ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិតៃវ៉ាន់ បានបើករថយន្ត TOYOTAT TACOMA យ៉ាងលឿន ខណៈដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់ ៣កង់ និងវៀច៣កង់ ឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២ នឹង ២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៩ ត្រង់ចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាក TOYOTA TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3840 បើកបរដោយបុរសម្នាក់ជាជនជាតិតៃវ៉ាន់ តាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង ហើយមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់រៀបដល់ដីចំនួន ៣កង់ និងវៀចចំនួន ៣កង់ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង។ តែក្នុងហេតុការណ៍នេះដែរ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយនៃការខូចខាតរបស់រដ្ឋ នៅពេលក្រោយ ៕
បើករថយន្ត TACOMA លឿនមិនប្រយ័ត្ន ព្រលះទ្រូងផ្លូវបាក់អស់ ៣កង់ និងវៀច ៣កង់ ក្បែរស្ពានអាកាសស្ទឹងមានជ័យ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
12:05:00 AM
Rating:
No comments: