មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

មរតកបន្សល់ទុក ព្រះបាទសូរ្យវរ្ម័នទី ២

ផ្សាយថ្ងៃទី ០៨ សីហា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះមហាក្សត្រខ្មែរដ៏ខ្លាំងក្លាមួយព្រះអង្គនាសម័យអង្គរដែលជាអ្នកផ្ដួចផ្ដើមសាងសង់សំណង់ស្ថាបត្យកម្មដែលមានភាពល្បីល្បាញបំផុត និងមានភាពអាថ៌កំបាំងបំផុត ក្នុងចំណោមប្រាសាទបុរាណនានានៅក្នុងលោក…
ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។ ស្នាព្រះហស្ដដ៏សំខាន់ជាងគេក្នុងរាជ្យរបស់ព្រះអង្គ គឺការដឹកនាំស្ថាបនាប្រាសាទអង្គរវត្តដ៏ល្អគ្មានពីរនៅលើពិភពលោកយើងនេះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការដណ្ដើមអំណាចឡើងគ្រងរាជ្យរបស់ព្រះអង្គ ពោរពេញទៅដោយការបង្ហូរឈាម។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខាងជើងទល់នឹងប្រទេសចិន ខាងត្បូងទល់នឹងសមុទ្រចិន គឺពីកូថារ៉ា (បច្ចុប្បន្នញ៉ាត្រាងក្នុងប្រទេសវៀតណាម) រហូតដល់ឈូងសមុទ្របានឌុង (នៅម៉ាឡេស៊ី)។ ខាងលិចទល់នឹងប្រទេសភូមា ហើយព្រំប្រទល់ខាងកើតទល់នឹងប្រទេសចំប៉ា។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នៅចុងសតវត្សទី១១ មានសត្តតិវង្សថ្មីមួយបានឡើងសោយរាជ្យនៅអង្គរ ហើយបានកាន់កាប់អំណាចអស់រយះពេលជាង១០០ ឆ្នាំ។ គេបានដឹងតិចតួចពីព្រះមហាក្សត្រ២អង្គដំបូង គឺព្រះបាទជ័យវរ្ម័នទី៦ និងព្រះអនុជរបស់ទ្រង់ ព្រះនាមព្រះបាទធរណីន្រ្ទវរ្ម័នទី១ ។ ប៉ុន្តែចៅក្មួយប្រុសមួយរបស់ព្រះមហាក្សត្រទាំងពីរអង្គនេះ គឺព្រះបាទសូរ្យវរ្ម័នទី២ ដែលបានស្ថាបនាប្រាសាទអង្គរវត្ត គឺជាក្សត្រដែលបានបង្រួបបង្រួមប្រទេស ដូចព្រះបាទយសោវរ្ម័នទី២ និងព្រះបាទសូរ្យវរ្ម័នទី១ ‌‌ដែរ ។
មុនពេលដែលព្រះអង្គឡើងគ្រងរាជ្យនោះ ប្រទេសកម្ពុជា មានព្រះរាជាពីរអង្គគ្រងរាជ្យក្នុងពេលតែមួយ។ មួយអង្គទ្រង់សោយរាជ្យនៅរាជធានីអង្គរ មានព្រះនាមថា ព្រះបាទនឫទិន្ទ្រវរ្ម័ន ដែលឡើងសោយរាជ្យស្របច្បាប់បន្តពីព្រះបាទហស៌វរ្ម័នទី៣។ មួយព្រះអង្គទៀតព្រះនាម ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដែលទ្រង់សោយរាជ្យបន្តពីព្រះរៀមរបស់ព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី៦ នៅរាជធានីមហិធរៈបុរៈ ដែលស្ថិតនៅភាគខាងលិចនៃប្រទេស។ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំ១១០៧ ហើយទ្រង់ចូលទិវង្គតឆ្នាំ១១១២ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមនិស្កលបទ។
អ្នកដែលធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដើម្បីដណ្ដើមរាជ្យនោះ គឺព្រះបាទសូរ្យវរ្ម័នទី២ ដែលជាចៅក្មួយរបស់ព្រះអង្គនោះឯង។ ដំបូង ព្រះបាទសូរ្យវរ្ម័នទី២ ធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ជាឪពុកមារបស់ខ្លួន។ បន្ទាប់មក ព្រះអង្គក៏បានលើកទ័ពទៅច្បាំងជាមួយព្រះបាទនឫទិន្ទ្រវរ្ម័ន ព្រះរាជាសោយរាជ្យនៅរាជធានីអង្គរ ហើយធ្វើគត់ព្រះអង្គបានទៀត។ ការធ្វើគត់ព្រះរាជាទាំងពីរដែលចែកដីគ្នាគ្រងរាជ្យនៅកម្ពុជា ក្នុងពេលតែមួយនេះ បានធ្វើអោយព្រះបាទសូរ្យវរ្ម័នទី២ អាចបង្រួបបង្រួមនគរខ្មែរអោយទៅជាមួយឡើងវិញ។ ក្រោយពីធ្វើគត់ព្រះរាជាទាំងពីរបានហើយ ព្រះអង្គក៏ទ្រង់ឡើងសោយរាជ្យនៅរាជធានីអង្គរ (យសោធបុរ)។ ពិធីរាជាភិសេកក្នុងការឡើងគ្រងរាជ្យនេះ ត្រូវបានរៀបចំឡើងដោយព្រះរាជគ្រូព្រាហ្មណ៍បុរោហិតទិវាករបណ្ឌិត ដដែល។
ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រដំបូងគេ ដែលសោយរាជ្យរាជាណាចក្រខ្មែររួបរួមគ្នាតែមួយចាប់តាំងពី ព្រះបាទឧទយាទិត្យវរ្ម័នទី២ បានសោយទីវង្គតក្នុងទសវត្សរ៍ឆ្នាំ១០៦០។ ប្រសិនបើគេជឿតាមសិលាចារឹតរបស់ទ្រង់ ទ្រង់បានទទួលអំណាចនៅពេលទ្រង់នៅក្មេង បន្ទាប់ពីទទួលបានជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនិងក្សត្រាមួយអង្គដែលជាគូប្រជែង ៖ « ដោយឃ្លាតចេញពីកងទព័របស់ទ្រង់ ដែលធំមហិមាដូចសមុទ្រនៅក្នុងសមរភូមិ […] ទ្រង់លោតផ្លោះទៅឈរលើក្បាលដំរីរបស់រាជសត្រូវ ហើយបានពិឃាត [ ស្ដេចនោះ ] ប្រៀបដូចជាគ្រុឌសម្លាប់ពស់នៅល់ជំរាលភ្នំដូច្នោះដែរ » លុះទ្រង់បានឡើងសោយរាជ្យហើយ ព្រះអង្គទ្រង់បានភ្ជាប់ចំណងមិត្តភាពជាមួយប្រទេសចិន ឡើងវិញ ហើយព្រះអង្គបានបញ្ជូនគណៈបេសកកម្មការទូតពីរទៅប្រទេសចិន គឺមួយនៅឆ្នាំ១១១៦ និងមួយទៀតនៅឆ្នាំ១១២០ នៃគ្រិស្ដសករាជ។ ទ្រង់បានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន ហើយទ្រង់ជាព្រះមហាក្សត្រដំបូងនៅអង្គរដែលបានធ្វើដូច្នេះដែរ។ បន្ទាប់មក ព្រះបាទសូរ្យវរ្ម័ន ទី២ បានបើកយុទ្ធនាការនៅទិសខាងកើតច្បាំងនឹងយួនដៃវៀត និងចំប៉ា។
ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គបានធ្វើសង្គ្រាមជាញឹកញាប់ ដោយបានច្បាំងជាច្រើនលើកច្រើនសាជាមួយនឹងប្រទេសចំប៉ា ដែលបានបញ្ជូនទ័ពមកឈ្លានពានទឹកដីខ្មែរតាំងពីមុនរាជ្យរបស់ព្រះអង្គ គឺពេលដែលប្រទេសបែកបាក់គ្នា ហើយមានស្ដេចសោយរាជ្យដល់ទៅពីរអង្គក្នុងពេលតែមួយនោះ។ សង្គ្រាមជាមួយប្រទេសចំប៉ា នេះបានទទួលជោគជ័យ ហើយខ្មែរបានកាន់កាប់រាជធានីវិជ័យពីឆ្នាំ១១៤៥ ដល់ឆ្នាំ១១៤៩ ហើយដាក់ប្អូនថ្លៃព្រះអង្គឈ្មោះ ហរិទេវៈ អោយសោយរាជ្យនៅទីនោះផង។ ច្បាំងនឹងយួនដៃវៀត ដែលចេះតែឃុបឃិតគាំទ្រពួកក្បត់ ហើយអនុញ្ញាតអោយពួកនេះជ្រកកោនផង។ ច្បាំងនឹងក្សត្របុរីថៃ ដែលក្រោកបះបោរនៅវាលទំនាបខាងលើនៃទន្លេមេណាម ផង ហើយច្បាំងជាមួយពួកមន នៅហរិបុញ្ជ័យ ថែមទៀតផង។ ដោយសារព្រះអង្គជាស្ដេចសឹកដ៏ខ្លាំងពូកែដូច្នេះហើយ ទើបព្រះចៅក្រុងចិន ថ្វាយព្រះឋានន្តរនាមដ៏ខ្ពង់ខ្ពស់ចំពោះព្រះអង្គថា គិនពីវពិនចេង ដែលប្រហែលជាត្រូវនឹងពាក្យខ្មែរថា កម្រតេង នោះឯង។
ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាមគ្គុទ្ទេសក៍ដ៏ឆ្លាតវាងវៃក្នុងការដឹកនាំប្រទេសជាតិ។ ដូចព្រះបាទសូរ្យវរ្ម័ន ទី១ ដែរ ព្រះអង្គក៍បានផ្ដាច់ព្រះកាយចេញពីសាសនារបស់ស្ដេចមុនៗ ដែរ។ ព្រះបាទសូរ្យវរ្ម័ន ទី២ បង្ហាញពីការគោរពបូជាចំពោះព្រះនារាយណ៍ (ព្រះវិស្ណុ)។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងបំផុត ដែលមានជំនឿស៊ប់លើសាសនាព្រាហ្មណ៍គណៈព្រះវិស្ណុ ដែលក្នុងសម័យនោះមានប្រជាប្រិយភាពធំធេងនៅប្រទេសឥណ្ឌា ផង និងនៅកោះជ្វា ផង។ ព្រះអង្គបានលើកតម្កើងសាសនាព្រាហ្មណ៍គណៈវិស្ណុ នេះអោយទៅជាសាសនារបស់រដ្ឋ។ ទោះជាយ៉ាងនេះក្តី មានភស្តុតាងថា ព្រះអង្គបានឧបត្ថមដល់ព្រះពុទ្ធសាសនា ផងដែរ។
នៅក្នុងរាជ្យរបស់ព្រះអង្គ បដិមាតំណាងព្រះរាជាដែលគេតម្កល់ក្នុងប្រាសាទធំៗ លែងជាសិវលិង្គរបស់ព្រះឥសូរ ទៀតហើយ តែជាព្រះវិស្ណុបដិមាវិញ។ ខាងវិស័យសំណង់ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាព្រះមហាក្សត្រមួយអង្គដែលមានស្នាព្រះហស្តយ៉ាងច្រើនសម្បើម ដោយព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្ដក ប្រាសាទវត្តភូ និងប្រាសាទព្រះវិហារ។ ឯសំណង់ថ្មីមានប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទអង្គរវត្ត ដែលជាស្នាដៃដ៏ល្អប្រណីតនៃសិល្បៈខ្មែរ ហើយដែលត្រូវគេចាត់ទុកថា ជាសំណង់សាសនាមួយដ៏ធំជាងគេក្នុងពិភពលោក។
ការគោរពបូជារបស់ ព្រះបាទសូរ្យវរ្ម័នទី២ ចំពោះព្រះនរាយណ៍ បាននាំព្រះអង្គស្ថាបនាប្រាសាទធំបំផុត ប្រហែលជាល្អបំផុត និងមានភាពអាថ៌កំបាំងបំផុត ក្នុងចំណោមប្រាសាទនានានៅអង្គរ ដែលឥឡូវនេះគេហៅថា ប្រាសាទអង្គរវត្ត ឫអង្គរតូច។ ប្រាសាទអង្គរវត្ត ក៏ជាទីដែលគេតម្កល់បដិមាព្រះវិស្ណុ និងក៏ប្រហែលជាទីដែលគេបញ្ចុះព្រះធាតុរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គសោយទិវង្គតទៅនោះ។ គេបានចាប់ផ្ដើមកសាងប្រសាទនេះ នៅដើមរជ្ជកាលរបស់ទ្រង់ ហើយគេមិនបានកសាងរួចរាល់ទាំងស្រុងទេរហូតដល់ព្រះអង្គសោយទិវង្គតនៅប្រហែលឆ្នាំ១១៥០។ មានភស្ថុតាងគួរឲ្យចាប់អារម្មណ៍ ទើបប្រទះឃើញថ្មីៗនេះ បញ្ជាក់ថា បដិមាព្រះនារាយណ៍មាឌធំនៅកណ្ដាលប្រាសាទអង្អរវត្ត ដែលធ្លាប់បាត់បង់ទៅតាំងពីយូរណាស់មកមុនគេប្រទះឃើញវិញនោះ ដែលអ្នកស្រុកហៅថា តារាជៗ គេបានឧទ្ទិសឆ្លងនៅក្នុងខែកក្កដា ឆ្នាំ១១៣១ ទំនងជាក្នុងខួបកំណើតលើកទី៣៣ របស់ព្រះបាទសូរ្យវរ្ម័ន (ជាតួលេខមួយមានអត្ថន័យសំខាន់ខាងលោកធាតុវិទ្យានៅក្នុងសាសនាឥណ្ឌា) ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
នៅភាគខាងចុងរាជ្យរបស់ព្រះអង្គក្នុងឆ្នាំ១១៤៩ ពួកចាម បានងើបបះបោរ រួចបានធ្វើគត់ ហរិទេវៈ ដែលជាប្អូនថ្លៃរបស់ព្រះអង្គសោយរាជ្យនៅក្រុងវិជ័យ ហើយរំដោះប្រទេសចំប៉ា បានពីកម្ពុជា។ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ឡើងគ្រងរាជ្យពីឆ្នាំ១១១៣ ហើយប្រហែលជាទ្រង់សោយទិវង្គត នៅឆ្នាំ១១៤៩ ឬឆ្នាំ១១៥០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមវិស្ណុលោក៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
មរតកបន្សល់ទុក ព្រះបាទសូរ្យវរ្ម័នទី ២ មរតកបន្សល់ទុក ព្រះបាទសូរ្យវរ្ម័នទី ២ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.