មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិសាស្ត្រខ្មែរ៖ រាជបរមិន្ទរាជា ( តមកពីលេខមុន )

ផ្សាយថ្ងៃទី ១១ វិច្ឆិកា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
រឿងទុំទាវបានកើតឡើងក្នុងរាជ្យព្រះអង្គ ដំណើរមានដូចតទៅ៖ មានមនុស្សពីរនាក់ ឈ្មោះ ម៉ឺនឯក ម៉ឺនពេជ្រ នៅខេត្តត្បូងឃ្មុំ។ ម៉ឺនឯកច្រៀងពីរោះ ម៉ឺនពេជ្រចេះផ្លុំប៉ីពិរោះ ក្រៃលែងជាងចំរៀង និង ប៉ីអ្នកទាំងពួង។ ក្នុងសម័យនោះ មានស្រីម្នាក់ឈ្មោះនាងទន់ មេម៉ាយ (សាស្ត្រាលោកអ្នកឧកញ៉ានូ-កន ថាឈ្មោះផាន់ ឯសាស្ត្រាលោកសន្ធរម៉ុក មិនឮថាឈ្មោះអ្វីទេ) ប្ដីអនិច្ចកម្មទៅនាងមានកូនស្រីម្នាក់ ឈ្មោះនាងទាវ ល្អក្រៃលែងលើស្រីទាំងពួងក្នុងស្រុកត្បូងឃ្មុំ គ្មានស្រីណានឹងល្អស្មើនាងឡើយ។ នាងស្រីនោះ ល្អទាំងរូបរាង ទាំងឫកពាកិរិយា ទាំងសក់ ធ្មេញ ដៃ ជើងគ្មានទាស់។ នាងនៅភូមិពោធិ៍ខាល តែនាងបានជាប់ចិត្តជាសង្សារនឹងម៉ឺនឯកទៅហើយ ដោយហេតុបានស្ដាប់ឯកច្រៀងពិរោះ គួរឱ្យចាប់ចិត្តពេក ហើយមាតាបិតា ក៏បានផ្សំផ្គុំមកពីក្មេងស្រាប់ផង។ ក្នុងគ្រានោះម៉ឺនជូ (សាស្ត្រាលោកសន្ធម៉ុកថា ម៉ឺនងួន) កូនចៅពញាអរជូនជ័យ (សាស្ត្រាលោកនូកន និងសាស្ត្រាលោកសន្ធម៉ុកមិនឃើញនិយាយថាឈ្មោះអ្វីទេ) នាំស្ម័គ្របក្សពួក ដើរទៅលេងនៅពោធិ៍ខាងជើងខាលនោះ ក៏ឃើញនាងទាវកំពុងត្បាញនៅក្រោមដើមពោធិ៍នោះ។ លុះឃើញរូបនាងល្អគ្មានទាស់ ក៏ស្រឡាញ់ចង់បានជាភរិយាហើយក៏ត្រឡប់ទៅជំរាបមាតាបិតាៗឱ្យចាត់អ្នកផ្លូវចៅមហាទៅដណ្ដឹងនាងនោះ។
នាងទន់ជាម្ដាយក៏ព្រមឱ្យតែនាងទាវសាមីខ្លួនមិនព្រមទទួលសោះពីព្រោះខ្លួនបានជាប់ចិត្តនិងម៉ឺនឯកហួសទៅហើយ។ សម័យមួយ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបថា ម៉ឺនឯក ម៉ឺនពេជ្រ ចេះច្រៀងនិងផ្លុំប៉ីពីរោះណាស់ ទើបទ្រង់ត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យទៅយកខ្លួន ឈ្មោះទាំងពីរនាក់ មកទុកច្រៀង និងផ្លុំប៉ី ប្រលែងព្រះអង្គប្របក្រឡាព្រះបន្ទំ ជាអចិន្ត្រៃៗ ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រាស់ប្រាណម៉ឺនទាំងពីរនាក់នោះ ពន់ប្រមាណណាស់។ សម័យមួយតមកទៀត ព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវាំងឱ្យចាត់បំរើឱ្យចេញទៅរើសស្រីរូបល្អយកមកទុកជាសំរាប់ព្រះអង្គ។ ក្នុងគ្រានោះព្រះអមរិន្ទស្នេហាកែវ យកសេចក្ដីក្រាបបង្គំទូលថា: មានស្រីម្នាក់ឈ្មោះ ទាវ ម្ដាយឈ្មោះទន់ មេម៉ាយ នៅភូមិពោធិ៍ជើងខាង ខេត្តត្បូងឃ្មុំ មានរូបនិងសំបុរស្មើល្អ ប្រពៃណាស់ទោះស្រីស្រុកនោះទាំងប៉ុន្មាន ក៏មានរូបពុំស្មើនិងនាងទាវនោះសោះឡើយ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់សព្វព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់បង្គាប់ឱ្យ ឧកញ៉ាវាំងឱ្យមានសំបុត្រទៅដល់ចៅពញាអរជូន ចៅហ្វាយស្រុក ខេត្តត្បូងឃ្មុំ ឱ្យនាំនាងនោះមកថ្វាយ ពញាអរជូនពុំហ៊ានរឹងទទឹងក៏ចាត់អ្នកបំរើឱ្យបញ្ជូនខ្លួននាងទាវ និង នាងនោជាភីលៀង ហើយនិងនាងទន់ ជាម្ដាយនាងទាវនោះមកជូនឧកញ៉ាតាមបង្គាប់។
ឧកញ៉ាវាំងនាំឡើងក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ទតព្រះនេត្រទៅឃើញល្អប្រាកដ គ្រប់ប្រការមែន ប៉ុន្តែខណៈនោះ ម៉ឺនឯក ឃើញហើយ ក្រាបបង្គំទូលថា នាងទាវនេះជាសង្សាររបស់ទូលព្រះបង្គំជាខ្ញុំ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះមហាករុណា ដោយសុចរិតយុត្តិធម៌ថានឹងបំបែកសង្សារគេ ពុំបាន។ ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាមហាមន្ត្រី មហាទេព ឱ្យរៀបមង្គលការផ្សំផ្គុំម៉ឺនឯក និង នាងទាវឱ្យបានជាគូស្វាមី ភរិយា នឹងគ្នាជាស្រេច។ ប៉ុន្តែ​ នាងទន់ជាម្ដាយនាងទាវតូចចិត្តណាស់ថា កូនខ្លួនប្រាស់ពីម៉ឺនជូមកក៏គិតស្មានថានឹងបានជាសំរាប់ផែនដីហើយនឹងបានថ្កល់ថ្កើង កិត្តិយសវង្សត្រកូលផង ឥឡូវហ្លួងត្រឡប់ជា ប្រទាននាងទាវឱ្យទៅធ្វើជាប្រពន្ធអាឯក ដែលជាមនុស្សកំសត់ ត្រកូលក៏ទាបថោកទៅវិញ។ នាងទន់ជាម្ដាយគិតថា: បើដូច្នោះ តែអញត្រឡប់ទៅដល់ស្រុកកាលណាអញគិតឧបាយកល យកវាទៅផ្សំផ្គុំឱ្យម៉ឺនជូ ជាកូនលោកអរជូនវិញ អញគ្រាន់នឹងបានពឹងទ្រព្យសម្បត្តិ និង បុណ្យលោកផង។
