ផ្សាយថ្ងៃទី ០៧ កុម្ភៈ ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ទីកន្លែងអ្នកតា ជាទីរហោស្ថាន មានរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញ មានមែកបែកសាខា មានម្លប់ត្រឈៃត្រជាក់ គួរឱ្យសប្បាយរីករាយអស្ចារ្យ ហើយមានសត្វបក្សីបក្សាកញ្ជ្រៀវខ្ញៀវខ្ញា ប្រចឹកគ្នាលើមែកព្រឹក្សានោះ ឮសូរសម្លេងទ្រហឹង ។ បន្ទាប់អំពីរុក្ខជាតិ មានវាលស្រែព័ទ្ធជុំវិញ បើមើលពីចម្ងាយទៅ ឃើញរុក្ខជាតិដង្គំត្រសុំខ្មួលខ្មៅ ដាច់ស្រយាលពីភូមិស្រុក ។ បណ្ដាដើមឈើទាំងអស់នៅទីនោះមាន ដើមសំរោងមួយខ្ពស់ជាងដើមឯទៀតៗ ដុះចំពីមុខអាស្រម ។ ពីសាលាខេត្តពោធិ៍សាត់ ទៅទីអ្នកតានោះមានចម្ងាយប្រមាណជា៦គីឡូម៉ែត្រ ។ គេត្រូវចេញតាមផ្លូវថ្នល់ពីសាលាខេត្តទៅទិសខាងលិច ប្រមាណជាពីរគីឡូម៉ែត្រ ត្រូវងាកទៅទិសខាងត្បូង កាត់ផ្លូវអយស្ម័យយាន ដល់ឃុំបាក់នឹមដែរទៅទិសខាងលិចដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅកាន់ទិសខាងជើង ទើបដល់កន្លែងអ្នកតា ។
ជុំវិញអាស្រមអ្នកតា មានវាលស្រឡះទំនេរនៅត្រង់ចន្លោះរុក្ខជាតិ ។ នៅពីខាងត្បូងអាស្រម ជាទីវាលទុកសម្រាប់ធ្វើរោង មានបណ្ដោយ៦០ម៉ែត្រ ទទឹង៤០ម៉ែត្រ ។ អាស្រមនោះធ្វើដោយឈើប្រក់ស្បូវ មានបណ្ដោយ៨ម៉ែត្រ ទទឹង៤ម៉ែត្រ កំពស់៤ម សសរលញ់ មិនមានជញ្ជាំងបិទបាំងទេ ។ ជុំវិញអាស្រម មានលានទំហំ៤ម៉ែត្រ ទុកបម្រុងឱ្យពួកអ្នកទៅធ្វើបុណ្យដើរហែរប្រទក្សិណនៅពេលឡើង អ្នកតា ។ ពីខាងក្រៅទីវាល មានរបងធ្វើដោយឈើខ្លឹម ព័ទ្ធជុំវិញ មានតែផ្លូវចូលពីខាងកើតមួយ និងពីខាងត្បូងមួយ ។ ក្នុងអាស្រមខាងមុខតួអ្នកតា មានរានបណ្ដោយ៣ម៉ែត្រ ទទឹង២ម៉ែត្រ កំពស់៥តឹក ធ្វើដោយឈើ ជារានសម្រាប់ដាក់តង្វាយអ្នកតា ខាងជើងនិងខាងត្បូងអ្នកតា មានបង្កាន់ដៃដោតដោយចាមរនៃបៃមន់ធ្វើដោយឈើដែរ ។
តួអ្នកតា មិនមានរូបរាងបែបឈើ ឬថ្មតំណាងទេ គឺជាតួដីដំបូកសុទ្ធ ទំហំបណ្ដោយ២ម៉ែត្រ ទទឹង១ម៉ែត្រ កំពស់២ម៉ែត្រ ដែលកើតអំពីសត្វកណ្ដៀរវាពូនឡើង សន្មតថាជាតួអ្នកតាតែម្ដង នៅកំពូលនៃដំបូក មានពំនូកដី៤-៥ ស្រួចៗបែកចេញមើលទៅដូចជាកំពូលអង្គរវត្ដ ។ កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកសម្គាល់ថា បើមានសត្វកណ្ដៀរពូនឡើងថ្មីទៀតសន្មតថា ចៅហ្វាយខេត្ត ឬចៅហ្វាយស្រុកនៅខេត្តស្រុកនេះ នឹងត្រូវផ្លាស់ចេញ ឬខូចបុណ្យសក្ដិ ដីដំបូកនេះមិនដឹងជាកើតពីត្រឹមរាជ្យស្ដេចណាទេ ពុំមានអ្នកស្រុកណាដឹងសោះ ។
