អរិដ្ឋពលពាហនោ (ប្រវត្តិសាស្ត្រខ្មែរ) - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អរិដ្ឋពលពាហនោ (ប្រវត្តិសាស្ត្រខ្មែរ)

ផ្សាយថ្ងៃទី ១១ ឧសភា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះបាទអរិដ្ឋពលពាហនោ រឺ កេតុមាលា (គ.ស ៦២-៤៦៨) រជ្ជកាល (គ.ស ៧៨-៤៦៨) ព្រះអង្គគឺជាព្រះមហាក្សត្រខ្មែរទី៧ ដែលបានសោយរាជ្យពីព្រះបាទទេវង្សអស្ចារ្យ ទ្រង់មានព្រះជន្មរហូតដល់ទៅ ៤០៦ វស្សា។ បើតាមវចនានុក្រមជួនណាត កេតុមាលា គឺជា ព្រះ​នាម​ស្ដេច ១ អង្គសោយ​រាជ្យ​នៅ​នគរ​ធំ គឺ​ព្រះ​បាទជយវម៌្មទី៣។
ពាក្យ​ថា សករាជ (ឬ ស័ក) នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក ហៅ​ថា​ពួកតាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌា, កាល​ពុទ្ធ​សករាជ ៦២១ ឆ្នាំ, ជន​ពួក​នេះ​បាន​លុក​លុយ​ចូល​មក​វាត​អំណាច​ក្នុង​ប្រទេស​ឥណ្ឌា ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រិយ៍​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏​តាំង​ការ​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ជា ស័ក (ឝក) ឬ សករាជ (ឝក--), ដែល​ចំណេរ​ត​មក ហៅ​ថា មហា​សករាជ ជាប់​មាន​មក​ក្នុង​ប្រទេស​យើង​រៀង​ដល់​សព្វ​ថ្ងៃ​នេះ។ ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុមាលា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ៦២១; ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយ​វង្ស​បាន​តាំង​ចុល្ល​សករាជ ១ ក្នុង​កាលពុទ្ធ​សករាជ ១១៨៣។
កាលណោះព្រះមាតាព្រះកេតុមាលា ​​ព្រះ​អគ្គមហេសី​ទ្រង់​សុបិន​ឃើញ​ព្រះ​ឥន្ទ្រាធិរាជ​យាងចុះ​មក​ស្ទាប​ពោះ​ ព្រះ​នាង​ ​ហើយ​បាន​ប្រទាន​កម្រង​ពេជ្រចរណៃ​ជះ​ចែងចាំង​ពន្លឺ​ភ្លឺ​ផ្លេក​ឆ្លុះ​ថ្លា​ មាន​ប្រាំពីរ​ពណ៌។​ ​ព្រះ​នាង​បាន​ទូល​ថ្វាយ​ព្រះរាជា​អំពី​សុបិន​នោះ​តាម​ដំណើរ។​ ​ក្រោយ​បាន​សណ្ដាប់​សុបិន​ ​ព្រះបាទ​ទេវង្សអស្ចារ្យ​កោះហៅ​ហោរា​ឲ្យ​ទស្សន៍​ទាយ។​ ​ហោរា​បាន​ទូល​ថ្វាយ​ថា​ ​ព្រះ​អគ្គមហេសី​នឹង​ទ្រង់​មានគភ៌​ ​មាន​បុត្រ​មួយ​ព្រះ​អង្គ​ ​មាន​ឫទ្ធិ​អំណាច​ ​តេជៈ​បារមី​ខ្លាំងពូកែ​ឈ្នះ​អស់​មារ​សត្រូវ​គ្រប់​ទិស​ទី។​ ​បន្ទាប់​មក​ព្រះ​នាង​ក៏​មានគភ៌​មែន។​ គ្រប់​ខែ​ថ្ងៃ​កាលណា​ ​ព្រះ​អគ្គមហេសី​ប្រសូត​បាន​បុត្រ​មួយ​អង្គ​ក្នុង​ឆ្នាំច ​ព.ស​ ​៦០៦ ត្រូវជា​ គ.ស​ ៦២។​ ​ព្រះរាជបុត្រ​នោះ​មាន​រូបឆោម​លោម​ពណ៌​ល្អ​ស្អាត​ណាស់​ ​ព្រះ​មាតាបិតា​បាន​ដាក់​ព្រះ​នាម​ឲ្យ​ថា​ ​“ព្រះ​កេតុមាលា” ដើម្បី​រំលឹក​ឲ្យ​សម​ទៅ​តាម​សុបិន។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
