មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិ ប្រាសាទព្រះវិហារ

ព្រះវិហារ៖ ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ[១] និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ[២]។ ចំណែកពីអតីកាលស្រុកជាំក្សាន្តស្ថិតនៅក្នុងខេត្តកំពង់ធំ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំដេនមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។ ជួរភ្នំដងរែកជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រាសាទព្រះវិហារស្ថិតនៅលើចំណុចខ្សែស្រប១៤.២៤ ទៅ១៨នៃរយៈទទឹងខាងកើត និងចំណុចខ្សែស្រប១០៤ ទៅ៤១.០២នៃរយៈបណ្តោយខាងជើង។ ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅលើខ្នងភ្នំព្រះវិហារ ស្ថិតនៅលើផ្ទៃដីទំហំ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ។ ភ្នំប្រាសាទព្រះវិហារនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណនៅផ្នែកខាងកើតនៃភ្នំ ដែលត្រូវបានកសាងតាំងពីសម័យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់ អាជ្ញាធរជាតិព្រះវិហារ។ ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរគឺ៖

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ចេញពី ខេត្តសៀមរាបតាមផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ឆ្ពោះទៅកាន់ ស្រុកអន្លង់វែង រហូតមកដល់វង្វង់មូលស្រអែម រួចបន្តដំណើរប្រហែល ២០គីឡូម៉ែត្រទៀត និងដល់ចំណតគ១ ដែលជាកន្លែងលក់សំបុត្រឡើងប្រាសាទព្រះវិហារ។ ចេញដំណើរពី រាជធានីភ្នំពេញ ទៅ ខេត្តកំពង់ធំ បន្ទាប់មកដល់ថ្នល់បំបែកសៀមរាប-ព្រះវិហារ រួចបត់ស្តាំកាត់តាម រមណីយដ្ឋានសំបូរព្រៃគុក ឬប្រាសាទសំបូរព្រៃគុក រហូតដល់ផ្លូវបំបែកភ្នំដែករួចបត់ឆ្វេងមកទីរួម ខេត្តព្រះវិហារ ហើយបន្តដំណើររហូតដល់វង្វង់មូលស្រអែម។
ប្រាសាទព្រះវិហារ ឬប្រាសាទភ្នំព្រះវិហារ និងខោផ្រះវិហាន ជាភាសាថៃមានន័នថាប្រាសាទភ្នំព្រះវិហារ។ ខោមានន័យថាភ្នំ ចំណែកពាក្យ ផ្រះវិហានមកពីភាសាខ្មែរថាព្រះវិហារ ដែលភាសាសំស្រ្គឹតថាវិហារៈ។ តាមសិលាចារឹកប្រាសាទព្រះវិហារឈ្មោះតាមលិង្គ ដែលតម្កល់ទុកនៅទីនេះ មានឈ្មោះថា ប្រាសាទស្រី សិខារិស្វរៈ ដែលមានន័យថាម្ចាស់នៃកំពូលភ្នំ។
តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន ចារក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទព្រះវិហារមានដូចជា៖