ពិធីបុណ្យឡើងអ្នកតានេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយរបស់អ្នកស្រុក និងពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំក្នុងខែពិសាខ ថ្ងៃសៅរ៍ ។ តែមិនកំណត់ជាខ្នើត ឬរនោចទេ រើសយកតែថ្ងៃសៅរ៍ ពេលធ្វើលុះណាតែមានសេចក្ដីបង្គាប់អំពីចៅហ្វាយស្រុកបាកាន ប្រាប់ទៅមេឃុំមេស្មឹង អាចារ្យវត្ដ និងបណ្ដារាស្ដ្រទាំងអស់ឱ្យដឹងជាមុន ដើម្បីមកជួបជុំជួយធ្វើរោងក្រសាល និងរៀបចំបោសច្រាសទីកន្លែងឱ្យស្អាតល្អ សម្រាប់ព្រះសង្ឃ និង មន្ដ្រីរាជការក្នុងខេត្ត ។ ទំនៀមនេះជាប្រពៃណីរបស់អ្នកស្រុក ។ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤៩ ពេលចាប់ផ្ដើមបុណ្យ ត្រូវជួបជុំមេឃុំទាំងអស់ មេស្នឹង អាចារ្យវត្ដ និង បណ្ដារាស្ដ្រ នៅទីកន្លែងអ្នកតា ។ ពេលម៉ោង៦ល្ងាច មេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតាថា “ថ្ងៃនេះ យើងខ្ញុំជាកូនចៅមកជួបជុំគ្នាធ្វើបុណ្យនៅទីនេះជូនលោកតា សុំឱ្យយើងទាំងអស់គ្នា បានសុខសប្បាយ” រួចគេលេងភ្លេងថ្វាយ មានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រញាំងទា តាមធម្មតាឮសូរភ្លេងប្រគំទ្រហឹងអឺងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របីមកពីស្រុកឆ្ងាយៗមកជួបជុំគ្នាមីរដេរដាសនៅទីនោះ ។ ម៉ោង៩យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្ដព្រះសង្ឃ១០អង្គចម្រើនព្រះបរិត្ដ ។
លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង៨កន្លះ ពួកមន្ដ្រីរាជការសាលាខេត្ត សាលាស្រុកគ្រប់តំណែងអញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះ ហើយចូលទៅឈរនៅខាងត្បូងអ្នកតា មេស្មឹង អុជទៀនធូបជូនពួកអស់លោកដោតថ្វាយអ្នកតា ដោយសេចក្ដីគោរព រួចមេស្មឹងបង្គាប់ឱ្យលើកគ្រឿងតង្វាយមករៀបនៅលើរានចំពោះមុខ អ្នកតា ។ តង្វាយអ្នកតាគឺ ៖
កន្ទេលក្រហម ខ្នើយ
សំពត់សក្រាលពីលើកន្ទេល
ស្លាធម៌ដី១គូ (ដោតម្លូ៥ ធូប៣សរសៃ)
ក្បាលជ្រូក១គូ មានទាំងកន្ទុយដាក់នៅមាត់ផង
ផ្តិលទឹកអប់១គូ ឈើស្ទន់១
ពានស្លាបារី១គូ
ដបស្រា១ គូ មានទាំងពែង
ចេកនួន២ស្និត តម្កល់លើចានទាប
បង្អែម២ស្ពក
កន្ទោងស្លឹកចេក១គូ មាន់ស្ងោរ១គូ
ស្នែងសត្វទន្សោង១គូ
