មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក) មាន-តនៅលេខក្រោយទៀត

ផ្សាយថ្ងៃទី ១៩ ធ្នូ ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
តាមទស្សនៈថ្មី គេបានចាត់ទុកថា អរិយធម៌ ជាធម៌សំយោគរវាង វប្បធម៌ និងសង្គមធម៌ ហើយពុំមែនជាកម្រងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់គ្នាហូរហែតែប៉ុណ្ណោះទេ ។ យើងយល់ថាទស្សនៈនេះមានលក្ខណៈសមរម្យណាស់ ហើយយើងចង់យកមកអនុវត្តក្នុងកិច្ចការរបស់យើងនេះដែរ ដើម្បីបង្ហាញអោយអ្នកអានឃើញភាពនៃសង្គមខ្មែរយើងក្នុងសម័យកាលនីមួយៗ ។ ប៉ុន្តែក្នុងការធ្វើអោយសម្រេចបំណងរបស់យើងខាងលើនេះ យើងត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន ។ យ៉ាងណាមិញ ឯកសារដែលយើងប្រើប្រាស់សម្រាប់ចងក្រងអរិយធម៌ខ្មែរសម័យក្រោយអង្គរនេះ ច្រើនតែជា រាជពង្សាវតារ ។ ដូចមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា រាជពង្សាវតារ ជាឯកសារអធិប្បាយអំពីដំណើរប្រែប្រួលរបស់ស្ដេចផែនដី ម្ល៉ោះហើយព័ត៌មានដែលយើងអាចស្រង់ចេញពីឯកសារប្រភេទនេះ ច្រើនតែសង្កត់ទៅលើរឿងរ៉ាវដែលទាក់ទងនឹងព្រះមហាក្សត្រ រាជវង្សានុវង្ស នាម៉ឺន ចម្បាំង ចំណែកឯព័ត៌មានដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ការរស់នៅ និងមែកធាងឯទៀតនៃវប្បធម៌និងសង្គមធម៌ មានតិចតួចស្ដួចស្ដើងណាស់ ។ តាមការសង្កេត សៀវភៅប្រវត្តិសាស្ត្រជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ដែលបានចងក្រងរួចមកហើយរហូតដល់ពេលនេះក៏ពុំអាចទៅដល់គោលដៅខាងលើនេះដែរ ។ ចំពោះយើងវិញ យើងពុំហ៊ានអះអាងថានឹងទៅដល់គោលដៅទាំងស្រុងនោះដែរ តែទោះបីមានកង្វះឯកសារយ៉ាងណាក៏ដោយក៏យើងនឹងខិតខំសាកល្បងដោយប្រើឯកសារដែលមានរួចមកហើយ ផ្សំជាមួយនឹងឯកសារបរទេសខ្លះ ដើម្បីធ្វើអោយសង្គមខ្មែរក្នុងអតីតកាលលេចរូបរាងឡើង​ចំពោះមុខអ្នកអានតាមលទ្ធភាពដែលយើងអាចធ្វើបាន ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ទោះបីជាលទ្ធិទេវរាជត្រូវខ្មែរបោះបង់ចោលជាស្ថាពរតាំងពីបដិវត្តន៍ នាយត្រសក់ផ្អែមមកម៉្លេះក៏ដោយ ក៏ព្រះមហាក្សត្រនៅមានលក្ខណៈពិសិដ្ឋពុំមានជនណាល្មើសបានឡើយ ហើយដែលគេនិយមហៅថា ព្រះសម្មតិទេព គឺថាជាជនខ្ពង់ខ្ពស់ផុតគេឬក៏ជា ទេវតា ដោយសន្មតក្នុងចំណោមមនុស្ស ជាអាណាប្រជានុរាស្ត្ររបស់ព្រះអង្គ ។ លក្ខណៈពិសិដ្ឋរបស់ព្រះមហាក្សត្រខាងលើនេះ គឺបានមកពីពិធី រាជាភិសេក អោយឡើងសោយរាជ្យសម្បត្តិ (manger la royaute) ។ ពាក្យ សោយ នេះខ្មែរពីបុរាណលោកបានប្រើជាហូរហែររៀងមក មានភស្តុតាងក្នុងសិលាចារឹកជាដើម តែលោកសរសេរថា ស្វេយ ទៅវិញ (ស្វេយវ្រៈ ធម៌្មរាជ្យ សិលាចារឹកប្រាសាទ លុះគ.