មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពិធី​កាន់បិណ្ឌក្នុង​ព្រះ​បរម​រាជវាំង

ផ្សាយថ្ងៃទី ០២ តុលា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
នៅ​ព្រះ​បរម​រាជវាំង ព្រះ​មហាក្សត្រ​ខ្មែរ​តែង​ធ្វើ​ព្រះ​រាជកុសល​កាន់​បិណ្ឌ​ជា​ទម្លាប់​មក ចាប់​តាំង​ពី​ថ្ងៃ ១១ រោច ។ នៅ​ពេល​នេះ យើង​សូម​ជូន​អំពី​ ព្រះរាជ​ពីធី​យ៉ាង​សង្ខេប, ព្រោះ​ថា​ក្រៅ​អំពី​ការរុងរឿង អធិកអធម​ក្នុង​ការ​រៀប​ចំ​ពិធី ពុំ​មាន​ទំនៀម​ប្លែក​ប៉ុន្មាន​អំពី​ទំនៀម​រាស្ត្រ​ឡើយ ។ ខាង​ទំនៀម​ព្រះ​មហាក្សត្រ ធ្វើ​ផ្កា​បិណ្ឌ​ច្រើន​ជាង​នៅ​ទី​ដទៃ ព្រោះ​គេ​ធ្វើ​ជំនួស​បាយ បត្តបូរ​យើង​ធម្មតា ។
ផ្កា​បិណ្ឌ​ដែល​ប្រើ​ក្នុង​ព្រះ​រាជ​ពីធី ក៏​មាន​រាង​ធំ​ក្រោម​ ស្រួច​លើ​ដែរ ប៉ុន្តែ​នៅ​ចន្លោះ​ផ្កា​ញ័រ​ មាន​ដោត​ក្បាច់​កញចាំង​ឆ្លាក់​ភ្ជាប់ នឹង​សាច់​អំពៅ​ព្រោះ​តែ​ម្ដង ហើយ​នៅ​ថ្នាក់​ក្រោម​បង្អស់​មាន​ដោត​ទង់​រូប​ក្រពើ និង ទង់​រូប​នាគ​ធ្វើ​ដោយ​ស្ពាន់​ក្រាប ។ ព្រះ​រាជ​ពិធី​តែង​ធ្វើ​នៅ​ក្នុង​ព្រះ​ទេវា​វិនិច្ឆ័យ, នៅ​លើ​តុ​​មួយ​គេ​តំកល់​ប្រះ​ពុទ្ធ​រូប ១ អង្គ​ដែល​គេ​បាន​អភិសេក​ពី​ឆ្នាំ​មុន​រួច​ហើយ ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​ត្រូវ​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ថ្មី​ទៀត ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នៅ​ថ្ងៃ​ ១១ រោច ដែល​ជា​ថ្ងៃ​ផ្ដើម​បុណ្យ ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​នៅ​ក្នុង​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ ។ ស្អែក​ឡើង​គឺ​ថ្ងៃ​ ១២ រោច ព្រះ​សង្ឃ​ត្រូវ​និមន្ត​តាំង​ពី​ម៉ោង ៤ ភ្លឺ​ដើម្បី​ស្វាធ្យាយ ធម៌រហូត​ដល់​ម៉ោង ១០ ទើប​ក្រុម​សង្ឃ​ការី រៀប​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ការី​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ វេលា​រសៀល ថ្ងៃ​ដដែល ត្រូវ​វេន​ព្រះ​សង្ឃ​ដ៏​ទៃ​ទៀត ទៅ​បំពេញ​កិច្ច​ដូច​ថ្ងៃទី ១ ដែលបាន​ពោល​រួច​មក​ហើយ ។
ថ្ងៃ ១៣ រោច ពិធី​ដែល​ធ្វើ​តាំង​ពី​រសៀល​ថ្ងៃ​នេះ ទៅ​ទល់​នឹង​ព្រឹក​ថ្ងៃ​ស្អេក​ទៀត ជា​ពីធី​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​អតីត​មហាក្សត្រ​ទាំង​ឡាយ ជា​ពិសេស​គឺ​ប្រះ​រាជា ៥ ព្រះអង្គ​ដែល​ទ្រង់​សោយ​ទីវង្គត​ក្រោយ​គេ គឺ​ព្រះ​ករុណា ព្រះ​អង្គឌួង ព្រះ​ករុណា​ព្រះ​នរោត្ដម ព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិ ព្រះ​ករុណា​ព្រះ​មុនីវង្ស និង ព្រះ​ករុណា​ព្រះ​សុរាម្រិត ។