កាលណោះ​ព្រះ​ កេតុមាលា​ព្រះ​ជន្ម​បាន​ ៦​ វស្សា​ ​ព្រះ​ឥន្ទ្រាធិរាជ​ដែល​ជា​ឪពុក​ដើម​ ​ដោយសារ​នឹក​ស្រណោះ​កូន​ខ្លាំង​ពេក​បាន​បញ្ជា​ឲ្យ​ទេវបុត្រ​ព្រះ​នាម​មាតុលី ​ ​រៀបចំ​រាជរថ​ពេជ្រ​យន្ដ​ធ្វើ​ដំណើរ​ចុះ​ទៅ​ស្ថាន​មនុស្សលោក​ ​ទៅ​ទទួល​យាង​យក​ព្រះ​រាជបុត្រ​មក​លេង​កំសាន្ដ​នៅ​ស្ថាន​ត្រៃត្រិង្ស។ ​​ពីព្រោះ​អតីតជាតិ​ ​ព្រះ​កេតុមាលា​ ​ត្រូវជា​កូន​របស់​ព្រះឥន្ទ្រ​ ​ព្រះ​កេតុមាលា​បាន​ទទួលបញ្ជា​ ​និង​បេសកកម្ម​ឪពុក​ ​មក​ចាប់ជាតិ​ជា​មនុស្សលោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ជួយ​ការពារ​ថែរក្សា​ព្រះពុទ្ធ​សាសនា​ ​និង​ស្រុក​ខ្មែរ​ឲ្យ​បាន​ជួប​តែ​សេចក្ដីសុខ​សន្ដិភាព​ក្សេមក្សាន្ដ​ ​ប្រកប​ទៅ​ដោយ​ជោគជ័យ​ ​សេរី​មង្គល​ ​សម្បូណ៌​សប្បាយ​ចម្រុងចម្រើន​ជា​និច្ច​និរន្ដ។​
ពេល ​ព្រលប់​យប់​រាត្រី​ ​ឈាន​ជើង​មក​ដល់​កាលណា ទេវបុត្រ​ព្រះ​មាតុលី​ ​ក៏​បរ​ព្រះ​រាជរថ​ចុះ​មក​លើ​ផែន​ពសុធា​ ​អនុវត្ដ​ទៅ​តាម​ព្រះ​ឥន្ទ្រាធិរាជ។​ ​ព្រឹក​ព្រហាមស្រាងៗ​ ​ដោយ​ដឹង​ថា​បាត់​ព្រះរាជបុត្រ​ ​ក្សត្រា​ក្សត្រី​ទាំង​ពីរ​អង្គ​កើតទុក្ខ​សោកសង្រេង​ ​ភ័យ​ព្រួយបារម្ភ​ឥតឧបមា​ ​ព្រះមហាក្សត្រ​បាន​កោះហៅ​ក្រុម​ហោរាសាស្ដ្រ​បុរោហិត​ឲ្យមក​ប្រជុំ​ជំនុំ​ គិតគូរ​ពិចារណា​ទស្សន៍​ទាយ​មើល​អស់​គ្រប់​ជើង​លេខ​ ​ដើម្បី​ឲ្យ​បានដឹង​អំពី​ហេតុផល​ការ​ពិត​ ​ហោរា​បាន​ទស្សន៍​ទាយ​ទូល​ព្រះរាជា​ថា​ ​មនុស្ស​ម្នា​ទាំងអស់​ក្នុង​ព្រះ​មហានគរ​ត្រូវ​តែ​សមាទាន​កាន់​សីលធម៌​ ​តាម​ក្រឹត្យ​ក្រម​វិន័យ​ព្រះពុទ្ធ​ឱវាទ​ចំនួន​ប្រាំពី​ថ្ងៃ​ ​ពេល​នោះ​គេ​នឹង​រក​ឃើញ​ព្រះ​កេតុមាលា​ជា​មិន​ខាន។​
ចំណែក ​ព្រះ​ឥន្ទ្រាធិរាជ​វិញ​ ​កាលបើ​បាន​ជួប​ព្រះរាជបុត្រ​ ​បាន​ខំ​បង្ហាត់បង្រៀន​កូន​ឲ្យ​ចេះ​ចង​ចាំ​ដឹង​ ​ឮ​ ​យល់​នូវ​អស់​គ្រប់​ចំណេះវិជ្ជា​សិល្បសាស្ដ្រ​ ​និង​ពាក្យ​ប្រៀនប្រដៅ​អប់រំ​ច្បាប់​វិន័យ​ទសពិធរាជធម៌​ ​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ជាតិ​ ​ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ​ ​ព្រះឥន្ទ្រ​បាន​យក​ព្រះ​កេតុមាលា​ ​ទៅ​ឧទ្យាន​ព្រះ​អង្គ​ផ្ទាល់​ ​ឲ្យ​មុជទឹក​ក្នុង​អាង​អប់ផ្កា​ ​ក្នុង​មួយ​ថ្ងៃ​ប្រាំពីរ​ដង​ ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​ ​ឱកាស​នោះ​ទេវតា​ព្រាហ្មណ៍​ម្នាក់​ ​ត្រូវ​បាន​ព្រះ​ឥន្ទ្រាធិរាជ​ ​យាង​ឲ្យមក​សូត្រ​វេទមន្ដ​ ​ចម្រើន​ព្រះ​ជន្ម​ព្រះ​កេតុមាលា​ ​ឲ្យ​អាយុ​វែង​ច្រើន​រយ​វស្សា​ ​មិនតែប៉ុណ្ណោះ​ ​ព្រះ​កេតុមាលា​បាន​ដើរ​កំសាន្ដ​ទៅ​ស្ពាន​ត្រៃត្រិង្ស​ ​មើល​អស់​វាំង​ប្រាសាទ​គ្រប់​ធុន​គ្រប់​ធី​ ​រហូត​ទៅ​ដល់​ក្រោលគោ​សួគ៌​ទៀត។​
ប្រាំពីរ​ថ្ងៃ​ ក្រោយមក​ ​ដោយសារ​កម្លាំង​អំណាច​ធម៌​ ​និង​ឧបោ​សថសីល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ ​ព្រះ​ឥន្ទ្រាធិរាជ​ក៏​បញ្ជា​ឲ្យ​ទេវបុត្រ​មាតុលី​ ​ដង្ហែ​នាំ​ព្រះ​កេតុមាលា​ចុះ​ទៅ​ស្ថាន​កណ្ដាល​ ​ដាក់​ក្នុង​ព្រះ​បរមរាជវាំង​ព្រះ​មហានគរ​វិញ។​ ​ព្រះបាទ​ទេវង្សអស្ចារ្យ​ ​និង​ព្រះ​អគ្គមហេសី​ ​ទ្រង់​សប្បាយ​រីករាយ​ក្នុង​ព្រះ​ហឫទ័យ​ឥតឧបមា​ ​ក្រោយ​ដែល​បាន​ជួប​មុខ​ ​រក​ឃើញ​ព្រះរាជបុត្រ។​
ប្រាសាទនគរវត្ត
ក្នុង ​ខណៈ​ជាមួយ​គ្នា​នោះ​ដែរ​ ​ព្រះ​ឥន្ទ្រាធិរាជ​បាន​ចាត់ចែង​ ​បញ្ជា​ឲ្យ​វិស្សកម្ម​ទេវបុត្រ​ ​ឬ​ព្រះ​ពិស្ណុការ​ ​និង​ទេវបុត្រ​ចំនួន​ប្រមាណ ​៥០០ ​អង្គ​ទៀត​ ​ចុះ​មក​ចាប់ជាតិ​មាន​កំណើត​ជា​មនុស្សលោក​លើ​ទឹកដី​ខ្មែរ​ ​ដើម្បី​ធំ​ដឹងក្ដី​ឡើង​កាលណា​ត្រូវ​តែ​នាំ​គ្នា​រៀបចំ​កសាង​ប្រាង្គ​ ប្រាសាទ​ថ្វាយ​ព្រះ​កេតុមាលា។​
ចាប់ជាតិ​កើតជា​ មនុស្ស​កាលណា​ ​ព្រះ​វិស្សកម្ម​ទេវបុត្រ​ ​មានឈ្មោះ​ចៅ​ចិត្ដ​កុមារ​ ​ព្រះ​អង្គ​មាន​ប្រាជ្ញា​ភ្លឺ​មោះមុត​ ​ចេះ​ចង​ចាំ​គ្រប់​តម្រិះវិជ្ជា​ទាំងអស់​គ្មាន​ភ្លេច​ភ្លាត់​ភាន់​ច្រឡំ​ ឡើយ។​ ​អាយុ​បាន​ ៨ ​ឆ្នាំ​ ​ព្រះ​វិស្សកម្ម​ទេវបុត្រ​ ​ឬ​ព្រះ​ពិស្ណុការ​ ​ឬ​ចៅ​ចិត្ដ​កុមារ​បាន​សុំ​ខ្លួន​ចូល​ទៅ​បម្រើ​ព្រះមហាក្សត្រ​ព្រះបាទ​ ទេវង្សអស្ចារ្យ។​ ​ដោយ​យល់​ឃើញ​ថា​ ​ចៅ​ចិត្ដ​កុមារ​ជា​ក្មេង​ម្នាក់​មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​ ​មាន​ប្រាជ្ញា​វាងវៃ​ ​ឆ្លៀវឆ្លាត​ពូកែ​អស្ចារ្យ​ ​ព្រះ​អង្គ​ក៏​ចាត់ចែង​តាំង​ជា​មេជាង​ប្រចាំ​ក្នុង​ព្រះ​បរមរាជវាំង​ ​ព្រះ​អង្គ​បាន​បញ្ជា​ព្រះ​ពិស្ណុការ​ឲ្យ​សាង​វាំង​ប្រាសាទ​ ​និង​កំពែង​នគរ​នានា​ជា​ច្រើន។​
ក្នុង​ឆ្នាំច​ ​ព.ស​ ៦១៨​ ​ត្រូវជា ​គ.ស​ ​៧៤ ចៅ​ចិត្ដ​កុមារ​ ​និង​មេជាង​ឯទៀត​បាន​សាង​ធ្វើ​ប្រាសាទ​ ​និង​បូជនីយដ្ឋាន​អំពី​ថ្ម​ដោយ​មាន​ទាំង​ជីក​បារាយណ៍​ ​សង់ស្ពាន​ ​និង​ថ្នល់​ផង។​
តែ​បើ​តាម​ ​“ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​៥” របស់​ពុទ្ធ​សាសន​បណ្ឌិត្យ​វិញ​ ​ព្រះ​ពិស្ណុការ​មិនមែន​ចុះ​មក​ពី​ឋានសួគ៌​តាម​បញ្ជា​ព្រះ​ឥន្ទ្រាធិរាជ​ ទេ។​ ​ព្រះ​ពិស្ណុការ​ជា​កូនប្រុស​របស់​ទេពធីតា​ទិព្ធ​សុតាច័ន្ទ​ ​និង​ចិក លឹម​សេង​ ដែល​រស់នៅ​ក្រុង​សៀងហៃ​ ​នៃ​ប្រទេស​ចិន។​ ​តាម​រឿង​ព្រេង​និទាន​នោះ​ ​ថ្ងៃមួយ​ ​នាង​ទិព្ធសុតាច័ន្ទ​ ​និង​ទេពធីតា​បួន​អង្គ​ទៀត​បាន​នាំ​គ្នា​ចុះ​មក​លេង​ឋាន​កណ្ដាល​ ​នៅ​ចំពោះ​មុខ​ផ្កា​គ្រប់​ពណ៌​ ​រីក​ចម្រុះ​ស្គុះស្គាយ​ព្រោងព្រាត​ ​ជះ​ក្លិន​ពិដោរ​ឈ្ងុយ​ឈ្ងប់​សុះសាយ​ក្នុង​សួនច្បារ​ចិក លឹមសេង​ ​ទេពធីតា​ទិព្ធសុតាច័ន្ទ​ ​ដែល​ខំ​ទប់ចិត្ដ​អារម្មណ៍​មិន​បាន​ ​ក៏​លូកដៃ​ទៅ​លួច​កាច់​បេះ​ផ្កា​បាន​ប្រាំមួយ​ទង​ ​ដោយសារ​កំហុស​នេះ​ ​នាង​ត្រូវ​ទទួល​កម្មពៀរ​វេរា​ចុះ​មក​រស់នៅ​ធ្វើ​ជា​ប្រពន្ធ​បម្រើ​ចិក លឹមសេង​ ចំនួន​៦​ឆ្នាំ​ ​គឺ​មួយ​ទង​ផ្កា​ស្មើ​នឹង​មួយ​ឆ្នាំ។​ ​ទេពធីតា​បាន​បម្រើ​ចិក លឹមសេង​ដោយ​គ្មាន​ហ្មង។​ ​មួយ​ឆ្នាំ​ក្រោយមក​ ​នាង​ប្រសូត្រ​បាន​កូន​ប្រុស​មួយ​ ​ហើយ​ដាក់​ឈ្មោះ​ថា​ពិស្ណុការ។​ ​ព្រះ​ពិស្ណុការ​ត្រូវ​បាន​ម្ដាយ​នាំ​យក​ទៅ​សិក្សា​រៀន​សូត្រ​គ្រប់​អស់​ វិជ្ជា​ជាង​ជ្រៅជ្រះ​នៅ​ឋានសួគ៌។​ ព្រះ​ពិស្ណុការ​ ​ឬ​ចៅ​ចិត្ដ​កុមារ​ ​បាន​សាង​ប្រាង្គ​ប្រាសាទ​ ​ជា​ច្រើន​ថ្វាយ​ដល់​ព្រះមហាក្សត្រ​មាន​ជា​អាទិ​ ​ប្រាសាទ​បាយ័ន​ ​បាពួន​ ​ភិមាន​អាកាស​ ​រំលេច​ដោយ​ក្បូរ​ក្បាច់រ​ចនា​ល្អ​ប្រណិត​ ​អម​ទៅ​ដោយ​រូប​សត្វ​ដូច​ជា​ ​នាគ​ ​គ្រុឌ​ ​ក្រពើ​ ​សិង្ហ ​តោ​ ​ដំរី៘​ ​ថ្ងៃមួយ​ព្រះបាទ​សម្ដេច​ទេវង្សអស្ចារ្យ​ ​បាន​បង្គាប់​ឲ្យ​ព្រះ​ពិស្ណុការ​រៀបចំ​សាង​ប្រាសាទ​មួយទៀត​សម្រាប់​ថ្វាយ​ ដល់​ព្រះ​កេតុមាលា​ ​ប្រាសាទ​ដ៏​សែន​ល្អ​ប្រណិត​នេះ​ ​ថ្ងៃ​ក្រោយមក​មានឈ្មោះ​ថា​ នគរវត្ដ​ ​ដោយសារ​ព្រះ​កេតុមាលា​បាន​ដាក់​ថ្វាយ​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​សាសនា។ ​ ​ប្រាសាទ​នគរវត្ដ​មាន​ទម្រង់​ទ្រង់ទ្រាយ​ដូច​ក្រោល​គោ​សួគ៌​របស់​ព្រះឥន្ទ្រ ​ ​ពីព្រោះ​កាល​ព្រះ​អង្គ​បាន​យាង​ទៅ​ស្ថាន​ត្រៃត្រិង្ស​ ​ព្រះ​កេតុមាលា​បាន​ទត​ឃើញ​ប្រាសាទ​ធំៗ​ ​ល្អល្អះ​ជា​ច្រើន​មាន​ទាំង​ក្រោល​គោ​សួគ៌​ផង។​ ​ដោយហេតុ​ព្រះ​អង្គ​មិន​ហ៊ាន​មានចិត្ដ​លោភលន់​ ​ប្រាថ្នា​ចង់បាន​ប្រាសាទ​ដូច​ព្រះ​ឥន្ទ្រាធិរាជ​ហើយ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ក្លាយជា​ការ​ប្រមាថ​កាតទាន​ដល់​ចេស្ដា​ព្រះឥន្ទ្រ​ ​ទើប​បានជា​ព្រះ​កេតុមាលា​ទ្រង់​សម្រេចចិត្ដ​ ​ចង់បាន​ត្រឹមតែ​ក្រោល​គោ​ព្រះឥន្ទ្រ​ប៉ុណ្ណោះ។​ សម្ដេច ​ទេវង្សអស្ចារ្យ​ក្សត្រ​ខ្មែរ​ទី​៦​ ​សោយរាជសម្បត្ដិ​នគរ​កម្ពុជា​បាន​៧៨​ឆ្នាំ​ ​ព្រះ​អង្គ​សុគត​​ក្នុង​ព្រះ​ជន្ម​១០៨​វស្សា​ដោយជំងឺ​ជរាពាធ។​ ព្រះ​កេតុមាលា​ត្រូវ​ឡើង​សោយរាជសម្បត្ដិ​បន្ដ​ពី​ព្រះ​បិតា​ ​ពិធី​អភិសេក​ត្រូវ​បាន​រៀបចំ​ប្រារព្ធ​ធ្វើ​យ៉ាង​អធិកអធម​គគ្រឹកគគ្រេង​នៅ​ថ្ងៃ​ ១០​កើត ខែ​ផល្គុន​ ​ឆ្នាំឆ្លូវ ​ព.ស​ ៦២១​ ​ត្រូវជា​ គ.ស ​៧៨​ ​នៅវេលា​ម៉ោង​៧​ព្រឹក​ ​កាលនោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​១៦​វស្សា។​ ​ព្រះ​កេតុមាលា​ជា​ក្សត្រ​ខ្មែរ​ទី​៧។​ ​ព្រះ​នាម​ព្រះ​អង្គ​ជា​ក្សត្រ​គឺ​ ​ព្រះ​អរិដ្ឋពលពាហនោ។​ ​ព្រះ​អង្គ​បាន​គ្រប់គ្រង​ផែនដី​ដោយ​សន្ដោស​ធម៌​ប្រោសប្រណី​ ​និង​ទសពិធរាជធម៌។
