មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិសាស្ត្រ៖ សម័យស្រីសន្ធរ (តចប់)

ផ្សាយថ្ងៃទី ០៦ តុលា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះបរមរាជាចៅពញា តន់ ក្រោយពីបានជ្រាបពីដំណឹងនេះបានបញ្ជាទ័ពផ្ទាល់ខ្លួនព្រះអង្គ ចេញពីស្រីសន្ធរ មកវាយពួកម៉ាឡេ ដែលស្ថិតនៅក្រោមបញ្ជាការរបស់ល័កស្មណៈ និងពួកចាមដែលស្ដាប់តាមបញ្ជារបស់ពោធិរតន៍។ ក៏ប៉ុន្ដែដោយចៃដន្យអាក្រក់ ព្រះរាជាត្រូវបានសត្រូវធ្វើឃាតនៅក្នុងការប្រយុទ្ធដំបូង នៅក្នុងឆ្នាំ ១៥៩៧ ទៅ។
ព្រះរាជា​ដែល​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​ព្រះរាជ​វង្សានុវង្ស បាន​ជ្រើសរើស​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ​ពី​ចៅពញា​តន់ គឺ​ព្រះ​បិតុលា​របស់​ព្រះ​អង្គ​មួយ​អង្គ ព្រះ​នាម​ថា ពញា​អន។ ទ្រង់មាន​ព្រះ​អភិសេក​នាម​ថា «សម្ដេច​ព្រះ​បរមរាជា​បរមបពិត្រ»។
និយាយ​អំពី​ពួក​ចាម និង​ម៉ាឡេ​វិញ ក្រោយ​ពី​ទទួល​ជ័យជម្នះ​លើ​ចៅពញា តន់ រួចហើយ បានដណ្ដើមយកខែត្រ ២ ដាក់ជាចំណុះ ហើយក៏តាំងរៀបចំការគ្រប់គ្រងឡើងវិញសាជាថ្មី។ ក៏ប៉ុន្ដែពួកអ្នកស្រុកមិនព្រមស្ដាប់បញ្ជាពួកនេះទេ ព្រោះថាជាជនបរទេសមិនចេះនិយាយខ្មែរ ម្ល៉ោះហើយ​ម្នាក់ៗ​គ្មាន​នរណា​ចង់​ធ្វើ​ជា​មន្ដ្រី ឬ​ក៏​ជា​ទាហាន​បម្រើ​ឡើយ ។ ទោះជា​យ៉ាងណា​ក្ដី ពួក​នេះ​នៅ​តែ​អាច​ជ្រើស​រើស​ទ័ព​បាន​ពី​ក្នុង​ចំណោម​ពួក​ចាម និង​ម៉ាឡេ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​មាន​បំណង​ចង់​មក​ជួយ​ពួក​អ្នក​កាន់​សាសនា​ដូច​គ្នា​ដែរ។ ប៉ុន្ដែ​ស្ថានភាព​របស់​ពួក​នេះ​បាន​ស្រុត​ចុះ​ជា​រៀង​រាល់​ថ្ងៃ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះរាជា​ដែល​ទើប​នឹង​ឡើង​សោយរាជ្យ​ថ្មី បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​ពួក​នេះ​យ៉ាង​អង់អាច​ក្លាហាន​នៅ​លើ​សមរភូមិ​ជា​ច្រើន។​ នៅ​ទី​បញ្ចប់​ទ្រង់​ទទួល​បាន​នូវ​ជ័យជម្នះ។​ មេកោយ​របស់​ពួក​នេះ​ត្រូវ​ចាប់​បាន​ហើយ​សម្លាប់​ចោល​ជាមួយ​នឹង​កូនចៅ​បះបោរ​មួយ​ចំនួន ចំណែក​អ្នក​ដែល​ដោយ​រោយ​តាម​គេ​បាន​ត្រូវ​លើក​លែង​ទោស។