គិតហើយនាងទន់ក៏លានាងទាវត្រឡប់ទៅស្រុកវិញ។ លុះទៅដល់ស្រុកមាត់ឃ្មុង នាងទន់ ក៏ចូលទៅជំរាបចៅពញអរជូនថា : នាងទាវកូនខ្ញុំម្ចាស់នោះហ្លួងពុំយកជាសំរាប់ទេ ទ្រង់ប្រកាសថាទុករកថ្ងៃជាពេលាល្អនឹងផ្សំផ្គុំឱ្យទៅអាឯកជាមនុស្សកំសត់នោះវិញដូច្នេះ បើលោកចង់ឱ្យបាន ម៉ឺនជូហើយម៉ឺនជូ ក៏នៅចាំចិត្តមែនខ្ញុំម្ចាស់ នឹងយកកូនខ្ញុំមកជូនក្នុងគ្រានេះជាមិនខាន។ ម៉ឺនជូនោះ ក៏ទៅជួបជុំនៅទីនោះដែលដោយក្ដីស្នេហាណាស់កាលស្ដាប់ឮតាមសំដីនាងទន់ទៅក៏យល់ ឃើញថានាងទាវមិនទាន់រៀបការមិនទាន់ផ្សំផ្គុំដំណេកទេ ក៏ឆ្លើយថា ខ្ញុំអរគុណនិងអ្នកម្តាយណាស់ហើយសុំឱ្យអ្នកម្ដាយគិតយកនាងទាវមករៀបការចុះខ្ញុំនឹងគិតហៅភ្ញៀវអស់ទាំងខេត្ត មកឱ្យស៊ីការ ពេញមុខអ្នកម្ដាយ។ នាងទន់បានឮដូច្នោះហើយអរណាស់ព្រោះការនេះបានដូចគំនិតហើយ ហើយក៏គំនាប់លាចៅពញាអរជូនទៅផ្ទះវិញ។ ទៅដល់ផ្ទះហើយនាងទន់ក៏ធ្វើសំបុត្រមួយច្បាប់មានសេចក្ដីថាឱ្យមកដល់នាងទាវជាកូន។ តាំងពីម្ដាយលាចេញពីបន្ទាយលង្វែកទៅម្ដាយពុំសប្បាយខ្លួនសោះ ព្រោះទៅតាមទូកម្ដាយចេះតែ គ្រុនក្ដៅក្រហាយ ៥ ថ្ងៃ ៥ យប់ នេះហើយ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
គេសែងទៅដល់ផ្ទះម្ដាយសន្ធំបាត់មាត់ពុំដឹងខ្លួនសោះ។ ដូច្នេះសុំឱ្យកូនស្រូតរូតទៅរកម្ដាយ ម្ដាយនឹងបានផ្ដាំហើយបានប្រគល់កេរ្តិ៍អាករឱ្យផង។ លុះធ្វើសំបុត្រនេះស្រេចហើយនាងទន់មេម៉ាយក៏ចាត់ឱ្យកូនក្មួយញាតិសន្តាន ៤ នាក់ឱ្យចុះទូកចែវ ៤ ចេញទៅប្រញាប់។ ទូកចេញទៅ ៥ យប់ ៥ ថ្ងៃទើបទៅដល់បន្ទាយលង្វែក។ អ្នកបំរើក៏នាំយកសំបុត្រទៅឱ្យនាងទាវ។ នាងទាវមើលដឹងសេចក្ដីហើយ ក៏កើតទុក្ខយំសោកពន់ប្រមាណណាស់ទើបថ្លែងទុកប្រាប់ម៉ឺនឯកជាស្វាមីឱ្យជួយទុក្ខធុរៈផង។ ម៉ឺនឯកក៏ទន់ចិត្តស្មានថាពិត ក៏រៀបចំជូនដំណើរនាងទាវដែលជាប្រពន្ធ និងនាងនោជាភីលៀង។ មកដល់ថ្នល់កំពង់ចាមហើយក៏សោកសាំផ្ដាំថា : តាមសេចក្ដីដែលអាលោះអាល័យហើយបំរើក៏ចេញទូកទៅ ៥ ថ្ងៃ ៥ យប់ឡើងគោកនៅពោធិ៍ជើងខាល។ នាងទាវកាលឃើញតែរោងផ្កាស្លា និងរោងការជាច្រើនខ្នងហើយមើលទៅនាងទន់ជាម្ដាយពុំបានឈឺអ្វីសោះក៏ដឹងខ្លួនថា : ម្ដាយពង្រាត់ខ្លួនចេញពីប្ដីមកឱ្យម៉ឺនជូហើយក៏សួរថា : អ្នកម្ដាយឈឺអ្វីក៏ឱ្យគេទៅយកខ្ញុំមក ? នាងទន់ឆ្លើយថា: ដើមឡើយម៉ឺនជូមកដណ្ដឹងអញអញស្មានថា ហងមានសំណាងគ្រាន់បើ លុះដល់ហ្លួងឱ្យមកយកហងឯងទៅអញអរណាស់ព្រោះអញយល់ថា: ហងឯងមានសំណាងធំ។
ក្រោយមកហ្លួងមិនយកហងវិញ ហងប្រាសទៅបានឯអាឯកដែលជាមនុស្សកំសត់ណាស់ថោកណាស់ ហេតុនេះហើយបានជាអញឱ្យគេទៅយកហងមករៀបការ ផ្សំផ្គុំឱ្យម៉ឺនជូ កូនលោកអរជូន ដែលគេជាអ្នកមានបុណ្យកាប់បានសំលាប់បានវិញហើយហងក៏បានថ្កើងកេរ្តិ៍ថ្កើងឈ្មោះពិរោះពិសាត្រកាលណាស់។ នាងទាវបានឮម្ដាយស្ដីឱ្យដូច្នេះហើយក៏តាំងកើតក្ដីក្ដៅផ្សាណាស់ទើបឆ្លើយទៅវិញថា : បើអ្នកម្ដាយយកកូនឯណាលើកទៅឱ្យគេក៏លើកទៅចុះ។ ឯខ្ញុំស៊ូតែស្លាប់ហើយមិនទទួលយកម៉ឺនជូទេ។ នាងទាវថា ហើយក៏យំសោកបោកខ្លួនសន្លប់បាត់ស្មារតីទៅ។ នាងនោជាភិលៀង ឃើញដូច្នោះហើយក៏ម្នីម្នាយកទឹកមកក្បឹតមុខឱ្យ រកថ្នាំដាក់ឱ្យ នាងទាវក៏បានស្រាកស្រាន្តគ្រាន់បើឡើង។ លុះមកដល់ថ្ងៃ ១ កើត ខែផល្គុន ឆ្នាំម្សាញ់ នព្វស័ក ពុទ្ធសករាជ ២១១៣ (គ្រិស្តសករាជ ១៥៦៩) នាងទាវក៏ចាត់មនុស្សឱ្យនាំសំបុត្រទៅម៉ឺនឯក។ បំរើនាំទៅ ៥ ថ្ងៃ ៥ យប់ទើបទៅដល់ម៉ឺនឯក។