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០) ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០) ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ -១០៥០) ព្រះបាទទ័យទិត្យវរ្ម័នទី១ (១០៦០-១០៥៦) ព្រះបាទហស៌វរ្ម័នទី២ (១០៥០-១០៨០) ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩) ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ព្រះមហាក្សត្រដែលបានកសាងប្រាសាទព្រះវិហារ និងជួសជុលប្រាសាទ ដែលលេចធ្លោមានដូចជា៖
ព្រះបាទយសោវរ្ម័នទី១៖ ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។ ព្រះបាទសូរ្យវរ្ម័នទី១៖ ព្រះអង្គបានសាងសង់អគារដ៏វែងនៅជិតប្រាង្គកណ្តាល កំពែងព័ន្ធជុំវិញ និងគោបុរៈទី៣។ យោងតាមសិលាចារឹករបស់ប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី១ បានរៀបចំពិធីដើម្បីអញ្ចើញទេវៈ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវ) មកគង់នៅជាមួយនិងទេវៈ ស្រីសិខរិស្វរៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និងប្រជារាស្រ្ត។ ព្រះបាទជ័យវរ្ម័នទី៦៖ ព្រះអង្គបានសាងសង់ហោត្រៃ ឬបណ្ណាល័យពីរ និងជួសជុលផ្នែកមួយចំនួននៃប្រាសាទ។ ព្រះបាទសូរ្យវរ្ម័នទី២៖ ព្រអង្គបានសាងសង់ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គបានរៀបចំពិធីសម្ពោធប្រាសាទ និងចាត់ទុកជាកន្លែងគោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។
រូបភាព ៣ឌីនៃគោបុរៈទី២ តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឱ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ ។ ព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សទី១១។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) ឬ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។ ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរនៅ ប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺK-៥៨៣ ៖ អ្នកដែលចារសិលាចារឹកគឺមានឈ្មោះ ហរិវាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី១ ឆ្នាំ៩៤៤ ដល់ ឆ្នាំ៩៦៨ នៃគ.ស ។ បានចារជាភាសាសំស្រ្កឹត និងជាភាសាខ្មែរបុរាណ ។ បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខរិស្វរៈ មកតាំងនៅ និងមកប្រតិស្ឋនៅទីនេះ គឺប្រាសាទព្រះវិហារនេះ។ ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធិឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅ ទីក្រុងឡាអេប្រទេសហូឡង់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សិលាចារឹក ដែលមានចារនៅក្នុងប្រាសាទព្រះវិហារមានចំនួន ៤ផ្ទាំងដូចជាសិលាចារឹកលេខ K-៣៨០ K-៣៨១ K-៣៨២ និង K-៣៨៣។ សិលាចារឹកលេខ K-៣៨០ សិលាចារឹកនេះមានទីតាំងស្ថិតនៅសងសាងនៃមេទ្វារនៃគោបុរៈទី៤នៃប្រាសាទព្រះវិហារ ដែលចារជាភាសាសំស្រឹ្តត និងភាសាខ្មែរបុរាណនៅចន្លោះឆ្នាំ១០៣៨ និងឆ្នាំ១០៤៩នៃគ.