ការ​បះបោរ​របស់​ពួក​បរទេស​ទើបតែ​ស្ងប់​បាត់​ទៅ​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង ក៏​លេច​មាន​ការ​បះបោរ​មួយ​ទៀត ដឹកនាំ​ដោយ​អ្នកស្រុក​អាយ​ម្នាក់​ឈ្មោះ​ថា នាយ​កែវ មាន​ដើម​កំណើត​ចេញ​មក​ពី​ខែត្រ​តាកែវ នៅ​ក្បែរ​ចតុម្មុខ (ភ្នំពេញ) ដែល​បាន​ប្រកាស​ខ្លួន​ថា​ជា​ ស្ដេច​កែវ​ព្រះ​ភ្លើង។​ ជន​នេះ​ជា​មនុស្ស​ចេះ​ដឹង​ម្នាក់​ហើយ អាច​កៀងគរ​គេ​ឯង​ឱ្យ​ចុះចូល​ដើរ​តាម បង្ក​បាន​ជា​ទ័ព​មួយ​កង។ ព្រះរាជា​ពញា​អន បាន​ដឹកនាំ​ទ័ព​មក​វាយ​ស្ដេច​កែវ​ព្រះ​ភ្លើង​នេះ ២ ដង ក៏​ប៉ុន្ដែ​មិន​អាច​ធ្វើ​អ្វី​បាន។
ក្រោយ​ពី​ប្រតិបត្ដិការ​លើក​ទី ២ ព្រះរាជា​ដែល​មាន​ចរិត​ច្រឡើសបើស​បន្ដិច​ដែរ បាន​ជួប​នឹង​នារី​ម្នាក់​ឈ្មោះ ទាវ នៅ​ពេល​ទ្រង់​យាង​វិល​ត្រឡប់​ទៅ​ស្រីសន្ធរ​វិញ ក៏​ចាប់​ចិត្ដ​ស្រលាញ់​ចង់​បាន​នាង​មក​ធ្វើ​ជា​ស្នំ។ ប៉ុន្ដែ នាង​ទាវ​ដែល​ស្ម័គ្រស្មោះ​ជាមួយ​ពញាថី​ជា​ស្វាមី​បាន​ប្រកែក​មិន​យល់​ព្រម​ស្រលាញ់​ព្រះ​អង្គ​វិញ​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះរាជា​ខ្ញាល់ ហើយ​បញ្ជា​ឱ្យ​គេ​ចាប់​នាង​ចង​ដាក់​ច្រវាក់។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ ពញាថី ខឹង​សម្បា​នឹង​ព្រះរាជា​ជា​ខ្លាំង ក៏​រត់​មក​ចុះចូល​ជាមួយ​ស្ដេច​កែវ​ព្រះ​ភ្លើង ហើយ​រៀប​ផែនការ​ធ្វើ​គុត​ព្រះរាជា ប៉ុន្មាន​ខែ​ក្រោយ​មក នៅ​ក្នុង​ការ​ស្កាត់​លួច​វាយ​ប្រហារ​មួយ​ក្នុង ១៥៩៨។
នា​សម័យ​នោះ មាន​ពួក​អឺរ៉ុប​ជា​ច្រើន​នាក់ ជា​ពិសេស​គឺ​ពួក​ព័រទុយហ្គាល់ និង​អេស្ប៉ាញ សុទ្ធតែ​មាន​ឥទ្ធិពល​ជា​ខ្លាំង​មក​លើ​រាជវាំង​កម្ពុជា។​ ពួក​នេះ​មាន​របរ​រកស៊ី​រីក​ចម្រើន​ល្អ​ណាស់​ បង្កើត​បាន​ជា​ការ​រំខាន​ដល់​ពួក​ចិន​ ចាម និង​ម៉ាឡេ ដែល​រកស៊ី​ធ្វើ​ពាណិជ្ជកម្ម​ដែរ ម្ល៉ោះ​ហើយ ក៏​នាំ​គ្នា​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​នេះ​ធ្លាក់​ចូល​ក្នុង​ភាព​អ័ពយស។ ក្រោយពីមរណភាពរបស់ បែឡូសូ និងប្លារូហ្ស៍ នៅ​ក្នុង​ឆ្នាំ​១៥៩៧​រួច​មក ឥទ្ធិពល​របស់​ពួក​ព័រទុយហ្គាល់ និងអេស្ប៉ាញក៏ធ្លាក់ចុះ ហើយពួកនេះត្រូវបង្ខំចិត្ដចាកចេញពីកម្ពុជា វិលត្រឡប់ទៅហ្វីលីពីនវិញ។
ប៉ុន្ដែការបណ្ដេញកាត់កាល់នេះមិនមានអាយុកាលយូរប៉ុន្មានទេ ពីព្រោះថា ប៉ុន្មានឆ្នាំក្រោយនោះបន្ដិចគេប្រទះឃើញពួកសេស្វ៊ីត និង​កាតូលិក​និកាយ​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​កម្ពុជា រួច​មាន​និគម​ព័រទុយហ្គាល់​មួយ ដែល​បាន​គេច​ចេញ​ផុត​ពី​ការ​សម្លាប់​រង្គាល​របស់​ពួក​ម៉ាកាសា តាម​ការ​អុចអាល​ពី​ពួក​ហូឡង់ ដែល​ជា​សត្រូវ​របស់​ពួក​គេ ពួក​ព័រទុយហ្គាល់​នេះ និង​បព្វជិត​សាសនា​កាតូលិក​របស់​គេ​បាន​មក​តាំង​ទីលំនៅ​មុន​ដំបូង​នៅ​ភ្នំពេញ ដែល​គេ​ហៅ​ថា កូលំប៉េ​ រួច​បន្ទាប់​មក​បាន​ទៅ​តាំងទី​លំនៅ​នៅ​ឯ​ពញាឮ​ដែល​គេ​ហៅ​ថា​ ពីញ៉ាលូ។​ មាន​ពួក​ជប៉ុន​មួយ​ចំនួន​ដែល​ត្រូវ​គេ​ធ្វើបាប​នៅ​ឯ​ប្រទេស​ជប៉ុន​ដោយ​សារ​ការ​កាន់​សាសនា​កាតូលិក បាន​មក​ចូលរួម​ជាមួយ​ពួក​ព័រទុយហ្គាល់​នេះ​ដែរ ហើយ​បាន​មក​តាំង​នៅ​លើ​ដង​ទន្លេ​ក្បែរ​ភ្នំពេញ​ត្រង់​កន្លែង​មួយ​ដែល​ពួក​អឺរ៉ុប​ហៅ​តាម​ឈ្មោះ​របស់​គេ​ថា​ ចូវដុក។ ព្រះរាជានុសិទ្ធិ ចៅពញា​យោម (១៥៩៩-១៦០០) ព្រះ​អង្គ​ម្ចាស់​យោម ជា​ព្រះរាជ​បុត្រា​ទី​៣​របស់​ព្រះ​សត្ថា ពេល​នោះ​ទើប​តែ​មាន​ព្រះ​ជន្មាយុ ១៥​ព្រះ​វស្សា​ប៉ុណ្ណោះ។ ទ្រង់​ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​គ្រប់គ្រង​ប្រទេស​ជាតិ ដោយ​ទទួល​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះកែវ​ហ្វ៊ា គឺ​ថា ទ្រង់​មាន​អំណាច​ដូចជា​ព្រះរាជា ក៏​ប៉ុន្ដែ​មិន​មែន​ជា​ស្ដេច​ទេ។ ពេល​នោះ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី មិន​ចង់​លើក​ចៅពញា​យោម ឱ្យ​ឡើង​សោយរាជ្យ​ទេ គេ​ស្រលាញ់​ព្រះ​ស្រីសុរិយោពណ៌​ជាង ដែល​ព្រះ​បរម​ឥន្ទរាជា (ព្រះ​សត្ថា) បាន​លើក​ឱ្យ​ធ្វើ​ជា​ឧបរាជ​រួច​ជា​ឧភយោរាជ​ ហើយ​ត្រូវ​សៀម​ចាប់​យក​ទៅ​ជា​ឈ្លើយ​តាំង​តែ​ពី​ពេល​ក្រុង​លង្វែក​ត្រូវ​បែក​បាក់​ម្ល៉េះ។
