មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ប្រពៃណីជាតិ៖ ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយប្រជាជាតិនេះក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើនប្រជាជាតិប្រទេសនេះហៅខ្លួនឯងថា "ជនជាតិខែ្មរ" ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជាមានតាំងពីបុរាណកាលនិងយូរយាណាស់មកហើយហើយមួយភាគធំគឺផ្សារភ្ជាប់និងសាសនាហិណ្ឌូ នាប្រទេសឥណ្ឌា និង ប្រទេស សេរីលង្កា ។ "ចូលឆ្នាំខ្មែរ" គឺជាឈ្មោះថ្ងៃបុណ្យខ្មែរដែលប្រារព្ធពិធីចូលឆ្នាំថ្មីតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត ។ ជាការពិតណាស់ថ្ងៃចូលឆ្នាំពីបុរាណកាលប្រាររព្ធនៅខែ មករា តាមកំណត់ហេតុលោក ជីវ តាក្វាន់ ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ ​នៃគ.ស នាសត្សវត៍ទី១៣ ក្រោយមកគេបានផ្លាសប្ដូរមកខែមេសាវិញ​យកតាម សុរិយាគតិ ហើយវាត្រូវនិងខែនៃដូវប្រមូលផលផងដែរ ។ ថ្ងៃឈប់សម្រាកមានរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតាវានៅថ្ងៃទី ១៣ ឬទី ១៤ ខែមេសាដែលជាដំណាច់រដូវប្រមូលផលនៅពេលដែលកសិកររីករាយនឹងផលដំណាំរបស់ពួកគេមុនពេលរដូវវស្សាចាប់ផ្តើម។ ប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសអាចជ្រើសរើសដើម្បីអបអរសាទរក្នុងអំឡុងពេលចុងសប្តាហ៍ជាជាងគ្រាន់តែពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា។ ចូលឆ្នាំខ្មែរស្របគ្នាជាមួយឆ្នាំថ្មីនៃពន្លឺព្រះអាទិត្យនៅក្នុងផ្នែកមួយចំនួននៃប្រទេសឥណ្ឌា ប្រទេសនេប៉ាល់ ប្រទេសស្រីលង្កា ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវនិង ប្រទេសថៃ ។ បុណ្យចូលឆ្នាំខ្មែរ ក៏មានរឿងព្រេងនិទានទាក់ទងផងដែរដែលជាការនិពន្ធពីជនជាតិខ្មែរផ្ទាល់ក្នុងការផ្សារភ្ជាប់ទៅនិងពុទ្ធសាសនា ដែលនិពន្ធនៅឆ្នាំ ១៩៦៩ ដោយលោក ត្រឹង ងា ដែលនិយាយពីការភ្នាល់ប្រស្នា ៣ខ រវាងអទិទេព ព្រហ្ម (មុខបួន) ជាមួយ អាវតា ព្រះវិស្ណុះ ដែលចាប់កំណើតជាក្មេងប្រុសម្នាក់ឈ្មោះ ធម្មបាលកុមារ ដែលចេះទាំងភាសាសត្វ និង បានរៀនចប់នៅគម្ពីរវេទផ្សេងៗជាច្រើន ហើយងាកមកគោរពនៅ ព្រះពុទ្ធសាសនាវិញ ការនិះពន្ធរបស់អ្នកស្រីបានល្បីដល់ប្រទេស ថៃ និង ឡាវ ដែលមានវប្បធម៌ស្រដៀងកម្ពុជាបានសុំចម្លងនៅរឿងព្រេងនិទាននេះ ។
ចូលឆ្នាំនៅកម្ពុជាចែកចេញជា ៣ថ្ងៃ មហាសង្រ្កាន្ត ជាពាក្យ កម្ចីពីឥណ្ឌា (Sankranti) ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរតែមួយក្នុងរយៈពេល ១២ខែ ។ ហើយជាពេលវេលាដែលទេពធីតាទាំង៧ ដែលលតំណាងឲភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ យាងមកដល់ផែនដី ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿង​សក្ការៈ​បូជា​ ដូចជា បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល​​ និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ​។
