ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ពេលដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ហើយត្រូវរថយន្តមិនស្គាល់ម៉ាក មួយគ្រឿងបើកបុកពីក្រោយ កាលពីវេលាម៉ោង ៨ និង ២០ នាទី យប់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៥ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី នៅក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក ហើយរថយន្តបង្កបើក គេចខ្លួនបាត់ស្រមោល ។
ប្រភពពណ៌មានពីសាក្សីឃើញ ហេតុការណ៏ បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមិនស្គាល់ម៉ាក ពណ៌ខ្មៅ បានបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុខាងលើ រថយន្តនេះ បានបើកជ្រុលទៅបុកពីក្រោយ ម៉ូតូមួយគ្រឿងម៉ាក ហ្វិនណូ ពណ៌ ទឹកក្រូច លាយ ស ពាក់ស្លាកលេខ ភ្នំពេញ 1P-8409 ជិះដោយ បុរសម្នាក់ស្របទិសគ្នាបណ្តាលអោយអ្នកជិះម៉ូតូដូលអូសនឹងថ្នល់ជាង ១០ម៉ែត្រ រងរបួសធ្ងន់ ។
បន្ទាប់ពីកើតហេតុរថយន្តបង្កបាន បើកគេចបាត់ស្រមោលតែម្តង ។ ចំណែកឯអ្នករបួសត្រូវបានអ្នកស្រុកក្បែរនោះ ហៅរថយន្តសាមុយ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ឯកជនភ្លាមៗ ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំបងប្អូនមកទទួល យកត្រឡប់ទៅផ្ទះវិញ៕ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:43:00 AM
Rating:
No comments: