មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រីសុរិយោពណ៌ទី ២ (គ.ស ១៣៤៩-១៤២៧) ភាគ ១

ផ្សាយថ្ងៃទី ៣០ ធ្នូ ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះបាទស្រីសុរិយោពណ៌ទី២ រឺ បរមរាជាទី១ រឺ ពញាយ៉ាត (គ.ស ១៣៩៦-? រឺ ១៣៤៩-១៤២៧) រជ្ជកាល (គ.ស ១៤១៧-? រឺ ១៣៨០-១៤២៧) បើតាមឯកសារផ្សេងៗព្រះ​អង្គ​បាន​ទទួល​ព្រះ​រាជាភិសេក​យ៉ាង​ឱឡារិក​ ​គគ្រឹកគគ្រេង​អស្ចារ្យ​ ​នៅ​ថ្ងៃ​ ១១​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំរកា​ ​ព.ស​ ១៩៦១, ម.ស​ ១៣៣៩, ច.ស​ ៧៧៩​, ​គ.ស​ ១៤១៧។ កាលនោះ​ព្រះ​អង្គ​ ​ព្រះ​ជន្ម​បាន​ ​២១ ​វស្សា។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៤​ ​ដែល​ឡើង​សោយរាជ​សម្បត្តិ​ ​ដោយ​មានគុណ​បំណាច់​ ​បាន​វាយ​យកជ័យ​ជំនះ​ ​កម្ទេច​កម្ចាត់​សត្រូវ​ ​និង​រំដោះជាតិ។​ ​ព្រះបាទ​ពញាយ៉ាត​បាន​ទទួល​ព្រះ​បរម​នាម​ ​ជា​ព្រះមហាក្សត្រ​ថា​ ​ព្រះបាទ​សម្ដេច​ស្ដេចព្រះរាជឱង្ការ​ព្រះបរមរាជាធិរាជ​ ​រាមាធិបតី​ ​ព្រះ​ស្រីសុរិយោពណ៌​ ​ធម្មិក​ ​មហារាជាធិរាជ​បរមបពិត្រ។​ ​ព្រះ​នាម​ព្រះ​អង្គ​ត្រូវ​អ្នក​ប្រវត្ដិវិទូ​ជំនាន់​ថ្មី​ ​ដាក់​ឈ្មោះ​ថា​ព្រះ​បរមរាជា​ទី​១​ ​ដើម្បី​កុំឲ្យ​ច្រឡំ​នឹង​ព្រះ​មហាក្សត្រ​ជំនាន់​ក្រោយ​ ​ដែល​មានឈ្មោះ​បរមរាជា​ដែរ។​ ​ព្រះ​អង្គ​គង់នៅ​ព្រះ​បរមរាជវាំង​មហានគរ​ដដែល។​ ទ្រង់ជាព្រះរាជ្យបុត្ររបស់ព្រះបាទស្រីសុរិយោវង្សដែលជាព្រះមហាក្សត្រដែលបានកំចាត់សៀមចេញពីព្រះនគរលើកទី១។ ចៅពញាយ៉ាតបានត្អូញត្អែរទៅកាន់អធិរាជយ៉ុងឡឹ នៅឆ្នាំ ១៤០៨ ហើយនិងនៅឆ្នាំ ១៤១៤ មានការវាយឆ្មក់របស់ស្ដេចចាម្ប៉ាជយសិម្ហវម៌្មទី៥។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
កងទ័ព​សៀម​ វាយប្រហារ​ ​ដណ្ដើម​យក​បាន​ខេត្ដ​ខ្មែរ​មួយ​ម្ដងៗ​ ​ជាប់​តាម​ផ្លូវ​រហូត​ដល់ទី​ក្រុង​មហានគរ។​ ​ស្ដេច​សៀម​បាន​បញ្ជា​ឲ្យ​មេទ័ព​ពល​សេនា​ ​ឡោម​ហ៊ុំព័ទ្ធ​ជិតជុំ​វិញ​មហានគរ។ ព្រះបាទធម្មាសោករាជ រឺ ព្រះបាទបរមសោករាជ (ឯកសារពង្សាវតារផ្សេង) ព្រះចៅក្រុងកម្ពុជា