ស.១០៤៩) ។ គួរគប្បីជ្រាបថាក្សត្រអង្គណាដែលមិនទាន់បានអភិសេក ហើយគ្រាន់តែបានទទួលរាជសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រជាបណ្ដោះអាសន្នសិននោះ តាមក្បួនលោកអោយហៅថា គ្រងរាជសម្បត្តិ ដូចជាករណីរបស់ ព្រះបរមរាជាទី២ ចៅពញាយ៉ាត កាលដែលវាយរំដោះបានរាជធានីអង្គរពីកណ្ដាប់ដៃនៃទ័ពសៀម និងព្រះចន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកន ជាស្ថាពរនៅឡើយ ។ ម្យ៉ាងទៀត ប្រសិនបើអភិសេកក្នុងពេលធ្វើសង្គ្រាមលោកអោយហៅថា សង្គ្រាមាភិសេក ហើយប្រសិនបើអភិសេកក្រោយ​ដែលបានបង្ក្រាបខ្មាំងសត្រូវអោយរាបទាបលោកអោយហៅថា ប្រាប្តាភិសេក ទៅវិញ ។ ត្រង់នេះ គួរគប្បីជ្រាបថាក្សត្រ​ដែលអាចអភិសេកឡើងសោយរាជ្យពេញលក្ខណៈជាព្រះមហាក្សត្របានលុះណាតែមាន គ្រឿងសម្រាប់រាជ្យ គឺ ព្រះខាន់១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចក្សេត្រ ។ ប៉ុន្តែបើតាមឯកសារខ្មែរខ្លះ គេបញ្ចូលព្រះខាន់រាជ្យរឺព្រះខាន់ជ័យ នេះទៅក្នុងចំណោមគ្រឿងបញ្ចក្សេត្រ វិញដែលគេហៅថា បញ្ចកកុធភ័ណ្ឌ ឬ រាជកកុធភ័ណ្ឌ គឺ៖
ព្រះមកុដ
ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស)
ព្រះខាន់
ស្វេតច្ឆត្រ
ព្រះសុវណ្ណបាទុកា (ស្បែកជើងមាស)
ប្រភពដែលបាននិយាយទៀតថា: " កាលនឹងស្ដេចចេញទៅធ្វើរាជសង្គ្រាមក៏ត្រូវយក ព្រះខាន់ជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹងយកព្រះខាន់ ប្រហារអោយវិនាសទៅបាន រួមសេចក្ដីទៅថាត្រូវតែសម្លាប់ដោយកិត្តិយស" ។ ទោះបីចាប់ពីរជ្ជកាលព្រះបាទត្រសក់ផ្អែមតមក ខ្មែរយើងកាន់ខ្ជាប់តែព្រះពុទ្ធសាសនាហីនយានក៏ដោយ តែ ព្រះខាន់រាជ្យនិងគ្រឿងបញ្ចក្សេត្រ ត្រូវបានពួកបាគូ​ ជាអ្នកថែរក្សាយ៉ាងតឹងរ៉ឹងហើយនឹងមានកិច្ចធ្វើពិធីបូជាជារៀងរាល់ខែផង ។ ពួកបាគូនេះជាកូនចៅមានតំណវង្សពីពួកព្រាហ្មណ៍បុរោហិត គឺពួកព្រាហ្មណ៍ដែលមាននាទីប្រារព្ធធ្វើរាជាពិធីផ្សេងៗ ក្នុងព្រះរាជវាំងនាសម័យអង្គរ ដែលព្រះរាជាខ្មែរភាគច្រើននិយមរាប់អានសាសនាព្រាហ្មណ៍ជាង​ព្រះពុទ្ធសាសនា ។ តាមរាជពង្សាវតារខ្មែរ ថាកាលដែលស្ដេចកន មានជ័យជំនះហើយ សម្ដេចឥសីភទ្ទ បានយកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និង