រៀងរ៉ាវស្នេហាព្រះករុណាសីហនុ ជាមួយម្ចាស់ក្សត្រី ពង្សសានមុនី(មាតាទ្រង់ចក្រពង្ស់), ម្ចាស់ក្សត្រីមុនីកេសរ (មាតាទ្រង់នរ៉ាឌីប៉ូ) ម្ចាស់ក្សត្រីនរលក្ខណ៍ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រៀងរ៉ាវស្នេហាព្រះករុណាសីហនុ ជាមួយម្ចាស់ក្សត្រី ពង្សសានមុនី(មាតាទ្រង់ចក្រពង្ស់), ម្ចាស់ក្សត្រីមុនីកេសរ (មាតាទ្រង់នរ៉ាឌីប៉ូ) ម្ចាស់ក្សត្រីនរលក្ខណ៍

ផ្សាយថ្ងៃទី ៣១ តុលា ២០២៥

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
នៅក្នុងឆ្នាំ១៩៤៤ ខណៈកំពុងសព្វព្រះទ័យស្រឡាញ់ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី នោះដែរ ព្រះមហាក្សត្រសីហនុ ក៏បានចាប់ព្រះទ័យស្រឡាញ់ម្ចាស់់ក្សត្រីស៊ីសុវត្ថិ មុនីកេសរ មួយអង្គទៀត។ ម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេសរ ប្រសូតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩២៩ ជាបុត្រីរបស់ព្រះបរមសពព្រះមុនីវង្ស ជាមួយអ្នកម្នាងបុប្ផា នរលក្ខណ៍តាត (ឈ្មោះដើម យិន តាត)។ ដូច្នេះម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេសរ ក៏ត្រូវជាម្តាយមីងរបស់ព្រះមហាក្សត្រសីហនុ ដូចអ្នកម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី ផងដែរ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៤៦ ម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេសរ ដែលជារាជវង្សប្រកបដោយគុណធម៌មួយអង្គនោះ ប្រសូតបានបុត្រាមួយអង្គ ព្រះនាមនរោត្តម នរទីបោ ខ្លះហៅថា នរោត្តម នរ៉ាឌីប៉ូ ។
ប៉ុន្តែក្រោយពេលប្រសូតបុត្រាអង្គនេះ បានតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ព្រះនាងក៏សុគតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៤៦ គួរឲ្យស្តាយស្រណោះបំផុត។ បុត្រានរោត្តម នរទីបោ ត្រូវបានព្រះមហាក្សត្រនរោត្តម សីហនុ ស្រឡាញ់ពេញចិត្តជាងគេ ហើយព្រះអង្គបានបញ្ជូនឲ្យទៅរៀននៅប្រទេសចិន ជំនាញខាងក្សេត្រសាស្ត្រ ព្រមទាំងចេះភាសា និងអក្សរសាស្រ្តចិន ជ្រៅជ្រះទៀតផង។ ពិសេសព្រះមហាក្សត្រនរោត្តម សីហនុ ជាបិតា គ្រោងឲ្យធ្វើជារាជទាយាទរបស់ព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះអង្គទៀតផង។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បុត្រានរោត្តម នរទីបោ (នរោត្តម នរ៉ាឌីប៉ូ) និងបុត្រីបុត្រាមួយចំនួនដែលគង់នៅក្នុងប្រទេស ត្រូវបានតុលាការនៃរបបសាធារណរដ្ឋខ្មែរកាត់ទោសពីបទធ្វើវិទ្ធង្សនា ក្នុងឆ្នាំ១៩៧១។
ក្រោយពេលកងទ័ពខ្មែរក្រហម ដណ្ដើមបានជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទ្រង់នរោត្តម នរទីបោ ត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅរស់នៅឯតំបន់ជនបទស្រុកស្រែចម្ការ ដូចប្រជាជនខ្មែរផ្សេងៗទៀតដែរ ហើយមិនយូរប៉ុន្មាន ពួកខ្មែរក្រហមក៏បានធ្វើឃាតទ្រង់ដោយគ្មានការយោគយល់ថា ទ្រង់ជាបុត្រាសម្តេចព្រះនរោត្តម សីហនុ ជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេងដល់ការដណ្តើមជ័យជម្នះលើរបបសាធារណេដ្ឋខ្មែរ របស់សេនាប្រមុខលន់ នល់ នោះបន្តិចឡើយ។ ក្នុងឆ្នាំ១៩៤៦នោះដែរ ព្រះមហាក្សត្រនរោត្តម សីហនុ ក៏បានសព្វព្រះទ័យជាមួយនឹងប្អូនជីដូនមួយរបស់ព្រះអង្គម្នាក់ ព្រះនាមនរោត្តម ថាវេត នរលក្ខណ៍ (ប្រសូតថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩២៩) ជាបុត្រីពៅរបស់ព្រះអង្គម្ចាស់នរោត្តម សឹង្ហារ៉ា និងម្ចាស់ក្សត្រីស៊ីសុវត្ថិ ថាវេតរង្ស៊ី នារីវង្ស។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ម្ចាស់ក្សត្រីស៊ីសុវត្ថិ ថាវេតរង្ស៊ី នារីវង្ស ជាបងបង្កើតរបស់ម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសមៈនារីរតន៍ សិរីវឌ្ឍនា ដែលត្រូវជាព្រះមាតាព្រះមហាក្សត្រសីហនុ។ មុនពេលមានទំនាក់ទំនងស្នេហាជាមួយព្រះមហាក្សត្រនរោត្តម សីហនុ ម្ចាស់ក្សត្រី នរោត្តម ថាវេត នរលក្ខណ៍ មានស្វាមីជារាជវង្សមួយអង្គព្រះនាមនរោត្តម វ៉ាគ្រីវ៉ាន់ ។ ទំនាក់ទំទងស្នេហានេះ មានសាធារណមតិមួយចំនួនបានរិះគន់ថា ព្រះអង្គម្ចាស់នរោត្តម វ៉ាគ្រីវ៉ាន់ ជាស្វាមីបានលក់មហេសី ថាវេត នរលក្ខណ៍ ទៅថ្វាយព្រះមហាក្សត្រសីហនុ ដើម្បីជាថ្នូរនឹងលុយកាក់ និងបុណ្យស័ក្តិផងដែរ។
ចំពោះការរិះគន់ខាងលើនេះ ព្រះមហាក្សត្រសីហនុ បានធ្វើការបកស្រាយបំភ្លឺថា ម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ ដែលត្រូវជាប្អូនជីដូនមួយព្រះអង្គនេះ ធ្លាប់រស់នៅជាមួយព្រះអង្គតាំងពីតូចៗមកម្ល៉េះ ព្រោះមាតារបស់ព្រះអង្គ និងមាតារបស់ម្ចាស់ក្សត្រី ត្រូវជាបងប្អូនបង្កើតនឹងគ្នា។ ចំណែកព្រះអង្គម្ចាស់នរោត្តម វ៉ាគ្រីវ៉ាន់ ដែលធ្លាប់ឆ្លងកាត់ជីវិតស្នេហាជាច្រើនពីមុនមករាប់មិនអស់នោះ បានស្នើសុំព្រះអង្គឲ្យជួយចែចូវបញ្ចុះបញ្ចូលម្ចាស់ក្សត្រី ថាវេត នរលក្ចណ៍ និងព្រះមាតាព្រះនាង ដើម្បីសុំរៀបអាពាហ៍ពិពាហ៍ជាមួយ ។
តែក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារួចមក ព្រះអង្គម្ចាស់នរោត្តម វ៉ាគ្រីវ៉ាន់ នៅតែខិលខូចរឿងស្រីញីដដែល ធ្វើឲ្យម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ មានការឈឺចុកចាប់ក្នុងចិត្តយ៉ាងខ្លាំង រហូតស៊ូទ្រាំលែងបាន ក៏សម្រេចចិត្តលែងលះគ្នានៅក្នុងឆ្នាំ១៩៤៥។ ព្រះមហាក្សត្រសីហនុ បានបញ្ជាក់ថា គឺក្រោយលែងលះគ្នានោះហើយបាន១ឆ្នាំ ទើបព្រះអង្គទាក់ទងស្នេហាជាមួយព្រះនាង គឺពុំមែនព្រះអង្គម្ចាស់នរោត្តម វ៉ាគ្រីវ៉ាន់ ជាអ្នកលក់ម្ចាស់ក្សត្រីថាវេត នរលក្ខណ៍ ជាមហេសី ដើម្បីជាថ្នូរនឹងលុយកាក់ បុណ្យស័កិ្តនោះទេ ព្រោះព្រះអង្គម្ចាស់វ៉ាគ្រីវ៉ាន់ ជារាជវង្សមួយអង្គប្រកបដោយកិត្តិយសថ្លៃថ្នូរ និងសម្បូរលុយកាក់ទ្រព្យសម្បិត្តច្រើនទៀតផង។ ម្យ៉ាងទៀត ទ្រង់ក៏ជាមិត្តភក្តិដ៏ជិតស្និទ្ធជាមួយព្រះអង្គតាំងពីដើមមកដែរ ហើយបើទោះបីជាទ្រង់បានលែងលះជាមួយម្ចាស់ក្សត្រីថាវេត នរលក្ខណ៍ ហើយក៍ដោយ ក៍ទ្រង់នៅតែស្រឡាញ់រាប់អានព្រះអង្គដូចមុនដដែល។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ព្រះអង្គបានតែងតាំងព្រះអង្គម្ចាស់ វ៉ាគ្រីវ៉ាន់ ជាចាងហ្វាងពិធីការនៃព្រះបរមរាជវាំង។ ក្រោយពីមហាក្សត្រនរោត្តម សីហនុ សម្រេចព្រះទ័យដាក់រាជ្យ នៅក្នុងឆ្នាំ១៩៥៥មក ឆ្លៀតឱកាសពេលព្រះបិតានរោត្តម សុរាម្រិត និងព្រះមាតាស៊ីសុវត្ថិ កុសុមៈ កំពុងជាប់រវល់ក្នុងពិធីរៀបអភិសេកឡើងគ្រងរាជសម្បត្តិ បន្តពីព្រះអង្គនោះ ព្រះអង្គក៏បានរៀបអភិសេក (រៀបអាពាហ៍ពិពាហ៍) ជាមួយម្ចាស់ក្សត្រីថាវេត នរលក្ខណ៍ ជាព្រះហេសីផ្លូវការទី១ គឺក្រោយពេលព្រះអង្គបានទាក់ទងស្នេហាជាមួយអ្នកម្នាងម៉ូនិក អស់រយៈពេល៣ឆ្នាំមកហើយដែរ ។ ចំណែកអ្នកម្នាងម៉ូនិក វិញ ក្រោយបានទាក់ទងស្នេហាជាមួយគ្នា តាំងពីឆ្នាំ១៩៥២មក ទើបមហាក្សត្រនរោត្តម សីហនុ រៀបអភិសេក (រៀបអាពាហ៍ពិពាហ៍) ជាមួយអ្នកម្នាងជាផ្លូវការ នៅក្នុងឆ្នាំ១៩៥៥នោះដែរ ដោយចាត់ទុកអ្នកម្នាងម៉ូនិក ជាមហេសីពេញច្បាប់ទី២។
តាមពិតទៅ ព្រះមហាក្សត្រនរោត្តម សីហនុ សព្វព្រះទ័យចំពោះមហេសីទាំងពីរនេះជាងមហេសីផ្សេងៗទៀត។ ប៉ុន្តែ ដោយសារតែម្ចាស់ក្សត្រីនរោត្តមថាវេត នរលក្ខណ៍ មានការច្រណែន និងប្រចណ្ឌនឹងអ្នកម្នាងម៉ូនិក ខ្លាំងពេក ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៦០មក ម្ចាស់ក្សត្រីក៏ចេះតែមានភាពរកាំរកូស រង្គោះរង្គើជាមួយព្រះអង្គ ហើយបើទោះបីជាមិនដល់ថ្នាក់លះលែង ក៏ត្រូវរស់នៅឆ្ងាយពីគ្នាដែរ។ ពេលនោះដែរ សម្តេចសីហនុ បានព្រះរាជនិពន្ធចម្រៀងមួយបទមានចំណងជើងថា “ស្នេហាពុំមានសង្ឃឹម” ថ្វាយម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍ ហៅម្ចាស់ពៅ ផងដែរ។ នៅក្នុងឆ្នាំ១៩៧៣ ម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ ដែលគ្មានបុត្រាបុត្រីមួយអង្គសោះនោះ បានចេញពីក្រុងភ្នំពេញ ជាមួយម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា ទៅរស់នៅក្រុងប៉េកាំង ជាមួយព្រះមហាក្សត្រនរោត្តម សីហនុ។ ក្រោយពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា ដែលជាព្រះមាតុច្ឆា ( ម្តាយមីងខាងម្តាយ និងជាម្ដាយក្មេក )នៅក្រុងប៉េកាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧៥ ម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ បានចាកចេញទៅរស់នៅប្រទេសបារាំង ហើយត្រូវបានអាជ្ញាធរបារាំង ទទួលឲ្យរស់នៅក្នុងមជ្ឈមណ្ឌលសម្រាប់មនុស្សចាស់ចូលនិវត្តន៍។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះករុណាព្រះមហាក្សត្រនរោត្តម សីហនុ បានចេញព្រះព្រះរាជក្រឹត្យ តែងតាំងគោរម្យ៍ងារម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ ជាសម្តេចព្រះរាជកនិដ្ឋា នរោត្តម ថាវ៉េត នរលក្ខណ៍ ។
សម្តេចព្រះរាជកនិដ្ឋា នរោត្តម ថាវេត នរលក្ខណ៍ ហៅម្ចាស់ពៅ បានសុគតនៅវេលោម៉ោង ១:៣០ នាទី ថ្ងែទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពោធ ។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤៧ ម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី ប្រសូតបុត្រទី៤ ព្រះនាមនរោត្តម សូរិយារង្សី។ ក្នុងឆ្នាំ១៩៦៣ ពេលមានព្រះជន្ម១៦វស្សា ម្ចាស់ក្សត្រីនរោត្តម សូរិយារង្សី បានរៀបអាពាហ៍ពិពាហ៍ស្វាមីទី១ ឈ្មោះទេព ផល្លី (កើតនៅឆ្នាំ១៩៣៨) ជាកូនប្រុសរបស់ឧកញ៉ាទេព ផន ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ផងដែរ។
នៅក្នុងឆ្នាំ១៩៦៨ ម្ចាស់ក្សត្រីអង្គនោះ ក៏មានស្វាមីទី២ ឈ្មោះហេងវង្ស ប៊ុនឈឿត (កើតនៅឆ្នាំ១៩៤១)។ នៅក្នុង១៩៧៣ ម្ចាស់ក្សត្រីនរោត្តម សូរិយារង្សី បានចាកចេញពីក្រុងភ្នំពេញ ជាមួយព្រះអយ្យិកា ស៊ីសុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា ទៅរស់នៅជាមួយព្រះបិតានរោត្តម សីហនុ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ បន្ទាប់មក ម្ចាស់ក្សត្រីនរោត្តម សូរិយារង្សី ក៏មានស្វាមីទី៣ នៅទីនោះម្នាក់ទៀតឈ្មោះ ហង់ អេងជាអតីតនិស្សិតខ្មែរម្នាក់ ដែលបានទៅសិក្សាផ្នែកវិស្វករនៅប្រទេសអាល្លឺម៉ង់ខាងកើត និងជាកម្មាភិបាល តស៊ូរបស់ពួកខ្មែរក្រហមផងដែរ។
នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៥ ម្ចាស់ក្សត្រីនរោត្តម សូរិយារង្សី និងស្វាមី ព្រមទាំងបុត្រ បានស្ម័គ្រចិត្តដង្ហែព្រះបិតា នរោត្តម សីហនុ យាងត្រឡប់មកមាតុប្រទេសវិញ ជាមួយនឹងរាជវង្សមួយចំនួនទៀត។ ប៉ុន្តែក្រោយសម្តេចសីហនុ សុំពួកមេដឹកនាំខ្មែរក្រហម លាឈប់ពីតំណែងប្រមុខរដ្ឋ ក្នុងខែមេសា ឆ្នាំ១៩៧៦មក ព្រះនាង និងស្វាមី ព្រមទាំងបុត្រ ត្រូវបានពួកខ្មែរក្រហមបំបែកចេញពីព្រះបិតានៅទីក្រុងភ្នំពេញ ឲ្យទៅរស់នៅជាមួយប្រជាជននៅតាមសហករណ៍ ឯតំបន់ជនបទ ស្រុកស្រែចម្ការ ហើយបាត់ដំណឹងសូន្យឈឹង តាំងពីពេលនោះមក។ នៅក្នុងឆ្នាំ១៩៤៨ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី បានប្រសូត្របុត្រទី៥ ព្រះនាមនរោត្តម គន្ធបុប្ផា។ តាំងពីប្រសូតមក មេដោះព្រះនាងជាជនជាតិវៀតណាម ជាអ្នកបីបាច់ថែរក្សា និងបានបង្រៀនព្រះនាងឲ្យចេះនិយាយភាសាវៀតណាមផងដែរ។ ពេលមានព្រះជន្ម៤វស្សា ដោយសារមានជំងឺឈាមសស៊ីឈាមក្រហម តែក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ព្រះនាងក៏ទ្រង់សុគតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥២។ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៤៩ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី បានប្រសូត្របុត្រទី៦ ព្រះនាមនរោត្តម ខេមានុរ័ក្ស។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ព្រះអង្គម្ចាស់នរោត្តម ខេមានុរ័ក្ស បានចាកចេញពីក្រុងភ្នំពេញ ទៅចូលរួមតស៊ូជាមួយរណសិរ្សរួបរួមជាតិកម្ពុជា ដែលមានព្រះបិតាជាប្រធាន ដើម្បីតស៊ូប្រឆាំងនឹងលន់ នល់ និងទ្រង់សិរិមតៈ។ នៅក្នុងព្រៃតស៊ូនោះ ហ៊ូ នឹម រដ្ឋមន្ត្រីក្រសួងឃោនាការរបស់រដ្ឋាភិបាលរួបរួមជាតិ ជាអ្នកគ្រប់គ្រង និងជួយថែរក្សាទ្រង់។ នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៥ គឺក្រោយពេលរំដោះទីក្រុងភ្នំពេញ បានប្រហែល៥ខែ ទ្រង់បានយាងមកជួបសម្តេចសីហនុ ជាបិតា នៅក្នុងព្រះបរមរាជវាំង បានម្តងដែរ។ តែក្រោយមក ក៏បាត់ដំណឹងសូន្យឈឹងរហូតដល់សព្វថ្ងៃ។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥១ ម្ចាស់ក្សត្រី ពង្សសានមុនី បានប្រសូត្របុត្រទី៧ ព្រះនាមនរោត្តម បទុមបុប្ផា។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៦៧ ព្រះនាងបទុមបុប្ផា បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស មានព្រះជន្ម២៧វស្សា នៅក្នុងព្រះបរមរាជវាំង និងមានបុត្រា២អង្គ គឺ៖