ម៉ឺនឯកហែកសំបុត្រមើលឃើញសេចក្ដីថា : នាងទាវជាខ្ញុំក្រោមបាតសូមជំរាបអ្នកម៉ឺនឯកជាស្វាមីអ្នកម៉ឺនពេជ្រជាគូស្លាប់រស់បានជ្រាបដែលមានសំបុត្រពីអ្នកម្ដាយផ្ញើមកថា : មានជំងឺនោះមិនមែនទេនេះគឺជាគំនិតអ្នកម្ដាយគិតយកខ្ញុំទៅផ្សំផ្គុំឱ្យម៉ឺនជូដូចអ្នកបងទាំងពីរបានជ្រាបស្រាប់។ ដូច្នេះឱ្យអ្នកបងទាំងពីរថ្វាយបង្គំ ហ្លួងស្រូតទៅឱ្យឆាប់ឱ្យខ្ញុំបានឃើញមុខផងបើហួសពីថ្ងៃ ១៣ កើត ខែផល្គុន ទៅខ្ញុំសូមលាអ្នកបងស្លាប់ហើយ។ អ្នកបង និង ខ្ញុំមុខជាពុំបានឃើញមុខគ្នាទៀតទេ។ ម៉ឺនឯក និង ម៉ឺនពេជ្របានទទួលសំបុត្រនោះពីថ្ងៃ ៦ កើត ខែផល្គុន ឆ្នាំម្សាញ់ នព្វស័កបានមើលដឹងសេចក្ដីសព្វគ្រប់ថា : នៅខ្វះតែ ៧ ថ្ងៃទៀតទេនឹងផុតកំណត់មង្គលការនាងទាវហើយ។ មួយរំពេចនោះម៉ឺនឯក និង ម៉ឺនពេជ្រទាំងពីរនាក់ព្រួយចិត្តកើតទុក្ខយំសោកឥតគណនាឡើយហើយក៏ម្នីម្នានាំគ្នាចូលទៅក្រាបបង្គំទូល ព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងឱ្យទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតតំកល់លើត្បូងទ្រង់ព្រះសណ្ដាប់ហើយក៏ត្រាស់ថា : ករណីនេះជាការប្រញាប់ណាស់ត្រូវតែឯងទាំងពីរនាក់ស្រូតរូតទៅឱ្យបានរហ័ស។
ទ្រង់មានព្រះរាជតំរាស់ដូច្នេះចប់ហើយទើបទ្រង់ត្រាស់បង្គាប់ឱ្យអាល័ក្សតែងព្រះរាជតំរាស់ទៅឱ្យចៅពញាអរជូនឱ្យប្រគល់ខ្លួននាងទាវឱ្យ ម៉ឺនឯកដោយហេតុថាទ្រង់បានរៀបការផ្សំផ្គុំនាងទាវឱ្យជាប្រពន្ធម៉ឺនឯកតាំងពីខែបុស្សរៀងមក ៣ ខែហើយ។ ថាបើពញាអរជូននៅតែរឹងទទឹងនោះពញាអរជូននឹងមានទោសដល់ស្លាប់ជាពុំខានឡើយ។ អាល័ក្សតែងព្រះឱង្ការស្រេចហើយក៏ប្រគល់ព្រះឱង្ការនោះឱ្យម៉ឺនឯកនិងម៉ឺនពេជ្រ។ ព្រះរាជាទ្រង់ព្រះតំរាស់ថា : ឯងទាំងពីរនាក់នឹងចេញទៅដោយទូកឯទៀតក្រែងពុំទាន់ដូច្នេះឯងយកព្រះទីនាំងទន្សាយស្លឹកព្រមទាំងពួកចែវសំរាប់ព្រះទីនាំងនោះឱ្យចែវទៅឱ្យរហ័សទាន់ការណ៍ចុះ។ ម៉ឺនឯក និង ម៉ឺនពេជ្រក្រាបបង្គំលាព្រះបរមបពិត្រជាអម្ចាស់ហើយចុះទូកចេញទៅ។ ពួកស៊ីថាយ "ពួកអ្នកចែវ" ចេញទូកនៅថ្ងៃ ៩ កើត ខែផល្គុន ចែវបាន ៣ ថ្ងៃ ៣យប់ ក៏ទៅដល់ភូមិមាត់ឃ្មុង។ ម៉ឺនឯក និង ម៉ឺនពេជ្រឡើងដើរពីមាត់កំពង់ទៅមួយថ្ងៃទៀតទើបដល់ទៅភូមិពោធិ៍ជើងខាល នៅថ្ងៃ ១៣ កើត ខែផល្គុន។ ខណៈនោះ ម៉ឺនទាំងពីរបានឃើញមេបាផ្ទឹមម៉ឺនជូនិងនាងទាវរួចទៅហើយនៅកំពុងតែលៀងភ្ញៀវស៊ីផឹកយ៉ាងអ៊ឹកធឹក។ ម៉ឺនឯកម៉ឺនពេជ្រស្ទួយព្រះរាជឱង្ការតំកល់លើត្បូងឡើងទៅលើផ្ទះ។
ដល់ហើយម៉ឺនពេជ្រទាញប៉ីមកផ្លុំម៉ឺនឯកស្រែកច្រៀងសុំស្រានាងទាវ។ នាងទាវឮសំឡេងប្ដីទៅដល់ហើយ ត្រេកអរណាស់ក៏កាន់យកដបស្រា និង ពែងមកឱ្យម៉ឺនឯកផឹក។ ចៅពញាអរជូនឃើញការណ៍យ៉ាងនេះហើយនឹកខឹងណាស់ទើបឱ្យក្រមការចាប់ម៉ឺនឯកយកទៅចាក់កសំលាប់ចោលនៅឯកៀនស្រែក្រៅរបងទៅ។ នាងទាវឃើញគេសំលាប់ប្ដីដូច្នេះ ក៏ហៅនាងនោ ជាភីលៀងឱ្យយកកាំបិតកោរមកឱ្យហើយក៏លបដើរចុះទៅត្រង់ខ្មោចម៉ឺនឯករួចអារកខ្លួនឯងស្លាប់នៅប្របគ្នានោះទៅ។ ចៅពញាអរជូនកាលក្រោយឱ្យចាប់ម៉ឺនឯកទៅសំលាប់នោះ ក៏ឃើញ ព្រះរាជឱង្ការធ្លាក់នៅលើកន្ទេលឃើញហើយភ័យណាស់លាន់មាត់ថា : អញគិតនេះខុសហើយព្រោះអញពុំបានសាកសួរពីមុនឱ្យអស់។ អ្នកស៊ីការទាំងប៉ុន្មានក៏ភ័យជ្រួលច្របល់រាល់គ្នា។ ម៉ឺនពេជ្រឃើញគេសំលាប់ម៉ឺនឯកដូច្នោះ ភ័យណាស់បន្លំរត់ ក្នុងពេល ដែលអ្នកស៊ីការកំពុងតែភ័យនោះដែរ។ ម៉ឺនពេជ្ររត់ទាំងថ្ងៃទាំងយប់ទៅក្រាបបង្គំទូល ព្រះបរមបពិត្រតាមរឿងដំណើរគ្រប់ប្រការ។
ព្រះបរមនាថបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធណាស់ហើយទ្រង់ត្រាស់ថា : អានេះ ពេញទីជាព្រហើនកោងកាចពន់ប្រមាណពេកនឹងទុកវាតទៅពុំបានឡើយត្រូវតែសំលាប់វាទាំង ៧ ជួរគោត្រព្រមទាំងមនុស្សដែលមកស៊ីការផង។ ត្រាស់តែប៉ុណ្ណេះហើយព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់សេនាធិបតីមន្ត្រីខាងជើងទឹកឱ្យរៀបក្បួនព្យូហនាវាសង្គ្រាម។ ស្រេចស្ដេចយាងទៅគង់លើព្រះទីនាំងមករ។ អស់ពួកយោធាទាំងឡាយក៏លើកទង់ជ័យទូងស្គររគាំងតាំងហ៊ោចេញទៅ។ នេះនឹងនិយាយអំពីអ្នកមុខអ្នកការមេបាបណ្ដាជាភ្ញៀវដែលរៀបអាពាហ៍ពិពាហ៍ម៉ឺនជូវិញ។ កាលដល់ពេលល្ងាចស្វាងស្រាគ្រប់គ្នាហើយមេបាទាំងឡាយរកហៅនាងទាវមកផ្សំដំណេកជាមួយនឹងម៉ឺនជូស្រាប់តែមិនឃើញនាងទាវសោះ។ លុះឱ្យតាមរកទៅក៏ឃើញនាងទាវដេកស្លាប់ជាមួយនិងម៉ឺនឯក។ មេបានឹងបណ្ដាអ្នកការទាំងឡាយឃើញព្រឹត្តិការណ៍យ៉ាងនេះហើយក៏រឹតតែភ័យណាស់ទៅទៀតហើយគេចវេះទៅផ្ទះទីទៃៗរៀងខ្លួនទៅ។ ចំណែកចៅពញាអរជូនជ័យអ្នកភ័យនឹងរឿងនេះណាស់គេចចោលបុត្រភរិយាហើយទៅពូននៅភ្នំសុពណ៌កាឡី។