ដោយ​ព្រះ​អង្គ​មាន​រូបឆោម​លោម​ ពណ៌​ ​សម្ផស្ស​ឆើតឆាយ​លើស​បុរស​នានា​ ​ស្ដ្រី​គ្រប់​ទិស​ទី​ ​មាន​ស្នំ​ភីលៀង​មី​នុំ​មី​នាង​នាំ​គ្នា​ចោមរោម​ព័ទ្ធ​ ​ចង់​ប្រតិព័ទ្ធ​រួម​តម្រេក​កៀកកើយ​ដាក់ស្នេហ៍​មន្ដអាគម​ធ្វើ​ឲ្យ​ព្រះ​អង្គ ​ឆ្កួត​វង្វេង​ភ្លេច​ភាន់ភាំង​ស្មារតី​ ​ចិត្ដ​អារម្មណ៍​ ​ហើយ​លុះ​ទៅ​ដោយ​ភ្លើងតណ្ហា​កាម​តម្រេក​ ​ស្រវឹងវក់វី​ ​សប្បាយ​ភ្លើតភ្លើន​ត្រេកត្រអាល​ ​លែង​មាន​វិចារណញ្ញាណ​ ​ដែល​មាន​សតិសម្បជញ្ញៈ​ ​ភ្លេច​អស់​ត្រូវ​ ​ភ្លេច​អស់ខុស​ ​ភ្លេច​អស់​ថា​ខ្លួន​ជា​ស្ដេច​ ​ភ្លេច​អស់​អ្វីៗ​ជា​ប្រជាជាតិ​ ​អ្វី​ដែល​ជា​ផលប្រយោជន៍​នគរ​ ​ភ្លេច​អស់​អ្វី​ជា​សីលធម៌​ ​ភ្លេច​អស់​អ្វី​ជា​ទសពិធរាជធម៌​ ​ភ្លេច​អស់​ព្រះពុទ្ធ​សាសនា។ ​ព្រះ​កេតុមាលា​ ​ឆ្កួត​វង្វេងវង្វាន់​បាត់ស្មារតី​ក្នុង​រយៈពេល​មួយ​ឆ្នាំ។​
បើតាម​ពង្សាវតារ​វត្ដ​ទឹក​វិល​ ​ការ​ឆ្កួត​វង្វេង​ឡប់​សតិ​របស់​ព្រះបាទ​កេតុមាលា​ ​បណ្ដាល​មក​អំពី​ការ​ដាក់ស្នេហ៍​ស្នូក​ ​ធ្វើ​មន្ដ​វិជ្ជាការ​របស់​ម្ចាស់​ក្សត្រី​សោយ​សមន្ថា​ ​បុត្រី​ស្ដេច​ប្រទេស​លាវ​នៅ​ទីក្រុង​វៀងច័ន្ទ​ ​ដែល​មាន​ស្រីស្នំ​ពីរ​នាក់​ឈ្មោះ​កែវ​ថង​ ​និង​កែវ​ពេជ្រ​ ​ចូល​ដៃជើង​រួមគំនិត​ជាមួយ​ផង​ ​(ព្រះ​នាង​សយ​សមន្ថា​ត្រូវ​ធ្លាក់​ឋានៈ​ទៅ​ជា​ស្រីស្នំ​ចុង​ផុត​ក្រោយ​គេ​ ទាំងអស់​ ​ព្រះ​នាង​បាន​ចូល​ទិវង្គត​ដោយសារ​ក្ដី​ទុក្ខ​ព្រួយ​រីងរៃ។​ ​ចំណែកឯ​ពួក​មី​នុំ​មី​នាង​ ​កែវ​ថង​ ​និង​កែវ​ពេជ្រ​វិញ​ត្រូវ​ទទួល​ខ្លួន​ទៅ​ជា​ទាសាទាសី​ ​ធ្វើការ​បម្រើ​នៅ​ឯ​ជើងក្រាន​បាយ)។
ឧប្បត្តិហេតុ​ នេះ​ ​បាន​ធ្វើ​ឲ្យ​ក្ដៅ​ទៅ​អាសនៈ​ព្រះ​ឥន្ទ្រាធិរាជ​ ​ធ្វើ​ឲ្យ​ព្រះ​អង្គ​ក្រហល់ក្រហាយ​គង់​នៅ​ស្ងៀមស្ងាត់​មិនកើត​ ​ព្រះ​អង្គ​ក៏​បើក​ទិព្វចក្ខុ​ក្រឡេក​មើល​មក​ឃើញ​ច្បាស់​ប្រត្យក្ស​ថា​បុត្រ ​ព្រះ​អង្គ​ ​ព្រះ​កេតុមាលា​ ​បាន​ដើរ​ឃ្លៀងឃ្លាត​ចាក​ចេញពី​គន្លងធម្ម​វិន័យ​ ​និង​ក្បួនតម្រា​កាតព្វកិច្ច​ជា​ស្ដេច​ផែនដី។​ ​ក្នុង​គ្រាអាសន្ន​នេះ​ ​ព្រះឥន្ទ្រ​បាន​ចាត់​ព្រះ​វិស្សកម្ម​ទេវបុត្រ​ឲ្យទៅ​និមន្ដ​ព្រះ​អានន្ទ​ ​និង​ព្រះសង្ឃ​ប្រាំពីរ​អង្គ​ទៀត​ ​នៅ​កោះ​សេរី​លង្កា​ ​ដែល​មាន​វិជ្ជា​ខ្ពង់ខ្ពស់​ខ្លាំងពូកែ​ទៅ​មហានគរ​ ​ចំណែក​ព្រះឥន្ទ្រ​ខ្លួនឯង​វិញ​ ​ព្រះ​អង្គ​ទៅ​សុំ​យាង​ព្រះព្រហ្ម​ឲ្យ​ចុះ​មក​ជួយ​ដែរ។
