ខេត្តបាត់ដំបង តើមានអ្វីខ្លះដែលយើងត្រូវដឹង? - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខេត្តបាត់ដំបង តើមានអ្វីខ្លះដែលយើងត្រូវដឹង?

ផ្សាយថ្ងៃទី ២៤ មករា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ខេត្តបាត់ដំបង៖ គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ទីរួមខេត្តរបស់ខេត្តបាត់ដំបង គឺក្រុងបាត់ដំបង។ បាត់ដំបងមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ ខាងកើតជាប់នឹងខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់ និងខាងលិចជាប់នឹងខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី។
បើតាមសិលាចារឹកថ្មប្រាសាទដែលយើងមាន និងបានរកឃើញរហូតមកដល់សព្វថ្ងៃនេះ នៅក្នុងសម័យមុនអង្គរ និងសម័យអង្គរ គេពុំបានឃើញចែងឲ្យយើងដឹងថាតើសម័យនោះមានភូមិស្រុកណាមួយដែលមានឈ្មោះបាត់ដំបងនោះទេ។ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាឈ្មោះបាត់ដំបងនេះ មានប្រើ ឬមិនប្រើ នៅក្នុងសម័យនោះដែរ។ ប៉ុន្តែនៅក្នុងសម័យអង្គរ និងសម័យក្រោយអង្គរតាមឯកសារមហាបុរសខ្មែរ មានប្រើឈ្មោះស្រុកបាត់ដំបង។ ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង? ប្រវត្តិសាស្ត្រសរសេរនៅលើសិលាចារឹកមិនបានឆ្លើយឲ្យដឹងឡើយ គឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះ គឺរឿងតាដំបងក្រញូងដែលខ្មែរយើងយល់ថា គឺជារឿងកើតមានតាំងពីសម័យអង្គរ បានពន្យល់ពីដើមហេតុ ដែលនាំឲ្យយើងហៅឈ្មោះបាត់ដំបង ឬអូរដំបង។ ឯឈ្មោះព្រះដំបងគឺស្តេចរាមាទី ០១ កំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជាព្រះដំបង។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
កាល​ពី​​សម័យ​មុនអង្គរ និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃបឹងទន្លេសាប គឺ​ជា​ដែន​ដីអ​មោឃ​បុរៈ​និង​ជា​​ដែន​ដី​ភិមបុរៈ។នៅ​ក្នុងសម័យ​អង្គរ​ដែន​ដី ឬ​ភូមិ​ភាគ​អមោឃ​បុរៈ មាន​ការ​រីកចម្រើនខ្លាំង​ដោយ​សារដី​មាន​ជីវជាតិ​ល្អអាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ បានប្រកប​ទៅដោយ​ទិន្ន​ផល​ល្អ​ប្រសើរ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅក្នុង​ភូមិ​ភាគ​នេះ ច្រើនដែលជា​ភស្តុតាងបង្ហាញគឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ធឹក​សន្ធាប់ នៅ​ក្នុង​តំបន់​នេះ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំងនោះត្រូវបានរលំ​បាក់​បែក បាត់​បង់​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែតែប្រាសាទបាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទបាសែត ប្រាសាទ​ស្នឹងខាងកើត ប្រាសាទស្នឹងខាងលិច ប្រាសាទដូនទ្រី។ល។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាងឡើងសម្រាប់ជា​ទី​សក្ការៈ​បូជា​ដល់​ព្រះ​​អាទិ​ទេព និងព្រះពោធិសត្វផ្សេងៗ ខាង​ព្រហ្មញ្ញ​សាសនា និងព្រះពុទ្ធ​សាសនា។ នៅ​សតវត្ស​រ៍ក្រោយ​ៗមក​ទៀតដែន​ដី ខេត្ត​បាត់ដំបង​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ ពី​ចម្បាំងរាំង​ជល់ដោយ​ការ​ឈ្លានពានពីសំណាក់ពួកសៀម តាំង​ពី​សត​វត្សរ៍ ១៥-១៦-១៧-១៨ ​ធ្វើឲ្យជីវភាពរស់​នៅ​របស់​ប្រជាជនខេត្ត​បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់ប្រាស់និរាសគ្រួសារទ្រព្យសម្បត្តិផ្ទះ​សម្បែង​គួរ​ឲ្យខ្លោច​ផ្សាក្រៃលែង។