បានទ្រង់ជ្រាប ថាទ័ពសៀមលើកមកចោម ក្រុងមហានគរគ្រប់ទិសហើយ ទ្រង់ក៏ចាត់ពល ឲ្យឡើងរក្សាទីបន្ទាយ ឲ្យពញាកែវ ជានាយកងទ័ព រក្សាទិសខាងលិច ពញាទ័យ ត្រួតទិសខាងជើង (ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ ​ម្ដង​ថា​ ​ពញា​កែវ​ ​និងពញា​ទ័យ​ ​ជា​កូន​ព្រះបាទ​ធម្មសោករាជ​ ​ម្ដងទៀត​ថា​ជា​កូន​ព្រះបាទស្រីសុរិយោវង្ស) ពញាយ៉ាតត្រួតទិសខាងត្បូង ចៅហ្វាទឡ្ហៈ ត្រួតទិសខាងកើត។ ព្រះបរមរាជាវង្សទាំង បីព្រះអង្គ និងសម្ដេចចៅហ្វាទឡ្ហៈ ក៏ចេញយកព្រះទ័យ យកចិត្តទុកដាក់ ត្រួតត្រាតាមនាទីមាំមួន គ្រប់ព្រះអង្គគ្រប់គ្នា ពុំមានធ្វេសប្រហែសឡើយ។ ព្រះចៅ បរមរាជា"ស្ដេចសៀម" ឲ្យលើកដីខ្ពស់ស្មើនឹងកំពែងបន្ទាយខ្មែរ ហើយឲ្យអូសកាំភ្លើងធំ ឡើងបាញ់ចូលទៅខាងក្នុងបន្ទាយខ្មែរ។ ទ័ពខ្មែរក៏បាញ់ចេញពីខាងក្នុងបន្ទាយ មកត្រូវរេហ៍ពលសៀម ស្លាប់ជាច្រើនដែរ។ ទ័ពសៀមបាញ់ត្រូវ ទ័ពខ្មែរក៏ស្លាប់ច្រើនដែរ តែពុំបែកបាននគរឡើយ។ ព្រះចៅបរមរាជា ដេញឲ្យទាហានពាន (ពាន = ឡើងពាររំលងលើ) បន្ទាយមកទៀត ទ័ពខ្មែរក៏បាញ់កាប់ចាក់ ពីលើភាគបន្ទាយ និង ចោលដោយ ដុំថ្មទៅលើទ័ពសៀម ស្លុតស្លាប់ជាច្រើន។ សៀមយកព្រះមហានគរពុំបាន។
គិតតាំងពីទ័ពសៀម ចូលចោមព្រះមហានគរ ក្នុងខែមិគសិរ មកដល់ខែជេស្ឋ ត្រូវជា ៧ខែ តែយកមហានគរពុំបាន។ ក្រោយនោះមក មានទាហានសៀម ៦នាក់ ឈ្មោះនាយអឿន ១ នាយលាន​ ១ នាយឆាន់ ១ នាយដេត ១ នាយកៅ ១ នាយឌី ១ គិតកលយល់ឧបាយព្រមគ្នាស្រេច ក៏ចូលក្រាបទូលព្រះបរមរាជាថា: "ទ័ពសៀម ដែលនិងគិតការវាយយកមហានគរនោះ តាមដោយកម្លាំងយុទ្ធសាស្ត្រ ឃើញថាពុំងាយនឹងយកបានឡើយ។ ទូលព្រះបង្គំជាខ្ញុំ ទាំង ៦ នាក់ សុំយកអាសានឹងទៅស្លង់កាំភ្លើងធំ របស់ មហានគរ ដែលដាក់មុខចាំផ្លូវថ្នល់ទាំងប៉ុន្មាននោះឲ្យបានសិន។ ថាបើស្លង់កាំភ្លើងនោះបានហើយទំនើង (ទំនើង, ធ្វើបានតាមចិត្ត , ស្រេចនូវចិត្តចង់ធ្វើអ្វីក៏ ធ្វើបានឥតទើសទាស់ឡើយ) តែកាំភ្លើងរបស់យើង បាញ់ចូលទៅ សេនាទាហានអាវុធខ្លីរបស់យើង ក៏នឹងចូលពានបន្ទាយខ្មែរលុះបានដោយងាយ។ ព្រះចៅរាមា ស្ដេចសៀមបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មានព្រះអំណរណាស់។
ទ្រង់ត្រាស់ថា បើចៅទាំង ៦នាក់ ទទួលអាសាទៅស្លង់កាំភ្លើងបាននោះ សម្រេចការសង្គ្រាមកាលណាយើងនឹងឲ្យរង្វាន់ ដល់ចៅឲ្យពេញចិត្ត, ត្រាស់តែម៉្លោះហើយ ក៏ក្លែងធ្វើជាទ្រង់ព្រះពិរោធណាស់ ហើយមានបន្ទូលថា : ម្សិលមិញអញឲ្យឯង ឡើងវាយបន្ទាយមហានគរ ម្ដេចក៏ឯងនាំពលរេហ៍រត់ថយក្រោយមកវិញ។ កំហុសរបស់ឯងនេះ ត្រូវអញយកទោស ឲ្យពេញច្បាប់។ តមកទើបទ្រង់ត្រាស់ឲ្យចងរ៉ាវ (ចងរ៉ាវ = ឲ្យមនុស្សដែលមានទោសដេកផ្កាប់មុខ រួចចងដៃទាំងពីរ ជើងទាំងពីរ ហើយទាញសន្ធឹងឲ្យតឹងភ្ជាប់នឹងស្នឹងទាំងបួនទិស) វាយខ្នងទាហានទាំង ៦នាក់នោះ ៥០ខ្វាប់ម្នាក់ ហើយឲ្យលាក់ថ្ងាស ជាជើងក្អែក គ្រប់ទាំង ៦នាក់។ ទ្រង់ត្រាស់បង្គាប់ឲ្យលែងវាចោលទៅ ដើម្បីជាបំរាម ដល់ទាហានទាំងឡាយតទៅ។ លុះដល់ជិតនឹងអាធ្រាត្រ ទាហានទាំង ៦នាក់នោះ ក៏លបលួចរត់ទៅជួបនឹងកងល្បាតខ្មែរ ដែលកំពុងតែល្បាត។ កងល្បាតខ្មែរចាប់ដាក់ក្ដី ហើយយកទៅជូនសម្ដេចចៅហ្វាទឡ្ហៈ ដែលនៅត្រួតទ្វារកំពែងខាងកើត។ សម្ដេចចៅហ្វាទឡ្ហៈ បានសួរទៅទាហានទាំង ៦នាក់នោះ តាមដំណើរ។ ទាហានទាំង ៦នាក់ ឆ្លើយថា: ខ្លួនជាទាហានសៀម រត់មកសុំចុះចូលនឹងទ័ពខ្មែរ សម្ដេចចៅហ្វាទឡ្ហៈ ឮហើយ ក៏នាំខ្លួនទាំង ៦នាក់ ទៅក្រាបទូលថ្វាយព្រះបរមបពិត្រ សូមស្ដេចទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រត្រាស់សួរ ថាហេតុអ្វី បានជាឯងបែកខ្នង បែកថ្ងាស ហើយចូលមកក្រាបយំ យ៉ាងដូច្នេះ។ ទាហានទាំង ៦នាក់នោះ ក្រាបទូលថា៖ "ទូលព្រះបង្គំជាខ្ញុំ បានយកអាសាព្រះចៅសៀមមកច្រើនគ្រាហើយ តែពុំបានបំណាច់អ្វីសោះ។ លុះដល់ថ្ងៃម្សិលមិញនេះ ទ្រង់ដាក់អាជ្ញាថា ឲ្យទូលព្រះបង្គំទាំង ៦នាក់នេះ វាយបន្ទាយប៉ែកខាងត្បូងឲ្យបែក។ លុះទូលព្រះបង្គំធ្វើការថ្វាយពុំបានដូចព្រះបង្គាប់ ទើបព្រះបរមរាជា ទ្រង់ត្រាស់ឲ្យធ្វើទោសវាយខ្នងសាប់ថ្ងាស់យ៉ាងនេះ។