វិរ:វ័នបត ជាដំណើរនៃការដង្ហែរក្បាល ព្រះព្រហ្ម ព័ទ្ធជុំវិញភ្នំកៃឡាស ចំនួន ៦០នាទី រួចយកក្បាលព្រះព្រហ្មនោះត្រឡប់ទៅទុកក្នុងគុហា គន្ធម៉ាលី នាភ្នំព្រះសុម៉ែ នាឯឋានសួគ៌វិញ ។ ថ្ងៃទីពីរនេះដែរ គេយក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម អ្នកខ្លះគេចែកទានដល់អ្នកក្រខ្សត់ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេនភេសជ្ជៈ​ ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនាទាក់ទងអំពីប្រវត្តិព្រេងនិទាននៃពីធីបុណ្យចូលឆ្នាំខ្មែរ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​ បង្សុកូលចេតិយ បញ្ជូន​មគ្គផល​ ដល់​វិញ្ញាណ​ក្ខន្ធបង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។
វារៈឡើងស័ក ការផ្លាសប្ដូរសករាជថ្មីនៃឆ្នាំសត្វទាំង១២ ហើយថ្ងៃទីបីនេះជាថ្ងៃផ្សារភ្ជាប់ទៅនិងពិធីស្រង់ព្រះ ដែលពុទ្ធបរិសថ្ថត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ហើយពិធីស្រង់ព្រះនេះទាក់ទងនិងប្រវត្តិព្រះកែវមរកតផងដែរ ។ហើយកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការលាងបាប​ ហើយជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើតមកផងដែរ ចំនែកឯភិក្ខុសង្ឃត្រូវចេញមកស្រោចទឹកដល់ឧបាសក់ដើម្បីជំរះភាពឧបទ្រុព្ទចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ។
ទេពធីតាមហាសសង្ក្រាន្ត សម្ដែងកិរិយា បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់ បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក
ឈ្មោះទេពធីតាមហាសសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ ថ្ងៃតំណាង និង អម្ពរសំពត់ពណ៌ ព្រះនាម ផ្ការសៀតត្រចៀក គ្រឿងភារណៈសំលៀកបំពាក់ គ្រឿងអលង្ការត្បូង ភក្សាហារ សោយអាហារ គ្រឿងសាស្ត្រាវុធក្នុង ព្រះហ័ស្តស្ដាំ និង ព្រះហ័ស្តឆ្វេង យាន្តជំនិះ ថ្ងៃអាទិត្យ ទុង្សៈទេវី សៀតផ្កាទទឹម សំលៀកបំពាក់ពណ៌ក្រហម គ្រឿងប្រដាប់បទុមរាជ (ត្បូងទទឹមពណ៌ក្រហម) សោយផ្លែឧទុម្ពរ (ផ្លែល្វា) ស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈ ឥន្ទ្រីនុ (គ្រុឌ)
ថ្ងៃច័ន្ទ គោរាគៈទេវី សៀតផ្កាអង្គារបុស្ស សំលៀកបំពាក់ពណ៌លឿង គ្រឿងប្រដាប់បុក្តា (ត្បូងកណ្ដៀងពណ៌ស្វាយ) សោយតេលំ (ប្រេង) ស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈព្យាឃៈ (ខ្លា)
ថ្ងៃអង្គារ រាគ្សៈសាទេវី សៀតផ្កាឈូក សំលៀកបំពាក់ពណ៌ខ្មៅ គ្រឿងប្រដាប់មោរា (ត្បូងកណ្ដៀងពណ៌ខៀវ) សោយលោហិត (ឈាម) ស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈ អស្សតរ (សេះ) ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា (ចំប៉ា) សំលៀកបំពាក់ពណ៌ផ្ទៃមេឃ គ្រឿងប្រដាប់ពិទូរ្យ (ត្បូងកណ្ដៀងពណ៌លឿង) សោយទឹកដោះសិប្បិ (ទឹកដោះស្រស់) ស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ គទ្រភៈ (សត្វលា)