នៅ​ចុង​សត​វត្ស​រ៍ទី ១​៨ ដល់ដើម​សតវត្ស​រ៍ទី ​២០​ ខេត្តបាត់ដំបង ក៏ធ្លាក់ស្ថិតនៅក្រោមអំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​ ០១ សតវត្សរ៍ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារចៅពញាអភ័យធីបែស (បែន) ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថាត្រ​កូល​អភ័យ​វង្ស​អស់​ ០៦​ តំណរ​ហូត​ដល់​ឆ្នាំ ​១៩០៧ ។
តាម​សន្ធិសញ្ញា​បារាំង-សៀមចុះ​នៅថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​ឲ្យខ្មែរវិញនូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់ជាង ០១ ​សតវត្ស​រ៍នោះគឺ​បាត់​ដំបង សៀមរាប-អង្គរ​ សិរី​សោ​ភ័ណ្ឌ និង​ចុង​កាល់ ដោយប្តូរ និង​ខេត្ត​ត្រាច និង​តំបន់ប៉ាក់សេ (ដែន​ដី​លាវ) ប៉ែក​ខាង​លើ នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោយ​មកព្រះបាទស៊ីសុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះរាជ​​ប្រកាស​លេខ​ ៦៦ ចុះ​ថ្ងៃទី​ ០៦ ខែធ្នូ ឆ្នាំ ១៩០៧​ កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា ០​៣​ ខេត្ត គឺខេត្ត​បាត់ដំបង ខេត្តសៀមរាប និង ខេត្ត​សិរី​សោ​ភ័ណ្ឌ។
នៅក្នុង​ឆ្នាំ ​១៩២៥ ទឹក​ដីខេត្ត​បាត់​ដំបង ត្រូវ​បាន​បែង​ចែក​សាជា​ថ្មី​ឲ្យ​ទៅជាខេត្ត​បាត់​ដំបង និងខេត្តសៀមរាប នៅក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ស្រុកចំនួន ០​២ គឺ​ស្រុកបាត់ដំបង និងស្រុកសិរីសោភ័ណ្ឌ។ នៅ​ក្នុងឆ្នាំ​ ១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន ០​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឫស្សី​ ស្រុក​មង្គល​បូរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ្ឌ និង​ ស្រុក​បិ​ត្បូង។
នៅ​ខែឧសភា ឆ្នាំ​ ១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ឲ្យស្រុក​សិរី​សោ​ភ័ណ្ឌ។ នៅខែកក្កដា ឆ្នាំ​ ១៩៥៧ ស្រុកទឹកជោរត្រូវបាន​បែង​ចែក​ទៅជា​ ០២ ស្រុក​គឺ​ ស្រុក​ព្រះនេត្រព្រះ និងស្រុក​ភ្នំ​ស្រុក។ ស្រុកសិរីសោភ័ណ្ឌត្រូវ​បាន​បែង​ចែក​ទៅ​ជា​ ០២​ ស្រុក​ដែរ គឺស្រុក​សិរីសោ​ភ័ណ្ឌ និង​ស្រុក​បន្ទាយ​ឆ្មារ។ នៅ​ខែមីនា ឆ្នាំ ១៩៦៥ ​តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត ដែល​បាន​បង្កើតឡើងនៅក្នុង​ឆ្នាំ ​១៩៥៣ នោះ ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុកឈ្មោះថាស្រុក​អូរជ្រៅ។ នៅ​ខែកក្កដា ឆ្នាំ ១៩៦៥ ទឹកដី មោងឬស្សី (ស្រុកមោងឬស្សី) មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ក្រឡ (ស្រុកគាស់ក្រឡ)។ នៅ​ខែ​មីនា​ ឆ្នាំ ១៩៦៦ ស្រុកថ្មី​មួយ​ទៀត ត្រូវបានបង្កើតឡើង គឺ​ស្រុកថ្ម​ពួក ដែលមាន​ទីតាំង​នៅថ្ម​ពួក។ ជា​មួយ​គ្នា​នោះស្រុក​បន្ទាយ​ឆ្មារ ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង ឲ្យ​ចំណុះ​ខេត្ត​ឧត្តរមាន​​ជ័យ វិញ ដែល​ជា​ខេត្តទើប​បង្កើត​ថ្មី។ នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន​ ០២​ បាន​បង្កើត​ឡើង​គឺ​ស្រុកបា​ណន់ និងស្រុក​គាស់ក្រ​ឡ។ សរុប​មក​ដល់​ត្រឹម​នេះ​​ខេត្តបាត់​ដំបង​មាន​ស្រុក​ចំនួន ០​៩ គឺ ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សី​ ស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ្ឌ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់ក្រ​ឡ និង​តំបន់​រដ្ឋបាល​ចំនួន​ ០២ គឺតំបន់​រដ្ឋ​បាលបាក់ព្រា និងតំបន់​រដ្ឋ​បាល​ល្វា។ នៅក្នុង​សម័យកម្ពុជាប្រជាធិបតេយ្យ ០៣ ឆ្នាំ ០៨​ ខែ​ ២០ ថ្ងៃ​នៅក្នុង​ខេត្ត​បាត់​ដំបង ក៏​ដូច​ជាខេត្ត​នានា​ទូ​ទាំងប្រទេសកម្ពុជា ដែរប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ៗ ពិសេស​​ពី​​តំបន់​ទី​ក្រុងទីប្រជុំ​ជន​ទៅ​កាន់​ទីជន​បទ​និង​តំបន់​ព្រៃ​ភ្នំ។ ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅជា​តំបន់ ទទួល​ទារុណ​កម្ម​កាប់​សម្លាប់ និង​បង្អត់​អាហារ​ពេល​នោះ​ខេត្ត ពុំមាន​ព្រំ​ប្រទល់​ច្បាស់​លាស់នោះ​ទេ ដោយសារអង្គ​ការ​ដឹក​នាំ​ពេល​នោះ​បានដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់ភូមិភាគពាយ័ព្យ​ហើយ​មាន​តំបន់ ០​១ ​តំបន់ ០​៣​ តំបន់ ០​៤ និង​ តំបន់​ ០៥ ។ ខណៈ​នោះ​មាន​ឮគេ​ហៅ​ឈ្មោះ​ស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង ស្រុក​មង្គល​បូរី​ ស្រុក​សង្កែ​ ​ស្រុកមោង​ឬស្សី​ ​ស្រុក ​៤១​-ស្រុក​ ៤២។ល។
ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ចេញជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍នៅថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ ​១៩៧៩។ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ (ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​)។ គណៈ​កម្មាធិការ​ប្រជាជនឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុតនៅក្នុងឆ្នាំ​ ១៩៨៣។ ពី​ឆ្នាំ​ ១៩៨៦ ដល់ឆ្នាំ ១៩៨៩ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​ ០៩​ និងទី​រួម​ខេត្ត​ចំនួន​ ០១។
នៅក្នុង​ឆ្នាំ​ ១៩៨៦ ស្រុក​ថ្មីចំនួន ០​៣ ​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​ ​ស្រុក​បវេល ​និង ​ស្រុកឯ​កភ្នំ។ត្រឹម​ដំណាក់​កាល​នេះខេត្ត​​បាត់​ដំបង​មានស្រុកចំនួន ១២ ​និង​ទី​រួម​ខេត្ត​ចំនួន ០១ គឺស្រុក​មោង​ឬស្សី ​ស្រុក​សង្កែ​ ស្រុក​បាណន់ ស្រុកឯក​ភ្នំ ​ស្រុក​បាត់ដំបង ស្រុករតនៈមណ្ឌ​ល ស្រុក​មង្គល​បូរី​ ស្រុក​សិរិសោ​ភ័ណ្ឌ ស្រុក​ព្រះ​នេត្រ​ព្រះ ​ស្រុកថ្មពួក​ ស្រុក​ភ្នំ​ស្រុក​ និង​ ស្រុកបវេល​។