នៅ​ថ្ងៃ ១៤ រោច ព្រះ​ករុណា, ព្រះ​រាជវង្សានុវង្ស ស្ដេច​ចេញ​ជា​ព្រះ​រាជា​ធិបតី​ជា​មួយ នឹង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ។ បន្ទាប់​មក គេ​និមន្ត​ព្រះសង្ឃ​បង្សុកូល គឺ​ជា​ការ​ពិចារណា​ដល់​ភាព​ឥត​ខ្លឹម​សារ​នៃ​មនុស្ស​ជាតិ និង ជា​កិច្ច​​បញ្ជូន​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឲ្យ​បាន​រំដោះ​ផុត​ពី​ទុក្ខ​វេទនា ។ នៅ​វេលា​លោក​សង្ឃ​កំពុង​សូត្រ​គេ​យក​អំបោះ​ឆៅ​ប្រគេន​ព្រះសង្ឃ​គ្រប់​អង្គ​កាន់ ហើយ​យក​ចុង​សរសៃ​អំពោះ​ម្ខាង​ដាក់​ទៅ​ក្នុង​ផ្តិល​ទឹក​មន្ត​មួយ ។ ដែល​តម្កល់​នៅ​មុខ​ព្រះសង្ឃ​នាយក ហើយ​ចុង​ម្ខាង​ទៀត យក​ទៅ​ដាក់​ព័ទ្ធ​​ជុំវិញ​ហោព្រះ​អដ្ឋិ​ឯ​ណោះ ។ អំពោះ​នៅ​ជា​និមិត្ត​រូប​នៃ​ការ​ចម្លង​កម្លាំង​ធម៌ ខាង​សាសនា​ពី​អ្នក​រស់​នៅ​ទៅ​កាន់​អ្នក​ស្លាប់ ។ រួច​ពី​នោះ​មក ព្រះ​ករុណា​ទ្រង់​យក​បាច់​ផ្កា​ទៅ​ថ្វាយ​ចំពោះ​ព្រះ​បរម​រូប រូប​ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ​ចូល​ថ្វាយ​ផ្កា និង ថ្វាយ​បង្គំ​ព្រះ​បរម​រូប ជា​បន្ទាប់​ក្រោយ​ព្រះ​អង្គ ។
ត​មក​ទៀត ក្រុម​បារគូ​ចូល​ទៅ​​សូត្រ​ប្រសិទ្ធិពរ​ថ្វាយ​ព្រះ​បរម​រូប រូប​ចាង​ហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ថ្វាយព្រះ​រាជ​កុសល​ចំពោះ​ព្រះ​បរម​រូប​ទៀត ដើម្បី​សូម​ព្រះ​អង្គ​បាន​ប្រកប​ដោយ​ព្រះ​សុភមង្គល​គ្រប់​យ៉ាង​ក្នុង​បរលោក ។ នៅ​ម៉ោង ៩ យប់ ព្រះ​ករុណា​ទ្រង់​យាង​មក​ជួប​ជុំ​ និង ព្រះ​រាជ​វង្សានុវង្ស ចៅ​ជិត​ចៅ​ចម ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ម្ដង​ទៀត​ដើម្បី​ធ្វើ​ពិធី​ “ ​ប្រជុំ​បិណ្ឌ​” ។ នៅ​ឱកាស​នោះ ព្រះ​ខ័ន​ស្ដេច​ត្រាញ់​ទាំង ៤ ក៏​ត្រូវ​អញ្ជើញ​មក​តម្កល់​ក្នុង​ពិធី​នោះ​ដែរ ។ សម័យ​បុរាណ តែ​កាល​ណា​ព្រះ​រាជ​អាណាចក្រ​ត្រូវ​បាន​រីក​ធំ​ឡើង ព្រះ​ករុណា​ទ្រង់​ជ្រើស​តាំង ព្រះ​រាជ​វង្សា​នុវង្ស ១ អង្គ ជា​ស្ដេច​ត្រាញ់​ដើម្បី​គ្រប់​គ្រង​តំបន់​ដែល​នៅ​ជិត​ព្រំ​ប្រទល់ ។ កាល​នោះ មាន​តែ​ស្ដេច​ត្រាញ់​បួន​ទេ ប្រចាំ​ទិស​ទាំង​ ៤ នៃ​ព្រះ​នគរ ។ ព្រះ​អង្គ​ទ្រង់​ព្រះរាជទាន ​មកុដ ១ ព្រះ​ខ័ន ១ និង ត្រា ១ ដល់​ស្ដេច​ត្រាញ់​ទាំង​នោះ មួយ​គ្រឿង ៗ មួយ​អង្គ ។