រណ្ដាប់តង្វាយទាំង១២មុខនេះ មានគូគ្រប់ទាំងអស់ សម្រាប់ដាក់ឆ្វេងស្ដាំ ក្រៅអំពីតង្វាយ ១២មុខនេះ មានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូណ៌ត្រៀបត្រាដល់ដៅលើរាន នោះ ។ គេអុជទៀនធូបបែកគ្នាកាន់ដើរហែប្រទក្សិណជុំវិញអាស្រម ជាការគោរពចំពោះអ្នកតា និងនឹកដល់គុណលោកឧកញ៉ាសេនាបតីមឿង ដែលស៊ូប្ដូរជីវិតយកឈាមក្រាលផែនដី មានកេរ្តិ៍ឈ្មោះតាំងពីគ.ស១៥១៦ ដរាបមកដល់សព្វថ្ងៃនេះ ទើបអ្នកស្រុកសន្មតហៅថា អ្នកតាឃ្លាំងមឿង ។ គេរើសរកមនុស្សឱ្យមានរូបរាងប៉ុនៗគ្នា២នាក់ សម្រាប់ពាក់ស្នែងសត្វទន្សោង តែងតួស្លៀកសំពត់ផាមួងចងក្បិនខ្លួនទទេ អ្នករាំ២នាក់ទៀត ធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើង ម្នាក់ស្ពាយបាយសំណុំដើរតាមពីក្រោយ ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរ លុះហែ៣ជុំរួចហើយ គេលេងភ្លេងរាំស្នែងទន្សាង ភ្លេងនោះឈ្មោះ “ភ្លេងភ្លាំង” អ្នករាំចាប់ពាក់ស្នែងរួចក្រាបថ្វាយបង្គំអ្នកតា៣ដង ឡើងរាំដែរ ឆ្វេងរៀងខ្លួន មកជួបគ្នាគម្រប់៣ដង វារនឹងឌឺអួតដាក់គា្ន ជល់គ្នាដូចសត្វមែនៗ ព្រានព្រៃដើររកស្នាមជើងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់ ។ មនុស្សឈរមើលពេញទីវាល នៅមុខអាស្រមអ្នកតានោះ ។ ទំនុកច្រៀង ៖
បងដើរព្រៃស្ដុក តត្រុកព្រៃស្បាត ដើរកាត់ព្រៃញាត លេចវាលចូលព្រៃៗ ។ ឡើង ភ្នំចុះភ្នំ ថ្មដាធំៗ ល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា កៀងញីឃ្មាតខ្មីៗ លាស់ព្រេចលាស់ខ្ចី ស្រណោះខែពិសាខៗ ។
កន្ដ្រែតៗអើយ ទន្សោងគោបា លេចបន្លាជើងភ្នំ លេបក្រមុំទាំងមូលៗ ។
ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជួន កាប់ឫស្សីចងក្បូន ជូនប្អូនទៅស្រុកៗ ។
កន្សែងបងបាត់ បងមិនស្ដាយ បំណាច់ប្អូនឃ្លាតឆ្ងាយ បងស្ដាយតែប្អូនស្រីៗ ។
ពួកអ្នកភ្លេងច្រៀងដរាប លុះព្រានទាំងពីរនាក់ឃើញសត្វទន្សោងដល់គ្នាជាប់ក្រាបរៀងខ្លួន លបបាញ់បាន ទើបដោះយកស្នែងសត្វទន្សោងទាំងពីរទៅតម្កល់នៅកន្លែងដើមវិញ (លេងកន្លះម៉ោងចប់) មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខ ដាក់កន្ទេលចាក់ស្រា ដោតធូប៣សរសៃរួចនិយាយបួងសួងថា “ថ្ងៃនេះជាពេលល្អ យើងខ្ញុំមកជួបជុំគា្នធ្វើបុណ្យ ឧទិសកុសលចំពោះលោកតាមឿង ដែលមានគុណចំណោះស្រុកខ្មែរ សូមលោកតាឱ្យព្រះពរសព្ទសាធុការ ដល់ប្រទេសកម្ពុជាឱ្យបានសុខសប្បាយ សូមឱ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូង សោយសេចក្ដីសុខក្នុងរាជសម្បត្ដិ ព្រមទាំងមន្ដ្រីរាជការទាំងអម្បាលម៉ានក្នុងប្រទេសកម្ពុជា សូមឱ្យបានសេចក្ដីសុខសប្បាយអស់កាលជាអង្វែងរៀងទៅ សូមឱ្យទឹកភ្លៀងបង្អោរចុះមកឱ្យបានសព្វផែនដីប្រទេសកម្ពុជា ឱ្យស្រុកសម្បូណ៌សប្បាយ កុំឱ្យមានភ័យអន្ដរាយអ្វីឡើយ ។ បួងសួង៣ដងស្រេចហើយ យកកន្ទោងទៅដាក់ក្រោមដើមសំរោងនៅមុខអាស្រម ។ រួចលើកគ្រឿងតង្វាយទាំងអស់ចេញ ។ និមន្ដព្រះសង្ឃ៥អង្គបង្សុកូល ពួកឧបាសកសូត្រឧទិសផល មេស្មឹងយកទឹកអប់ប្រោះទៅលើដំបូកដែលជាតួអ្នកតា ពួកអ្នករាជការ ចៅហ្វាយខេត្ត ចៅហ្វាយស្រុក និងមន្ដ្រីតូចតាចគ្រប់តំណែង បាចទឹក១ផ្ដិលៗម្នាក់ រួចអញ្ជើញទៅរាប់បាត្រនៅវាលមុខរោងព្រះសង្ឃ ។
ម៉ោង ១១ រៀបភោជនាហារលៀងពួកមន្ដ្រីសាលាខេត្ត សាលាស្រុកធំតូចគ្រប់តំណែង ដោយវត្ថុដ៏ឧត្ដមពិសា សប្បាយ មានលេងភ្លេងត្រញាំងទា មានប្រុសស្រីច្រៀងតគ្នាជូនអស់លោកស្ដាប់ដល់ម៉ោង១២ជាការ បង្ហើយកិច្ច ។
អំពីទំនៀមរាំពាក់ ស្នែងទន្សោង និងពាក់កន្ទុយក្ងោកនេះ មានសេចក្ដីដំណាលថា ក្នុងកាលដ៏កន្លងយូរមកហើយ (ស័ករាជ និងរាជ្យណាមិនប្រាកដ) មានដើមឈើ១ដើមនៅក្នុងស្រុកពោធិ៍សាត់ ។ ថ្ងៃមួយព្រានព្រៃ២នាក់ មានឈ្មោះមិនប្រាកដ នាំគ្នាចូលព្រៃដើម្បីរកបាញ់សត្វតាមទម្លាប់របស់ខ្លួន ។ លុះចូលទៅដល់ដើមឈើនោះ ឮសូរសម្លេងសត្វកន្លង់ពីរោះ ហាក់ដូចសូរសម្លេងភ្លេងតន្ដ្រីលាន់ឮរងំ ដូចជាសម្លេងទ្រសាយដៀវ ឃើញសត្វទន្សោង១គូ លោតកញ្ឆេងជល់គ្នាលេង ដូចគេរាំ ។ មានសត្វខ្លា១គូ ក្រាបនៅទីនោះវាគោះកន្ទុយបក់ដូចជាគេវាយស្គរ ។ មានសត្វក្ងោក១គូ កាងស្លាបបើកកន្ទុយ លោតចុះលោតឡើង ហាក់ដូចគេចាក់ត្លុកចាក់ក្បាច់ ។ ព្រានទាំងពីរនាក់ លាន់មាត់ថា “ឱហ្ន៎ ! សត្វទាំងនេះប្លែកចម្លែកអស្ចារ្យ សូរសម្លេងសត្វកន្លង់ដូចសម្លេងតូរ្យតន្ដ្រី សត្វទន្សោង និងសត្វក្ងោក ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាម យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងអស់នេះទុកជាកេរ្តិ៍ឱ្យ កូនចៅឯក្រោយ ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ពិធីបុណ្យ ឡើងអ្នកតា ឃ្លាំង មឿង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: