រះទីនាំង ទេវានិច្ឆ័យ ដែលយកទៅព័ទ្ធដល់គ្រែសូត្ររបស់ ព្រះសង្ឃ និង ចេញព័ទ្ធដល់រាជវង្សានុវង្សរបស់ អង្គព្រះមហាក្សត្រ ក្រៅពីនេះមានបន្ថែមនៅអំបោះ ភ្លុកចំនួន២បែប បែបទី១ ដាក់ព័ទ្ធជារង្វង់មូលជុំវិញអង្គព្រះមហាក្សត្រ ដើម្បីជាកិច្ចការពារ និង ដាក់ព័ទ្ធ ជុំវិញសិរសា របស់ពួកនាហ្មឺនសព្វមុខមន្ត្រី បែបទី២ ហៅថា ខ្សែរអភិសមរៈ សម្រាប់ព្រះរាជាទ្រង់ពាក់ឈៀងអង្សាម្ខាង និង ពួកនាហ្មឺនសព្វមុខមន្ត្រីពាក់ឈៀង ស្មាម្ខាង គេមានដាក់ដង្វាយ "ដំបងពេជ្រ" ជាតំណាងឱ្សសម្ដេចព្រះវេស្សវ័ន្តផងដែរ ដើម្បីបង្ការ ពួកខ្មោចព្រាយបិសាច បច្ចុប្បន្ន​គេអាចធ្វើពិធីកាត់ៗ សង្ខេបមកត្រឹម១ថ្ងៃ ត្រូវនិងថ្ងៃ១៥រោច ខែផល្គុន ។ នៅថ្ងៃ១៥រោច ខែផល្គុន ព្រះរាជា ឬ ប្រមុខរាជរដ្ឋាភិបាល ត្រូវរៀបចំពិធី និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​រាជ ទាំង៣ គណៈនិកាយ សូត្រ​បាលី​អាដានាដិយ: ​សូត្រ តាំង​ពី​បើកកិច្ចពិធីបញ្ជាន់ឆ្នាំថ្មី រហូតដល់បញ្ចប់ពិធី (សូត្រ​ផ្លាស់​គ្នា) មាន​បាញ់​កាំភ្លើង​ធំ​ៗ​​គ្រប់​ទិស​ធំ​ទាំង ៤ គ្រប់ខេត្តក្រុងស្រុកត្រូវទូងស្គរជ័យ អុចធូប​សំបូងរូង ២១សសៃ តំណាងឱ្យការប្រកាសប្រាប់អស់ទេវតា ទាំង ២១ ច្រក ឲ្យដឹងលឺពីការកាត់ផ្ដាច់ឆ្នាំចាស់នេះ ។
ថ្ងៃទី១ ជាថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វារៈវ័នបត, ថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក ។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្រខ្មែរ (អង់គ្លេស: Zodiac Khmer) បុរាណ គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រា្មណ៍ បាគូ ប្រចាំនៅក្នុង ព្រះបរមរាជវាំង ។
ថ្ងៃទី១ ហៅថា "មហាសង្ក្រាន្ត" មានន័យថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលសម្គាល់ទៅលើការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏ធំ ដែលរាប់បញ្ចូលគ្នា នៃការផ្លាសឆ្នាំ របស់ មហាសករាជ ចុល្លសករាជ ពុទ្ធសករាជ ក្នុងថ្ងៃតែមួយតាងដោយ ពិធីត្រុដិ ដែលជាកិច្ចពិធីផ្ដាច់ឆ្នាំចាស ។[៧] ដោយពាក្យថា "សង្ក្រាន្ត" ( ន. ) សង់ក្រាន or សង្ក្រាន្ត or សង្រ្កាន្តិ ( សំ. ) (សង្រ្កាន្តិ) មានន័យថា៖ ដំណើរ​ឃ្លាត​ចាក​ទី; ការ​ឈាន​ចូល​ដល់; ដំណើរ​ដែល​ព្រះ​អាទិត្យ​ចរ​ចូល​ដល់​ទី​ជួបមួយ​ជុំ​រាសី​ចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសី​ចក្រ​ជួបគ្នា ពេញ​គ្រប់​ជា​មួយ​ឆ្នាំ (ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី), ពិធី​ចូល​ឆ្នាំ​ថ្មី សង្រ្កាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី ១ ជា​ថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជា ពារ​កណ្ដាល ឬ​ហៅ​ថា វ័នបត (ថ្ងៃ​ខ្វាក់), ថ្ងៃ​ទី ៣ ជា ពារ​ឡើង​ស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅ​ថ្ងៃ​នេះ​ឯង : ថ្ងៃ​សង្រ្កាន្ត, ពិធី​សង្រ្កាន្ត ។
វារៈវ័នបត
ថ្ងៃទី២ ហៅថា "វារៈវ័នបត" មានន័យថា ថ្ងៃផ្ដល់ផល្លានុផល ឬ ការផ្ដល់ជូន នូវអំណោយបន្តិចបន្តួច ដើម្បីជួយទៅដល់ ជនក្រីក្រ អ្នកបម្រើ អ្នកដែលគ្មានផ្ទះ សំបែង និង ជនក្រីក្រជាច្រើនទៀត ​ក្រុមគ្រួរសារ​ យកចិត្តទុកដាក់ ទៅលើការឧទិ្ទស ផល្លានុផលទៅដល់ ជីដូនជីតា ឬ អ្នកមានគុណរបស់ពួកគេ ដើម្បីទទួលបាននូវអានិសង្ស ។
ថ្ងៃទី ២ នៃថ្ងៃវ័នបត ម្នាក់ ៗ ភ្ញាក់ពីព្រលឹម ខុសពីធម្មតា កូនចៅរៀបចំវត្ថុជាច្រើនមុខ យ៉ាងសមរម្យ មានសំលៀកបំពាក់ថ្មីថ្មោងនិងចំណីអាហារ យកទៅជូនដល់មាតាបិតា ជីដូនជីតា និង គ្រូបាធ្យាយ ។ ការធ្វើ​រ​បៀបនេះ បង្ហាញ់ឲ្យឃើញនូវការគោរពនិងការដឹងគុណរបស់កូនចៅចំពោះអ្នកមានគុណ និង ចាស់ព្រឹទ្ធាចារ្យ ។ គ្រួសារបរិច្ចាកលុយ​កាក់ដាក់ទានដល់ជនក្រីក្រ ដល់អ្នកបម្រើ និងគ្រួសារទុគ៌តទាំងឡាយ រួចហើយគេនាំគ្នាទៅវត្ត ដើម្បីធ្វើបុណ្យ​ឧទ្ទិសកុសលដល់បុព្វការីជន ។ ក្នុងថ្ងៃទី ២ នេះ ពុទ្ធបរិស័ទនិយមធ្វើពិធីពូនភ្នំខ្សាច់ គេពូនភ្នំធំមួយចំកណ្ដាល និងភ្នំតូចៗ បួនសង្ខាង ធ្វើរាជវ័តព័ទ្ធជុំវិញ មានទ្វារចេញចូលបានទាំងបួនទិស​ ដែលហៅថា វាលុកចេតិយ ។ វាលុក​ចេតិយ គឺជាតំណាង ចុឡាមណីចេតិយ ជាទីដែលពួកទេព្ដាសាងបញ្ចុះព្រះមោលី (ព្រះកេសធាតុ) និង ព្រះទាឋាធាតុ (ព្រះចង្កូមកែវ) របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៅឯឋានត្រៃត្រឹង្ស ដោយសំគាល់ថា បានផលានិ​សង្សច្រើនផង បានរួចរំដោះអំពីគ្រោះចង្រៃ ក្នុងឆ្នាំចាស់ចេញស្រឡះផង និងបានទទួលសិរីសួស្ដី ក្នុងឆ្នាំថ្មីពេញមួយឆ្នាំ ម្យ៉ាងទៀត ខ្មែរយើងតែងមានជំនឿថា គ្រាប់ខ្សាច់មួយ​គ្រាប់ៗ ដែលចាក់ពូននោះ អាចផ្ដល់អានិសង្សដល់អ្នកដែលបានពូននោះឲ្យបានរួចរំដោះនូវបាបគ្រោះនិងកម្ម​ពៀរវេរាទាំងពួងទៀតផង ។
មហាសង្ក្រាន្តសូត្រ ក៏បានបញ្ជាក់ អំពីអានិសង្សនៃការពូនភ្នំខ្សាច់នោះថា "ពេលសង្ក្រាន្តថ្មីចូលមកដល់ ព្រះបាទ​"បសេនទិកោសល" បានចូលទៅទូលសួរ ព្រះដ៏មានព្រះភាគថា (ព្រះដ៏ចម្រើន) មុនពេលព្រះអង្គទ្រង់បរិនិព្វានទៅ បើដល់សង្ក្រាន្ត​ចូលឆ្នាំថ្មីម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញបុញ្ញកម្មអ្វីខ្លះ? "ព្រះដ៏ចម្រើនត្រាស់ថា" បពិត្រមហារាជ! គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹង ឬ ទន្លេហើយនាំយកគ្រឿង​សក្ការៈមានទៀន ធូប គ្រឿងក្រអូប ផ្កាភ្ញីជាដើម មកបូជាថ្វាយចុះ​ ព្រះអង្គក៏បានត្រាស់បញ្ជាក់អំពីអានិ​សង្សនៃការកសាងវាលុកចេតិយ ជាព្រះបាលីគាថាយ៉ាង ដូច្នេះថា៖ "វាលុកចេតិយំ កត្វា យេ​ នរា អថ នារិយា អន្នំ បានំ វត្ថំ បប្ផំ គន្ធវិលេបនាទីនិ អាហរិត្វា ចេតិយំ បូជំ កត្វា​ សទ្ធាយ ច អានិសំសំ មហប្ផលំ ទ្វេ កុលេ ឧប្បជ្ជតិ ខត្តិយេ ចាបិ ព្រាហ្មណេ ហីនេ កុលេ ន ជាយន្តិ ពាលុកស្ស ឥទំ​ ផលំ " ប្រែថា៖ នរៈនារីណាដែលបានសាង វាលុកចេតិយ ហើយបានយកនូវបាយ ទឹក សំពត់ ផ្កា គ្រឿងក្រអូប គ្រឿង​លាប ជាដើម បូជាព្រះចេតិយនោះ ដោយសទ្ធាជ្រះថ្លា នរៈនារីនោះ រមែងបានទទួលនូវផលានិសង្សច្រើន រមែង​ទៅកើតក្នុងត្រកូលពីរគឺ ខត្តិយត្រកូល និងព្រាហ្មណត្រកូល មិនទៅកើតក្នុងត្រកូលថោកទាបឡើយ ។
ថ្ងៃទី៣ ហៅថា "វារៈឡើងស័ក" មានន័យថា ការផ្លាសប្ដូរ លំដាប់ស័ក នៃឆ្នាំសករាជ (Saka Era) ដែលមានស័កទាំង១០ ដូចជា៖ ឯក​ស័ក, ទោស័ក, ត្រី​ស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក ដើម្បីសម្គាល់ឆ្នាំ នៃក្បួនហោរាសាស្ត្រក្នុងការគណនា ចុល្លសករាជ និង មហាសករាជ ចងក្រងដោយលោក Félix Gaspard Faraut ក្នុងឆ្នាំ ១៩១០ ដោយសៀវភៅនោះមានឈ្មោះថា (Astronomie Cambodgienne) លោកបានរៀនក្បួនតម្រាតារាសាស្ត្រខ្មែរនេះ ពីលោកឧកញ៉ាធិបតី ចាងហ្វាងដួង ។
ថ្ងៃទី ៣ នៃថ្ងៃឡើងស័ក មានការស្រង់ ព្រះពុទ្ធបដិមាករ និង ព្រះរស់ ដែលមានន័យថា មាតា​បិតា ឬ ជីដូនជីតា ។ ការងូតទឹកជម្រះកាយជូនចំពោះ មាតាបិតា ឬ ជីដូនជីតា កូនចៅបានទទួលនូវពរសព្វសាធុ​ការ ក៏ដូចជាការដឹងគុណ ចំពោះពួកគាត់ក្នុងការផ្ដល់កំណើត និង កិច្ចខិតខំបីបាច់ថែរក្សា ដែលពួកគាត់មានចំពោះកូនៗ កិច្ចតបស្នងនេះហើយ ដែលកូនចៅទទួលបានដំបូន្មានល្អៗ សម្រាប់អប់រំខ្លួន ក៏ដូចជាសាបព្រួសនូវទង្វើរដ៏ល្អនេះចំពោះកូនចៅជំនាន់ក្រោយរបស់ពួកគេផងដែរ ។ មហាសង្ក្រាន្តសូត្រ ក្នុងគម្ពីរ សុត្តជាតក បញ្ជាក់ថាអានិសង្សនៃការស្រង់ទឹក ព្រះសង្ឃ និង មាតាបិតា កាល​ថ្ងៃ​សង្ក្រាន្តចូលមកជិតដល់ព្រះបាទ "បសេនទិកោសល" បានរៀបចំឆាកយ៉ាងស្អាត នៅឆ្នេរស្ទឹងមួយរួចហើយក៏និមន្ត​ព្រះពុទ្ធ និង ព្រះសង្ឃស្រង់ទឹក ដោយមានសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ និង ព្រះសង្ឃទាំងអស់ ក្នុងទីនោះផង ។ ដោយមានក្នុងពំនោលថា៖ អ្នកណាបានស្រង់ទឹកព្រះសង្ឃ មាតាបិតា និង គ្រូឧបជ្ឈាយ៍ និងបាន​ទទួលអានិសង្សច្រើនណាស់ លុះដល់អនាគតជាតិនិងបានទៅកើតក្នុងទេវលោកឋាននិងបានជាស្ដេចចក្រ​ពត្តិ​ មានបុណ្យបារមីច្រើន មានរូបសម្បត្តិល្អ មានទ្រព្យសម្បត្តិច្រើន មានសេចក្ដីសុខគ្រប់បែបយ៉ាង ។
ក៏ដូចជាតាមរយៈកំណត់ត្រាលោក ទេពពិទូរ ឈឹម ក្រសេម ការស្រង់បានបដិមា ព្រះកែវមរកត ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ ទ្រង់សោមនស្សណាស់ឱ្យទទួលទុកក្នុងព្រះបរមរាជវាំង ក្នុងរវាងឆ្នាំ ១០៤០ នៃគ​.សករាជ ជាមួយនិងកិច្ចពិធីស្រង់ព្រះផងដែរ ហើយភាពល្បីល្បាញនៃកិច្ចពិធីបានដឹងដល់ ព្រះបាទ អនុរុទ្ធ ដែលសោយរាជ្យសម្បត្តិផ្លូវការណ៍ នៃអាណាចក្របាកាន បានជ្រាបដឹងដំណឹងនេះទ្រង់បានត្រាសបញ្ជារ ឱ្យរាជបំរើនាំរាជសារមកស្នើសុំយកព្រះកែវមរកត ត្រឡប់ទៅកាន់ប្រទេសភូមាវិញផងដែរ តាមរយៈកំណត់ត្រានេះ យើងអាចយល់បានថា កិច្ចពិធីស្រង់ព្រះពុទ្ធអង្គ អាចនិងកើតមានតាំងពីសម័យកាលអង្គរមកម៉្លេះ ។
ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចូលឆ្នាំខ្មែរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.