នៅក្នុង​ឆ្នាំ ​១៩៨៨​ ស្រុក​ចំនួន​ ០៥​ គឺ​ស្រុក​មង្គល​បូរី​ ​ស្រុក​ថ្ម​ពួក ​ស្រុក​សិរី​សោ​ភ័ណ ​ស្រុក​ព្រះ​នេត្រព្រះ និង ​ស្រុក​ភ្នំ​ស្រុកត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ។ចាប់​ពី​ពេលនោះ​រហូត​ដល់​ឆ្នាំ​ ១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​ ០៧ ​​ទី​រួម​ខេត្តចំនួន ០១ ​ឃុំ​ចំនួន​ ៥៣​ និង​ សង្កាត់​ចំនួន​ ១០។
ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ។ចំណែក​សង្កាត់​ទាំង ​១០​ ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន ០​៨​ និង​ឃុំ​ចំនួន​ ៤៧។
នៅ​ក្នុងឆ្នាំ​ ១៩៩៨ ក្រោយ​សមា​ហរណកម្មកងកម្លាំងកម្ពុជា​ប្រជា​ធិប​តេយ្យខេត្ត​បាត់​ដំបង​ត្រូវ​បាន​កាត់​ទឹក​ដី​មួយ​ផ្នែក​ទៀត​ដើម្បី​បង្កើត​ក្រុងប៉ៃលិន​ហើយ​ស្រុក​ចំនួន​ ០៤ ត្រូវ​បាន​បង្កើត​ថែម​មាន​ស្រុក​សំឡូត ស្រុក​កំរៀង ​ស្រុក​ភ្នំ​ព្រឹក ​និង​ ស្រុក​សំពៅ​លូន។នៅក្នុង​ឆ្នាំ ​២០០០ ទឹក​ដី​ស្រុក​មោង​ឬ​ស្សី​ត្រូវ​បាន​រំលែក​មួយ​ផ្នែក​បង្កើត​ជា​ស្រុក​គាស់​ក្រឡ​ដែល​មានឃុំចំនួន ០​៦​។ចំណែក​ឯ​ស្រុក​ស្វាយ​ប៉ោត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ស្រុក​បាត់​ដំបង​វិញ​។រីឯ​ស្រុក​បាត់​ដំបង​ដែល​មាន​ទីតាំង​នៅ​ថ្ម​គោល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​​ជា​ស្រុក​ថ្ម​គោល​វិញ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

សាសនារបស់រដ្ឋគឺសាសនាព្រះពុទ្ធថេរវាទ។ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងជាង ៩៨.៣% ជាអ្នកកាន់សាសនាព្រះពុទ្ធ។សាសនាអុីស្លាមដែលភាគច្រើនកាន់ដោយជនជាតិចាមរាប់រយឆ្នាំមកហើយមាន ១.៤%។សាសនាគ្រិស្តមានអ្នកកាន់ចំនួនតិចតួចប្រមាណជា ០.៣%។
ខេត្តបាត់ដំបង គឺជាខេត្តមួយស្ថិតនៅតំបន់ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តសៀមរាបនិងបឹងទន្លេសាបខាងលិចជាប់នឹងខេត្តប៉ៃលិននិងខេត្តច័ន្ទបុរីខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យនិងខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់។នៅភាគខាងលិចមានព្រំប្រទល់ប្រវែង ១៤៤.៨ គីឡូម៉ែត្រជាប់នឹងខេត្តច័ន្ទបុរី ខេត្តត្រាច និង ខេត្តស្រះកែវ។ខេត្តបាត់ដំបងមានផ្ទៃដីចំនួន ១១៧០២ គីឡូម៉ែត្រការ៉េមានក្រុងចំនួន ០១ ស្រុកចំនួន ១៣ ឃុំចំនួន ៩៣ សង្កាត់ ១០ និង ភូមិចំនួន ៨១០។ខេត្តនេះមានច្រកទ្វារព្រំដែនអន្តរជាតិ ០១ គឺច្រកដូងនៅក្នុងស្រុកកំរៀងនិងច្រកទ្វារតំបន់ព្រំដែន ០៤ ទៀតគឺច្រកទ្វារគីឡូ ១៣(ភ្នំដី)នៅក្នុងស្រុកសំពៅលូន ច្រកទ្វារអូររំដួលនៅក្នុងស្រុកភ្នំព្រឹក ច្រកទ្វារអូរអន្លក់(សួនស៊ុំ)នៅក្នុងស្រុកកំរៀង និង ច្រកទ្វារឆករកា(៤០០)នៅក្នុងស្រុកសំឡូត។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ខេត្តបាត់ដំបង តើមានអ្វីខ្លះដែលយើងត្រូវដឹង? ខេត្តបាត់ដំបង តើមានអ្វីខ្លះដែលយើងត្រូវដឹង? Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.