មិនតែប៉ុណ្ណោះសោត ទ្រង់មានព្រះតម្រាស់ថា: ព្រឹកនេះ ទ្រង់នឹងឲ្យសម្លាប់ទូលព្រះបង្គំទាំង ៦ នាក់នេះទៀត។ អាស្រ័យហេតុនេះហើយ ទើបបានជាទូលព្រះបង្គំទាំងឡាយភិតភ័យណាស់ ហើយរត់មកសូមជ្រកក្រោមព្រះបារមី នៃ ព្រះបរមបពិត្រ ជាអម្ចាស់"។ កាលទាហានសៀមទាំង ៦នាក់ កំពុងក្រាបបង្គំទូលនោះ មានមន្ត្រីខ្មែរម្នាក់ ចូលមកពីទិសខាងលិច ហើយមកក្រាបបង្គំទូលថា: ទូលព្រះបង្គំ បានឃើញទាហានសៀម ១៥ នាក់ នាំយកភូឃុំ ១៥នាក់មកសម្លាប់នៅទ្វារបន្ទាយខាងលិច។ ទូលព្រះបង្គំសាកសួរទៅ ទាហានទាំងនោះប្រាប់ថា: នាយភូឃុំទាំងនេះ បានឲ្យរួចមនុស្សទាំង ៦នាក់នេះ។ ព្រះបរមបពិត្រ និង សេនាបតី ពិនិត្យសេចក្ដីរបស់មន្ត្រីខ្មែរនេះសព្វគ្រប់ទៅ ឃើញថា ត្រូវនឹងពាក្យទាហានទាំង ៦នាក់នោះមែន, ដូច្នេះ ទ្រង់ក៏ជឿ ចម្លើយរបស់ទាហានទាំង ៦នាក់នោះណាស់ ទើបទ្រង់ឲ្យដោះក្ដី ឲ្យនៅមើលជំងឺខ្លួនឲ្យបានសះជា។ បណ្ដាទាហានទាំង ៦នាក់នោះ ទាហានពីរនាក់ស្លាប់ដោយជំងឺបែកខ្នងនោះទៅ នៅសល់តែ ៤ នាក់មិនស្លាប់ទេ។
ទាហានសៀមទាំង ៤នាក់នោះ កាលបើមើលជំងឺខ្លួនបានសះជាហើយ ក៏សំដែងខ្លួនជាអ្នកក្លាហាន ចេញជួយទាហានខ្មែរ ច្បាំងនឹងទាហានសៀមរឿយៗ។ កាលទ្រង់ទតឃើញទាហានទាំង ៤នាក់នោះ មានចិត្តក្លាហានណាស់ ទ្រង់ក៏ប្រទានយសសក្ដិ ប្រាក់រង្វាន់ជារឿយៗ ហើយទុកព្រះទ័យលើទាហានសៀមទាំងនោះរៀងមក។ ទាហានសៀមទាំង ៤នាក់ដែលគិតកលនោះ លុះយល់ថា បានការណ៍ហើយ ក៏សរសេរសំបុត្រចងនឹងព្រួញ បាញ់ចេញទៅទូលថ្វាយ ព្រះចៅបរមរាជា តាមដំណើរដែលខ្លួនបានធ្វើការណ៍មកនោះ។ តមកទាហានទាំង៤នាក់នោះ ក៏លបយកដែកគោលទៅស្លង់កាំភ្លើងធំទាំងអស់។ គ្រានោះ ​បើ​តាម​ពង្សាវតា​សម្ដេច​វាំង​ជួន​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៣​ ​ព្រះ​បរមសោករាជ​មាន​ជំងឺ​ជា​ទម្ងន់​ ​ដោយសារ​អាក់អន់​ស្រពន់​ព្រះ​ហឫទ័យ​ ​តូចចិត្ដ​នឹង​ក្រុម​អ្នក​ជិត​ស្និទមុខមន្ដ្រី​ខ្លះ​ដែល​ក្បត់​ទៅ​ឃុបឃិត ​ផ្សំ​គំនិត​ ​ចូល​ដៃ​ចូល​ជើង​ជាមួយនឹង​សត្រូវ។​ ​ពង្សាវតារ​វត្ដ​កោកកាក​បាន​បញ្ជាក់​ថា​ ​ជន​ក្បត់​ទាំងនោះ​ ​គឺ​ពញា​កែវ​ ​និង​ពញា​ទ័យ។