ចៅពញា​យោម ក្នុង​ព្រះ​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ ទ្រង់​គង់​នៅ​ឯ​រាជធានី​ស្រីសន្ធរ ហើយ​បាន​ចាប់​បន្ដ​ធ្វើ​សង្គ្រាម​ជាមួយ​ស្ដេច​កែវ​ព្រះ​ភ្លើង។ ទី​បញ្ចប់​ទ្រង់​ចាប់​ស្ដេច​កែវ​ព្រះ​ភ្លើង​បាន ហើយ​បាន​បញ្ជា​ឱ្យ​គេ​សម្លាប់​ចោល​ទៅ។
ចៅពញា​យោម​មាន​ព្រះ​ទ័យ​ស្រាល ហើយ​ក៏​ខិលខូច​មិន​ចាញ់​ពញា​អន​ប៉ុន្មាន​ដែរ។ ទ្រង់​សព្វព្រះទ័យ​នឹង​ការ​បរបាញ់​សត្វ និង​ការ​សប្បាយ​ផ្សេងៗ​ណាស់ ហើយ​មិន​ខ្លាច​នឹង​ចាប់​ប្រពន្ធ ឬ​កូន​ក្រមុំ​ប្រជាជន​ទេ កាលណា​ទ្រង់​សព្វព្រះទ័យ ហើយ​មិន​សូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​កិច្ចការ​ព្រះ​នគរ​ឡើយ។ ម្ល៉ោះ​ហើយ​ក៏​កើត​មាន​អំពើ​ឧក្រិដ្ឋ​ពាសពេញ​ប្រទេស បណ្ដា​ចៅហ្វាយ​ខែត្រ​ក៏​មិន​បាន​យកចិត្ដ​ទុកដាក់ ហើយ​ក៏​មិន​ដែល​ទទួល​ទោស​ពៃរ៍​អ្វី​ដែរ។ មាន​ការ​ចាប់​ពង្រត់​អ្នកស្រុក​ដែល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​យក​ពី​កន្លែង​មួយ​ទៅ​លក់​ជា​ខ្ញុំ​នៅ​កន្លែង​មួយ​ទៀត គឺ​លក់​ទៅ​វិញ​ទៅ​មក​ចុះ​ឡើង​ជា​ច្រើន​លើក​ច្រើន​សា។
សម្ដេចព្រះ​ទេវី​ក្សត្រីយ៍ ជា​ព្រះ​អយ្យកា​របស់​ចៅពញា​យោម​ដែល​គង់នៅ​ឯ​ចតុម្មុខ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់ នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា​ ប្រជារាស្ដ្រ​រង​ទុក្ខ​ខ្លោចផ្សា​ហើយ​មិន​សប្បាយ​ចិត្ដ​នឹង​ចៅពញា​យោម​ដូច្នេះ ក៏​បាន​ចាត់​គ្នា​ឱ្យ​ទៅ​គាល់​ស្ដេច​សៀម សុំ​ឱ្យ​បញ្ជូន​ព្រះ​ឧភយារាជ​ស្រីសុរិយោពណ៌ និង​ព្រះរាជបុត្រ​ទាំងអស់​មក​វិញ។