ស។ សិលាចារឹកនេះមានសារៈប្រយោជន៍ជាប្រវត្តិសាស្រ្តនៃប្រាសាទព្រះវិហារ និងនិយាយពីស្រីសុកៈរាម ដែលបរិយាយនៅក្នុងអត្តបទខាងក្រោម។ សិលាចារឹកលេខ K-៣៨១ សិលាចារឹកនេះចារនៅក្លោងទ្វារព្រះបរមរាជវាំងក្នុងគោបុរៈទី៣នៃប្រាសាទព្រះវិហារ ដែលចារជាភាសាសំស្រ្តឹត និងភាសាខ្មែរបុរាណ ចារក្នុងអំឡុងឆ្នាំ១០២៤ សិលាចារឹកនេះនិយាយពីព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិតនៅក្នុងអត្តបទខាងក្រោម។ សិលាចារឹកលេខ K-៣៨២ សិចារឹកនេះបានចារនៅលើសសរមួយ និងមានលក្ខណខូចខាតយ៉ាងខ្លាំង ដែលនៅពីមុខប្រាង្គសំខាន់នៃប្រាសាទព្រះវិហារ តែសព្វថ្ងៃត្រូវបានទុកនៅក្នងសារមន្ទីរជាតិនៅក្នុងទីក្រុងបាំកក។ សិលាចារឹកនេះចារនៅក្នុងឆ្នាំ១០៤៧ ក្នុងរាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ និយាយពីការអនុញ្ញាតិក្នុងការចារសិលាចារឹក និងព័ត៌មានតិចតួចពីប្រាសាទព្រះវិហារ។ សិលាចារឹកលេខ K-៣៨៣ ជាសិលាចារឹកនិយាយពីព្រាហ្មណ៍ទិវាការៈ ឬទិវាក។ សិលាចារឹកនេះចារជាភាសាសំស្រ្តឹត និងភាសាខ្មែរបុរាណ ចារក្នុងចន្លោះឆ្នាំ១១១៩ ដល់ ឆ្នាំ១១២១ ដោយមានការបញ្ជាពីព្រះបាទសូរ្យវរ្ម័នទី២។ សិលាចារឹកនេះ បានបរិយាយនៅខាងក្រោម[៣]។ សិលាចារឹកទាំងបួននេះ ត្រូវបានរកឃើញដោយលោក អេទីជែនអាយម៉ូណីញេ (Etienne Aymonier) រកឃើញនៅចុងសតវត្សរ៍ទី១៩ ហើយត្រូវបានបោះពុម្ពផ្សាយនៅដើមសតវត្សរ៍ទី២០ និងសិក្សាជាបន្តបន្ទាប់ដោយលោក បាថ (Barth) និងលោក ប៊ែរហ្គែន (Bergaine) លោក ឡុយណេឌឺឡាស្ហុងគីជែរ (Lunet de Lajonquére) លោក ហ្វីណូ (Fino) លោក ប៉ាម៉ង់ទីជេរ (Parmentier) លោកម៉ាសាល់ (Marchal) លោកសឺដេស (Coedés) ជាដើម។ តាមសិលាចារឹកលេខ K-៣៨០ បានឱ្យដឹងថាប្រាសាទព្រះវិហារកសាងឡើងសម្រាប់ជាទីសក្ការៈឧទ្ទិសថ្វាយចំពោះទៅដល់ព្រះសិវៈ ឬព្រះឥសូរ និងបារមីនៅទីនោះដែលមានព្រះនាមថា ស្រីសិខារិស្វរៈ[៤]។
ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ[កែប្រែ] អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ៖ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ នៅពេលដែលលោកមានព្រះជន្មចាស់ទៅ ព្រះអង្គបានទៅរៀនធម៌ តាំងសីលនៅលិង្គបុរៈគឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ ព្រះអង្គបានកសាងលិង្គមួយ ដោយយកថ្មនោះជាបំណែកនៃលិង្គធំមួយ។ លិង្គនោះឈ្មោះថា ស្រីសិខរិស្វរៈ ព្រះអង្គបានយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ លិង្គឈ្មោះថា ស្រីសិខរិស្វរៈគឺជាឈ្មោះទីប្រាសាទព្រះវិហារនេះផងដែរ ដែលត្រូវបានយកមកប្រតិស្ឋស្ថាន នៅប្រាសាទស្រីសិខរិស្វរៈនេះ គឺជាបំណែកលិង្គ ដែលត្រូវបានយកមកពីលិង្គបុរៈ នៅវត្តភូចម៉្បាសាក់ ប្រទេសឡាវ គឺត្រូវបានយកមកទុកនៅប្រាសាទព្រះវិហារ ដោយព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនេះ គេសន្មត់ថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គស្រីសិខរិស្វរៈនេះ។
ព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិត
បើតាមអត្ថបទសិលាចារឹក នៅប្រាសាទព្រះវិហារលេខ K-៣៨១ ដែលចារជាភាសាខ្មែរបុរាណ និងភាសាសំស្រ្កឹត បានឱ្យដឹងបន្ថែមទៀតថា មានព្រាហ្មណ៍ម្នាក់ឈ្មោះថា តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ ព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារ។ នៅរវាងឆ្នាំ១០២៤នៃគ.ស គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសូរ្យវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់ចំពោះព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វរៈ ។
ព្រះបាទសូរ្យវរ្ម័នទី១ ព្រះអង្គមានជំជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខរិស្វរៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ នេះ តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឱ្យព្រះអង្គបានឃើញ ។ ព្រះអង្គមិនមានពេលនឹងទៅធ្វើពិធីគោរពបូជាដល់សិវលិង្គមានតែព្រាហ្មណ៍តៈបៈស្វិន្ទ្របណ្ឌិត គាត់ធ្វើ ហើយលោកសុំឱ្យខំធ្វើនោះទៅទៀត ដើម្បីឱ្យបានបុណ្យបានផលដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹនោះ បញ្ជាក់ហើយកញ្ជាក់ទៀត ព្រះអង្គខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សទី៩ នៃរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងមិនដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា។ ហេតុនេះព្រះបាទសូរ្យវរ្ម័នទី១ លោកសុំឱ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត នោះទេ។
សម្បថនោះមានអីខ្លះទៅ? គឺថាសម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឱ្យយធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើអាទិទេព សិខរិស្វរៈ នៅនឹងភ្នំព្រះវិហារនេះ» ។
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខរិស្វរៈ កាលនោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។ ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គររហូតមកដល់ព្រះបាទសូរ្យវរ័្មនទី១នេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រីសិខរិស្វរៈ ។ ព្រះបាទសូរ្យវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ ។ តែលោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឱ្យគេធ្វើលិង្គចំនួន ០៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ ស្រីសូរ្យវរមេស្វរៈ គឺលិង្គព្រះឥសូរតំណាងឱ្យព្រះបាទសូរ្យវរ្ម័នទី១។ លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួននៅនឹងគ.ស ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទសូរ្យវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។ លិង្គទាំងបួនត្រូវបានដាក់ដម្កល់នៅតាមទីកន្លែងទាំងបួនផ្សេងៗគ្នាមានដូចជា៖
សិវៈលិង្គមួយតម្កល់នៅប្រាសាទឯកភ្នំនៅវត្តឯកភ្នំ(ខេត្តបាត់ដំបង) ដែលមានឈ្មោះថាជ័យក្សេត្រ នៅព្រំប្រទល់ខាងលិច។ សិវៈលិង្គមួយតម្កល់នៅប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ) ដែលមានឈ្មោះថាស្រីសិខរិស្វរៈ នៅព្រំប្រទល់ខាងជើង។ សិវៈលិង្គមួយតម្កល់នៅប្រាសាទភ្នំជីសូរ(ខេត្តតាកែវ) ដែលភ្នំជីសូវពីមុនមានឈ្មោះថា ស្រីសូរ្យទ្រី ឬស្រីសូរ្យបព៌ត ឬស្រីសូរ្យគីរី មានន័យភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅព្រំប្រទល់ខាងត្បូង។ សិវៈលិង្គមួយតម្កល់នៅឥសានតិរថៈ ប្រហែលជានៅតាមដងទន្លេមេគង្គ ត្រង់ខេត្តក្រចេះ ឬក៏ស្ទឹងត្រែង នៅព្រំប្រទល់ខាងកើត។
ព្រាហ្មណ៍ទិវាការៈ ឬទិវាក
សិលាចារឹកនៅនឹងភ្នំសន្តក K-១៩៤ នៅភ្នំព្រះវិហារនេះ K-៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទឧទ័យទិត្យវរ័្មនទី២ ដែលលោកកសាងប្រាសាទបាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ។ លោកបានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ ព្រះបាទសូរ្យវរ្ម័នទី២ ហើយលោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងប្រាសាទព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពី ព្រះបាទសូរ្យវរ្ម័នទី២ មកទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខរិស្វរៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខរិស្វរៈ នេះ ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។ ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឱ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឱ្យយពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឱ្យអាចបានធ្វើការ យកស្រូវ យកអង្ករយកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពី ព្រះបាទសូរ្យវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខរិស្វរៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខរិស្វរៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឱ្យជាសត្វពាហនៈ មានឱ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ ដូចនេះផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬទិវាការៈ នេះឯង។