ថ្ងៃព្រហស្បតិ៍ កិរិណនីទេវី សៀតផ្ការមណ្ឌា (ផ្កាចំបុី) សំលៀកបំពាក់ពណ៌បៃតង គ្រឿងប្រដាប់មរកត (ត្បូងកណ្ដៀងពណ៌បៃតង) សោយសណ្ដែក ល្ង ស្តាំកង្វេរដំរី ឆ្វេងស្នារ ពាហនៈ គុជ្សា (ដំរី)
ថ្ងៃសុក្រ កិមិរ៉ាទេវី សៀតផ្កាចង្កុលណី (ផ្ការំចង់) សំលៀកបំពាក់ពណ៌ស គ្រឿងប្រដាប់បុស្សរាគម័ (ថ្លើមថ្មពណ៌ស) សោយចេកណាំវ៉ា ស្តាំព្រះខ័ន ឆ្វេង ពិណ ពាហនៈ មហឹង្សា (ក្របី)
ថ្ងៃសៅរ៍ មហោទរាទេវី សៀតផ្កាកណ្និកា (ផ្កាម្លិះ) សំលៀកបំពាក់ពណ៌ខៀវចាស់ គ្រឿងប្រដាប់នីលវត័ន៍ (ត្បូងកណ្ដៀងពណ៌ខ្មៅ) សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស ស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈ មយូរ៉ា (ក្ងោក)
ប្រវត្តិរឿងចូលឆ្នាំខ្មែរ ប្រវត្តិរឿងចូលឆ្នាំខ្មែរ ដែលទាក់ទងនិងតំណាលទេវៈកថាដូចតទៅ ៖ មានតំណាលថា នៅដើមនៃភទ្ទកប្បនាសម័យមានព្រះពុទ្ធសាសនាដែលលាយឡំទៅនិងហិណ្ឌូសាសនាមានសេដ្ឋីម្នាក់ដែលគោរពនៅព្រះពុទ្ធសាសនា លោកមានកូនប្រុសម្នាក់ឈ្មោះថា "ធម្មបាលកុមារ" ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ ​និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៩ឆ្នាំ ។ សេដ្ឋីបិតាបានសាង អាស្រមមួយឲធម្មបាលកុមារដើម្បីជាការធ្វើសម្មាធិ "ធម្មបាលកុមារ"បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិពុទ្ធសាសនា ។ គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់កបិលមហាព្រហ្ម "ទេវៈមុខ៤" ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិព្រហ្មញសាសនា។ ពេលនោះកបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាអវតាព្រះវិស្ណុះទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជាទៅគោរពព្រះពុទ្ធសាសនាវិញ!ដើម្បីចង់ផ្ចាញ់ព្រះវិស្ណុះដែលចាប់កំណើតជាធម្មបាលកុមារ កបិលមហាព្រហ្មក៏ក្រឡាខ្លួនជាសមនៈព្រហ្ម (ពួកព្រាហ្មណ៍) យាងចុះមកសួរនៅចំនោទប្រស្នា "៣ប្រការ" ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រហ្មនេះនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មានិងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យឆ្ងាយប្រសើរជាង។ ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅដើមត្នោតមួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូ ដែលសត្វឥន្ទ្រីនោះជាការក្រឡាខ្លួនរបស់ស្ដេចគ្រុឌដែលជាយាន្តជំនិះរបស់ព្រះវិស្ណុះដែលចាំជួយដល់ទ្រង់ដែលចាប់កំណើតជាអវតាមនុស្ស ។
ឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថា៖ ឥន្ទ្រីញីសួរថា :តើព្រឹកនេះយើងបានអាហារអ្វីស៊ី? ឥន្រី្ទឈ្មោលឆ្លើយថា : យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ? ឥន្រី្ទឈ្មោលឆ្លើយថា : តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស ? "ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ"ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលពេលព្រឹក។​
ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង" ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលពេលថ្ងៃ។ ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គលពេលយប់ព្រលប់។ ធម្មបាលកុមារបានលឺដូចេ្នះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជាថ្ងៃអាទិត្យ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពីសមនៈព្រហ្មនោះ សមនៈព្រហ្មនោះ ក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។ សមនៈព្រហ្មនោះមុននិងកាត់ក្បាលបានក្រឡាខ្លួនជាកបិលមហាព្រហ្មវិញ រួចហៅទេពធីតាទាំង ៧អង្គដែលជាបុត្រីខ្លួន មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូរបុត្រីយកទៅតម្កល់នៅ (ភ្នំព្រះសុម៉ែ) ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សៈទេវីដែលជាកូនច្បង ។ នាង ទុង្សៈទេវី ក៏យកពានទៅទទួលក្បាលបិតា ហើយហោះហើរហែរប្រទក្សិណភំ្នកៃឡាសចំនួន ៦០នាទីហើយក៏យកជើងពានដែលទ្រក្បាលបិតានោះទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី នៃភំ្នព្រះសុម៉ែរុ នៅឯឋានសួគ៌ រួចបូជានៅគឿ្រងទិព្វផេ្សងៗ។ ក្រោយមកទេពធីតាទាំង៧អង្អ ក៏ប្រសិដ្ឋនាម ធម្មបាលកុមារថា (ព្រះពិស្ណុះការណ៍) ដោយប្រែមកថា "ព្រះវិស្សកម្មទេវបុត្រ" ហើយបានឲត្បូងកែវ ៧គ្រាប់ឈ្មោះថា "ភគវតីសភា" ទៅធម្មបាលកុមារ ។
ត្បូងពណ៌ក្រហម (ឈ្មោះថាបទុមរាជ) ឆ្លាក់ជារូបព្រះឥន្ទ្រ ព្រះកែវភ្លើង ព្រះនៃពន្លឺ ។ ត្បូងពណ៌ស្វាយ (ឈ្មោះថាបុក្តា) ដាក់ក្នុងដងព្រួញ របស់ព្រះពិស្ណុះការណ៍ ឬ ព្រះរាម ។ ត្បូងពណ៌ខៀវ (ឈ្មោះថាមោរ៉ា)ដែលចុងក្រោយ ក្លាយជារបស់នាង អរក្ខៈទេវី ទេវតាតំណាងឲផ្គរលាន់ តមករឿងព្រេង មណីមេខាលា ។​ ត្បូងពណ៌លឿង (ឈ្មោះថាពិទូរ្យ) ធ្វើជាគ្រាប់ភ្នែក ដាក់ក្នុងព្រះនេត្ររូបចម្លាក់ ព្រះសិរិអារ្យមេត្រី ដែលជាព្រះពុទ្ធចុងក្រោយនៃសាសនា របស់ព្រះពុទ្ធទាំង ៥ព្រះអង្គ ។ ត្បូងពណ៌បៃតង (ឈ្មោះថាមរកត) ឆ្លាក់ជារូបព្រះពុទ្ធអង្គព្រះកែវមរកត ។ ថ្លើមថ្មពណ៌ស (ឈ្មោះថាបុស្សរាគម័) បានកើតជាស្វា សហនុមាន ។ ត្បូងនីលពណ៌ខ្មៅ (ឈ្មោះថានិលវត័ន៍) បានកើតជាស្វាខ្មៅ ឈ្មោះ និលភ័ក្រ អ្នកនាំសាររបស់ព្រះរាម ។ ត្បូងទាំង ៧គ្រាប់តមកដំណើរ (រឿងរាមកេរ្តិ៍) នៅពេលដែលព្រះពិស្ណុះការណ៍ធំពេញវ័យ នាងកោសកល្យាណ ដែលត្រូវជាមហេសី ព្រះបាទទស្សវង្ស បានយកទ្រង់ធ្វើជាកូន ហើយនាំចូលទៅក្នុងរាជវាំងរួចតែងតាំងទ្រង់ជា ព្រះរាម ។ ជាចុងក្រោយ លុះដល់គម្រប់ ១ឆ្នាំជា សង្រ្កាន្តនាងទេពធីតាទាំង៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ក្បាលកបិលមហាព្រហ្មដែលជាបិតាខ្លួន ចេញមកហែរប្រទក្សិណ ភំ្នកៃឡាស រាល់ៗឆ្នាំហើយត្រឡប់យកក្បាលព្រះព្រហ្មទៅទុកក្នុងគុហាគន្ធមាលី នាព្រះសុម៉ែ នាឋានទេវលោកវិញ ។
ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំខ្មែរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.