​ជន​ក្បត់​ទាំង​ពីរ​នាក់​ជា​អ្នក​ដៃដល់​ធ្វើឃាត​ព្រះមហាក្សត្រ។​ ​ព្រះបាទ​បរមសោករាជ​ ​ចូល​ទិវង្គត​នៅ​ឆ្នាំវក​ដដែល​ ​ក្នុង​ព្រះ​ជន្ម​ ៣២ ​វស្សា ក្រោយ​ដែល​សោយរាជ​សម្បត្តិ​ប្រទេស​ខ្មែរ​បាន​ ៤ ​ឆ្នាំ។​ ការក្បត់​លក់​ជាតិ​របស់​ព្រះ​ញាតិវង្ស​ស្ដេច​ ​និង​មន្ដ្រី​ខ្មែរ​ ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មហានគរ​ត្រូវ​បែកបាក់​រលំរលាយ ​សៀម​យក​បាន។​ ​យុទ្ធវិធី​សៀម​ទី​១​ ​គឺ​បញ្ចុះបញ្ចូល​ ​បញ្ជា​ទិញ​បំបែកបំបាក់​អ្នកដឹកនាំ​ខ្មែរ​នៅ​ខាងក្នុង។​ ​និង​ទី​២​ សៀម​បញ្ជូន​មនុស្ស​ឲ្យទៅ​បង្កប់ខ្លួន​ផ្ទៃក្នុង​ ចាំ​ស្ដាប់​លប​លួច​យកការណ៍​ ​និង​ធ្វើ​វិទ្ធង្សនា​ផ្សេងៗ។
សៀម​ប្រើ​ជា​និច្ច​នូវ​គ្រប់​មធ្យោបាយ​ ​ល្បិច​កិច្ចកល​ ​ដើម្បី​លួច​ប្លន់​ដណ្ដើម​យក​ទឹកដី​ខ្មែរ។​ ​ពង្សាវតា​វត្ដ​ទឹកវិល​ ​បាន​សរសេរ​គូសបញ្ជាក់​ថា​ ឧបាយកល​ដែល​ស្ដេច​សៀម​យក​មក​ប្រើ​នោះ​ ​គឺ​គេ​យក​មេទ័ព​ស្មោះត្រង់​ប្រាំមួយ​នាក់​ ​ឲ្យមក​ដើរតួ​ជា​ជន​ក្បត់​ ហើយ​រត់ទៅ​សុំ​ចុះចូល​នៅ​បម្រើ​ស្ដេច​ខ្មែរ។​ ​ស្ដេច​សៀម​បាន​សន្យា​អះអាង​ប្រាប់​មេទ័ព​ស្មោះត្រង់​ទាំងនោះ​ថា​ ​បើ​វាយ​យក​មហានគរ​បាន​ដូច​ក្ដី​បំណង​មែន​នោះ ​ព្រះ​អង្គ​ប្រទាន​រង្វាន់​បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់​ ​និង​ទ្រព្យសម្បត្តិ​សម្បូរ​ហូរហៀរ​តាម​ចិត្ដ​ប្រាថ្នា។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
មេទ័ព​សៀម​ទាំង​៦​នាក់​មាន​ឈ្មោះ​ ​នាយ​អៀន​ ​នាយ​សាន​ ​នាយ​ច័ន្ទ​ ​នាយ​ដេត​ ​នាយ​កៅ​ ​និង​នាយ​ឌី។​ ​ដើម្បី​រៀបចំ​គម្រោងការណ៍​ ​ឆាកល្ខោន​ក្បត់​ឲ្យ​សមរម្យ​ល្អ​ ​មើលទៅ​ឃើញ​ពិតជា​រឿង​ក្បត់​មែនទែន​ ព្រះមហាក្សត្រ​សៀម​បាន​ចោទប្រកាន់​មេទ័ព​ទាំង ​៦ ​នាក់​ថា​ ​មិន​បាន​នាំ​ទ័ព​ចេញ​ទៅ​ប្រយុទ្ធ​តាម​បទបញ្ជា​ទេ​ ​ហើយ​បែរជា​ខ្លាច​សត្រូវ​នាំ​កូន​ទ័ព​រត់​ដកថយ​ទៅ​វិញ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ស្រីសុរិយោពណ៌ទី ២ (គ.ស ១៣៤៩-១៤២៧) ភាគ ១ ស្រីសុរិយោពណ៌ទី ២  (គ.ស ១៣៤៩-១៤២៧) ភាគ ១ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:04:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.