យាងចុះ ​មក​ដល់​ទឹកដី​មហានគរ​កាលណា​ ​ព្រះ​ឥន្ទ្រាធិរាជ​ក៏​ចាប់ផ្ដើម​រៀបចំ​ធ្វើ​ពិធី​អភិសេក​ ​ព្រះ​កេតុមាលា​ជា​ថ្មី​ម្ដងទៀត​ ​ព្រះ​រាជាភិសេក​ម្ដងនេះ​ ​បាន​ប្រព្រឹត្ដ​ទៅ​ក្នុង​បរិយាកាស​យ៉ាង​សែន​ធំ​អឹកធឹក​ឧត្ដុង្គឧត្ដម​ អស្ចារ្យ​ ​ដោយ​មាន​ទេវតា​ ​ទេពធីតា​ ​ទេវបុត្រ​ ​ពី​គ្រប់​ទិស​ទី​ ​យាងចុះ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ជា​កិត្ដិយស ។​
ដំបូង ​ព្រះព្រហ្ម​ ​និង​ព្រះឥន្ទ្រ​ ​សូត្រ​ស្វាធ្យាយ​ធម្មទេសនា​ថ្វាយព្រះពរ​ ​ស្រោចស្រព​ ​និង​ស្រង់​ទឹកមន្ដ​លើ​ព្រះ​កេស​ ​និង​រូបរាង​កាយ​ព្រះ​កេតុមាលា​ ​ដើម្បី​ដេញ​កម្ចាត់​អស់​មន្ដអាគម​ស្នេហ៍​ស្នូក​ទាំង​ប៉ុន្មាន​ ​ដែល​មាន​ជោកជាំ​នៅ​ក្នុង​ខ្លួន​ព្រះ​អង្គ​ ​ព្រមទាំង​ប្រសិទ្ធិ​ពរ​ជ័យ​ឲ្យ​បាន​សុខ​ ​សេរី​មង្គល​ឡើង​វិញ។​ ​បន្ទាប់​មក​ព្រះ​ឥន្ទ្រាធិរាជ​ ​ព្រះព្រហ្ម​ ​និង​ព្រះសង្ឃ​ឯទៀត​នាំ​គ្នា​ប្រជុំ​និយាយ​ទូន្មាន​ប្រដែប្រដៅ​ផ្ដាំផ្ញើ​ ដល់​ព្រះ​កេតុមាលា​ឲ្យ​ចេះ​ស្គាល់​យល់​អំពី​ធម្ម​វិន័យ​ ​ក្នុង​មាគ៌ា​ព្រះពុទ្ធ​សាសនា។​ ​បន្ត​មក​ ​ព្រះ​ឥន្ទ្រាធិរាជ​ធ្វើ​ពិធី​ស្រង់ទឹក​អភិសេក​ព្រះ​កេតុមាលា​ ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ជា​ថ្មី​តាម​ប្រពៃណី។​ ​គឺ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ​ថ្ងៃ​ ១១​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំជូត​ ​ព.ស​ ៦២៣​ ​ត្រូវជា ​គ.ស​ ៨០។​ ​ពិធី​អភិសេក​ដោយ​ព្រះ​ឥន្ទ្រាធិរាជ​ ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ ​ព្រះឥន្ទ្រភិសេក។​ ​ដូច្នេះ​ហើយ​ ​ចាប់ពី​ថ្ងៃ​នោះ​មក​ ​ទីក្រុង​មហានគរ​មានឈ្មោះ​ថា​ ​ឥន្ទបត្តបុរី។​
គ្រានោះ ​ព្រះ​ឥន្ទ្រាធិរាជ​ទ្រង់​ព្រះ​តម្រិះ​គិត​ឈ្វេងយល់​ឃើញ​ថា​ ​បើ​ប្រគល់​អំណាច​នគរ​មួយ​ទាំងមូល​ទៅ​ឲ្យ​ស្ដេច​តែ​មួយ​អង្គ​ឯង​ ​ឬ​មនុស្ស​ម្នាក់​គត់​ ​ហើយ​បើ​ស្ដេច​អង្គ​នោះ​ ​ឬ​មនុស្ស​នោះ​បែរជា​ប៉ោឡែ​ឆ្កួត​វង្វេង​ស្រវឹង​អំណាច​ ​បុណ្យ​សក្ដិ​ ​លុយ​កាក់​ សម្បត្ដិទ្រព្យ​ ​ស្រា​ស្រី​ល្បែង​អំពើ​ពា​លា​ ​មិន​ស្គាល់​ខុស​ស្គាល់​ត្រូវ​ ​យក​អាក្រក់​ជា​ល្អ​យក​ល្អជា​អាក្រក់​ ​គិតតែ​សប្បាយ​ត្រេកត្រអាល​ភ្លើតភ្លើន​ ​គ្មាន​សីលធម៌​ ​គ្មាន​សតិសម្បជញ្ញៈ​ ​គ្មាន​ទសពិធរាជធម៌​ ​មិន​យក​ចិត្ដ​ទុក​ដាក់​ ​មិន​ស្គាល់​អំពី​ផលប្រយោជន៍​អាយុជីវិត​ជាតិ​ ​នោះ​ប្រជាពលរដ្ឋ​តូច​ធំ​ ​និង​នគរ​មុខតែ​ជួប​ប្រទះ​មហន្ដរាយ​ ​គ្រោះ​ថ្នាក់​កំណាច​កាច​ចង្រៃ​ ​វិនាស​រលាយ​រលត់​ ​សាបសូន្យ​ជីវិត​ជា​មិន​ខាន។​ ​ទ្រង់​យល់​ដូច្នេះ​ហើយ​ ​ទើប​ព្រះ​ឥន្ទ្រាធិរាជ​ ​ព្រះ​អង្គ​កំណត់​តែងតាំង​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ​សម្រាប់​ជួយ​ធ្វើការ​អម​ស្ដេច។​ ​ក្នុង​គណៈ​ក្រុមប្រឹក្សា​ស្ដេច​នេះ​មាន ៖