ស្ដេច​សៀម​ពេល​នោះ បាន​ទទួល​យក​សំណូមពរ​តែ​មួយ​ចំណែក​ទេ គឺ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ​តែ​ព្រះ​ស្រីសុរិយោពណ៌ និង​ព្រះរាជ​បុត្រា​ប្អូន​ព្រះ​នាម​ព្រះ​ឧទ័យ​ប៉ុណ្ណោះ ចំណែក​ឯ​ព្រះ​ជ័យចេស្ដា ជា​ព្រះរាជ​បុត្រា​ច្បង ទុក​ឱ្យ​នៅ​នឹង​ស្រុក​សៀម​សិន។
ព្រះរាជានុ​សិទ្ធិ​ពញា​យោម នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា ព្រះ​ស្រីសុរិយោពណ៌ យាង​មក​ដល់ ស្លាកែត ហើយ ទ្រង់​បាន​ទប់​ព្រះ​ទ័យ​មិន​ឱ្យ​មាន​រឱសឋាន​អ្វី​ទេ ហើយ​បាន​នាំ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​ជា​ច្រើន​ទៅ​គាល់ រួច​បាន​បង្វែរ​អំណាច​ជា​ផ្លូវការ​ថ្វាយ​នៅ​ក្នុង​ឆ្នាំ​១៦០០។
ព្រះ​ស្រីសុរិយោពណ៌ (១៦០០-១៦១៨) ព្រះ​ឧបយុវរាជ បាន​ឡើង​គង់​លើ​រាជបល្ល័ង្ក​នៅ​ក្នុង​ឆ្នាំ​១៦០០ ដោយ​ទទួល​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ​ស្រីសុរិយោពណ៌​ទេវតា​រាជា​បរមរាជា​ធិរាជ​រាមា»។​ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្មា​៤៦​ព្រះ​វស្សា​ហើយ។ មហេសី​របស់​ព្រះ​អង្គ​បាន​ឡើង​ទៅ​ជា​ព្រះ​អគ្គមហេសី ហើយ​មាន​ព្រះ​ឋានៈ​ជា​ «សម្ដេច​ព្រះ​ភគវតី ស្រីសុជាតិ» ។ ព្រះ​ឧទ័យ​ជា​ព្រះរាជ​បុត្រា ដែល​ទើប​តែ​មាន​ព្រះ​ជន្មាយុ​១៣​ព្រះ​វស្សា បាន​ឡើងជា​ព្រះ​មហា​ឧបរាជ រីឯ​ព្រះរាជានុ​សិទ្ធិ​ចៅពញា​យោម នៅ​រក្សា​ព្រះ​ឋានៈ​ជា ព្រះកែវហ្វ៊ា ដដែល។
ចៅពញា​យោម​បាន​សម្ដែង​ឱ្យ​ឃើញ​តាម​រយៈ​ការ​នាំ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទៅ​ចូល​គាល់​ព្រះ​ឧបយុវរាជ​នៅ​ឯ​ស្លាកែត​ថា ព្រះ​អង្គ​ស្វាគមន៍​អបអរ​ការ​យាង​មក​ដល់​របស់​ព្រះរាជា ដែល​ព្រះ​អយ្យកា​ព្រះ​អង្គ​បាន​ជ្រើស​រើស​ឡើង តែ​ក្នុង​ព្រះ​ទ័យ​របស់​រាជានុសិទ្ធិ​វិញ បាន​សន្សំ​ទុក​នូវ​គម្រោងការ​ដ៏​សែន​ឧក្រិដ្ឋ​ជា​ច្រើន។ បន្ទាប់​ពី​បាន​ឡើង​សោយរាជ្យ​សម្បត្ដិ​ភ្លាម ព្រះរាជា​ស្រីសុរិយោពណ៌​បាន​ចាត់​ឱ្យ​ឧកញ៉ា​តេជោ​ព្រះ​អង្គ​ដែល​អ្នកស្រុក​ហៅ​ថា​ តេជោ​ក្រហម​ក ហើយ​និង​ឧកញ៉ា​យមរាជ​មឿង ដឹកនាំ​ទ័ព​ទៅ​បង្ក្រាប​អ្នកស្រុក​កំពង់ស្វាយ ស្រីសន្ធរ នគរវត្ដ ត្បូងឃ្មុំ និង​បាភ្នំ ដែល​កន្លង​មក​បះបោរ​មិន​ព្រម​ទទួល​ស្គាល់​អំណាច​របស់​ព្រះកែវហ្វ៊ា។ យុទ្ធនាការ​នេះ​មិន​ជា​យូរ​ប៉ុន្មាន​ទេ ពីព្រោះ​ខែត្រ​ទាំង​អស់​នោះ មិន​បាន​ប្រឆាំង​ទប់ទល់​នឹង​ទ័ព​របស់​ព្រះរាជា​ឡើយ ហើយ​ឆាប់​នាំ​គ្នា​មក​សារភាព​ចុះចូល​ជា​បន្ទាន់។
ក្រោយ​មក​ទៀត តេជោ​ព្រះ​អង្គ បាន​ទទួល​ព្រះរាជ​បញ្ជា​ឱ្យ​ទៅ​បង្ក្រាប​ជន​បះបោរ​ម្នាក់​ឈ្មោះ​ថា អ្នក​ព្រះ​រៀម​ ហៅ​ កូម៉ែល​ ដែល​កំពុង​តែ​ក​ទ័ព​នៅ​ក្នុង​ខែត្រ​ទ្រាំង​ប្រកប​ដោយ​ជោគជ័យ។​ គេ​និយាយ​ថា​ជន​នេះ​បាន​ប្រើ​ប្រាស់​សីល​ធ្មប់​បំពុល​ទឹក​ត្រពាំង និង​ទឹក​អណ្ដូង​ទាំងអស់​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ដែល​ទ័ព​ព្រះរាជា​ធ្វើ​ដំណើរ​ទៅ ធ្វើ​ឱ្យ​ទាហាន​ពុល​ស្លាប់​អស់​ជា​ច្រើន។
ពេល​នោះ​ស្ដេច​សៀម​បាន​យល់​ព្រម​បញ្ជូន​ព្រះ​ជ័យចេស្ដា ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ តាម​សំណូមពរ​របស់​ព្រះរាជា​កម្ពុជា​ជា​ព្រះ​បិតា។ ក្នុង​ព្រះរាជ​ដំណើរ​យាង​ត្រលប់​មក​វិញ​នេះ ព្រះ​ជ័យចេស្ដា​ បាន​បង្ក្រាប​ធ្វើ​ឱ្យ​បណ្ដា​ខែត្រ​ដែល​នៅ​តាម​ផ្លូវ​មាន​សន្ដិភាព​ឡើង​វិញ មាន​ខែត្រ​នាងរង បាត់ដំបង ពោធិ៍សាត់ កំពត រហូត​ដល់​កោះស្លាកែត រួច​ទ្រង់​យាង​កាត់​ទៅ​ជួប​ជាមួយ​តេជោ​ព្រះ​អង្គ​ដែល​ទើប​តែ​ដាក់​តាំងទ័ព​នៅ​ពីមុខ​បន្ទាយ​ខ្មាំង​នៅ​ទ្រាំង។ ក្រោយ​ពី​បាន​ជួប​ជាមួយ​កងទ័ព ហើយ​ទទួល​ព័ត៌មាន​អំពី​យុទ្ធសាស្ដ្រ​បំពុល​ទឹក​របស់ កូម៉ែល ព្រះ​ជ័យចេស្ដា បាន​ចេញ​បញ្ជា​ហាម​មិន​ឱ្យ​ទាហាន​ផឹកទឹក​ត្រពាំង​ដែល​នៅ​តាម​ដងផ្លូវ​ទេ រួច​បាន​ចាត់​ឱ្យ​កេណ្ឌ​អ្នកស្រុក​ទៅ​ដង​ទឹក​ពី​ទី​ឆ្ងាយ ដាក់​បំពង់​រាប់​ពាន់​សែន យក​មក​ឱ្យ​ទាហាន​ផឹក​វិញ។
យប់​មួយ​នៅ​ពេល​ដែល​ពួក​ខ្មាំង​នៅ​ក្នុង​បន្ទាយ​ទ្រាំង​មិន​បាន​គិត​ដល់​ថា​នឹង​មាន​ការ​ប្រយុទ្ធ​ តេជោ​ព្រះ​អង្គ និង​យមរាជ​មឿង​បាន​ប្រមូល​ទាហាន​ដែល​មាន​កាំភ្លើង​កាន់​នៅ​ដៃ វាយលុក​ចូល​ទៅ​ក្នុង​បន្ទាយ ហើយ​បាញ់​សម្លាប់​ពួក​ខ្មាំង​ទាំងអស់ រួម​ទាំង​កូម៉ែល និង​ពួក​ធ្មប់​ផង។