ជណ្តើរខាងជើងគឺជាជណ្តើរស្ថិតនៅក្បែរព្រំដែនថៃនិងែរ ដែលពីមុនភ្ញៀវទេសចរអន្តរជាតិអាចចូលតាមច្រកពីប្រទេសថៃបាន តែបច្ចុប្បន្នមិនអាចចូលទស្សនាបានទេ។ ជណ្តើរនេះមានចំនួន ១៦០កាំ។ ជណ្តើរនេះមានទទឹង ៨ម៉ែត្រ និងបណ្តោយ ៧៨,៨ម៉ែត្រ អមដោយរូបចម្លាក់តោនៅសងខាងជណ្តើរ ដែលបច្ចុប្បន្ននៅសល់តែរូបចម្លាក់តោពីរបីប៉ុណ្ណោ។ បន្ទាប់ពីជណ្តើរបុរាណខាងជើងគឺបង្កាន់ដៃនាគដែលមានទទឹង ៧ម៉ែត្រ និងបណ្តោយប្រវែង ៣១,៨ម៉ែត្រ អមដោយរូបចម្លាក់នាគក្បាល៧អមសាងខាងផ្លូវ និងបន្ទាប់ទៀតមានកាំជណ្តើរ ២៥កាំ ដើម្បីឡើងទៅកាន់គោបុរៈទី៥។
គោបុរៈទី៥
គោបុរៈទី៥គឺជាសំណង់ប្រាសាទដែលមានទំហំតូចជាងគោបុរៈដទៃទៀតនៃប្រាសាទព្រះវិហារ។ គោបុរៈនេះសាងសង់ជារាងចតុកោណកែងនៅលើខឿនដែលតម្រៀបថ្មខ្ពស់ផុតពីថ្មធម្មជាតិ ហើយមានជណ្តើរឡើងទៅទ្វារប្រាសាទខាងលើទាំងបួនទិស។ បច្ចុប្បន្ននេះមានតែទ្វារខាងត្បូងមួយគត់ដែលនៅមានរាងពេញលេញ ជារចនាបទសិល្បៈប្រាសាទព្រះវិហារ។ ចំណែកទ្វារផ្សេងទៀតបានរលំបាក់បែកអស់។ គោបុរៈទី៥ ជាប្រាសាទដែលមានទ្វារចំហទាំងបួនទិស (ទ្វារចតុមុខ) ហើយមានដំបូលប្រក់ពីលើអំពីក្បឿងដែលទ្រដោយសសរធំៗប្រវែងប្រមាណ ៣.៥ម៉ែត្រ។ ហើយដែលសព្វថ្ងៃយើងឃើញមានសសរខ្លះនៅឈរនៅឡើយ ប៉ុន្តែចំពោះដំបូលបានរលំបាក់បែកអស់។នៅខាងកើតគោបុរៈទី៥ មានជណ្តើរបុរាណដែលមានប្រវែងប្រមាណ ១៥០០ម៉ែត្រឡើងពីជើងភ្នំមកដល់ខាងលើ ចំណែកនៅខាងជើងមានជណ្តើរថ្មឡើងពីក្រោមមកដល់លើភ្ជាប់តាមស្ពាននាគដែលមាននាគធំៗពីរអមសងខាងដងផ្លូវទើបឡើងមកដល់គោបុរៈទី៥។ យោងតាមសិលាចារឹកបាននិយាយថាមានតែព្រះមហាក្សត្រទេដែលអាចឆ្លងកាត់បាននិងព្រះគ្រូ ព្រាហ្មណ៍ ឥសី និងទីប្រឹក្សា អ្នកមុខអ្នកការ ដែលឆ្លងកាត់តាមខ្លោងទ្វារនេះត្រូវដោះគ្រឿងលម្អចេញទាំងអស់។
គោបុរៈទី៤
គោបុរៈ៤ តាមផ្លូវសក្ការៈ (វ្រះថ្នល់) មានទទឹងប្រវែង ១០ម៉ែត្រ និងបណ្តោយប្រវែង ២៧៥ម៉ែត្រ អមដោយបង្គោលមានលម្អជារាងផ្កាឈូក្រពុំម្ខាងមានចំនួន ៦៧បង្គោលសីមា ទាំងសងខាងមានចំនួន ១៣៤បង្គោលសីមា។ បង្គោលសីមាមួយមានកម្ពស់ ២ម៉ែត្រ បង្គោលសីមានេះមានលក្ខណៈស្រដៀងនិងបង្គោលសីមានៅប្រាសាទវត្តភូ និងប្រាសាទភ្នំរូងដែរ។ បន្ទាប់ពីព្រះថ្នល់ ដែលអមដោយបង្គោលសីមា មានជណ្តើរឡើងទៅកាន់គោបុរៈទី៤ ដែលជណ្តើរនេះមាន៤ថ្នាក់ មានទទឹងប្រវែង ៣,៥ម៉ែត្រ និងមាន ៣៧កាំ ដែលមានចម្លាក់តោអមសងខាង។ នៅជិតព្រះថ្នល់មានស្រះទឹកមួយមានទំហំទទឹងប្រវែង ១៨,៣ម៉ែត្រ និងបណ្តោយប្រវែង៣៦,៨ម៉ែត្រ ស្រះមានលក្ខណៈជាថ្នាក់ទៅខាងក្រោម និងមានចម្លាក់តោពីរនៅខាងមុខ។ បន្ទាប់មកគឺទៅដល់ល្បាក់ថ្មមួយជាន់ទៀតដែលមានប្រាសាទសង់រាងជាកាកបាទនៅលើខឿនដែលតំរៀបថ្មភក់បន្ទាប់ពីថ្មធម្មជាតិ។ សំណង់គោបុរៈទី៤ មិនមែនមានទ្វារចំហរទាមងបួនទិស (ទ្វារចតុមុខ) ដូចគោបុរៈទី៥ទេ។ សំណង់ប្រាសាទសាងសង់នៅលើខឿនតាមជ្រុងទាមងបួន។ ចំណែកជញ្ជាំងខ័ណ្ឌចំកណ្តាលច្រកចូលពីទិសទាំងបួនប្រៀបដូចជារនាំងបាំងមិនអោយមើលឃើញទៅដល់ប្រាសាទនៅខាងក្នុងទេ។ ក្បាច់ចម្លាក់លើហោជាង និងផ្តែរតាមច្រកចូលនីមួយៗពិពណ៌នាអំពីអាទិទេពក្នុងព្រហ្មញ្ញសាសនា។ ផ្តែរច្រកចូលពីផ្នែកខាងកើតនិយាយអំពី ព្រះក្រឹស្ហាកៃវល្យ (នាគមានក្បាលប្រាំមួយ)។ ចំណែកនៅលើហោជាង និងផ្តែរច្រកទ្វារខាងត្បូងនិយាយអំពី ទេវកថា កូសមុទ្រទឹកដោះ និងទេវកថា ព្រះនារាយណ៍ផ្ទុំលើនាគអនន្តនៅកណ្តាលសាគរដែលជានិមិត្តរូបនៃការបង្កើតពិភពលោកសាជាថ្មី និងនៅគង់វង្សជាអមតៈ តាមរយៈទឹកអម្រឹតដែលទទួលបានពីការកូរសមុទ្រទឹកដោះរវាងពួកអសុរា និងទេវតា។ នៅក្បែរគោបុរៈទី២ ខាងកើតប្រហែល៥០ម៉ែត្រមានស្រះតោមួយ ដែលមានទទឹងប្រវែង៩,៤ម៉ែត្រ។
គោបុរៈទី៣
គោបុរៈទី៣ឡើងទៅល្បាក់ភ្នំខាងលើតាមវ្រះថ្នល់មានទទឹងប្រវែង ១១ម៉ែត្រ និងបណ្តោយប្រវែង១៤៨ម៉ែត្រ ដែលមានបង្គោលសីមាអមសងខាងចំនួន៨០ និងមានជណ្តើរឡើងកម្ពស់២៩កាំ ទើបទៅដល់គោបុរៈទី៣។ គោបុរៈ៣ ជាសំណង់ប្រាសាទដែលធំទូលាយ សាងសង់សន្ធឹងពីលិចទៅកើត លើខឿនមួយខ្ពស់(នៅផ្នែកខាងកើត)។ ក្រៅពីសំណង់ប្រាសាទធំនៅកណ្តាលមានប្រាសាទសង់ជារាងថែវវែងពីរទៀតនៅសងខាង។នៅលើខឿនទីធ្លាខាងកើតមានកូនប្រាសាទតូចមួយ ដែលមានដើមជ្រៃដុះស៊ុបទ្រុបលម្អពីលើ។ ប្រាសាទតូចនេះប្រហែលកសាងឡើងមុនពេលកសាងគោបុរៈផ្សេងៗនៃប្រាសាទព្រះវិហារ។ ចំណែកនៅផ្នែកខាងត្បូងមានសង់បន្ថែមថែវវែងពីរទៀតដែលគេហៅថា រាជវាំង។តាមរយៈសិលាចារឹកដែលមានចារនៅលើស៊ុមទ្វារថែវខាងកើតហើយថែវទាំងពីរនេះជាអាស្រមរបស់ព្រាហ្ម”វិរ”(Virashrama) ហើយដែលគេយល់ថាជាកន្លែងព្រះរាជគ្រូរបស់ព្រះមហាក្សត្រសម័យអង្គរ ឫអ្នកមានឋានៈខ្ពង់ខ្ពស់មកគោរពបូជាដល់ ព្រះសិខរេស្វរៈ នៅប្រាសាទព្រះវិហារ។ សិលាចារឹកបានអោយដឹងទៀតថា (Virashrama) សាងសង់ក្នុងរាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។
គោបុរៈទី២ គោបុរៈទី២ មានសភាពទ្រុឌទ្រោមខ្លាំងជាងគោបុរៈផ្សេងៗទៀត។ គោបុរៈនេះបានផ្តល់ជាផ្លូវមួយយ៉ាងធំចូលទៅកាន់ទីលាន និងតួប៉មកណ្តាលដែលជាបូជនីយដ្ឋានធំ និងជាកន្លែងចុងក្រោយនៃដំណើរធម្មយាត្រាទៅព្រះវិហារ។ ថែវខាងកើត និងថែវខាងលិចមានជញ្ជាំងផ្ទៃលាត និងបិទជិតនៅផ្នែកខាងក្រៅ ចំណែកឯផ្នែកខាងក្នុងមានសរសរស្តម្ភចំនួន១០ ដែលមានលក្ខណៈទោល និងមានតួនាទីសម្រាប់ទ្រដំបូលខាងលើ ហើយដែលសព្វថ្ងៃនេះបានខូចខាតនិងបាត់បង់អស់ហើយ។នៅក្នុងទីលានកណ្តាលផ្នែកខាងជើងមានបណ្ណាល័យចំនួនពីរ(២)មានរាងបួនជ្រុងទ្រវែងដែលមានទទឹង ៦.