គណៈសង្ឃ​ ​៧​អង្គ ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​ ​ហើយ​ដែល​ត្រូវ​ជ្រើសតាំង​ឡើង​ដោយ​ព្រះ​អានន្ទ ព្រាហ្មណ៍​បាគូរ​ ​៧ រូប តែងតាំង​ដោយ​ព្រះព្រហ្ម​ ​ដែល​មាន​មុខ​នាទី​ចាត់ចែង​ធ្វើ​ពិធីបុណ្យ​ផ្សេងៗ​តាម​ប្រពៃណី​សាសនា​ក្នុង​ព្រះ​នគរ ព្រាហ្មណ៍​ហោរាសាស្ដ្រ​ម្នាក់​ ​ជា​តំណាង​ព្រះឥន្ទ្រ​ ​សម្រាប់​ទស្សន៍​ទាយ​ព្យាករ​មើល​ដំណើរ​នគរ រដ្ឋមន្ដ្រី​ ​៧​នាក់ សម្រាប់​ចាំ​ជួយ​ណែនាំ​ ​រក្សា​ ​និង​ការពារ​ព្រះមហាក្សត្រ​ ​ចៅហ៊្វាទឡ្ហៈ​ ​ដែល​មាន​ឋានៈ​ធំ​ជាងគេ​បំផុត ចៅពញា​យមរាជ ចៅពញា​ក្រឡាហោម ចៅពញា​ចក្រី ចៅពញា​វាំង ចៅពញា​មហាមន្ដ្រី​ ​និង​ចៅពញា​មហាទេព។ មិនតែប៉ុណ្ណោះ ​ ​ដើម្បី​ឲ្យ​បាន​ឆាប់​ដឹង​ ​ឆាប់​បាន​យល់​អំពី​ហេតុការណ៍​ផ្សេងៗ​ដែល​នឹង​កើត​មាន​ឡើង​ ​ព្រះ​ឥន្ទ្រាធិរាជ​ព្រះ​អង្គ​បាន​សុំ​ឲ្យ​ព្រះ​មហា​អានន្ទ​ ​កម្រិត​កំណត់​ទីកន្លែង​សំខាន់​មួយ​ទុក​សម្រាប់​កន្លែង​មើល​ប្រផ្នូល​នគរ​ ​ព្រះ​អង្គ​អានន្ទ​បាន​និមន្ដ​ទៅ​ភ្នំ​បាណន់​ ​រៀបចំ​ធ្វើ​ឲ្យ​មាន​ស្រះ​ទឹក​បី​ ​មួយ​សម្រាប់​ព្រះមហាក្សត្រ​ ​មួយ​សម្រាប់​នាម៉ឺន​មុខមន្ដ្រី​ ​និង​មួយទៀត​សម្រាប់​ប្រជានុរាស្ដ្រ​ ​គឺ​ទុក​ធ្វើ​ជា​ឧបករណ៍​មើល​ប្រផ្នូល​ដល់​ដំណើរ​វិវត្ដ​នគរ​ ​រៀង​រាល់​ឆ្នាំ​ក្រុម​បុរោហិត​ ​ត្រូវ​តែ​ដួស​ទឹក​ក្នុង​ស្រះ​ទាំង​បី​យក​ទៅ​ដាក់​ជិត​ជាប់​នឹង​ព្រះ​ខ័ន​ រាជ​រតន​មង្គល​ ​ដើម្បី​សង្កេត​មើល​ប្រផ្នូល​ទឹក ៖
១. ទឹក​ក្នុង​ស្រះ​សម្រាប់​មហាក្សត្រ
បើ​ទឹក​ត្រូវ​រីងស្ងួត​ ​នោះ​ព្រះមហាក្សត្រ​នឹង​ត្រូវ​អស់​ព្រះជន្ម បើ​ទឹក​នោះ​ចោល​ក្លិន​មិនល្អ​នោះ​ ​នឹង​កើត​មាន​ចម្បាំង​ក្នុង​នគរ បើ ​ទឹក​ក្នុង​ស្រះ​នោះ​ល្អក់​កខ្វក់​ខ្វល់​ ​នោះ​ជម្ងឺ​រោគាពាធ​នឹង​កើត​ពាសពេញ​នគរ ហើយ​បើ​ទឹក​នោះ​ធុំក្លិន​ស្អុយ​អសោច​ ​នោះ​នៅ​ក្នុង​នគរ​នឹង​មាន​ភ័យ​អន្ដរាយ​ ​កើត​មាន​រាំង​ស្ងួត​មាន​ទុរ្ភិក្ស​ ​និង​មាន​ចោរ​លួច​ប្លន់​កាប់សម្លាប់ ។
២. ទឹក​ក្នុង​ស្រះ​នាម៉ឺន​មុខមន្ដ្រី
បើ​ទឹក​ត្រូវ​រីងស្ងួត​ ​នោះ​នាម៉ឺន​មុខមន្ដ្រី​ត្រូវ​អស់បុណ្យ​បារមី​ ​លែង​មាន​សមត្ថភាព​ទៀត​ហើយ បើ ​ទឹក​នោះ​ចោល​ក្លិន​អាក្រក់​ ​ល្អក់​ខ្វល់​នោះ​ ​នាយក​រដ្ឋមន្ដ្រី​ ​និង​មន្ដ្រី​តូច​ធំ​ទាំងឡាយ​ខ្វល់ខ្វាយ​ពិបាកចិត្ដ បែកបាក់​សាមគ្គី​ឈ្លោះប្រកែក​គ្នា​ ​ប្រសិនបើ​ទឹក​នោះ​ថ្លា​ល្អ​ត្រចង់​ទេ​ ​នោះ​នាយក​រដ្ឋមន្ដ្រី​ ​និង​នាម៉ឺន​ឯទៀត​ ​បាន​សុខ​សប្បាយ​ជា​ធម្មតា​ ​
