មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បោះអង្គុញ ជាល្បែង​ប្រជាប្រិយខ្មែរ ដែលគេនិយម​លេង ក្នុង​ពិធី​បុណ្យចូលឆ្នាំ

ប្រពៃណីជាតិ៖ ថ្ងៃចូលឆ្នាំខ្មែរ តែងប្រព្រឹត្តទៅ មិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនក្រោយថ្ងៃ ៤កើត ខែពិសាខ ព្រោះបុព្វបុរស យើង យល់ឃើញថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែរយើង រវល់មមាញឹកក្នុងរបរកសិកម្ម មានស្រែចំការជាដើម ទើប លោកលើកកំណត់ ពេលចូលឆ្នាំមកធ្វើនៅក្នុងខែចេត្រវិញ ដោយហេតុថា ខែចេត្រកិច្ចការច្រូតកាត់ បោកបែន បាន ចប់សព្វគ្រប់ ហើយប្រជាពលរដ្ឋខ្មែរយើងទំនេរ មានឱកាសធ្វើបុណ្យទាន កំសាន្ត សប្បាយតាមប្រាថ្នា។ បុណ្យចូលឆ្នាំខ្មែរ ជាព្រឹត្តិការណ៍យ៉ាងធំមួយក្នុងទឹកចិត្ត និងជីវភាពខ្មែរ។ ខណៈឆ្នាំថ្មីមកដល់ ស្នូរស្គរ រគាំង សំឡេង ធម៌ពរជ័យ លាន់ឮរន្ទឺអឺងកង ចេញពីវត្តអារាម ភ្លើងទៀនចាប់ផ្តើមឆេះព្រោងព្រាត ផ្សែងធូបហុយចេញពី គ្រប់ រានទេវតា តាមដងផ្លូវ មុខផ្ទះសម្បែង វត្តអារាមនានា។ពេលព្រលប់គេនាំគ្នាទៅស្ដាប់ធម៌អាថ៌ក្នុងវត្ត។ អ្នកខ្លះ ដែលមិនបានទៅស្ដាប់លោកឯវត្ត ក៏ប្រមូលគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ តាមចំណង់។ គេនាំគ្នាលេងល្បែង ចាប់កូនខ្លែង, លាក់កន្សែង, ក្រុងមាន់, ទាញព្រ័ត្រ, ច្រៀងប្របកៃ, ស្ដេចចង់, ឈូង, អង្គញ់, រាំវង់ និងល្បែងផ្សេងៗ ទៀតយ៉ាងសប្បាយរីករាយ ក្នុងបំណងរិតចំណងសាមគ្គី និងភាពស្និទ្ធស្នាលគ្នា ហើយជាពិសេសនោះ ក៏ជាឱកាស មួយសម្រាប់ឲ្យកម្លោះក្រមុំ សម្លឹងរកគ្នាផងដែរ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្នុងចំណោមល្បែងប្រជាប្រិយខាងលើ “ល្បែងអង្គញ់” ជាល្បែងប្រជាប្រិយមួយប្រភេទ ដែលចាស់បុរាណបានឲ្យ ឈ្មោះតាមវត្ថុមួយប្រភេទដែលគេយកមកលេង គឺផ្លែអង្គញ់ ដែលក្រៀមស្ងួត ល្បែងនេះគេលេងមិនប្រកាន់នោះទេ លេងបានទំាងប្រុស ទាំងស្រី ទាំងចាស់ ទាំងក្មេង ក្នុងរដូវចូលឆ្នាំ នៅពេលថ្ងៃ ឬពេលយប់ដែលមានខែភ្លឺ ប៉ុន្តែ បច្ចុប្បន្នអាចប្រើអំពូលភ្លើងជំនួយក៏បាន។ យោងតាមវចនានុក្រមខ្មែរ សម្តេចសង្ឃជូនណាត បានបញ្ជាក់អំពី អង្គញ់នេះថា ជាឈ្មោះវល្លិមួយប្រភេទ ដើមធំរឹង ផ្លែធំវែងៗក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាងមូលសំប៉ែត កាលណាទុំមានសាច់រឹង សម្រាប់យកមកលេងល្បែងប្រជាប្រិយខ្មែរម្យ៉ាង ហៅថា ”ល្បែងបោះអង្គញ់”។ ឆ្អឹងមាន សណ្ឋានដូចគ្រាប់អង្គញ់នៅត្រង់ក្បាលជង្គង់ អង្គញ់ជង្គង់។
អង្គញ់ ជាវល្លិមួយប្រភេទ មានដើមធំរឹង ផ្លែធំវែងៗ ក្នុងផ្លែមួយៗ មានគ្រាប់ច្រើន គ្រាប់ធំៗ រាងមូល សំប៉ែត កាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែង មួយប្រភេទ ហៅថា ល្បែងអង្គញ់ ពេលឈ្នះ គេជោះផ្លែអង្គញ់ នឹងក្បាលអង្គញ់ ជង្គង់អ្នកចាញ់។
លោកស្រី កែវ ណារុំ បណ្ឌិតផ្នែកទស្សនៈវិជ្ជា និងវិទ្យាសាស្រ្តសិល្បៈ ធ្លាប់បានលើកឡើងកាលពីឆ្នាំ២០១២ កន្លង ទៅនេះថា “អង្គញ់ ត្រូវបានគេជ្រើសរើសយកមកលេង ជាល្បែងប្រជាប្រិយមួយប្រភេទ ដែលត្រូវបានប្រជាពលរដ្ឋ ខ្មែរ យើងនិយមលេងតាំងពីសម័យដើមយូរយារណាស់មកហើយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ យើងពុំមាន ឯកសាជាក់លាក់ណាមួយអាចបញ្ជាក់ដើមកំណើត និងប្រវត្តិនៃល្បែងនេះនោះឡើយ” ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ

បើទោះបីជា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននេះ នៅតែទទួលបានការពេញនិយមលេងល្បែងប្រជាប្រិយបោះអង្គញ់ មួយនេះ នៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិក៏ដោយ ប៉ុន្តែក៏នៅតែមានការព្រួយបារម្ភ អំពីល្បែងមួយនេះ ព្រោះ ថាមានយុវជនតិចតួចណាស់ដែលយល់ដឹង និងលេងវាទៅតាមក្បួនតម្រា។ លោក អន ឈាវហេង អនុប្រធាន ការិយាល័យ សិល្បៈទស្សនីយភាព កាលពីពីរឆ្នាំមុន បានលើកឡើងថា យុវជនខ្មែរបច្ចុប្បន្នភាគច្រើន គឺពិត ជាបានស្គាល់ និងលេងល្បែងបោះអង្គញ់នេះ ប៉ុន្តែពួកគេលេងតែតាមការចំនាំ និងទំលាប់នៃការលេង តាមស្រុក ភូមិរបស់ពួកគេតែប៉ុណ្ណោះ ហើយភាគច្រើនគេយកត្រឹមតែផ្នែកដែលស្រួលៗមកលេងតែប៉ុណ្ណោះ។ លោក អន ឈាវហេង ក៏បានជម្រុញឲ្យយុវជន គួរតែចូលរួមសិក្សាស្រាវជ្រាវបន្ថែម ហើយនាំគ្នាលេងតាមក្បួន តម្រា ច្បាប់ដើមរបស់ដូនតា ជៀសវាងនាំគ្នាលេងតែផ្នែកស្រួលៗ ងាយៗ ដូច្នេះមិនយូរប៉ុន្មានល្បែងប្រជាប្រិយ មួយនេះ អាចនឹងបាត់បង់។ ឯកសារដែលបានចងក្រង និងរៀបរៀងឡើងដោយក្រុមជំនុំទំនៀមទំលាប់នៅពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ១៩៦៤ បានឲ្យដឹងថា ច្បាប់នៃការល្បែងអង្គញ់នេះអាចលេងចាប់ពីមនុស្សពីរនាក់ រហូតដល់ច្រើននាក់ដោយចែកគា្ន ចេញជាពីរ ក្រុមដែលមួយក្រុមៗត្រូវមាន សមាជិកស្មើរគ្នា។ ម្ខាងជាអ្នកដាំកោយអង្គញ់ (កោយ៣ ឬកោយ៥) ចំនែកឯម្ខាងទៀតរង់ចាំបោះដើម្បីផ្តួលគ្រាប់អង្គញ់។
របៀបនៃការល្បែងអង្គញ់នេះ គេលេងបានតាំងពីមានគ្នា ២នាក់ ហើយឡើងទៅដល់ ១០នាក់ ឬច្រើនជាងនេះ ទៅតាមការកំណត់របស់ភាគីម្ខាង ដោយចែកចេញជាពីពួកមានចំនួនស្មើគ្នាដែលមានស្រីម្ខាងប្រុសម្ខាងក៏បាន ចម្រុះគ្នាទាំងសងខាងក៏បាន។ អង្គញ់ដែលយកមកលេង គេឲ្យឈ្មោះថា “កោយ” ចែកចេញជាពីរផ្នែកហៅថា កោយដាំមួយពួក កោយបោះមួយ ពួក។ កើយមួយពួកៗមានចំនួន៣ ឬចំនួន៥ គឺថាបើដាំកោយ៣ ក៏បោះកោយ៣, បើដាំកោយ៥ ក៏បោះកោយ៥ តាមចំនួនអ្នកលេងមានតិចឬច្រើន។ កោយដាំ គឺគេដាំភ្ជាប់ទៅនឹងដី មានជួរបែកកន្ធែកចេញពីកោយកណ្ដាលមួយដែលហៅថា “មេក្លោង ឬកន្លោង” ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេងមានសណ្ឋានដូចក្អែកទឹកហើរ ដែលឲ្យមេខ្យល់មួយនាំមុខ ហើយក្អែកទឹកហ្វូង បែកគ្នាជាជួរ បញ្ឆៀងៗគ្នាពីក្រោយ។ រីឯកោយបោះ គឺកោយទាំងឡាយដែលគេកាន់យកទៅទី ដោយបោះក្ដី ធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់រំលំកោយ ដាំទាំងនោះ។ ត្រង់រណ្ដៅតូចៗដែលឆ្កៀលដី យកកន្លែងដាំកើយឲ្យជាប់នោះ គេហៅថា “រន្ធ ឬរន្ធកោយ”។ គេ កំណត់កន្លែងមួយពីមុខកោយដាំប្រមាណជា ៣ ឬ៤ ម៉ែត្រ សន្មតហៅថា “ទី” គឺជាទីដែលគេត្រូវបោះ ឬទៅធ្វើអ្វី មួយពីត្រឹមនោះតម្រង់មកកោយដាំវិញ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
អ្នកដែលត្រូវឡើងមុនគឺបានទៅបោះពីទីមុនគេ នោះសម្រេចលើការព្រមព្រៀងគ្នា ជាធម្មតាគេច្រើនតែអនុញ្ញាតឲ្យ ពួកអ្នក ខ្សោយជាងមានសិទ្ធិទៅបោះមុន គេទុកដូចជាតទីឲ្យដែរការចាញ់ឈ្នះស៊ីសង ត្រង់នរណាធ្វើត្រូវកោយ ដាំចប់សព្វគ្រប់មុនគេ គឺគ្រប់បែបគ្រប់ថ្នាក់ ដែលរបៀបលេងអង្គញ់តម្រូវឲ្យទាំងប៉ុន្មាន។ ប៉ុន្តែគេច្រើនសន្មតគ្នា បន្ថែមឲ្យអ្នកចាញ់ធ្វើ៣ ឬ ៤ក្ដារសិនហៅថា “តាម” ដូច្នេះបានជាមុននឹងលេង គេសន្មតគ្នា ថាតាមប៉ុន្មានក្ដារ? បើគេសម្រេចគ្នាថា ប៉ុន្មានៗដល់ទីបំផុតត្រូវតែ “តាម” ប៉ុណ្ណោះក្ដារសិន។ បើផុតកំណត់ហើយ នៅតែមិនបានធ្វើត្រូវអស់ទៀតនោះទើបទុកជាចាញ់ ហើយពួកខាងឈ្នះត្រូវជោះពួកខាង ចាញ់តាមចំនួនដែល គេសន្យាគ្នា ឧបមារថា គេសន្យាថាកោយមួយជោះ១០ ដូច្នេះនរណាកាន់កោយបោះមួយ បើឈ្នះត្រូវបានជោះ គេ១០ តែបើចាញ់ក៏ត្រូវគេជោះ១០ ដែរ។ ល្បែងបោះអង្គញ់ មានលក្ខខណ្ឌតឹងរ៉ឹងណាស់បើធ្វើខុសបទវិន័យណាមួយនឹងត្រូវទទួលពិន័យភ្លាមមួយរំពេច។ ល្បែងអង្គញ់ចែកចេញច្រើនជាន់ថ្នាក់ជាសង្កាត់ៗ រួមមាន៦ របៀប៖ ទី១.បោះ (កាន់បោះមកពីទី តម្រង់កោយដាំ), ទី២.ស៊ីគោល (បាញ់ដោយម្រាមដៃដាក់លើក្បាលជង្គង់), ទី៣.ស៊ីប៉ារ៉េត (បាញ់ដោយម្រាមដៃដាក់ផ្ទាល់នឹងដី), ទី៤.ត្រកង (ប្រមៀលអង្គញ់មកពីទី), ទី៥.ចាក់ខ្ទែក (ដាក់អង្គញ់លើខ្នងជើងដើរបីជំហាន) និងទី៦.បោះជោះ (បោះសម្រេចជាចុងក្រោយបំផុត) ។ របៀបលេងក្នុងសង្កាត់នីមួយៗមានដូចតទៅ៖ ថ្នាក់ទី១ “បោះ” ពួកអ្នកដែលត្រូវឡើងទៅបោះ គេបោះតម្រង់ទៅ កោយដែលដាំណាមួយ កាលបោះទៅត្រូវកោយដាំនោះហើយកោយនោះក៏ខ្ទេចចេញពីរន្ធទៅ កោយបោះក៏នៅ ក្នុង រន្ធកោយដាំ, ហើយអ្នកដាំទះកោយបោះនោះបង្កប់ថែមទៀត យ៉ាងនេះគេហៅថា “ស្អុយ”។ បើបោះត្រូវ កោយ ណាមួយហើយ បើបោះកោយមួយក្រោយទៅត្រូវកើយដដែលទៀតគេហៅថា “ម៉ាយ”។ បើអ្នកបោះប្រព្រឹត្តខុស វិន័យទាំងនេះហើយ ត្រូវអ្នកដាំទៅបោះអ្នកបោះមកដាំវិញម្ដង។ កាលណាបោះទៅត្រូវកោយដែលដាំ ដួល ទាំងអស់ រួចហើយអ្នកបោះត្រូវចាប់បន្តធ្វើស៊ីគោលតទៅទៀត។ ថ្នាក់ទី២ “ស៊ីគោល” កាលបើបោះត្រូវអស់ ហើយគេយកកោយរបស់គេដែលសំដៅទៅ “ទី” ហើយអង្គុយច្រហោង រុញក្បាល ជង្គង់ម្ខាងទៅមុខបន្តិច យកកោយដាក់លើក្បាលជង្គង់នោះ ទាត់កោយដោយមេដៃ ឬចង្អុកដៃតម្រង់ ទៅកើយដាំណាមួយ។ បើកោយធ្លាក់ទៅនោះធ្លាក់ជិតកោយដាំពេកប្រមាណជាមួយចំអាម ឬកន្លះចំអាមនោះ អ្នកស៊ីគោលគេសួរអ្នកដាំថា “វ័ធឬណាប់?” បើអ្នកដាំឆ្លើយថា “វ័ធ” អ្នកស៊ីគោលត្រូវវ៉ាស់ជាចំអាមដោយ យកមេដៃ ដាក់លើកើយរបស់ខ្លួនចង្អុលដៃវ័ធកោយដាំឲ្យដួលតែម្ដង។ បើអ្នកដាំឆ្លើយថា “ណាប់” អ្នកស៊ីគោលគេលើកកោយ របស់គេគប់ទៅកោយដាំនោះឲ្យដួលតែម្ដង។ ដូចនេះកោយដែលស៊ីគោលធ្លាក់ជិតពេកនោះ គេឲ្យឈ្មោះថា “វ័ធ-ណាប់”។ បើកោយដែលស៊ីគោលទៅ ហើយធ្លាក់ឆ្ងាយពីកោយដាំជាងមួយចំអាមនោះ អ្នកស៊ីគោលត្រូវ លុតជង្គង់ ហើយយកកើយនោះមកដាក់លើក្បាលជង្គង់ ផ្ទាត់តម្រង់ទៅកោយដាំបន្ត ទៅម្ដងទៀតទាល់តែអស់ កើយរបស់ខ្លួន។ បើកោយស៊ីគោលនោះរត់ទៅប៉ះដូចជាកើយស៊ីគោលទៅមុនធ្លាក់ត្រង់កន្លែងណាមួយ ហើយ កើយទៅក្រោយរត់ទៅប៉ះកោយមុននោះដល់ពេលអ្នកបាញ់ពេលទៅបាញ់ម្ដងទៀតនោះ អ្នកដាំគេត្រូវពិន័យ ដូច្នេះគឺកោយមុនគេឲ្យផ្ទាត់ដោយស្រលៀងភ្នែកម្ខាង គឺឲ្យធ្មេចភ្នែកម្ខាងឯកោយក្រោយគេឲ្យផ្ទាត់ដោយខ្វាក់ភ្នែក គឺឲ្យធ្មេចភ្នែកទាំងសងខាង។ ដូច្នេះទើបគេឲ្យឈ្មោះ កើត ២ នេះថា កោយខ្វាក់និងស្រលៀងតាមទណ្ឌកម្ម ដែល គេពិន័យស៊ីគោលដូចបានរៀបរាប់មកនេះត្រូវកោយដាំដួលអស់ហើយគេត្រូវធ្វើស៊ីប៉ារ៉េតតទៅទៀត។
ថ្នាក់ទី៣ “ស៊ីប៉ារ៉េត” ពួកអ្នកស៊ីគោលនោះ កាលបានធ្វើស៊ីគោលរួចហើយគេនាំគ្នាយកកោយទៅដាក់ផ្ទាល់នឹងដី ហើយបាញ់ដោយម្រាមដាំមួយម្ដងៗតម្រង់ទៅរកកោយដាំ រហូតដល់អស់កើយ ការពិន័យមាន វ័ធ ណាប់ ស្រលៀងខ្វាក់ របៀបដូចស៊ីគោលដែរ ខុសគ្នាត្រង់ស៊ីគោលគេធ្វើលើក្បាលជង្គង់ ចំណែកស៊ីប៉ារ៉េត ដាក់កោយ ផ្ទាល់នឹងដីតែប៉ុណ្ណោះ។ លុះធ្វើស៊ីប៉ារ៉េតរួចហើយគេធ្វើត្រកងតទៅទៀត។ ថ្នាក់ទី៤ “ត្រកង ឬ ត្រឡងកង” ក្រោយដែលធ្វើស៊ីប៉ារ៉េតត្រូវអស់ហើយ គេចាប់ធ្វើបន្តទៅទៀត គឺត្រកង។ ត្រកង នេះ គឺគេប្រមៀលកោយ (គ្រាប់អង្គញ់) ឲ្យរមៀលដូចបរកង់ ហេតុនេះបានជាគេហៅថា “ត្រកងឬត្រឡងកង”។ ត្រកងមានពីរបែប គេយកបែបណាមួយមកលេងក៏បានតាមតែគេណាត់គ្នា ហៅថា ត្រកងទប់ និងត្រកងធា។ ត្រកងទប់ គឺគេប្រមៀលកោយទៅហើយត្រូវរត់តាមទៅយកដៃខ្ទប់ឲ្យទាន់មុនកោយនោះដួល ហើយមិនឲ្យហួស មេក្លោងផង តែបើទប់មិនទាន់បណ្ដោយឲ្យកោយដួលស្លៀមខ្លួនវា ឬទប់ដែរតែមិនបានយកដៃខ្ទប់ឲ្យជិតល្អ លើ កោយនោះទេនោះគេទុកជាស្អុយមិនបានការ ពួកខាងម្ខាងត្រូវឡើងធ្វើម្ដង។ បើកើយនោះ រត់លឿនពេកទៅ ហួសមេក្លោងឬមួយក៏ទង្គិចដួលកោយដាំណាមួយក៏ទុកជាស្អុយត្រូវគេ “ឡើង” ដែរ។ ឯត្រកងធាវិញពុំពិបាក រត់តាមខ្ទប់ទេ តែត្រូវមានវិន័យមិនឲ្យហួសមេក្លោងនិងទង្គិចកោយដាំឡើយ។ របៀបត្រកង ក៏ដូចជា ស៊ីគោល ឬ ស៊ីប៉ារ៉េតដែរគឺធ្វើបានពីដំណាក់ គឺត្រកងពីទីទៅដល់ត្រង់ណាហើយ អាចតាមទៅបាញ់ដល់ម្រាមដៃផ្ទាល់ នឹងដីតម្រង់ ទៅកោយដាំម្ដងទៀតប្រសិនជាមានរះដួលកោយដាំម្ដងពីរឬ បី ម៉ាយ ងីងើមិនដួលកោយដាំនោះ គ្រាន់តែរង្គើក៏ត្រូវទទួលបទពិន័យដូចមុនៗដែរ។ ថ្នាក់ទី៥ “ចាក់ខ្ចែក” ចាក់ខ្ចែកមានរបៀបប្លែកពីមុនៗគឺគេឈានមួយជំហានគំនិតពីទី រួចយកអង្គញ់ដាក់លើខ្នង ជើងហើយ ឈានពីរជំហានទៅមុខទៀត ទើបរលាស់ចុងជើងគ្រវាត់គ្រាប់អង្គញ់ទៅឲ្យត្រូវកោយដាំ។ កាលណា មិនត្រូវក៏ស្អុយកោយបោះនោះ ចោលទៅកាលណាត្រូវអាចយកកោយដដែលនោះមកធ្វើសារជាថ្មីបានម្ដងទៀត។ ប្រសិនជាដាក់កោយខ្នងជើងហើយឈានពុំទាន់ដល់កោយដាំស្រាប់តែជ្រុះកោយទៅនោះ គេទុកជាបាក់កលៀន អណ្ដាតគឺគេឲ្យយកទៅធ្វើម្ដងទៀតតែឲ្យអ្នកនោះ ងើយកឡើងលើលៀនអណ្ដាតមិនឲ្យមើលទៅកោយដាំទេ គឺថា ធ្វើប្រថុយៗតាមស្មាន។ ចាក់ខ្ចែកឥតធ្វើពីដំណាក់ឈើតាមទៅផ្ទាត់បាននៅជិតកោយ ដាំដូចត្រកងស៊ី គោល-ស៊ីប៉ារ៉េតទេ គេធ្វើយកត្រូវពីទីតែម្ដង។ កាលបើមានរះ,មាយ, កប់ គេពិន័យដូចធ្វើអ្វីៗពីមុនមកដែរ។ ថ្នាក់ទី៦ “បោះជោះ” បោះជោះក៏ដូចជាបោះពីដំបូងដែរវិន័យគ្រប់បែបគ្រប់យ៉ាង