មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិសាស្ត្រ៖ សម័យស្រីសន្ធរ

ផ្សាយថ្ងៃទី ២៨ កញ្ញា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
សម័យស្រីសន្ធរ (១៥៩៤-១៦១៨) វាជាសម័យកាលមួយចាប់ផ្ដើមពីការបែកបន្ទាយលង្វែក ពេលនោះប្រទេសខ្មែរបានធ្លាក់ក្នុងចលាចល ពួកសៀមបានចាប់រាជវង្សានុវង្សខ្មែរទៅឃុំទុកនៅស្រុកវាអស់។ បន្តបន្ទាប់មកពួកស្ដេចត្រាញ់ក្នុងតំបន់បានឆ្លៀតឱកាសក្នុងភាពវឹកវរ ហើយក៏បានលបវាយឆ្មក់យកបន្ទាយលង្វែកពីពួកសៀមមកវិញបានហើយក៏តាំងរាជធានីនៅស្រីសន្ធរ។ ស្ដេចដែលបានសោយរាជ្យនៅទីនោះ ព្រះនាម ព្រះរាមាជើងព្រៃ ជាស្ដេចត្រាញ់មួយអង្គ។
ព្រះរាជាកម្ពុជា ព្រះបរមឥន្ទរាជា (ព្រះសត្ថា) បានភៀសព្រះអង្គចេញពីបន្ទាយលង្វែក តាំងតែពីមុនពេលដែលសៀមវាយលុកចូលមក ដោយទុកឱ្យព្រះឧភយោរាជ ស្រីសុរិយោពណ៌ ដែលទើបវាយសៀមឈ្នះនៅអម្រិតបូរ (បរិបូណ៌) នៅការពាររាជធានី។ ទ្រង់បានយាងជាមួយនឹងព្រះរាជវង្សទាំងអស់កាត់ទៅរកព្រះរាជបុត្រច្បង ព្រះជ័យជេដ្ឋា ដែលរងការគាបសង្កត់ពីទ័ពសៀមមកពីទិសខាងត្បូង ហើយបានវាយដកថយទៅកាន់ស្រីសឈរ (បច្ចុប្បន្នស្រីសន្ធរ) ជាមួយនឹងព្រះអនុជចៅពញាតន់ និងពួកអឺរ៉ុប ២នាក់ផង។
គង់​នៅ​ស្រីសឈរ​បាន​បន្ដិច ព្រះរាជ​វង្សានុវង្ស​យល់​ឃើញ​ថា សុវត្ថិភាព​នៅ​ទី​នេះ​មិន​ល្អ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្ទឹងត្រែង។ ទីកន្លែង​ត្រង់​នេះ ប្រហែល​មិន​មែន​ជា​ទឹកដី​របស់​លាវ​ទេ​មើល​ទៅ​នា​សម័យ​នោះ ប៉ុន្ដែ ក៏​ប្រហែល​ជា​គ្មាន​ទំនាក់​ទំនង​អ្វី​ធំដុំ​ជាមួយ​កម្ពុជា​ដែរ ព្រោះ​នៅ​ឆ្ងាយ គឺ​នៅ​ពី​ខាងជើង​ជួរ​សម្បុក​សម្បូរ និង​ព្រះ​តាពាង (ប៉ាតាង) ទៅ​ទៀត ម្យ៉ាង​ទៀត អ្នកស្រុក​ភាគ​ច្រើន​ជា​ជនជាតិ​លាវ​ផង។
បើតាមរាជពង្សាវតារ​បាន​លើក​មូលហេតុ​ផ្សេង​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ស្ទឹងត្រែង​នេះ ដោយ​លើក​ឡើង​ថា មាន​ព្រះ​វង្ស​មួយ​អង្គ​ព្រះ​នាម​ថា​ ព្រះ​រាមាជើងព្រៃ មាន​បំណង​ដណ្ដើម​យក​មហាក្សត្រីយ​ព្រះ​ភគវតី​ស្រី​ចក្រពត្ដិ ជា​ព្រះ​ជាយា​ទី​១​របស់​ព្រះ​សត្ថា ធ្វើ​ឱ្យ​ស្ដេច​អង្គ​នេះ​ភ័យ​បារម្ភ​ចំពោះ​ព្រះ​ក្សត្រីយ ក៏​នាំ​គ្នា​រត់​ភៀស​ព្រះ​កាយ​ទៅ​ស្ទឹងត្រែង​ទៅ ដើម្បី​បាន​គេច​ផុត​ពី​គោល​បំណង​អាក្រក់​របស់​ព្រះ​រាមា​ជើងព្រៃ​ផង និង​បាន​គេច​ផុត​ពី​ទ័ព​សៀម ដែល​ធ្វើ​ដំណើរ​មក​ដល់​ទន្លេ​មេគង្គ​រួច​ទៅ​ហើយ​ផង។