ប៉ុន្តែ​មកុដ និង ត្រា​បាត់​បង់​អស់​ទៅ​ហើយ នៅ​សល់​តែ​ព្រះ​ខ័ន ដែល​មាន​ពួក​បាគូ​មួយ​ក្រុម នៅ​វត្ត​បារាយណ៍​ក្នុង​ខេត្ត​កំពង់​ធំ នៅ​រក្សា​ដល់​សព្វ​ថ្ងៃ​នេះ ។ ព្រះ​ខ័ន ទាំង​បួន​មាន​សភាព​ដូច​គ្នា នៅ​លើ​មុខ​ព្រះខ័ន មាន​ឆ្លាក់​មន្ត​អាគម​ផង ហើយ​នៅ​លើ​ដង​មាន​ឆ្លាក់​​រូប​សត្វ​ ៤ បែប ។ សត្វ​ទាំង​ ៤ បែប​នោះ ទំនង​ជា​តំណាង​ចតុ​ទិស​នោះ​ឯង ។
ដោយ​ហេតុ​ថា​សម័យ​មុន ពួ​ស្ដេច​ត្រាញ់​ទាំង ៤ ត្រូវ​ចូល​ខ្លួន​ទៅ រាជ​ធានី ដើម្បី​គោរព​បូជា​ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​បុព្វបុរស របស់​ខ្លួន ទើប​ព្រះ​ខ័ន ទាំង​បួន ដែល​ជា​តំនាង​ស្ដេច​ត្រាញ់ ក៏​ត្រូវ​យក​មក​តម្កល់ ក្នុង​រាជ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល​នោះ​ដែរ ។
ក្រៅ​ពី​នោះ មាន​តុ​ពីរ​ទៀត នៅ​ចំ​ពី​មុខ​កន្លែង តម្កល់​ព្រះ​បរម​រូប ។ តុ​មួយ​មាន​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​មាស គឺ​ជា​ដង្វាយ​ថ្វាយ ព្រះ​បិតរ​ចំពោះ​ព្រះ​សព​នៃ​ព្រះ​មហាក្សត្រ ទ្រង់​រាជ្យ ។ តុ ១ ទៀត​មាន​សុទ្ធ​តែ​គ្រឿង​ប្រាក់ ជា​ដង្វាយ​សម្រាប់​ថ្វាយ​ព្រះ​បិតរ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​ព្រះ​រាជ​វង្សា​នុវង្ស ។ នៅ​ជិត​តុ​នោះ មាន​តុ​មួយ​តូច​មួយ​ទៀត តម្កល់​កែវ​ទឹក​ដូង ។
កាល​ព្រះ​ករុណា​ទ្រង់​យាង ដល់​ទី​ប្រជុំ​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ទាន​ភ្លើង​អុជ​ទៀន គោល​ទាំង​គូ ដែល​ដាក់​នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះ​បរម​រូប ។ បារ​គូ ៩ នាក់ សូត្រ​ថ្វាយ​ជ័យ​រួច​ចាក់​ទឹក​ស័ង្ខ​លើ​បាត​ព្រះ​ហស្ថ​ព្រះ​រាជា ហើយ​ថ្វាយ​ស័ង្ខ រួច​ថ្វាយ​ស្លឹក​ព្នៅ​ខ្ចី ១ សន្លឹក ដែល​ព្រះ​រាជា​ទ្រង់​ទទួល​សៀត​នៅ​ព្រះ​កាណ៌​ឆ្វេង ដើម្បី​សិរី​សួស្ដី ។
បន្ទាប់​មក​ទៀត ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ សូត្រ​បួងសួង​ព្រះ​បិតរ សូម​ឲ្យ​លោក​ទ្រទ្រង់​ព្រះ​មហា​ក្សត្រ និង រាស្ត្រ​ប្រជា​ ធំ​-តូច មាន​-ក្រ ដែល​រស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល ទោះ​ជា​ជាតិ​សាស្ត្រ​ណា​ក៏​ដោយ សូម​ឲ្យ​បាន​សេចក្ដី​សុខ ចម្រើន​ទាំង​អស់ ។ លុះ​ចប់​កិច្ច​បួងសួង​ហើយ ព្រះ​ករុណា​ទ្រង់​យាង​ថ្វាយ​បង្គំ​ព្រះ​បរម​រូប​រួច​ទើប​ទ្រង់​យាង​ចាក់​ដូង​ជា​ក្រោយ ។ ត​មក​តៀត ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ចូល​ម្ដង ៤ នាក់ ៗ ដូច​មុន​ដែរ ។
បន្ទាប់​មក​ទៀត, ព្រះ​មហាក្សត្រីយានី​យាង​ចាក់​ទឹក​ដូង​តែ​មួយ​ព្រះ​អង្គ​ឯង រួច​ទើប​ក្រុម​ក្សត្រី ចៅ​ជិត ចៅ​ចម និង ភរិយា​​នាម៉ឺន​សព្វ​មុខ​មន្ត្រី ចូល​ចាក់​ទឹក​ដូង ម្ដង ៤ នាក់ ៗ ជា​លំដាប់​ ។ លុះ​ចប់​ពិធី​ចាក់​ទឹក​ដូង​ហើយ គេ​និមន្ត​ព្រះ​សង្ឃ​ទេសនា រឿង​ពុទ្ធ​ប្រវត្តិ រួច​រៀប​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ នៅ​ក្នុង​យប់​ជា​មួយ​គ្នា​នោះ ។ នៅ​ទី​វត្ត​ទាំង​ឡាយ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏​មាន​ធ្វើ​ពិធី​ដូច​គ្នា​នេះ​ដែរ ដែល​យើង​នឹង​ជូន​សេចក្ដី​អធិប្បាយ​ទៅ​ខាង​មុខ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ប៉ុន្តែ សូម​កត់​សម្គាល់​ថា ពិធី​ចាក់​ទឹក​ដូង និង បិធី​អភិសេក​ព្រះ​ពុធ្ធ​រូប តែង​ធ្វើ​នៅ​ព្រះ​បរម​រាជ​វាំង ២៤ ម៉ោង មុន​ទំនៀម​រាស្ត្រ​ក្នុង​ព្រះ​នគរ​ជា​ដរាប ។ ព្រះ​សង្ឃ​សូត្រ​ពុទ្ធា​ភិសេក​ទល់​ភ្លឺ ។ លុះ​ភ្លឺ​ស្រាង ៗ ហើយ ពួក​ភ្នាក់​ងារ​យក​គ្រឿង​ផ្ទុក​ក្នុង​សង្ឃឹក​ឈើ​មួយ​តូច ដែល​មាន​ភាព​ដូច​ជា​តំណាក់​ផែ រួច​សែង​យក​ទៅ​ឯង​កំពង់​ផែ ទៅ​ដល់​គេ​ផ្ទេរ​គ្រឿង​ទាំង​នោះ​ដាក់​ទៅ​ក្នុង​ក្បូន​ដើម​ចេក ។ គេ​យក​ទូក ១ មក​សណ្ដោង​អូស​រហូត​ដល់​កណ្ដល់​ទន្លេ ៤ មុខ ទើប​លែង​ក្បូន​ឲ្យ​អណ្ដែត​ទៅ​តាម​ខ្សែ​ទឹក បញ្ជូន​ទាំង​វិញ្ញាណ​ក្ខ័ន្ធ ព្រះ​បិតរ​ទៅ​ស្រុក​ទេស​វិញ​ផង ។
លុះ​ត្រឡប់​មក​វិញ ពួក​ភ្នាក់ងារ​រៀប​ធ្វើ​ពិធី​បង្សុកូល និង ប្រគេន​ចង្ហាន់​សង្ឃ​ជា​ការ​ស្រេច ។ ក្នុង​ពេល​ជា​មួយ​នឹង​ព្រះ​រាជ​ពិធី​កាន់​បិណ្ឌ​ និង ភ្ជុំ​បិណ្ឌ ក្រុម​បារគូ​ក៏​ធ្វើ​ពិធី​បូជា​ចំពោះ​ទេវរូប​នៅ​នា​យោ​ព្រះ​បញ្ចក្សេត្រ​ដែរ ។ គេ​ធ្វើ​ពិធី​អញ្ជើញ​ទេវរូប​ទាំង​នោះ​ឲ្យ​ចេញ​វស្សា​ជា​មួយ​ផង ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ពិធី​កាន់បិណ្ឌក្នុង​ព្រះ​បរម​រាជវាំង ពិធី​កាន់បិណ្ឌក្នុង​ព្រះ​បរម​រាជវាំង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:12:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.