គ្រឿងបញ្ចក្សេត្រ ទៅលាក់ទុកក្នុងរន្ធនៃប្រហោងដើមចំបក់មួយនៅក្នុងព្រៃ ។ លុះស្ដេចកនទទួលអភិសេកឡើងសោយរាជ្យ ព្រះអង្គទ្រង់ចាត់អោយគេ ដើររកគ្រឿងសម្រាប់រាជ្យ ទាំងនោះនៅគ្រប់ទិសទីតែរកពុំឃើញសោះ ។ ចំណែកឯព្រះចន្ទរាជា កាលដែលនាម៉ឺនសព្វមុខមន្ត្រីសូមយាងព្រះអង្គទទួលប្រាប្ដាភិសេកឡើងសោយរាជសម្បត្តិនោះ ព្រះអង្គទ្រង់ប្រកែកព្រោះរក គ្រឿងសម្រាប់រាជ្យ មិនទាន់ឃើញ ។ បើតាមរាជពង្សាវតារខ្មែរថា គ្រឿងទាំងនោះគេអាចរកឃើញឡើងវិញដោយសារតែក្រឡាពាសម្នាក់ដេកយល់សប្តិឃើញគេមកប្រាប់អោយទៅយក ។ រួមសេចក្ដីមក យើងឃើញថា គ្រឿងសម្រាប់រាជ្យ ដូចបានពោលខាងលើនេះមានសារៈសំខាន់ណាស់ ។ បុគ្គលដែលឡើងសោយរាជ្យតែពុំមានគ្រឿងនេះទេ គេចាត់ទុកថា ពុំមានលក្ខណៈជាស្ដេចទ្រង់រាជ្យពេញលេញទេ ។ ដោយហេតុនេះ ក្នុងគ្រាអាសន្នបើទោះបីមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏ពួកព្រាហ្មណ៍បាគូសេវកាមាត្យត្រូវខំរំដោះគ្រឿងសម្រាប់រាជ្យនេះអោយបាន តួយ៉ាងដូចកាលពីគ.ស.១៣៥២នៅពេលដែលសៀមវាយបែករាជធានីអង្គរក្នុងរជ្ជកាលព្រះបាទ លំពង់រាជា នោះពួករាជគ្រូបុរោហិតបាននាំយក គ្រឿងសម្រាប់រាជ្យ វាយទម្លាយទ័ពសៀមរត់រួចចេញទៅ ។
ដូច្នេះ យើងឃើញថាអំណាចរបស់ព្រះរាជាស្ថិតនៅលើព្រះរាជពិធី រាជាភិសេក នេះ១ និងលើ គ្រឿងសម្រាប់រាជ្យនេះ១ ។ អំណាចទាំងឡាយមានប្រភពចេញមកពីព្រះរាជា ។ ព្រះអង្គជាអ្នកតាក់តែងច្បាប់ ប៉ុន្តែជាច្បាប់សាធារណៈប៉ុណ្ណោះ ។ ព្រះអង្គក៏ជាអគ្គមេបញ្ជាការលើកងទ័ពជាតិហើយតែងតែលើកទ័ពផ្ទាល់ព្រះអង្គទៅប្រយុទ្ធប្រឆាំងនឹងមារសត្រូវទាំងខាងក្រៅប្រទេសក៏ដូចជាខាងក្នុងប្រទេស : ដោយហេតុនេះបានជាយើងឃើញ ព្រះស្រីរាជា លើកទ័ពផ្ទាល់ព្រះអង្គទៅរំដោះយកអាណាខេត្តខាងលិច ព្រះចន្ទរាជា ព្រះបរមរាជាទី៤ និងព្រះសត្ថាទី១ សុទ្ធតែបានលើកទ័ពវាយយកទឹកដីខ្មែរដែលត្រូវបាត់បង់ ហើយសុទ្ធតែបានទៅដល់រាជធានីស្រីអយុធ្យា ចំណែកឯព្រះបរមរាជាទី៤ ទ្រង់បានលើកទ័ពចេញទៅតទល់នឹងស្ដេចលាវ ដែលមកសងសឹកក្រោយពីប្រជល់ដំរីចាញ់ខ្មែរ ។ ដោយសារព្រះរាជពិធីរាជាភិសេក ព្រះរាជាក៏ក្លាយទៅជាមេសាសនាផងដែរ ។​ ព្រះអង្គមានសិទ្ធិជ្រើសរើសព្រះសង្ឃ និងមានសិទ្ធិដកសក្ដិពីមន្ត្រីប្រភេទនេះទៀត ។
ដោយសារព្រះរាជពិធីដដែលនេះ ព្រះរាជាក៏មានឋានៈជា ម្ចាស់ជីវិតលើត្បូង មានសិទ្ធិអោយស្លាប់ អោយរស់លើសព្វសត្វនៅលើផែនដី បានសេចក្ដីថា ព្រះអង្គជាចៅក្រមម្នាក់អាចវិនិច្ឆ័យទោសកំហុសជាយថាហេតុ ប៉ុន្តែក្នុងករណីចុងក្រោយនេះ ក៏ដូចជាក្នុងករណីឯទៀតៗដែរ ព្រះអង្គត្រូវប្រកបដោយ ទសពិធរាជធម៌ មាន ទាន សីល នេះជាដើម ។ ដូច្នេះ ទោះបីព្រះរាជាជាប្រភពនៃអំណាចគ្រប់បែបយ៉ាង កាន់កាប់អំណាចគ្រប់ប្រភេទក៏ដោយក៏ពុំមានសេចក្ដីថា ព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ។ ផ្ទុយទៅវិញព្រះអង្គត្រូវប្រកប ដោយសីលធម៌អោយបរិបូរណ៌ និងគោរពច្បាប់ថែមទៀតផង ។ ការដែលមានព្រះរាជាខ្លះដូចជា ចៅពញាអន និងចៅពញាញោម ពុំគោរពក្រិត្យវិន័យសម្រាប់ក្សត្រទ្រង់រាជ្យហើយបែរជាប្រព្រឹត្ត អំពើអបាយមុខរំលោភលើរូបប្រពន្ធកូនអ្នកដទៃបណ្ដាលអោយមានវឹកវរក្នុងផ្ទៃប្រទេសនោះ គឺជាអំពើពុំសមរម្យ ចំពោះអ្នកដឹកនាំជាតិ​ដែលត្រូវមានករណីយកិច្ចមើលសុខទុក្ខលើអាណាប្រជានុរាស្ត្រទេ ។ ក្នុងសម័យកាលដែលយើងបានលើកមកសិក្សាក្នុងទីនេះ យើងឃើញថាព្រះរាជាដែលសោយរាជ្យបន្តបន្ទាប់គ្នា ទ្រង់បានគង់នៅក្នុងរាជធានីបីសំខាន់ គឺរាជធានីភ្នំពេញ ចតុមុខ រាជធានីលង្វែក និងរាជធានីទួលបាសានស្រីសន្ធរ ។ តាមពត៌មានដែលឯកសារផ្សេងៗ បានផ្ដល់និងតាមដែលយើង អាចពិនិត្យឃើញពេលសព្វថ្ងៃនេះ ឃើញថាទីតាំងនៃរាជធានីទាំងនោះសុទ្ធតែជាចំណុចយុទ្ធសាស្ត្រ ស្ថិតនៅជិតទន្លេ បឹង និងព្រៃ ជាឧបសគ្គសម្រាប់ការពារខ្លួនបានស្រួល ។ ម្យ៉ាងទៀត រាជាធានីនីមួយៗសុទ្ធតែមានកំពែង និងគូ ឬ អូរ ព័ទ្ធជុំវិញ ហើយមានបន្ទាយមានសើននៅច្រើនកន្លែងសម្រាប់ការពារទៀត ។ រាជធានីលង្វែកជាបន្ទាយមាំមួយជាងបន្ទាយឯទៀត នេះគឺដោយសារតែមានព្រៃឫស្សីយ៉ាងក្រាស់ដែលព័ទ្ធពីក្រៅគូទឹកទៀត ប៉ុន្តែនៅតែធ្លាក់ក្នុងកណ្ដាប់ដៃសៀម ដោយខ្មែរយើងចាញ់កលល្បិចគេ ។ គួរគប្បីបញ្ជាក់ថា ក្រៅពីអគ្គមហេសីព្រះរាជានៅមានស្រីស្នំស្រឹង្គារជាច្រើនទៀត ដែលគេអាច ចែកការងារជាច្រើនថ្នាក់ គឺពីទាបទៅខ្ពស់៖
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
អ្នកនាង (ឧ.អ្នកនាងពៅ មាតារបស់ព្រះជ័យជេដ្ឋាទី១ និងចៅពញាតន់)
អ្នកម្នាង (ឧ.អ្នកម្នាងទេវី មាតាព្រះនរាយណ៍រាជា)
ព្រះម៉ែនាង (ឧ.ព្រះម៉ែនាងវង មាតាចៅពញាអន)
ព្រះម្នាង (ឧ.ព្រះម្នាងកេសរមាលា មាតាស្រីសុរិយោពណ៌) សូមរងចាំអាននៅលេខក្រោយទៀត (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក) មាន-តនៅលេខក្រោយទៀត អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក) មាន-តនៅលេខក្រោយទៀត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.