៣. ទឹក​ក្នុង​ស្រះ​ប្រជានុរាស្ដ្រ
បើ​ទឹក​ក្នុង​ស្រះ​រីងស្ងួត​ ​នោះ​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ស្លាប់​ពាសពេញ បើ​ទឹក​នោះ​ឡើង​ល្អក់​ ​ពេល​នោះ​ប្រជានុរាស្ដ្រ​នឹង​រង​ទុក្ខវេទនា​ ​ត្រូវ​ព្រាត់ប្រាស់​ប្ដី​ប្រពន្ធ​កូនចៅប្រសិនបើ ​ទឹក​នោះ​ធុំក្លិន​អាក្រក់​ស្អុយ​អសោច​ឆ្អេះឆ្អាប​ ​នោះ​ប្រជារាស្ដ្រ​ ​មុខជា​នឹង​ជួប​ការ​រីងរាំង​ស្ងួត​គ្មាន​ភ្លៀង​ ​ជួប​នឹង​ចោរហារយ​លួច​ប្លន់​កាប់សម្លាប់​ ​និង​មាន​ឧក្រិដ្ឋកម្ម​ជា​មិន​ខាន ។​ ​ដូច្នេះ ​ហើយ​ ​ទើប​បានជា​មាន​ស្រះ​ទឹក​ទាំង​បី​នោះ​ជាប់​ឈ្មោះ​ត​មក​ជា​ ​ភ្នំ​ព្រះ​អានន្ទ​ ​បន្ទាប់​មក​ក្លាយជា​ភ្នំ​បានន្ទ​ ​ហើយ​រហូត​ដល់​សព្វថ្ងៃ​ ​ឈ្មោះ​ក៏​ប្រែ​ទៅ​ជា​ ​ភ្នំ​បាណន់​ដែល​ស្ថិត​នៅ​ខេត្ដ​បាត់ដំបង ។​
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

ក្នុង​កិច្ចការ​រៀបចំ​ទឹកដី​ខ្មែរ​ឲ្យ​ល្អ​ប្រពៃ​ ​ព្រះ​ឥន្ទ្រាធិរាជ​ ​ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​ឲ្យ​ស្ល​លោហធាតុ​ធ្វើ​ដាវ​ជ័យ​សេរី​មង្គល​ ​(ដាវ​បួន​ទៀត​ត្រូវ​បាន​ស្ល​ធ្វើ​ដែរ​ ​ហើយ​ត្រូវ​បាន​ព្រះឥន្ទ្រ​ប្រគល់​ឲ្យ​ព្រហ្ម​ជ័យ​យក​ទៅ​ទុក​ថែរក្សា​នៅ​ឯ​ ភូមិ​ប្រាសាទ​ ​ក្នុង​ខេត្ដ​បារាយណ៍។​ ​ចំពោះ​ពង្សាវតារ​វត្ដ​ទឹក​វិល​ ​គឺជា​លំពែង​ទេ​ ​ដែល​ព្រះ​ឥន្ទ្រាធិរាជ​បាន​បង្គាប់​ឲ្យ​ធ្វើ។​ ​លំពែង​ទាំង​៤​ ​ត្រូវ​ចែក​ទៅ​ឲ្យ​ស្ដេច​ត្រាញ់​ទាំង​៤​ ​នៅ​ ទ្រាំង​ ​ត្បូងឃ្មុំ​ ​បាភ្នំ​ ​និងភ្នំ​កំពង់ស្វាយ​ ​កាន់កាប់​ថែរក្សា។​ ​កាំបិត​ស្ដាំ​ និង​កាំបិត​ឆ្វេង​ ​ពីរ​ទៀត​ក៏​ត្រូវ​បាន​ស្ល​ធ្វើ​ដែរ។​ ​កាំបិត​ស្ដាំ​ត្រូវ​យក​ទៅ​តម្កល់​ទុក​ឯ​ខេត្តពោធិ៍សាត់​ ​កាំបិត​ឆ្វេង​ត្រូវ​យក​ទៅ​តម្កល់​ទុក​ឯ​ខេត្ដ​ជើងព្រៃ។) ដែល​ត្រូវ​តម្កល់​ទុក​ដោយ​ក្រុម​បុរោហិត​ ​ទន្ទឹម​គ្នា​ជាមួយ​នឹង​បញ្ច​ក្សត្រ​ (ក្នុង​បញ្ច​ក្សត្រ​ ​ឬ​ប្រដាប់ប្រដាសម្រាប់​សំគាល់សេ្ដច​ទាំង​៥​ជំពូក​នោះ​ ​មាន​ជា​អាទិ​ ​ព្រះ​ខ័ន​រាជ រតន​មង្គល សរព្រហ្មណ៍​មាស គ្រឿង​សក្ការៈបូជា​របៀប​ព្រហ្មញ្ញសាសនា រូបសំណាក​តំណាង​ព្រះពុទ្ធ​ទាំង​៥​ព្រះ​អង្គ​ ​ព្រមទាំង​ចម្លាក់​ព្រះកច្ចាយនៈ និង​រូបសំណាក​ព្រះ​អាទិទេព​ទាំង​៣៥​អង្គ​ទៀត។) ក្នុង​ប្រាសាទ​មួយ​ដាច់​ដោយឡែក​ក្នុង​ព្រះ​មហានគរ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អរិដ្ឋពលពាហនោ (ប្រវត្តិសាស្ត្រខ្មែរ) អរិដ្ឋពលពាហនោ (ប្រវត្តិសាស្ត្រខ្មែរ) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.