ពេល​នោះ ព្រះ​ទេវី​ក្សត្រីយ ជា​ព្រះ​មាតុច្ឆា​របស់​ព្រះរាជា មិន​បាន​យាង​ទៅ​តាម​ព្រះរាជា​ទេ តែ​បាន​ភៀស​ព្រះ​កាយ​ចេញ​ពី​ស្រីសន្ធរ​ទៅ​គង់​នៅ​ឯ​ភ្នំ​ពាមជាំង ជាមួយ​រាជបុត្រា​របស់​ព្រះ​សត្ថា គឺ​ចៅពញា​តន់ និង ចៅពញា​យោម ហើយ​និង​នាម៉ឺន​ដែល​ស្មោះត្រង់​មួយ​ចំនួន ។ ចំណែក​ឯ​ ឌីយឺហ្គោ​បែឡូសូ​ និង​មិត្ដភក្ដិ​របស់​គេ​វិញ ដែល​ទើប​តែ​ត្រលប់​មក​ពី​ម៉ានីល ប្រហែល​ជា​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ព្រះ​ឧភយោរាជ និង​ព្រះរាជា​នៅ​ឯ​ស្ទឹងត្រែង ហើយ​ទាល់​តែ​ដល់​ពេល​ក្រោយ​យូរ​ណាស់ គឺ​ពេល​ដែល​ទ័ព​ឆ្មក់​កម្ពុជា​ដែល​មិន​ទាន់​មាន​ការ​រៀបរយ​ត្រឹម​ត្រូវ បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​សៀម​ដែល​ចង់​ពង្រីក​អំណាច​មក​ទិស​ខាងកើត និង​ខាងត្បូង ទើប​ពួក​នេះ​ត្រលប់​ចុះ​មក​វិញ​ដើម្បី​ចូលរួម​ជាមួយ។ បេឡូសូ ត្រូវ​សៀម​ចាប់​បាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​នៅ​ក្នុង​ឆ្នាំ​១៥៩៤។ ចំណែក​ឯ​ ​ប្លារូហ្ស៍​-អង់តូនីញ៉ូ​ម៉ាសាដូ និង​ប៉ង់តាលេអុង​ការណៃរ៉ូ ត្រូវ​ចាប់ខ្លួន​បាន​ពេល​ក្រោយ​បន្ដិច​នៅ​ក្នុង​ការ​ប្រយុទ្ធ​តាម​នាវា។
ព្រះ​ឧភយោរាជ​ព្រះ​សត្ថា និង​ព្រះរាជា​ជ័យជេដ្ឋា បាន​សុគត​នៅ​ក្នុង​ឆ្នាំ​១៥៩៤ នៅ​ឯ​ស្ទឹងត្រែង ព្រះសត្ថា​ពេល​នោះ មាន​ព្រះ​ជន្មាយុ​៤១​ព្រះ​វស្សា ទ្រង់​បាន​សោយរាជ្យ​ ឬ​ដឹកនាំ​ប្រទេស​បាន​១៧​ឆ្នាំ ឯ​ព្រះ​ជ័យជេដ្ឋា​មាន​ព្រះ​ជន្មាយុ​៣០​ព្រះ​វស្សា​ទ្រង់​បាន​សោយរាជ្យ​ក៏​ប៉ុន្ដែ​មិន​បាន​ដឹកនាំ​ប្រទេស​ទេ​អស់​ពេល​១០​ឆ្នាំ។
បើ​តាម​ការ​និទាន​តៗ​គ្នា​នៅ​សម្បូរ ព្រះ​អដ្ឋិធាតុ​របស់​ស្ដេច​ទាំង​២​អង្គ បាន​ត្រូវ​គេ​នាំ​យក​មក​បញ្ចុះ​នៅ​ក្នុង​ចេតិយ​មួយ​នៅ​ក្នុង​បរិវេណ​វត្ដ​សម្បូរ។ សម្បូរ​ពេល​នោះ គឺជា​ទីក្រុង​ធំ​មួយ។