ដូចគ្នាទាំងអស់សុទ្ធសាធ។ គិតទៅបោះជួសនេះហាក់ដូចជា គ្រាន់តែជាវិញ្ញាសារមួយសម្រាប់រង់ចាំ ពួកខាងយឺតជាងឲ្យបាន ឱកាសដេញ តាម តែប៉ុណ្ណោះ។ បានជាហៅថាបោះជោះព្រោះបន្ទាប់តែពីបោះនេះទៅ ត្រូវបានជោះហើយ (គ្រាន់តែរង់ចាំឲ្យគេ តាមប៉ុន្មានក្តារ ដែលបានសន្មត់តែប៉ុណ្ណោះ)។ របៀបជោះអង្គញ់ គេយកអង្គញ់មួយផ្ទាប់ទៅដល់ក្បាលជង្គង់ហើយយកអង្គញ់មួយទៀតវាយជួយពីលើ រាប់ចំនួន តាមដែលគេត្រូវជោះ។ ធ្វើបែបនេះហៅថា “ជោះបាយត្រជាក់”។ មួយបែបទៀតហៅថា “ជោះបាយក្ដៅ” របៀប នេះគេផ្គុំអង្គញ់ពីរតម្រួតគ្នា គឺមួយផ្តេកមួយបញ្ឈរ ហើយជោះខ្លាំងៗទៅលើក្បាលជង្គង់ មួយៗឡើងក្រហម សាច់ ទំរាំតែអស់ចំនួន៣០-៤០ សឹងតែហើមក្បាលជង្គង់តែម្ដង ជួនកាលគេយកបំពង់ឫស្សីមកខោកក្បាល ជង្គង់ធ្វើជា ជោះជំនួសគ្រាប់អង្គញ់ក៏មាន។
ឈ្មោះពិន័យដែលប្រើក្នុងល្បែងអង្គញ់នេះមាន៩ បែប៖ ទី១.ស្អុយ (គឺធ្វើខុសទុកកោយនេះ ជាអាសារបង់), ទី២.មាយ (ត្រូវម្ដងហើយ ត្រូវដដែលម្ដងទៀត), ទី៣.រះ (កោយបោះមួយ ត្រូវកោយដាំម្ដងពីរ), ទី៤.ងីងើ (កោយ បោះរត់ប៉ះកោយដាំឲ្យរង្គើមិនដួល), ទី៥.ស្រលៀង -ខ្វាក់ (ព្រោះកើយបោះទង្គិចគ្នា), ទី៦.វ័ធ-ណាត់ (កោយបោះ ជិតកោយដាំពេក), ទី៧.បាក់កលៀនអណ្ដាត (ចាក់ខ្ទាតធ្លាក់កើយកណ្ដាលទី), ទី៨.កប់ទះ (កោយដាំខ្ទេចចេញ កោយបោះនៅក្នុងរន្ធដាំ) និងទី៩.ហួសមេដំបូល (សម្រាប់ត្រកងកុំឲ្យហួសមេក្លោង)។ ច្បាប់ និងបទពិន័យលើកំហុសទាំងអស់នេះមិនជាការធ្ងន់ពិបាកប៉ុន្មានទេមានកំហុសខ្លះគេគ្រាន់តែ “ឡើង” គឺគេ ទុកក្ដារនេះជាអាសាបង់ត្រូវផ្ទេរឲ្យពួកម្ខាងទៀតឡើងទៅធ្វើម្ដងដូចជាពេលបោះទៅម៉ាយ, រះ និងកប់ទះជាដើម ប៉ុន្តែទោះជាត្រូវ “ឡើង” ក្ដីក៏លើកក្រោយគេអនុញ្ញាតឲ្យពួកនេះទុកជាធ្វើត្រូវទាំងអស់នេះដែរ។ ឯបទពិន័យ ផ្សេងទៀតក៏គ្រាន់តែដាក់ទណ្ឌកម្ម ឲ្យលំបាកក្នុងការធ្វើតែប៉ុណ្ណោះ ពុំទាន់ចាត់ទុកឲ្យកោយនោះស្អុយភ្លាមៗទេ។ ដូច្នេះបទពិន័យគ្រាន់តែឲ្យបានសប្បាយបានយូរបន្តិចប៉ុណ្ណោះឯង។ ក្រៅពីល្បែងបោះអង្គញ់ គេនៅអាចយកគ្រាប់ អង្គញ់នេះ ទៅលេងជាល្បែងមួយទៀតហៅថា “លេងកេល”។ គឺថា គេយកកោយដាំប្រាំដែរ ដាំដង្ហែជាមួយជួរ ហើយមានគូសទីមួយ ជាកន្លែងសន្មត ដាក់កោយបោះ៥ ដែរតែដាក់ ផ្ទាល់ និងដី គេយកជើងកៀស គឺជើងឆ្វេងឈរស្ងៀមលូកទៅមុខ ជើងស្ដាំថយមកក្រោយ ចុចកែងឲ្យជាប់ទៅនឹង ដីហើយចុងម្រាមឆ្កើសយ៉ាងខ្លាំងឲ្យកោយរត់ទៅត្រូវកោយដាំម្ដងមួយៗទាល់តែអស់ បើកោយណាមិនបានត្រូវ កោយដាំទេ គេទុកជាស្អុយតែបើបានត្រូវគេឲ្យត្រឡប់យកមកកេល (ឆ្កើសចុងម្រាមជើង) បានម្ដងទៀត។ ពួក ខាងណា ធ្វើត្រូវអស់មុន ឈ្មោះថា ឈ្នះ អាចជោះអ្នកចាញ់បាន។ របៀបលេងគ្រាប់អង្គញ់ម្យ៉ាង ទៀតហៅថា “បាញ់រង” គឺមានអ្នកលេងពីរពួក។ ពួកម្ខាងៗមានកោយ១០ រៀងខ្លួន គឺសម្រាប់ដាំ៥ បាញ់៥ ។ គេដាំជាជួរតម្រៀបគ្នាម្ខាងម្នាក់ ហើយយកកោយបាញ់បាញ់ទៅខាងពួកបរបក្ខម្ដងម្នាក់ ខាងណាបាញ់រំលំរបស់ពួកម្ខាងគេអស់មុនឈ្មោះថា ឈ្នះ បានជោះគេ ឯការបាញ់នោះគឺឈរបត់ក្បាលជង្គង់ ម្ខាងដាក់ចោលលើក្បាលជង្គង់បាញ់នឹងម្រាមដៃតម្រង់ទៅកោយដាំតែម្ដង។ យើងក៏អាចនិយាយបានថា ល្បែង អង្គញ់អាចរ៉ាប់ចូលក្នុងពួកកីឡា ហាត់ដៃឲ្យត្រង់ ហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យមូល។ សូមបញ្ជាក់ផងដែរថា ល្បែងប្រជាប្រិយខ្មែរយើង ក្រៅពីល្បែងបោះអង្គញ់ យើងនៅមានល្បែងជាច្រើនទៀត រួម មាន ល្បែងស្ដេចចង់ ឬអៀវ, ល្បែងចោលឈូង, ល្បែងចាប់កូនខ្លែង, ល្បែងលោតអន្ទាក់, ល្បែងលាក់កន្សែង, ល្បែងឱបត្រឡាច, ល្បែងប្រជល់មាន់, ល្បែងគ្របមាន់, ល្បែងបិទពួន, ល្បែងគោះត្រឡោក, ល្បែងទាត់សី, ល្បែង ទាញព្រ័ត្រ, ល្បែងកូនគោល, ល្បែងរាវបង្កង, ល្បែងចោះប្រមាត, ល្បែងលាក់កូនកាស, ល្បែងលាក់ធ្យូង, ល្បែងប៉ក់ចាប ល្បែងចត្រង្គ ឬអុក ឬល្បែងឈើត្រង់, ល្បែងស្វាដណ្ដើមស្លឹកឈើ និងល្បែងបាយខុំ ៕
បោះអង្គុញ ជាល្បែង​ប្រជាប្រិយខ្មែរ ដែលគេនិយម​លេង ក្នុង​ពិធី​បុណ្យចូលឆ្នាំ បោះអង្គុញ ជាល្បែង​ប្រជាប្រិយខ្មែរ ដែលគេនិយម​លេង ក្នុង​ពិធី​បុណ្យចូលឆ្នាំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.