៥ម៉ែត្រ និងបណ្តោយ១១ម៉ែត្រ ឈរបើកចំហនៅលើអាកាស ហើយស្ថិតនៅលើអក្សទិសខាងលិច និងទិសខាងកើត។ នៅក្នុងអាគារកណ្តាលមានសិលាចារឹកដែលចុះកាលបរិច្ឆេទ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ ហើយតាមសិលាចារឹកនេះដែរយើងអាចដឹងថា ព្រះអង្គបានជ្រើសរើសយកប្រាសាទព្រះវិហារជាទីសក្ការៈក្នុងចំណោមទីសក្ការៈបី ដើម្បីតម្កល់ព្រះសិវលិង្គ ដ៏មានអានុភាពមួយដែលភ្ជាប់នឹងឈ្មោះព្រះអង្គថា SURYAMESHARA (សូរិយាមិស្វារៈ) ជាម្ចាស់របស់ព្រះអង្គ។ សិលាចារឹកនេះក៏បានលើកឡើងអំពីក្រុមប្រឆាំងនិងរាជព្រះបាទ សូរ្យវរ្ម័នទី១ ដែលមានឈ្មោះថាក្រុម បាសខ្មៅ។ នៅគ្រឹស្គសករាជឆ្នាំ១០៣៨ ព្រះបាទសូរ្យវរ្ម័នទី១បានប្រកាសថាព្រះអាទិទេព (Sri Bhadresvara)បានយាងមកប្រាសាទព្រះវិហារ ហើយបានលើកទឹកចិត្តដល់ប្រជានុរាស្រ្តធ្វើសច្ចាប្រណិធានអោយស្មោះភក្តីដល់ព្រះសិវៈ ជាអ្នកការពារទឹកដីដែលតំណាងអោយព្រះអង្គផ្ទាល់។ ក្នុងកំឡុងពេលនោះគ្រួសាររបស់អ្នកតវ៉ា ប៉ះបោរក៏ត្រូវបានដោះស្រាយដោយព្រះអង្គផ្ទាល់។[៨]។
គោបុរៈទី១
គោបុរៈទី១ ជាសំណង់មានប្លង់រាងចតុកោណកែង ដែលមានបន្ទប់វែង(ថែវ)ប្រវែង២៥ម៉ែត្រនិងទទឹង៥.៥ម៉ែត្រព័ទ្ធជុំវិញនិងមានជញ្ជាំងបិទផ្នែកខាងក្រៅ ប៉ុន្តែនៅចំកណ្តាលមណ្តោយថែវខាងលិច និងខាងកើតមានក្លោងទ្វារចូលពីខាងក្រៅមកវិញ។ ចំណែកទ្វារខាងក្នុងពុំមានទ្វារចេញឫចូលទេ មានតែបង្អួចបើកចំហរទាំងអស់ចំនួន ៤២ និងមានបង្អួចបញ្ឆោតចំនួន៦ នៅផ្នែកខាងត្បូង។ ដោយឡែកនៅជញ្ជាំងខាងត្បូងមានក្លោងទ្វារចូលថែវ ប៉ុន្តែពុំមានទ្វារចេញទៅក្រៅទេ។
គោបុរៈទី១ ឬប្រាង្គសក្ការៈ
នៅចំកណ្តាលនៃថែវព័ទ្ធជុំវិញ គឺជាតួប្រាសាទកណ្តាលដែលរលំបាក់បែកមួយចំនួនដែលជាកន្លែងដាក់តម្កល់លិង្គ សិខរេស្វរៈ ដែលជាអាទិទេពព្រហ្មញ្ញសាសនា ដែលព្រះមហាក្សត្រខ្មែរសម័យអង្គរគោរពបូជាយ៉ាងជ្រាលជ្រៅ។ បន្ទាប់ពីប្រាសាទកណ្តាលទៅខាងជើងមាន បណ្ឌប ដែលមានឆ្លាក់លម្អយ៉ាងវិចិត្រនៃតួប្រាសាទ។ នៅខាងលើនៃទ្វារចូលពីខាងជើងនៃបណ្ឌបនោះមានឆ្លាក់លម្អលើហោជាង នូវចម្លាក់ព្រះឥសូររាំលើក្បាលដំរី ជានិមិត្តរូបនៃការបំផ្លាញនូវសភាវអាក្រក់ហើយបង្កើតឡើងវិញនូវសភាវល្អ។ នៅខាងកើត និងខាងលិចគោបុរៈទី១ មានសំណង់ប្រាសាទពីរទៀតដែលប្រហែលជាសាងសង់នៅពេលក្រោយ ដែលយើងពុំបានដឹងពិតប្រាកដអំពីតម្រូវការសាងសង់ប្រាសាទទាំងពីនេះនៅឡើយ។
ប្រវត្តិ ប្រាសាទព្រះវិហារ ប្រវត្តិ ប្រាសាទព្រះវិហារ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.