ដោយ​ពិនិត្យ​ឃើញ​ថានគរ​គ្មាន​ស្ដេច ហើយ​ពញា​តន់​ក៏​គ្មាន​សមត្ថភាព​នឹង​ឈ្លោះ​ដណ្ដើម​រាជសម្បត្ដិ​បាន ព្រះវង្សា​រាមា​ជើងព្រៃ​ដែល​មាន​ព្រះ​ជន្ម​៥០​ព្រះ​វស្សា​ទៅ​ហើយ បាន​ចាប់​ផ្ដើម​ដណ្ដើម​យក​អំណាច។ ទ្រង់​បាន​ចាប់​ផ្ដើម​រជ្ជកាល​របស់​ព្រះ​អង្គ​ដោយ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​មោះមុត​ឥត​ខ្លាច​ស្លាប់ គឺ​ទ្រង់​បាន​កេណ្ឌ​ទ័ព​ដោយ​ស្ងាត់​កំបាំង រួច​វាយ​ចូល​រាជធានី​ភ្លាម​ គ្មាន​ឱ្យ​នរណា​ដឹង​ទាន់ សម្លាប់មេទ័ព​ពញា​មហាមន្ដ្រី​សៀម ដែល​គ្រប់​គ្រង​នៅ​ទីនោះ​ជាមួយ​នឹង​ពលរេហ៍​សៀម​២​ម៉ឺន​នាក់។ បន្ទាប់​មក ប្រហែល​ដោយ​ខ្លាច​ពួក​សៀម​វិល​ត្រលប់​មក​វិញ ណា​មួយ​រាជធានី​ស្ថិត​នៅ​ជិត​ព្រំប្រទល់​ខែត្រ​បាត់ដំបង និង​អង្គរ ជាទី​ដែល​សៀម​បាន​ដាក់​ទ័ព​ប្រមូល​ផ្ដុំ​ផង ព្រះរាជា​ក៏​យាង​មក​គង់​នៅ​ឯ​ស្រីសន្ធរ​វិញ ហាក់​បីដូច​ថា​ព្រះ​អង្គជា​ព្រះរាជា​ពេញ​សិទ្ធិ មាន​បរិពារ​ហែហម និង​សេវា​បម្រើ​ផ្សេងៗ​សម្រាប់​ព្រះរាជវាំង។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នៅ​ពេល​បាន​ទទួល​ព័ត៌មាន​ស្ដីពី​មរណភាព​របស់​ស្ដេច​ទាំង​ពីរ​អង្គ​ដែល​ជា​អ្នក​គាំពារ​របស់​ខ្លួន​ បេឡូសូ​ ដែល​នៅ​ជាប់​ក្នុង​ទី​ឃុំឃាំង​របស់​សៀម​មាន​ការ​អស់​សង្ឃឹម​ជា​ខ្លាំង​ថា​នឹង​លែង​អាច​វិល​ត្រលប់​មក​ជាន់​ដី​កម្ពុជា​វិញ​ជា​រៀង​រហូត​ហើយ ក៏​យល់​ព្រម​បំពេញ​បេសកកម្ម​ឱ្យ​ស្ដេច​សៀម ដោយ​ធ្វើ​ដំណើរ​ទៅ​ហ្វីលីពីន​ស្នើ​សុំ​ឱ្យ​អភិបាល​ក្រុង​ម៉ានីល ចង​មេត្រី​ភាព​រវាង​អេស្ប៉ាញ និង​ស្រុក​សៀម។ ពេល​ទៅ​ដល់​ម៉ានីល​ បេឡូសូ បាន​ជួប​ជាមួយ​មិត្ដភក្ដិ​របស់​គាត់​ដែល​ទើបតែ​ទៅ​ដល់​ដែរ ក្រោយ​ពី​បាន​ចាប់​ពួក​ទាហាន​ដែល​ស្ដេច​សៀម​ប្រគល់​ភារកិច្ច​ឱ្យ​ថែរក្សា​ពួក​គេ​បោះ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ឬ​ចង​ដាក់​ច្រវាក់ ដោយ​មាន​ការ​ឃុបឃិត​ពី​ក្រុម​អ្នក​ដើរ​សំពៅ​ចិន រួច​ក៏​បើក​សំពៅ​រត់​ទៅ។ បេឡូសូ​ក៏​ចាប់​ប្រែ​ចិត្ដ​វិញ មិន​បាន​ធ្វើ​កិច្ចការ​ដើម្បី​គាំទ្រ​ឱ្យ​មាន​ចំណង​មេត្រីភាព​ជាមួយ​សៀម​ទេ តែ​បែរ​ជា​ទៅ​សំណូមពរ​ឱ្យ​ជួយ​គាត់​មក​កម្ពុជា​វិញ តែ​មិន​មែន​គាំទ្រ​ព្រះ​រាមា​ជើងព្រៃ​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ស្ដេច​ជ្រែករាជ្យ​ ហើយ​ដែល​ប្រហែល​ជា​នឹង​មិន​ស្វាគមន៍​ខ្លួន​ផង​នោះ​ទេ​តែ​គឺ​ដើម្បី​ជួយ​ដល់​រជ្ជទាយាទ​របស់​ព្រះមហាក្សត្រ​ដែល​សុគត​ទៅ​នៅ​ឯ​ស្ទឹងត្រែង​ទៅ​វិញ។​ ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​ដូមីនីកាំង​ និង​ពួក​អូហ្គូស្តាំងនៅ​ម៉ានីល ដែល​មាន​បំណង​ចង់​ឱ្យ​អេស្ប៉ាញ​ដណ្ដើម​យក​កម្ពុជា ដើម្បី​ខ្លួន​បាន​ប្រែក្លាយ​ប្រទេស​នេះ​ឱ្យ​កាន់​សាសនា​កាតូលិក​វិញ រួច​ហើយ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។ ទីបំផុត​បេឡូសូ​ក៏​និយាយ​បញ្ចុះ​បញ្ចូល​លោក​អភិបាល​ល្វីប៉េរ៉េដាស​ម៉ារីញ៉ា ដែល​ជា​កូន​របស់​សព​លោក ហ្គោមេ​ប៉េរ៉េដាស​ម៉ារីញ៉ា បាន​សម្រេច​ដោយ​ទទួល​បាន​ទ័ព​អេស្ប៉ាញ ១២០​នាក់ និង​កប៉ាល់​៣​គ្រឿង ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អនុសេនីយ៍ឯកជន និង​ជេរៃ​ហ្គាលីណាតូ មាន​ដើម​កំណើត​មក​ពី​ឡាសប៉ាល់ម៉ាស (កោះ​កាណារី) ហើយ​និង​ពួក​ដូមីនីកាំង​៣​នាក់ ក្នុង​នោះ​មាន​លោក​ឪអាឡុងសូ​ជីមឺណេ អាយុ​ប្រហែល​៧០​ឆ្នាំ និង​លោក​ឪពុក ឌីយឺហ្គោ​អាឌូអាត ដែល​ជា​មនុស្ស​អង់អាច​ក្លាហាន​ផង​ដែរ។​ កប៉ាល់​ទាំង​៣​ចេញដំណើរ​ពី​ម៉ានីល​នៅ​ថ្ងៃ​ទី​ ១៩​ ខែ មករា​ ឆ្នាំ​ ១៥៩៦។​ មាន​តែ​កប៉ាល់​២​ទេ​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា គឺ​កប៉ាល់​ដែល​បញ្ជា​ដោយ​បេឡូសូ និង​ប្លារូហ្ស៍ ចំណែក​កប៉ាល់​១​ទៀត​ដែល​បញ្ជា​ដោយ ហ្គ្រេហ្គ័រ​ដឺវ៉ាហ្គាស វង្វេង​ផ្លូវ ឬ​មក​ដល់​ក្រោយ​ក៏​មិន​ដឹង។ មក​ដល់​កម្ពុជា បេឡូសូ​ចត​កប៉ាល់​នៅ​បារ៉ារ៉ា (ខែត្រ​បារាជ)។ គឺ​នៅ​ទីនោះ​ឯង ដែល បេឡូសូ បាន​ទទួល​ដំណឹង​ថា​ ព្រះ​រាមា​ជើងព្រៃ​ដណ្ដើម​យក​រាជសម្បត្ដិ​បាន​ហើយ​យាង​មក​គង់​នៅ​ស៊ីស្ទ័រ​(ស្រីសន្ធរ)។ បេឡូសូ​គិត​ថា​ត្រូវ​ចុះចូល​នឹង​ព្រះរាជា​ថ្មី​នេះ​ហើយ​បាន​បញ្ជូន​ព័ត៌មាន​ស្ដីពី​ការ​មក​ដល់​របស់​ខ្លួន​ទៅ​ថ្វាយ​ព្រះ​រាមា​ជើងព្រៃ។ ដើម្បី​លើក​ជើង បេឡូសូ ព្រះ​រាមា​ជើងព្រៃ បាន​បញ្ជូន​ទៅ​វិញ​នូវ​លិខិត​តែង​តាំង បេឡូសូ ជា​អភិបាល​ខែត្រ និង​លិខិត​អនុញ្ញាត​ឱ្យ ប្លាសរូហ្ស៍ មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏​បាន​នៅ​ក្នុង​ព្រះរាជា​ណាចក្រ រួច​ទ្រង់​រង់ចាំ​ស្ដាប់​ដំណឹង​ឆ្លើយ​តប​ពី​មិត្ដ​របស់​អតីត​ព្រះមហាក្សត្រ​ទាំង​ព្រះ​ទ័យ​ព្រួយ​បារម្ភ​ទៅ​វិញ។ បេឡូសូ និង​ប្លាសរូហ្ស៍ បាន​ធ្វើ​ដំណើរ​ឡើង​តាម​ទន្លេ​មេគង្គ មក​ដល់​ភ្នំពេញ​ដែល​កាលនោះ​គេ​ហៅ​ថា​ ចតុម្មុខ។ បើ​តាម​ឯកសារ​របស់​ពួក​អេស្ប៉ាញ និង​ព័រទុយហ្គាល់ ថា ចតុម្មុខ​នា​ពេល​នោះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ មាន​ជនជាតិ​ចិន​រស់នៅ​ចំនួន​៣​ពាន់​នាក់។ ពេល​នោះ​មាន​ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង​រវាង​ពួក​ចិន​នឹង​ពួក​អឺរ៉ុប។ ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​ជប៉ុន ដែល​កាន់​គ្រិស្ដសាសនា​ចំនួន​២០​នាក់ ពួក​អឺរ៉ុប​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ពួក​ចិន ហើយ​សម្លាប់​ពួក​នេះ អស់​៣​រយ​នាក់​រួច​រឹបអូស​យក​សំពៅ​ចិន​ទាំង​អស់​ព្រមទាំង​ទំនិញ​ផង។​ ច្រើន​ថ្ងៃ​ក្រោយ​មក​ បេឡូសូ​ និង​ប្លាសរូហ្ស៍ បាន​បញ្ជូន​សំណើ​ទៅ​សុំ​ចូល​គាល់​ព្រះរាជា មិន​មែន​ដើម្បី​រាយការណ៍​ថ្វាយ​អំពី​ព្រឹត្ដិការណ៍​វាយ​ប្រហារ​នោះ​ទេ តែ​គឺ​ដើម្បី​ថ្វាយ​សត្វ​លា​មួយ​ក្បាល​ និង​ជំនូន​មួយ​ចំនួន​ដែល​អភិបាលក្រុង​ម៉ានីល​បាន​បន្ទុក​បណ្ដាក់​ឱ្យ​ខ្លួន​នាំ​យក​មក​ថ្វាយ។ ប៉ុន្ដែ​ព្រះរាជា​បាន​បដិសេធ​មិន​ព្រម​ទទួល​ទេ ដរាបណា​ពួក​អឺរ៉ុប​មិន​ទាន់​ប្រគល់​សំពៅ និង​ទំនិញ​ទៅ​ឱ្យ​ពួក​ចិន​វិញ ។
ឆ្លើយ​តប​ទៅ​នឹង​ព្រះរាជ​ឥរិយាបថ​នេះ​ បេឡូសូ​ និង​ប្លាសរូហ្ស៍​បាន​សម្រេច​ចាត់​ចែង​សភាព​ការណ៍​ឱ្យ​បាន​លឿន។ គេ​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​ស្រីសន្ធរ ជាមួយ​នឹង​ដូមីនីកាំង​ឌីយ៉ឺហ្គោ​អាឌូអាត និង​កម្លាំង​មោះមុត​ដាច់​ខាត​ចំនួន​៣៨​នាក់។ ចេញ​ដំណើរ​ពី​ក្បាល​ព្រលប់ ដើរ​ចម្ងាយ​៣០​គីឡូម៉ែត្រ ពួក​នេះ​បាន​មក​ដល់​រាជធានី​នៅ​ប្រហែលជា​ម៉ោង​២​ទៀប​ភ្លឺ ហើយ​បាន​ចាប់​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះរាជវាំង​មុន​ថ្ងៃ​រះ។ ព្រះ​រាមា​ជើងព្រៃ បាន​ត្រូវ​ពួក​នេះ​ធ្វើឃាត នៅ​ពេល​ដែល​ទ្រង់​កំពុង​រៀបចំ​ភៀស​ខ្លួន​ចេញ​ជាមួយ​ស្រីស្នំ និង​សេនា​ការពារ ចំណែក​ឯ​ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​រាជបរិពារ ដែល​មាន​តែ​លំពែង និង​ធ្នូ​ស្នា​ជា​អាវុធ បាន​ត្រូវ​បាញ់​សម្លាប់​អស់​ជា​ច្រើន (ព្រឹត្ដិការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ខែ ​ឧសភា ឆ្នាំ​ ១៥៩៦)។ ប្រតិបត្ដិការ​នេះ ទទួល​បាន​ជោគជ័យ​ទាំងស្រុង ក៏​ប៉ុន្ដែ​ពួក​អ្នក​ផ្សងព្រេង​បាន​ត្រូវ​អ្នកស្រុក​ចោមរោម​វាយបក​វិញ ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា​ពួក​នេះ​មាន​ចំនួន​តិច​ជាង ដោយ​បង្ខំ​ឱ្យ​ពួក​គេ​ដកថយ​មក​កាន់​ភ្នំពេញ​វិញ​ទាំង​លំបាក ជាទី​ដែល​គេ​ចត​កប៉ាល់​ទុក។ បើ​កុំ​តែ​មេទ័ព​ខ្មែរ​ត្រូវ​របួស​ដោយ​លំពែង​ធ្លាយ​ពោះ​ស្លាប់ កុំ​អី​ពួក​នេះ​ពិបាក​នឹង​គេចខ្លួន​រួច​ណាស់។ គាប់​ជួន​ពេល​នោះ ហ្គាលីណាតូ និង​ពល​ទាហាន​របស់​គេ បាន​ធ្វើ​ដំណើរ​ពី​បារាជ​មក​ដល់​ល្មម ធ្វើ​ឱ្យ​សភាពការណ៍​នៅ​ភ្នំពេញ​ល្អ​ប្រសើរ​ឡើង​វិញ។ ក៏​ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រោយ​ពី​បាន​បើក​ការ​ប្រជុំ​ក្រុមប្រឹក្សា​សង្គ្រាម​មួយ​រួច​មក ហើយ​ពិនិត្យ​ឃើញ​ថា ពួក​ខ្មែរ​អាច​នឹង​បើក​ការ​ប្រយុទ្ធ​បក​ម្ដង​ទៀត​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទប់​ទល់ ហ្គាលី​ណាតូ បាន​សម្រេច​លើក​យុថ្កា​បើក​កប៉ាល់​ចេញ​ពី​ភ្នំពេញ​ចុះ​តាម​ទន្លេ​មេគង្គ ធ្វើ​ដំណើរ​ទៅ​កាន់​តុងកឹង​វិញ​ក្នុង​គោល​បំណង​ទៅ​ទាមទារ​យក​កប៉ាល់​មួយ​គ្រឿង​ដែល​ពួក​ចិន​បាន​នាំ​យក​ទៅ​ក្រោយ​ពី​បាន​ធ្វើ​ឃាត​លោក​អភិបាលក្រុង​ម៉ានីល និង​ក្រុម​នាវិក​រួច​មក។ ទៅ​ដល់​តុងកឹង បែឡូសូ និង​ប្លារូហ្ស៍ ដែល​នៅ​តែ​មាន​គំនិត​មិន​ចង់​បោះបង់​គម្រោងការ​របស់​ខ្លួន​នៅ​កម្ពុជា​នោះ បាន​នាំ​គ្នា​ដើរ​បែក​ចេញពី​ជន​រួមជាតិ​គេ ឆ្លង​កាត់​ជួរ​ភ្នំ​អាណ្ណាម ស្រុក​របស់​អ្នកព្រៃ​ខា ចូល​មក​ស្រុក​លាវ រួច​ត្រលប់​មក​កម្ពុជា​វិញ។ មក​ដល់​ស្ទឹងត្រែង​ ពួក​គេ​បាន​បញ្ចុះ​បញ្ចូល​អ្នក​អង្គ​ម្ចាស់​តន់​ថា​ ឱកាស​ដណ្ដើម​យក​រាជសម្បត្ដិ​មក​ដល់​ហើយ ហើយ​យាង​ព្រះ​អង្គ​ឱ្យ​ធ្វើ​ដំណើរ​មក​ជាមួយ​គេ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ស្រីសន្ធរ ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី​ដែល​កំពុង​តែ​នឿយ​ណាយ​នឹង​អនាធិបតេយ្យ បណ្ដាល​មក​ពី​មរណភាព​របស់​ព្រះ​រាមា​ជើងព្រៃ​ផង ពីព្រោះ​ថា​កម្ពុជា​ពេល​នោះ មិន​មែន​គ្រាន់តែ​គ្មាន​ស្ដេច​សោយរាជ្យ​ប៉ុណ្ណោះ​ទេ គឺ​ខ្វះ​ទាំង​អ្នក​ឡើង​ស្នងរាជ្យ​បន្ដ​ថែម​ទៀត ក៏​សម្រេច​នាំ​គ្នា​លើក​ចៅពញា​តន់ ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៥៩៦ ទៅ ។ ក្នុងសម័យដែលព្រះរាមាជើងព្រៃក៏មានព្រឹត្តិការណ៍មួយគួរឱ្យកត់សម្គាល់ដែរ គឺរឿងស្នេហាស្មោះស្ម័គ្រ ទុំទាវ ដែលជារឿងស្នេហាគំរូមួយក្នុងប្រទេសខ្មែរ រឿងស្នេហានេះកើតឡើងក្នុងខែត្រត្បូងឃ្មុំ ដោយសារតែមានការបង្កើតជាកិច្ចកលល្បិចដើម្បីឱ្យនាងទាវបានរៀបការនឹងកូនខ្លួនម៉ឺនងួន ស្ដេចត្រាញ់ ខែត្រត្បូងឃ្មុំ អ្នកឧកញ៉ាអរជូន ត្រូវបានព្រះរាមជើងព្រៃ ដាស់ទោសប្រហារជីវិតដោយប្រើរនាស់ភ្ជួររាស់ក្បាល។ ហើយពួកអ្នកស្រុកដែលបានចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍នោះ ក៏បានក្លាយជាអ្នកព្រៃងារចាប់ពីពេលនោះមក។
ក្រោយពីការសោយទិវង្គតរបស់ព្រះរាមាជើងព្រៃមក ចៅពញាតន់ក៏បានឡើងសោយរាជ្យបន្ត។ ចៅពញា​តន់​ពេល​នោះ​មាន​ព្រះ​ជន្មាយុ​១៨​ព្រះ​វស្សា។ នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​ជ្រើសតាំង​ព្រះ​អង្គ​ជា​មហាក្សត្រ​នៅ​ថ្ងៃ​ទី​ ១៤ ខែ ​ឧសភា ឆ្នាំ​ ១៥៩៦ ដោយ​ថ្វាយ​ព្រះ​នាម​ថា​ «សម្ដេចព្រះ​បរមរាជា »។
ក្រោយ​ពី​បាន​ឡើង​សោយរាជ្យ ព្រះ​បរមរាជា​បាន​សព្វ​ព្រះរាជហឫទ័យ​តបស្នង​សងគុណ​ដល់ បែឡូសូ និង​ប្លារូហ្ស៍ ភ្លាម ដោយ​ទ្រង់​លើក​អ្នក​ទី​១​ឱ្យ​ធ្វើ​ជា​ស្ដេចត្រាញ់​នៅ​លើ​ដី​បាភ្នំ និង​អ្នក​ទី​២​ឱ្យ​ធ្វើ​ជា​ស្ដេចត្រាញ់​នៅ​លើ​ដី​ទ្រាំង។ តាម​មើល​ទៅ ប្រជាជន​ប្រហែលជា​មិនសូវ​ពេញចិត្ដ​ប៉ុន្មាន​ទេ នឹង​ការ​តែង​តាំង​ពួក​អ្នក​ផ្សងព្រេង​ទាំង​២ ឱ្យ​ក្លាយ​ទៅជា​អភិបាល​ខែត្រ​ដ៏​មាន​អំណាច​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​នេះ​ ហើយ​មាន​មន្ដ្រី​ជា​ច្រើន​នាក់​ដែល​មិន​សប្បាយ​ចិត្ដ។ ដោយ​ហេតុ​នេះ ព្រះរាជា​ដែល​គង់​នៅ​ក្រោម​ស្វេតច្ឆត្រ មិន​សូវ​ជា​ស្រួល​ប៉ុន្មាន​ទេ។ បែឡូសូ និង​ប្លារូហ្ស៍​ យល់​ហេតុការណ៍​នេះ​ច្បាស់​ណាស់​ ក៏​តាំង​ស្វះ​ស្វែង​រក​ជំនួយ​ពី​ខាងក្រៅ។​ បែឡូសូ​បាន​សុំ​ជំនួយ​ពី​ពួក​ព័រទុយហ្គាល់ នៅ​ម៉ាឡាកា ឯ​ប្លារូហ្ស៍ ទៅ​សុំ​ជំនួយ​ពី​ពួក​អេស្ប៉ាញ​នៅ​ឯ​ហ្វីលីពីន។ អភិបាល​ក្រុង​ម៉ានីល​បាន​ប្រគល់​ទាហាន ២០០​នាក់ ឱ្យ​ជិះ​កប៉ាល់​៣​គ្រឿង​ចេញ​មក ក៏​ប៉ុន្ដែ​គ្មាន​កប៉ាល់​ណាមួយ​បាន​មក​ដល់​កម្ពុជា​ទេ ហើយ​មាន​តែ​កប៉ាល់​១​ប៉ុណ្ណោះ​ដែល​បាន​ត្រលប់​ទៅ​ដល់​ហ្វីលីពីន​វិញ។ ដូច្នេះ បែឡូសូ និង​ប្លារូហ្ស៍ មិន​អាច​ពឹង​ផ្អែក​អ្នក​ណា​បាន​ក្រៅ​តែ​ពី​ពឹង​លើ​ខ្លួនឯង​ឡើយ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
នៅ​ពេល​នោះ ពួក​ចាម និង​ម៉ាឡេ ដែល​ព្រះរាជា​ខ្មែរ​មុនៗ​អនុញ្ញាត​ឱ្យ​រស់នៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ បើ​ទោះបី​ថា​ពួក​នេះ​ជា​ជនបរទេស​ហើយ​កាន់សាសនា​មហាម៉ាត់​ក៏​ដោយ បាន​នាំ​គ្នា​បះបោរ​ឡើង។ ពួក​នេះ​បាន​ពិនិត្យ​មើល​ឃើញ​ថា​ព្រះរាជា​ណាចក្រ​ចុះ​ទន់ខ្សោយ ក៏​មាន​បំណង​ចង់​កាន់​អាវុធ​ឡើង​ទាមទារ​ឯករាជ្យ ក្រោម​ការ​ដឹកនាំ​របស់​មេ​២​នាក់ គឺ​ចាម​ឈ្មោះ ពោធិរតន៍ ដែល​ប្រហែល​ជា​ជាប់​ខ្សែស្រឡាយ​នឹង​រាជវង្ស​ចាម​ពី​មុន​ និង​ជន​ម៉ាឡេ​ឈ្មោះ​ ល័កស្មណៈ ដែល​ពង្រត់​ម្ចាស់​ក្សត្រី​១​អង្គ​ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់​ប្រហែល​ជា​ក្សត្រីយ៍​ដែល​ធ្លាប់​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ បែឡូសូ ហើយ​ទ្រង់​មាន​គំនុំ​ស្អប់​ពួក​អឺរ៉ុប ជំរុញ​ឱ្យ​ល័កស្មណៈ​ធ្វើការ​សង​សឹក​ថ្វាយ។ បែឡូសូ និង​ប្លារូហ្ស៍ បាន​កេណ្ឌ​ទ័ព​នៅ​ក្នុង​អាណា​ខែត្រ​ទឹកដី​របស់​ខ្លួន រួច​ចេញ​ច្បាំង​វាយ​កម្ទេច​ពួក​ចាម និង​ម៉ាឡេ បះបោរ​បរាជ័យ​អស់​ទៅ។ ពេល​មក​ដល់​រាជធានី​ស្រីសន្ធរ ព្រះ​បរមរាជា​ចៅពញា​តន់ បាន​ចាត់​ឱ្យ​អ្នក​ទាំង​២​បន្ដ​ដំណើរ​ទៅ​កាន់​ភ្នំពេញ ដើម្បី​ជួយ​រៀបចំ​សណ្ដាប់​ធ្នាប់ ដែល​ល្អក់​កករ​ដោយ​ជម្លោះ​រវាង​ពួក​ជប៉ុន និង​អេស្ប៉ាញ ២​កប៉ាល់​ដែល​ទើបតែ​មក​ដល់ ដោយ​ដឹក​អាវុធ​យុទ្ធភណ្ឌ​មក​ផ្គត់ផ្គង់​កប៉ាល់​៣​មុន ដែល​នៅ​ម៉ានីល​គេ​មិនដឹង​ថា​បាត់​ដំណឹង​ទៅ​ហើយ​ទេ។​ ក៏​ប៉ុន្ដែ​បែឡូសូ​ និង​ប្លារូហ្ស៍​មក​ដល់​យឺត​ពេល​ ពួក​ជប៉ុន​បាន​សម្លាប់​ពួក​អេស្ប៉ាញ​អស់​ជា​ច្រើន។ បន្ទាប់​មក ពួក​ជប៉ុន​បាន​រួម​ដៃ​ជាមួយ​នឹង​ពួក​ម៉ាឡេ ព្រួត​គ្នា​វាយ​មក​លើ​ទ័ព​ដ៏​តិចតួច​របស់ បែឡូសូ និង​ប្លារូហ្ស៍ ហើយ​សម្លាប់​អ្នក​ទាំង​២​បាន ក្រោយ​ពី​ការ​ប្រយុទ្ធ​ដ៏​អង់អាច​ក្លាហាន​រួច​មក។ (សូមរងចាំអាននៅលេខក្រោយទៀត) (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិសាស្ត្រ៖ សម័យស្រីសន្ធរ ប្រវត្តិសាស្ត្រ៖ សម័យស្រីសន្ធរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:11:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.