មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិសាស្ត្រខ្មែរ៖ ព្រះបាទ ធនញ្ជ័យគោរពរាជ្យក្សត្រ

ផ្សាយថ្ងៃទី ១៩ តុលា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះបាទ ធនញ្ជ័យគោរពរាជ្យក្សត្រខ្មែរទី ១២ សោយរាជ្យសម្បត្ដិបាន ៦៦ ឆ្នាំ ព្រះអង្គចូលទីវង្គតក្នុងព្រះជន្ម ៩៤ វស្សា ព្រះអដ្ឋិធាតុព្រះអង្គត្រូវបានគេដង្ហែយកទៅតម្កល់ទុកឯភ្នំ ក្រោម ក្រោយដែលបានធ្វើពិធីបុណ្យយ៉ាងអធិកអធម ព្រះរាជបុត្រព្រះអង្គព្រះនាមវិជ័យកុមារដែលប្រសូតក្នុងឆ្នាំ ច បានឡើងសោយរាជ្យបន្ដពីព្រះអង្គ ។
ស្ដេចសោយរាជ្យបន្ទាប់ពីព្រះបាទធនញ្ជ័យគោរពរាជ្យ ថ្ងៃ ៥ កើត ខែ ផល្គុន ឆ្នាំ ច ព.ស ១៣៣៨ ត្រូវជា គ.ស ៨៩៤ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់បានចុះសម្រុងគ្នាសុខចិត្ដយល់ព្រម តែងតាំងអភិសេកវិជ័យកុមារជាព្រះមហាក្សត្រ ។ កាលនោះព្រះអង្គបានអាយុ ២៥ វស្សា ព្រះអង្គមានព្រះរាជបរមនាម ព្រះបាទសម្ដេចព្រះស្រីជ័យជេដ្ឋនឫទ្ធិរាជារាមាធិបតីបរមបពត៌ ព្រះបាទជ័យជេដ្ឋជាមហាក្សត្រទី ១៣ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ក្នុង ឆ្នាំ ច ចុល្លសករាជ ១៩២ ជាមួយនឹងព្រះនាងភគវត្ដី(ពង្សាវតារបស់សម្ដេចវាំងជួន មិនបានបញ្ជាក់អំពីឈ្មោះមហេសីស្ដេចអង្គនេះទេ) ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមជេដ្ឋាជ័យកុមារព្រះ នាងភគវត្ដី បើតាមពង្សាវតារវត្ដទឹកវិលក្នុងស្រុកស្អាងខេត្ដកណ្ដាល ត្រូវជាប្អូនបង្កើតរបស់ព្រះបាទជ័យជេដ្ឋ ។ មិនតែប៉ុណ្ណោះ ជាមួយនឹងព្រះនាងភគវត្ដីដដែល ព្រះអង្គមានបុត្រីមួយព្រះអង្គទៀតព្រះនាមតារាវត្តី ។
ក្នុងរាជស្ដេចអង្គនេះព្រឹត្ដិការណ៍ដែលគេអាចគាត់សម្គាល់បាននោះ គឺដំណើរទស្សនកិច្ចយ៉ាងយូរបស់ព្រះអង្គដែលដើរមើលត្រួតត្រាទឹកដី ខណ្ឌសីមា អស់ពេលមួយឆ្នាំ ៥ ខែ កាលនោះក្នុងឱកាសដែលព្រះអង្គគ្មានវត្ដមាននៅរាជធានីមហានគរ ព្រះអង្គបានផ្ទុកផ្ដាក់កិច្ចការនគរឲ្យសម្ដេចចៅហ៊្វាទឡ្ហៈ(ជា រដ្ឋមន្ដ្រីទី១) និងនាម៉ឺន ៤ នាក់ កាន់កាប់ជំនួស ក្រៅពីនេះ គេពុំឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់គួរឲ្យចាប់អារម្មណ៍ ឡើយ ។ ព្រះបាទស្រីជ័យជេដ្ឋសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន ៦០ ឆ្នាំ ព្រះអង្គចូលទីវង្គតនៅឆ្នាំរកា ក្នុងព្រះជន្ម ៨៤ វស្សា ។
ព្រះបាទជេដ្ឋាជ័យ ព្រះរាជបុត្រ របស់ព្រះអង្គ ព្រះជេដ្ឋាជ័យកុមារ ត្រូវឡើងសោយរាជ្យបន្ដ ហើយពិធីអភិសេកបានប្រព្រឹត្ដទៅនៅថ្ងៃ៩កើត ខែបុស្ស ឆ្នាំរកា ព.ស១៣៩៧ ត្រូវជាគ.ស៨៥៣ ដោយមានព្រះរាជបរមនាមព្រះបាទសម្ដេច បរមជេដ្ឋាជ័យរាជាធិបតី កាលនោះព្រះអង្គទើបតែបានព្រះជន្ម២៤វស្សា ។ ព្រះអង្គជាព្រះមហាក្សត្រទី១៤(ក្នុងបញ្ហាឈ្មោះ ដើមកំណើតសែស្រឡាយ ថ្ងៃខែឆ្នាំកើតស្ដេចទាំងអស់នេះ គេមានការពិចារណាយ៉ាងច្រើនក្នុងការរៀបចំកំណត់ឲ្យបានត្រឹមត្រូវ ពីព្រោះពង្សាវតារ និងឯកសារផ្សេងៗ បានកត់ត្រាខុសអំពីគ្នាទាំងអស់ មានជាអាទិ ដូចពង្សាវតារកោកកាក ក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានសរសេរថា ព្រះស្រីជ័យជេដ្ឋ ព្រះជេដ្ឋាជ័យ ព្រមទាំងព្រះធនញ្ជ័យគោរពរាជ្យ សុទ្ធតែត្រូវជាបងប្អូនបង្កើត និងត្រូវជាកូនរបស់ព្រះបាទបទុមសូរ្យវង្ស) ។ ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ស័ង្ខកុមារ ដែលបានប្រសូតឆ្នាំកុរ ច.ស២៦៥។ នេះបើតាមពង្សាវតារសម្ដេចវាំងជួន ។ ចំណែកពង្សាវតារវត្ដទឹកវិល បានសរសេរថាព្រះជេដ្ឋាជ័យ បានរៀបអភិសេកជាមួយនឹងប្អូនបង្កើតព្រះអង្គព្រះនាមតារាវត្តី ដែលព្រះអង្គបានថ្វាយឋានៈជាព្រះអគ្គមហេសី ជាមួយនឹងព្រះអគ្គមហេសីនេះ ព្រះសេដ្ឋាជ័យបានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ព្រះនាម បទុមរាជា ដែលប្រសូតក្នុងឆ្នាំរោង ហើយជាមួយនឹងព្រះម្នាងមាលាវត្ដីបានព្រះរាជបុត្រីមួយព្រះនាម សុភវត្ដី ដែលប្រសូតក្នុងឆ្នាំឆ្លូវ ។
អាយុបាន ២១ឆ្នាំ ក្នុងឆ្នាំឆ្លូវ ដោយតប់ប្រមល់ មិនអាចរស់នៅក្នុងព្រះបរមរាជវាំងតទៅទៀតកើត ព្រះបទុមរាជាសុំឪពុកទៅសាងផ្នួសបួសជាសង្ឃនៅឯភ្នំគូលែន ។ រីព្រះនាងសុភវត្ដីកាលបានអាយុ១៦ឆ្នាំ ថ្ងៃមួយបានសុំសេចក្ដីអនុញ្ញាតពីព្រះបិតា ដើម្បីធ្វើដំណើរទៅក្រសាលកំសាន្ដលេងតាមមាត់សមុទ្រ ។ នៅពេលដែលនាងកំពុងតែដើរប្រពាតព្រៃ ចៃដន្យអ្វី ស្រាប់តែមានខ្យល់ព្យុះសង្ឃរាបក់បោក និងភ្លៀងបង្អុរមកយ៉ាងខ្លាំងក្លា ចំនួនបីថ្ងៃបីយប់ ធ្វើឲ្យព្រះនាងវង្វេងផ្លូវ ក្នុងព្រៃភ្នំរកទិសទីចេញមិនរួច ។ ព្រះមហាក្សត្រជាឪពុក និងម្ដាយបានឲ្យនាម៉ឺនមន្ដ្រីសេនា ប្រជាជននាំគ្នាកាប់ឆ្ការព្រៃ ដើររុករាវរកគ្រប់ច្រកល្ហក រហូតដល់សមុទ្រ តែនៅតែរកមិនឃើញ ។ កន្លែងព្រៃភ្នំដែលព្រះមហាក្សត្រនិងពលទាហានដើររកព្រះនាង សុភវត្តី បានជាប់ឈ្មោះភ្នំជ្រាវ រៀងរហូតមកដល់សព្វថ្ងៃ ។ បីខែកន្លងមក ដោយរកកូនមិនឃើញ និងដោយក្ដីអស់សង្ឃឹមព្រះបាទជេដ្ឋាជ័យ ក៏ដាច់ចិត្ដនាំមុខមន្ដ្រីពលរេហ៍ត្រលប់ចូលព្រះរាជធានីវិញ ។
នឹងនិទានពីព្រះនាងសុភវត្តី នាងវង្វេងរកទិសទី រកច្រកផ្លូវត្រលប់មកព្រះពន្លាមិនឃើញទាល់តែសោះ ពីព្រោះទេវតាធ្វើអន្តរាគមន៍ចុះមកបំបិទបំបាំងផ្លូវ(ត្រង់ចំណុច នេះ យើងនឹងឃើញមានការទាក់ទង នឹងប្រវត្ដិស្ដេចត្រសក់ផ្អែមទៅថ្ងៃក្រោយ ។ ដើរតត្រុកវិលចុះវិលឡើងវក់វីរកផ្លូវមិនឃើញ នាងសុភវត្តីស្រេកឃ្លានហេវហត់អស់កម្លាំងជាខ្លាំង ដាក់ខ្លួនចុះអង្គុយសម្រាកដោយក្ដីមួរហ្មងអស់សង្ឃឹម នាងក្រឡេកមើលទៅជិតឆ្ងាយ ឃើញទឹកមួយថ្លុកដក់ក្នុងស្នាមដានជើងដំរី ។ ដំរីនេះជាដំរីស នាងលូកដៃទៅក្បង់ទឹកយកមកសោយចម្អែតកាយ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ពេលវេលាកន្លងយូរមក ព្រះនាងបានអ្នកស្រុកអ្នកភូមិភ្នំជ្រាវទទួលចិញ្ចឹម បីបាច់ទំនុកបម្រុង ព្រមទាំងនាំគ្នាសង់ដំណាក់ថ្វាយព្រះនាង ដំណាក់នេះជាប់ឈ្មោះ «គុកព្រះរាជមន្ទីរ» តរៀងមក ។ ពីថ្ងៃនោះមក ព្រះនាងរស់លាយឡំជាមួយនឹងប្រជានុរាស្ដ្រតំបន់ជ្រាវ(អាថ៌កំបាំងដែល អាចឆ្ងល់ និងចោទសួរនោះ គឺថ្ងៃក្រោយមក ហេតុដូចម្ដេច ព្រះនាងសុភវត្តីមិនបានវិលត្រឡប់ចូលទៅព្រះរាជវាំងវិញ ? ចំពោះព្រឹត្ដិការណ៍នេះ គេពុំឃើញមាន ឯកសារពង្សាវតារខ្មែរណាមួយបានបញ្ជាក់ និងលើកយកមកស្រាយឲ្យបានសមហេតុសមផលទេ) ។
បាតុភូតអស្ចារ្យដែលគេមិនអាចយល់ស្មានបាន គឺមិនយូរប៉ុន្មានផង ព្រះនាងសុភវត្តីទ្រង់មានគភ៌គ្រប់ថ្ងៃខែកាលណា ព្រះនាងប្រសូតបានកូនប្រុស ដែលព្រះនាងដាក់ឈ្មោះថា ពញាជ័យ ។ ចំណែកព្រះមហាក្សត្រវិញ ព្រះបាទជេជ្ឋាជ័យ ព្រះអង្គបានចូលទីវង្គតនៅឆ្នាំជូត ក្នុងព្រះជន្ម៨៧វស្សា ដោយជម្ងឺចាស់ជរា ។ ព្រះអង្គសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន៦៤ឆ្នាំ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119 សូមមរងចាំអានប្រវត្តិទាក់ទងនឹងស្តេចគម្លង់
ប្រវត្តិសាស្ត្រខ្មែរ៖ ព្រះបាទ ធនញ្ជ័យគោរពរាជ្យក្សត្រ ប្រវត្តិសាស្ត្រខ្មែរ៖ ព្រះបាទ ធនញ្ជ័យគោរពរាជ្យក្សត្រ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:14:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.