ទី១.ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ឆាវី សោភា ប្រសូតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៦៤។
ទី២.ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ច័ន្ទរ៉ាវុឌ្ឍ ប្រសូតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៦៦ ហើយសុគតនៅក្នុងឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស ជាបុត្រារបស់ព្រះមហាក្សត្រមុនីវង្ស ជាមួយអ្នកម្នាងបុប្ផា នរលក្ខណ៍តាត (ឈ្មោះដើម យិន តាត) និងត្រូវជាប្អូនបង្កើតរបស់ម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេសរ ដែលជាមហេសីរបស់ព្រះមហាក្សត្រនរោត្តម សីហនុ និងជាព្រះមាតារបស់ព្រះអង្គម្ចាស់នរោត្តម នរទីបោ (នរ៉ាឌីប៉ូ)។ ដូច្នេះ ដំបូងឡើយ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស ជាឪពុកមារបស់ព្រះមហាក្សត្រនរោត្តម សីហនុ ។ លុះព្រះមហាក្សត្រសីហនុ យកម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេសរ ជាមហេសី ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស បានក្លាយមកជាប្អូនថ្លៃរបស់ព្រះមហាក្សត្រ សីហនុ ទៅវិញ។ តែដល់ពេលព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស យកម្ចាស់ក្សត្រី បទុមបុប្ផា ជាមហេសី ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស នេះ បានក្លាយជាកូនប្រសារបស់ព្រះមហាក្សត្រ សីហនុ ទៅវិញ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

នៅក្នុងឆ្នាំ១៩៦៤ ម្ចាស់ក្សត្រីបទុម បុប្ផា បានលែងលះគ្នាជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជីវ័ន្ត មុនីរ័ក្ស រួចបានទៅរៀបអាពាហ៍ពិពាហ៍ជាលើកទី២ នៅព្រះរាជដំណាក់ចំការមន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៦៧ ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌូស្សាឌី (ប្រសូតថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៣៥) ត្រូវជាក្មួយរបស់ព្រះនាងផងដែរ។
នៅក្នុងឆ្នាំ១៩៥១ ក្រោយពេលផ្ដាច់និស្ស័យជាមួយព្រះមហាក្សត្រសីហនុ នៅក្នុងឆ្នាំ១៩៥១ មកម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សានមុនី បានកសាងជីវិតថ្មីជាមួយនាយទាហានថ្នាក់វរសេនីយ៍ទោម្នាក់ឈ្មោះអ៊ុន ជុំ។ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សានមុនី សុគតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៧៤ នៅទីក្រុងភ្នំពេញ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
រៀងរ៉ាវស្នេហាព្រះករុណាសីហនុ ជាមួយម្ចាស់ក្សត្រី ពង្សសានមុនី(មាតាទ្រង់ចក្រពង្ស់), ម្ចាស់ក្សត្រីមុនីកេសរ (មាតាទ្រង់នរ៉ាឌីប៉ូ) ម្ចាស់ក្សត្រីនរលក្ខណ៍ រៀងរ៉ាវស្នេហាព្រះករុណាសីហនុ ជាមួយម្ចាស់ក្សត្រី ពង្សសានមុនី(មាតាទ្រង់ចក្រពង្ស់), ម្ចាស់ក្សត្រីមុនីកេសរ (មាតាទ្រង់នរ៉ាឌីប៉ូ) ម្ចាស់ក្សត្រីនរលក្ខណ៍ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.