ព្រះបរមបពិត្រ និង សេនាបតីមុខមន្ត្រីអាមាត្យសេនាទាហានកាលទ្រង់លើកព្យូហនាវាទៅដល់មាត់ឃ្មុងហើយនោះទ្រង់ជ្រាបថាចៅពញាអរជូនជ័យរត់បាត់ទៅហើយមួយរំពេចនោះទ្រង់ចាត់សេនាទាហានជា ៤ កងគឺមួយកងឱ្យទៅតាមចាប់ចៅពញាអរជូនជ័យពី ភ្នំសុពណ៌កាឡី មកវិញមួយកងទៀតឱ្យទៅចាប់បុត្រភរិយាព្រមទាំងរបស់ទ្រព្យចៅពញាអរជូនជ័យ និង ញាតិវង្សាទាំង ៧ ជួរគោត្រឱ្យជីកដីកប់ខ្លួនហើយរាស់នឹងរនាស់ឈើ រនាស់ដែក មួយកងទៀតឱ្យទៅយកបញ្ជីឈ្មោះមនុស្សដែលចូលមកស៊ីការនោះចំងាយមួយល្បឺស្គរ។ ទ្រង់ដាក់ទោសដល់មនុស្សទាំងនោះក្នុង ៣ ឆ្នាំឱ្យបង់ថ្លៃជាកាសមួយបាតអង្ករមួយតៅម្នាក់ឱ្យចៅហ្វាយស្រុកថ្មីម្ដងទ្រង់ត្រាស់បង្គាប់ស្រេចហើយ ព្រះបរមបពិត្រទ្រង់តំរិះថា : ស្ដេចត្រាញ់ទាំង ៥ នេះនឹងទុកកិត្តិយសឱ្យហៅថា ចៅពញា ដូចពញាអរជូននេះឱ្យគង់យសជាស្ដេចតទៅទៀតមិនបានឡើយព្រោះវាកំរើកចិត្តណាស់។ ទើបទ្រង់ត្រាស់បង្គាប់តែងព្រះរាជបញ្ជាជាថ្មីថា : ស្ដេចត្រាញ់ទាំង ៥ នេះអំណើះតទៅចុះក្នុងសំបុត្រថា ឧកញ៉ាទាំងអស់លើកលែងហៅខ្លួនជា ចៅពញានោះចេញទៅហេតុ ដូចបាននិយាយខាងលើនេះហើយទើបបានជាអ្នកស្រុកត្បូងឃ្មុំនិងចៅហ្វាយស្រុកទាំងឡាយដែលមានងារជាស្ដេចត្រាញ់នោះស្អប់ពូជម៉ឺនឯកនាងទាវ និងពូជចៅពញាអរជូនជ័យទាំងអស់គ្នា។ ព្រះបាទបរមនាថ បរមបពិត្រជា អម្ចាស់ជីវិតលើត្បូងទ្រង់ដាក់ទោសអ្នកស្រុកត្បូងឃ្មុំរួចហើយទ្រង់លើកព្យូហនាវាត្រឡប់មកក្រុងលង្វែកវិញហើយទ្រង់គង់នៅក្នុងព្រះសិរីរាជសម្បត្តិជាសុខតរៀងមក។
ឆ្នាំមមី សំរឹទ្ធិស័ក ព.ស. ២១១៤ (គ.ស. ១៥៧០) ព្រះបរមនាថ បរមបពិត្រជាអម្ចាស់ព្រះអង្គសោយរាជ្យបាន ៥ ឆ្នាំ ថ្ងៃមួយ ស្ដេចយាងចេញពីព្រះរាជរោងរម្យជួបជុំព្រះរាជសេវកាមាត្យហើយទ្រង់ត្រាស់ប្រឹក្សាថា : សៀម និង លាវធ្លាប់ចាញ់ព្រះបារមីសម្ដេចព្រះរាជបិតាជារឿយៗមើលទៅវាមុខជា នឹងមានសេចក្ដីគុំគួនចំពោះយើងពុំលែងឡើយដូច្នេះ ហើយយើងត្រូវតែធ្វើទូកចំបាំង ត្រូវតែរកដំរី សេះ និង សេនា ទាហាន ឱ្យបានច្រើនដើម្បីបំរុងការរក្សាព្រះរាជសីមាឱ្យបានសុខក្សេមក្សាន្តតទៅ។ ថាបើស្ដេចទាំងពីរនគរនោះលើកទ័ពមកកាលណាយើងមានរបស់បំរុងទុកជាស្រេច។ ថាបើស្ដេចទាំងពីរនគរនោះពុំលើកទ័ពមកធ្វើអ្វីយើងទេយើងត្រូវតែលើកទៅវិញព្រោះសៀមវាបានកៀរយកគ្រួយើងទៅជាច្រើនណាស់ក្នុងពេលដែលវាមកវាយបែកព្រះមហានគរ "អង្គរ" នោះ។ តែអស់មន្ត្រីសេនាបតី យល់ដូចម្ដេច។
គ្រានោះព្រះបរមរាជវង្សានុវង្សអង្គអគ្គមហាសេនាសេនាបតីក្រាបបង្គំទូលថា : "ព្រះបរមនាថ បរមបពិត្រជាអម្ចាស់ព្រះអង្គទ្រង់ព្រះចិន្តានោះត្រូវសមល្អណាស់"។ កាលបើអស់សេនាបតីមន្ត្រីទាំងពួងយល់ព្រមតាមព្រះរាជតំរិះហើយព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិត តំកល់លើត្បូងព្រះអង្គទ្រង់ចាត់ឱ្យមុខងារព្រះសុរិយោដី និង ក្រុមមេការ ជាងឈើ ទៅសាងព្រះរាជវាំងដោយគ្រឿងឫស្សី និង ស្បូវគង់នៅកំពង់ក្រសាំងក្នុង ខេត្តសំរោងទង "សព្វថ្ងៃក្នុងខេត្តកំពង់ស្ពឺ" ជាអគ្នេយ៍ភ្នំរាជទ្រព្យ។ ទ្រង់ឱ្យជាងលើកទូកចំបាំងយ៉ាងធំ ៥០០ យ៉ាងតូច ៣០០ ទូកលំហាច ២០០ ហើយទ្រង់ឱ្យបង្ហាត់សេនាទាហានជើងទឹក ជើងគោកទ្រង់ឱ្យរើសដំរីសឹកបាន ១០០០ ប្លាយ សេះ ៥០០០ ប្លាយ ក្របី ៥០០០ ប្លាយ។ សេនាទាហានបានហាត់ចំបាំងលើខ្នងដំរីសេះក្របីនោះគិតយកតែយ៉ាងឯក ២០០០ នាក់យ៉ាងទោ ២០០០ ប្លាយនាក់សេនាទាហានខាងជើងទឹកដែលមុជទឹកបានអស់រយៈពេលមួយយប់មួយ ថ្ងៃនោះចំនួន ២៣ នាក់មុជទឹកបានតែ ៣ រឺ ៤ ម៉ោងនោះបាន ១០០ ប្លាយនាក់។ សេនាទាហានម្នាក់ៗគិតតែហាត់គុនផឹកថ្នាំគង់កាប់មិនមុតដាល់មិនត្រូវបើត្រូវក៏មិនឈឺ។ លុះក្រមការចាត់ការបានសំរេចហើយ ព្រះអង្គទ្រង់ត្រាស់បង្គាប់ឱ្យចេញព្រះរាជប្រកាសប្រាប់ដល់ទៅចៅហ្វាយស្រុកគ្រប់ខេត្តឱ្យហ្វឹកហាត់សេនាទាហានឱ្យបានច្រើនហើយឱ្យសន្សំគ្រឿងស្បៀងអាហារនាំយកដាក់ក្នុងព្រះនគរ និងក្នុងឃ្លាំងគ្រប់ចៅហ្វាយស្រុក និងស្ដេចត្រាញ់ទាំងប្រាំកុំឱ្យខ្វះខាត។ ទ្រង់ចាត់សំពៅពីរឱ្យទៅទិញកាំភ្លើងគ្រឿងសាស្ត្រាវុធអំពីប្រទេសក្រៅមកទុកក្នុងព្រះនគរជាច្រើនក្រៃពេក។ ទ្រង់ត្រាស់ឱ្យធ្វើរោងដាក់ទុកព្រះទីនាំងនិងទូកចំបាំងត្រៀមតាមស្ទឹងពញាឮនោះរហូតទៅដល់ខាងត្បូងពេញទាំងបឹង។ ក្នុងគ្រានោះប្រទេស ចិន ចាម ជ្វា យួន ចូលមកជ្រកកោនពឹងបុណ្យព្រះបារមីថ្វាយមាសប្រាក់និងសារបាប់ ទួនគាត ខៀនព្រៃជាច្រើន។ អាស្រ័យហេតុនេះហើយទើបត្រាស់ឱ្យហៅស្ទឹងបឹងពញាឮនោះថា ស្ទឹងរោងទូក ថា បឹងត្រងប្រាក់។ វិញអ្នកស្រុកហៅយារៗមកក៏ក្លាយទៅជាស្ទឹងដងប្រាក់ជាប់ ដល់មកបច្ចុប្បន្នកាលនេះ។ ឆ្នាំមមី សំរឹទ្ធិស័ក ពស. ២១១៤ (គ.ស. ១៥៧០, មស. ១៤៩២, ចស. ៩៣២) ព្រះបាទបរមនាថបរមបពិត្រ ទ្រង់ព្រះចិន្តាយល់ថា: ទិសខាងលិចនិងទិសខាងជើងនោះកាលផែនដីសម្ដេចព្រះវររាជបិតាព្រះអង្គទ្រង់ចាត់ធ្វើបន្ទាយចាត់ឱ្យសេនាទាហាន និង ចៅហ្វាយស្រុករក្សាព្រះរាជសីមាមាំមួនណាស់ ហើយនៅឡើយតែទិសខាងត្បូង និងខាងកើតដែលមានព្រៃជាប់នឹងសមុទ្រទៅទល់នឹងស្រុកចាមស្រុកយួននោះ។ ឥឡូវនេះយួន និងចាមនៅកំពុងតែវិវាទជាចំបាំងនឹងគ្នា។ ប្រសិនបើជាចាម ឬយួនមានជ័យហើយ នឹងកំរើកចូលវាយព្រះនគរកម្ពុជានេះយើងពុំទាន់បានទៅធ្វើកំពែងបន្ទាយ ឱ្យជាប់មាំនៅឡើយ។ ទ្រង់ព្រះចិន្តាយល់ដូច្នេះហើយទើបទ្រង់ព្រះបង្គាប់ឱ្យមុខងាររៀបព្រះទីនាំងនាវានិងទុកក្បួនហែឱ្យបានគ្រប់គ្រាន់។ លុះបានពិជ័យឫក្សហើយ ព្រះបាទបរមនាថ បរមបពិត្រ និង រាជសេវកាមាត្យមុខមន្ត្រីលើកព្យុហនាវាត្រាច់ចេញទៅដល់មាត់សមុទ្រហើយទ្រង់តាងព្រះរាជវង្សមួយព្រះអង្គព្រះនាមព្រះបាទអភ័យទោសឱ្យឈររក្សាមាត់សមុទ្រ។ ទ្រង់តាំងស្រុកនោះឱ្យហៅថា "ស្រុកព្រៃនគរ"។ ទ្រង់តាំងឱ្យសម្ដេចព្រះអភ័យទោសនោះឡើងយសមាន ឧកញ៉ាពិជ័យសត មួយទៀតជារងហើយឱ្យធ្វើបន្ទាយរាយល្បាតយាមឱ្យមុតមាំកាលណាបើមានទ័ពជើងទឹកខាងចាម ឬយួនចូលមកឱ្យការពារព្រះនគរឱ្យបានមាំមួន។
លំដាប់ក្រោយមកទៀតព្រះអង្គទ្រង់លើកព្យូហនាវា ត្រឡប់មកដល់កោះស្លាកែតទ្រង់ឱ្យបញ្ឈប់ព្រះទីនាំងប្រថាប់នៅទីនោះ ១៦ ថ្ងៃ។ ចៅហ្វាយស្រុក និងក្រមការខេត្តក៏រៀបទទួលព្រះអង្គយ៉ាងធំគឺមាន របាំល្បែងមហោស្រពលេងសន្ធឹកគឹកកងណាស់អស់ចៅហ្វាយស្រុក និងក្រមការខេត្តដែលនៅជិតនិងទៅមកទាន់ក៏ចូលមកក្រាបបង្គំថ្វាយមាសប្រាក់បណ្ណាការជាច្រើន។ នៅទីនោះព្រះអង្គទ្រង់គង់ព្រះទីនាំងទន្សាយស្លឹកចេញទតព្រះនេត្រ អស់ទីនានាទ្រង់ទត ឃើញមានកំពែងជាប់ដោយអន្លើៗនិង មានព្រះធរណីដល់គោលរញ៉ាដំរីច្រើនកន្លែងទើបទ្រង់សួរអស់ចាស់ប្រជាអ្នកស្រុកណាដែលបានដឹងការណ៍នេះ។ អ្នកស្រុកក្រាបបង្គំទូលថា: ការណ៍នេះទូលព្រះបង្គំទាំងឡាយបានឮចាស់ៗនិយាយតៗមកថា "កាលផែនដីបឋមក្សត្រគឺព្រះបាទកុមេរុរាជព្រះថោងនោះ ព្រះអង្គទ្រង់ឈ្នះសង្គ្រាមព្រះបាទអស្សាជ័យរាជ ព្រះអង្គចាប់បាន ព្រះរាជបុត្រ ព្រះបាទអស្សាជ័យរាជទាំង ៥ អង្គគឺព្រះនាមព្រះសុរិយោវរ្ម័នមួយ ព្រះសុរិយង្គវរ្ម័នមួយ ព្រះសុរិយាវរ្ម័នមួយ ព្រះបរមិន្ទវរ្ម័ន និង ព្រះសូរេន្ទ្រាវរ្ម័នមួយ។ ព្រះរាជបុត្រទាំង ៥ ព្រះអង្គនេះសូមចុះចាញ់ព្រះបារមី ថ្វាយព្រះនគរហើយព្រះអង្គទ្រង់ត្រាស់ឱ្យព្រះសុរិយោវរ្ម័នគ្រប់គ្រងប្រការ ឱ្យព្រះសុរិយង្គវរ្ម័នគ្រប់គ្រងស្រុកទ្រាំងភ្នំបាយ៉ង់កោ ឱ្យព្រះបរមិន្ទវរ្ម័នគ្រប់គ្រងស្រុកត្បូងឃ្មុំ ព្រះសុរិយាវរ្ម័ន ដែលគ្រប់គ្រងស្រុកស្លាកែត ឱ្យព្រះសូរេន្ទ្រាវរ្ម័នគ្រប់គ្រងស្រុកស្ទោង។ សុរិយាវរ្ម័ន ដែលគ្រប់គ្រងស្រុកស្លាកែត នោះបានតាំងវាំងប្រាសាទសុទ្ធសឹងតែថ្ម និង ឈើជើងចាប ឈើតាត្រាវមានរោងសេះ រោងដំរីជាគ្រឿងលំអ។ ទ្រង់តាំងពញាតេជោឱ្យធ្វើទ្វារមួយនៅ មាត់ទន្លេខាងទិសបស្ចឹមជាទ្វារព្រះនគរប៉ែកខាងលិច។ ទ្រង់តាំងពញាជ័យឱ្យសំរេចការខាងជើងគោក។ ទ្រង់តាំងពញាយោឱ្យសំរេចការខាងជើងទឹក ព្រះរាជវង្សានុវង្សនៃព្រះរាជបុត្រអង្គនេះសោយរាជ្យតៗមកអស់ជាច្រើនតំណ។
ស្ដេចចាមទីមួយមានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមនាងពៅសក់ក្រអូបមានរូបឆោមលោមពណ៌និងក្លិនក្លែបក្រអូបណាស់លើសស្រីទាំងឡាយ។ ស្ដេចចាមស្រលាញ់នាងសក់ក្រអូបនេះខ្លាំងណាស់ទ្រាំពុំបានទើបទ្រង់ចូលទៅរួមមនោរម្យនិងនាងនោះទៅ។ ក្នុងខណៈនោះព្រះធរណីក៏កំរើក ខ្ទ័រខ្ទារអស់ ៥ ថ្ងៃ។ ស្ដេចចាមទ្រង់សាកសួរហោរាអំពីព្រឹត្តិការណ៍ចំឡែកនេះ។ ហោរាក្រាបទូលថានៅខ្វះតែ ២ ថ្ងៃទៀតព្រះធរណីនឹងស្រូបព្រះអង្គហើយ។ ស្ដេចចាមសួរហោរាទៀតថា: បើដូច្នោះយើងគិតធ្វើដូចម្ដេចនឹងបានរួចហោរាទូលថា ដើម្បីឱ្យរួចនោះត្រូវតែព្រះអង្គធ្វើពិធីឆាន់ព្រុតទើបបានរួចខ្លួន។ មួយរំពេចនោះ ស្ដេចាមឱ្យហោរាធ្វើហោមពិធីរួចហើយទើបស្ដេចយាងចុះទូកព្រះទីនាំងមួយហោរាចុះទូកមួយនាំស្ដេចរត់ចេញទៅបាន ២ យប់ ២ ថ្ងៃ។ ពេលនោះទឹកគួចលិចទូកហោរានោះស្លាប់ទៅ។ ហេតុនេះហើយបានជាស្រុកនេះហៅថាស្រុកលង់ហោរ។ ព្រះរាជវាំងដែលស្ដេចគង់នោះត្រូវព្រះធរណីស្រូបជាបន្ទាន់ក្នុងពេលដែលស្ដេចឡើងគង់លើព្រះទីនាំងនាវា ហេតុនេះហើយបានជាកន្លែងនោះហៅថា បឹងប្រាសាទឃុំជៃយោ តែយារៗមកហៅថាឃុំទយោ ភូមិបន្ទាយដែករៀងរហូតមកទល់សព្វថ្ងៃនេះ។ ឯស្ដេចចាមដែលរត់ទៅនោះកាលបើឃើញហោរាលង់ទឹកស្លាប់បាត់ទៅហើយភ័យណាស់ទើបខំស្រូតព្រះទីនាំងឱ្យដល់ស្រុកក្រោមឯនាយ។ ខណៈនោះទួនភិនដែលត្រូវជាព្រះអនុជជីទួតមួយ និង ព្រះអង្គកាលបើបានដឹងរឿងនេះហើយក៏មកទទួលអញ្ជើញព្រះបាទសូរិយាវរ្ម័នឱ្យគង់នៅក្នុងប្រាសាទនោះ។ លុះវេលាយប់ព្រះធរណីក៏ស្រូបទាំងវាំងប្រាសាទនោះទៅទៀត។ ហេតុនេះហើយបានជាមានពាក្យហៅប្រាសាទស្រុតរហូតមកដល់សព្វថ្ងៃ។ ព្រះបរមនាថ បរមបពិត្រទ្រង់បានជ្រាបហើយទ្រង់ប្រែឈ្មោះកោះស្លាកែតនោះឱ្យហៅថាខេត្តលើកដែកវិញ។ (កន្លែងនេះដូចជាការបំពេញសាច់រឿង នាងសក់ក្រអូបដូចនឹងរឿងរបស់បុត្រាព្រះចន្ទរាជា ព្រះរាមាធិបតីដែរ ប្រាកដជារឿងប្រឌិតមាននៅក្នុងពង្សាវតារជៀងម៉ៃ)
តមកព្រះអង្គត្រឡប់មកភ្នំពេញព្រះអង្គទ្រង់ឡើងគង់ព្រះទីនាំងគជេន្ទ្រាលើកព្យូហនាវាតំរង់ទៅទន្លេបាទីទៀត។ នៅទីនោះទ្រង់ទតព្រះនេត្រឃើញប្រាសាទថ្មល្អថ្ងៃថ្លា។ ទ្រង់ត្រាស់សួរបណ្ដាអ្នកស្រុកចាស់ទុំដែលបានដឹងការណ៍គ្រប់ៗគ្នា។ អ្នកស្រុកក្រាបបង្គំទូលថា : កាលដើមផែនដី ព្រះថោងកុមេរុរាជ ព្រះអង្គទ្រង់ឈ្នះទ័ពព្រះបាទអស្សាជ័យរាជ ព្រះអង្គមានបុណ្យទ្រង់ប្រោសព្រះរាជបុត្រព្រះបាទអស្សាជ័យរាជទាំង ៥ ព្រះអង្គឱ្យគ្រប់គ្រង ស្រុកត្បូងឃ្មុំមួយ ស្រុកបាយ៉ង់កោមួយ ក្នុងខេត្តតាកែវ ស្រុកភ្នំរាជជីសូរ ភ្នំជីសូរក្នុងខេត្តតាកែវមួយ កោះស្លាកែតមួយ ស្រុកស្ទោងមួយ។ ឯស្ដេចដែលគង់នៅភ្នំរាជជីសូរនោះព្រះអង្គទ្រង់ បានឱ្យសាងប្រាសាទរាជវាំងជាវិការនៃថ្មនៅលើភ្នំនោះហើយទ្រង់ឱ្យសាងប្រាសាទថ្មមួយនៅមុខភ្នំសឹងមានធ្វើជាត្រឡែងកែងមានស្រះស្រង់ថ្លាច្បារដំណាំ។ ព្រះអង្គគង់នៅទីនោះបាន ៤ ខែ។
តមកដល់រាជ្យព្រះបាទសុរិយោទ័យវរ្ម័ន ព្រះអង្គទ្រង់យល់ថាទីនោះមានទឹកពុំបរិបូរណ៍ទើបព្រះអង្គលើកគ្រប់គ្រួឱ្យមកសាងប្រាសាទនៅទន្លេបាទីវិញ។ លុះដល់មកផែនដីរបស់ព្រះអង្គទើប ព្រះអង្គទ្រង់បានត្រាស់ ឱ្យសេនាទាហានមករំលាយស្ដេចចាមទាំងនោះអស់ទៅហើយទ្រង់ចាត់ឱ្យព្រះរាជបុត្ររបស់ព្រះអង្គមកគ្រងស្រុកទាំង ៥ នោះវិញ។ លុះមកដល់ផែនដីព្រះធនញ្ជ័យគោរព្យរាជស្ដេចទាំង ៥ ព្រះអង្គនោះពុំព្រមខ្លបខ្លាចព្រះអង្គ។ សេនាបតីបង្គាប់ ការអ្វីៗមកព្រះអង្គ ព្រះអង្គពុំសូវយកព្រះទ័យទុកដាក់សោះ។ ដូច្នេះហើយទើបព្រះបាទធនញ្ជ័យគោរព្យរាជទ្រង់បន្ថយទីសម្ដេចនោះចេញពុំឱ្យហៅសម្ដេចចៅពញាទេ ទ្រង់ឱ្យហៅត្រឹមតែចៅពញាវិញ ដូចជាសេនាបតីក្នុងព្រះនគរ។ ព្រះបាទបរមនាថ បរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយព្រះអង្គទ្រង់ប្រែងារចៅហ្វាយស្រុកទាំងពីរនោះជាឧកញ៉ាវង្សាអនុជិតដោយទ្រង់គិតថាវង្សា គឺពីដើមជាវង្សស្ដេចចាមអនុជិតនោះ គឺ ព្រះអង្គអនុញ្ញាតិឱ្យមន្ត្រីខ្មែរដែលជិតដិតនឹងព្រះអង្គនោះឱ្យគ្រប់គ្រងស្រុកបាទីនោះតទៅ។ លុះព្រះបរមបពិត្រ ទ្រង់រៀបចំស្រេចបាច់ហើយស្ដេចលើកយោធាទាហានទៅថ្កាននៅភ្នំបាយ៉ង់កោ។ លុះទ្រង់យាងទៅដល់ស្ទឹងស្លាគូ ព្រះអង្គឱ្យតាំងព្រះពន្លាហើយព្រះអង្គឡើងគង់សំរាកព្រះហឫទ័យនិងសំរាកកំលាំងនៃសេនាទាហាននៅទីនោះ។
ក្នុងខណៈនោះមានបណ្ឌិតម្នាក់ឈ្មោះកែវខ្លួនតូចស្ដើងរាងមូល ដៃទន់វែងឱបប្រណម្យសំពះទៅក្រោយខ្នងបាន។ កែវនេះចេះមន្តវិជ្ជាការមាំមួនណាស់គាត់យកដែកសាក់ដាក់ជាតិហិង្គុលនៅបាតដៃបាតជើងធ្វើជាកងចក្រហើយចូលទៅតាំងសិល្ប៍នៅភ្នំបាយ៉ងកោបាន ១ ឆ្នាំ ៧ ខែ ៧ ថ្ងៃរួចមកហើយមានអ្នកស្រុកចុះចូលជាច្រើន។ កែវតាំងខ្លួនជាព្រះបាទជាន់ជុំ។ លុះដឹងថាព្រះបរមបពិត្រស្ដេចយាងមកដល់ស្ទឹងស្លាគូហើយក៏គិតថាព្រះអង្គមុខជានឹងលើកទ័ពទៅធ្វើទោសខ្លួន។ កែវក៏ប្រជុំស្ម័គ្របក្សពួកបានជាច្រើនតាំងពិធីប្រក់ព្រំពលហើយតាំង ចាត់នាយកង នាយទ័ព ឱ្យឃុំរេហ៍ពលជាប៉ែក ឆ្វេង ស្ដាំ មុខ ក្រោយចែកជា ៣ កងហើយលបលើកទាំងយប់នោះឱ្យចូលដេញលុកទ័ព ឧកញ៉ាពិស្ណុការ ចៅហ្វាយស្រុកខេត្តទ្រាំង ខ្លះទៀតទៅខាងពាមខាងបន្ទាយមាស។ ចៅហ្វាយស្រុកទាំង ៣ ខេត្តនោះបានដឹងខ្លួនទាន់ក៏គេចបាត់អស់ទៅ។ កែវបានឱ្យទ័ពទៅបង្ក្រាបខេត្តឧម៉ោ បាសក្ដិ ព្រះត្រពាំង ក្រមួនសបានខេត្តជាច្រើននៅខាងជើងភ្នំបាយ៉ង់កោគាត់ឱ្យឈ្មោះហៅថា : ព្រះរាជវាំងព្រះបាទជាន់ជុំ។ ព្រោះហេតុនោះហើយបានជាហៅភូមិនោះថា: ភូមិព្រះបាទជាន់ជុំរហូតមកដល់សព្វថ្ងៃនេះ។ ចៅហ្វាយស្រុកខេត្តទ្រាំង បន្ទាយមាស ពាម កំពត កំពង់សោម បែកទ័ពរត់ចោលបុត្រភរិយាទៅពួនព្រៃ។
លុះដឹងថា ព្រះបរមបពិត្រស្ដេចយាងទៅ ប្រថាប់នៅស្ទឹងស្លាគូដូច្នេះ ត្រេកអរសោមន្សណាស់ទើប នាំគ្នាចូលទៅក្រាបបង្គំគាល់ទូលតាមដំណើរសព្វគ្រប់ប្រការ។ ព្រះបរមនាថបរមបពិត្រទ្រង់ជ្រាបហើយត្រាស់បង្គាប់ចៅហ្វាយស្រុកទ្រាំង ៥ ខេត្តឱ្យចេញកេណ្ឌកងទ័ពចាត់ជាទ័ពមុខក្រោយឆ្វេងស្ដាំស្រេចហើយ ឱ្យលើកទៅបង្ក្រាបព្រះបាទជាន់ជុំ។ ឈ្មោះកែវដែលតាំងខ្លួនជាព្រះបាទជាន់ជុំដេញកងទ័ពឱ្យចេញពីបន្ទាយច្បាំងតនឹងទ័ពចៅហ្វាយស្រុកទាំង ៥ ខេត្តនោះដែរ។ កងទ័ពចៅហ្វាយស្រុកទាំង ៥ ខេត្តបានចិត្តដោយព្រះបរមបពិត្រព្រះអង្គទ្រង់ប្រថាប់នៅជិតទីនោះដែរ ក៏ឥតមានសេចក្ដីកោតញញើតនឹងសត្រូវទាំងនោះឡើយនាំគ្នាបុករុកចូលទៅដល់ជើងបន្ទាយហៀបតែ នឹងយកបន្ទាយបានទៅហើយប៉ុន្តែព្រះបាទជាន់ជុំឃើញដូច្នោះក៏ឡើងទៅលើបញ្ជាក្បាលបន្ទាយយកអង្ករមកសែកមន្តវិជ្ជាការកើតជាឃ្មុំឱម៉ាល់ដេញទិចកងទ័ពចៅហ្វាយស្រុកទាំង ៥ ខេត្តកងទ័ពទាំងនោះទ្រាំពុំបានក៏រត់ចោលចៅហ្វាយស្រុកទាំង ៥ ខេត្តយករួចតែខ្លួន។ ចៅហ្វាយស្រុកទាំង ៥ ខេត្តក៏យកការណ៍មកក្រាបបង្គំទូលព្រះករុណា។ ព្រះករុណាទ្រង់ព្រះមេត្តាប្រោស ទ្រង់មានព្រះរាជឱង្ការថា : សិល្ប៍វិជ្ជារបស់កែវនេះកំពុងខ្លាំងពូកែណាស់ វាតែងតែមានជ័យជំនះជាមុនដូច្នេះហើយ។ លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ទ្រង់ត្រាស់បង្គាប់ទៅឧកញ៉ាចក្រីសំឱ្យធ្វើជា មេទ័ព ស្ដាំឱ្យ ឃុំពល ៥០០០ នាក់ឱ្យសម្ដេចព្រះពញាទេពជាមេទ័ពឆ្វេងឃុំពល ៥០០០ នាក់។
មេទ័ពទាំងពីរ ថ្វាយបង្គំលាចេញមកចាត់សេនាទាហានជាមេទ័ពមុខក្រោយ ឆ្វេង ស្ដាំរួចស្រេចហើយ ក៏លើកទៅព័ទ្ធបន្ទាយព្រះបាទជាន់ជុំទៀត។ ព្រះបាទជាន់ជុំឃើញហើយក៏ឡើងលើបញ្ជាក្បាលបន្ទាយសំដែងសិល្ប៍មន្តវិជ្ជាការកើតជាឃ្មុំឱម៉ាល់ដេញទិចកងទ័ពហ្លួងទាំងពីរកងដូចមុនទៀត។ កងទ័ពហ្លួងទ្រាំពុំបានក៏ដោះទ័ពថយមកវិញ។ លុះមកដល់វាលចុងអង្ករមេទ័ពហ្លួង ឱ្យបញ្ឈប់ទ័ព ដើម្បីប្រមូលកងទ័ព ហើយឱ្យតាំងបន្ទាយរាយល្បាត តាមក្បួនពិជ័យសង្គ្រាមទើបធ្វើសំបុត្រមកថ្វាយ ព្រះបរមបពិត្រតាមដំណើរសូមឱ្យ ព្រះអង្គថែមកងទ័ពមកទៀត។ ក្នុងគ្រានោះ ព្រះបរមបពិត្រប្រថាប់ទ័ពនៅឃុំគូ ខេត្តទ្រាំង ជូនពេលជាមួយគ្នានោះមាន បុរសម្នាក់ឈ្មោះសូរ បួសនៅវត្តភ្នំជីសូរ ទើបតែចូលទៅថ្វាយខ្លួនថ្មី កាលបើបានដឹងសេចក្ដីហើយ ក៏ទូលសូមធ្វើការថ្វាយ។ ព្រះបរមបពិត្រ ទ្រង់ពិសោធតំរិះប្រាជ្ញា និង សិល្ប៍វិជ្ជា ការសព្វសារពើលុះទ្រង់ យល់ថាល្មមធ្វើការបានហើយ ព្រះអង្គក៏ឱ្យគ្រងងារជា ឧកញ៉ាវង្សាអគ្គរាជហើយ ទ្រង់ចាត់យោធាទាហាន ៥០០​ នាក់ឱ្យទៅ។ ឧកញ៉ាវង្សាអគ្គរាជសូរ ទទួលយកកងទ័ពទាំង ៥០០ នាក់នោះទៅចូលរួមជាមួយកងទ័ព ឧកញ៉ាចក្រី សម្ដេចព្រះពញា។ នៅទីនោះ ឧកញ៉ាវង្សាអគ្គរាជប្រឹក្សាព្រមគ្នាឱ្យរើសស្រីផ្កាមាសពីរនាក់ ដែលមានរូបយ៉ាងល្អៗ គឺឈ្មោះនាង "ស" មួយ នាង "នួន" មួយហើយឱ្យរើសបានចៅកៅ នាងពេញមួយ ចៅទិតនាងសៅមួយ ឱ្យធ្វើជា ឪពុកម្ដាយ នាងស និង នាងនួននោះ។ លុះបានហើយ "សូរ" ក៏និយាយ នឹង ឪពុកម្ដាយ នាងស និង នាងនួន ឱ្យគិតធ្វើឧបាយកលដល់ព្រះបាទជាន់ជុំនោះច្រើនប្រការ។ ថាបើធ្វើឧបាយកលបានហើយគាត់នឹងឱ្យរង្វាន់ជាមាសប្រាក់ឱ្យពេញចិត្ត។ លុះបានទទួលបណ្ដាំជាស្រេច ឈ្មោះទាំង ៤ នាក់ ដែលធ្វើជាឪពុកម្ដាយនាងស និង នាងនួននោះ នាំនាងទាំងពីរនាក់ព្រមទាំងផលានុផលទៅក្រាបបង្គំទូលថ្វាយ ព្រះបាទជាន់ជុំ។
ព្រះបាទជាន់ជុំចេញពីក្នុងមកនាងទាំងពីរ ក៏ថ្វាយបង្គំប្រើចុងភ្នែក ឱ្យសមរម្យជាដង្វាយសំរាប់ព្រះបាទជាន់ជុំ។ ព្រះបាទជាន់ជុំឃើញក៏ពេញព្រះទ័យណាស់ ទើបត្រាស់សួរចៅកៅ នាងពេញ ចៅទិត្យ នាងសៅ តាមដែលខ្លួនចង់ដឹង។ អ្នកទាំង ៤ នាក់ឆ្លើយថានាងទាំងពីរ នាក់នេះជាកូនរបស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់សូមចូលមកជ្រកកោនសុំពឹងបុណ្យព្រះបារមី នៃព្រះអង្គជាម្ចាស់ ត្បិតកងទ័ពហ្លួងខាងជើងនេះ កំហែងរឹបជាប់ពន់ប្រមាណណាស់។ ព្រះបាទជាន់ជុំទ្រង់ព្រះសណ្ដាប់ហើយ ដោយសេចក្ដីស្នេហាចំពោះនាងទាំងពីរនាក់នោះ ក៏ទទួលយកទាំងប្រញាប់ព្រមទាំងទទួលនាំនាងទាំងពីរនាក់ចូលទៅក្នុងផង។ លុះវេលាយប់ ព្រះបាទជាន់ជុំ ក៏ចូលទៅសេពសម្ផស្ស និងនាងទាំងពីរនាក់នោះតាមសេចក្ដីស្នេហា។ នាងទាំងពីរនាក់ក៏តាំង ធ្វើកិរិយាសំរើបរាជហឫទ័យ។ នៅពេលដែលព្រះរាជា ស្រង់ទឹកក្ដី សោយក្ដី នាងទាំងពីរនាក់ក៏យកទឹកស្មោគគ្រោកមកលាងថ្វាយស្រង់សោយជាអចិន្ត្រៃយ៍។ លុះគ្រប់ ៧ ថ្ងៃហើយ នាងទាំងពីរឱ្យចៅកៅ នាងពេញ ចៅទិត នាងសៅ ដែលក្លែងធ្វើជាមាតាបិតាខ្លួននោះទៅជំរាបមេទ័ពហ្លួងទាំង ៣ កង។ មេទ័ពហ្លួងទាំង ៣ កងកាលបានដឹងហើយ ក៏ចាត់កងទ័ពឱ្យស្ទាក់ផ្លូវទាំង ៤ ទិសហើយឱ្យលើក ទ័ពទៅឡោមបន្ទាយព្រះបាទជាន់ជុំនោះជា ៣ ផ្លូវ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ព្រះបាទជាន់ជុំនឹកស្មានថា ខ្លួនមានមហិទ្ធិឫទ្ធិខ្លាំងពូកែប្រសិទ្ធីបានដូចដើមនៅឡើយក៏ឡើងលើបញ្ជាហើយរាយមន្តវិជ្ជាការដូចមុនទៀត។ ប៉ុន្តែសិល្ប៍នោះ រាយទៅមិនកើតដូចដើមសោះទើប ព្រះបាទជាន់ជុំ ក៏រត់ចេញពីបន្ទាយទៅទិសខាងត្បូងប្រាថ្នាឱ្យរួចខ្លួន។ តែពេលនោះគាត់រត់ទៅជួបនឹងទ័ព វង្សាអគ្គរាជសូរ វង្សាអគ្គរាជ ក៏ឱ្យទាហានដេញចាប់បានខ្លួន ព្រះបាទជាន់ជុំ យកដាក់ទ្រុងហើយនាំមកជួបជុំទ័ព។ វង្សាអគ្គរាជសូរ ក៏នាំទ្រង់នោះមកក្រាបថ្វាយព្រះបរមបពិត្រឱ្យទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រ ទ្រង់បានឱ្យប្រហារជីវិត ព្រះបាទជាន់ជុំនោះ ចោលទៅហើយទ្រង់បង្វែរប្រាសាទវាំងនៅភ្នំបាយ៉ង់កោ ភ្នំជីសូរ និង ទៅទន្លេបាទីនោះឱ្យទៅជាវត្ត។ ទ្រង់ឱ្យនិមន្ត ព្រះសង្ឃទៅគង់ចាំព្រះវស្សា។ ឯនាងស នាងនួន ចៅកៅ នាងពេញ ចៅទិត នាងសៅ ដែលទទួលធ្វើកលបន្សាប ព្រះបាទជាន់ជុំនោះព្រះបរមបពិត្រ ទ្រង់ព្រះប្រទានមាសប្រាក់ស្រែចំការ ជារង្វាន់ហើយស្ដេចឱ្យរួចពន្ធ ព្រះរាជធានីផង។ លុះចាត់ចែងសំរេចដូច ព្រះរាជហឫទ័យ ហើយព្រះអង្គ លើកព្យូហបាទយាត្រា វិលមកព្រះរាជវាំងលង្វែក ដែលជាព្រះរាជធានីវិញ។ (សូមរងចាំអានភាគបញ្ចប់)
ប្រវត្តិសាស្ត្រខ្មែរ៖ រាជបរមិន្ទរាជា ( តមកពីលេខមុន ) ប្រវត្តិសាស្ត្រខ្មែរ៖ រាជបរមិន្ទរាជា ( តមកពីលេខមុន ) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.