ចប់​សង្គ្រាម ព្រះរាជាណាចក្រ​បាន​សុខ​សន្ដិភាព​ហើយ ព្រះ​ស្រីសុរិយោពណ៌ បាន​លើក​តេជោ​ព្រះ​អង្គ ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​សំរោងទង។
រយៈកាល​បន្ដិច​ក្រោយ​មក តេជោ​ព្រះ​អង្គ​បាន​ទទួល​មរណភាព​ទៅ​ដោយ​ជរាភាព។ ពេល​នោះ​ព្រះរាជា​បាន​លើក​ខ្ញុំបម្រើ​របស់​តេជោ​ព្រះ​អង្គ​ម្នាក់​ឈ្មោះ យ៉ត មាន​ដើម​កំណើត​ជា​ជនជាតិ​ព្នង ឱ្យ​ឡើង​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​បន្ដ ពីព្រោះ​ខ្ញុំ​នេះ​តែង​តែ​ដើរ​តាម​នាយ​ចៅហ្វាយ​ទៅ​គ្រប់​សមរភូមិ​ប្រយុទ្ធ និង​រៀន​សូត្រ​ចេះ​ដឹង​ពី​ចិត្ដ​គំនិត និង​ល្បិច​ប្រយុទ្ធ​ផ្សេងៗ​របស់​ចៅហ្វាយនាយ ហើយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​ប្រាជ្ញា​ឈ្លាសវៃ​ជាច្រើន​លើក​ច្រើន​សា។ នាយ​យ៉ត​នេះ​បាន​ចាប់​បន្ដ​ធ្វើការ​បង្ក្រាប​ឱ្យ​ស្រុក​មាន​សុខ​សន្ដិភាព​ប្រកប​ដោយ​ជោគ ជ័យ ដែល​ត្រូវ​អាក់ខាន​មួយ​រយៈ​ដោយ​មរណភាព​របស់​តេជោ​ព្រះ​អង្គ។
គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ព្រះរាជា​បាន​សម្រេច​ប្ដូរ​ព្រះរាជវាំង​ពី​កោះស្លាកែត ដោយ​នាំ​ព្រះរាជ​បរិពារ រាជវង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​មក​គង់នៅ​ឯ​ល្វាឯម ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ភ្នំពេញ​វិញ។ ទ្រង់​បាន​លើក​ព្រះ​អគ្គមហេសី​សម្ដេចព្រះ​ភគវតី​ស្រីសុជាតិ​ឱ្យ​ឡើង​ជា​ ព្រះ​មហាក្សត្រីយ។ ខែត្រ​ស្រីសឈរ​ក៏​ត្រូវ​បែងចែក​ជា​២​គឺ មួយ​ផ្នែក​ខាងលើ​នៅ​រក្សា​ឈ្មោះ​ថា ស្រីសឈរ ដដែល ឯ​មួយ​ផ្នែក​ខាងក្រោម​មាន​ឈ្មោះ​ថា ល្វាឯម នៅ​ក្នុង​ឆ្នាំ​១៦០៤។
ហើយ​នៅ​ពេល​នោះ​ដែរ​ដែល​ព្រះរាជា ដែល​ទ្រង់​គ្រង​តែ​អាវ​ផាយ​ពណ៌​លឿង​តាម​របៀប​សៀម និង​បាន​សម្រេច​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី តាំងពី​ពួក​មហាតលិក និង​នាយពល​ឡើង​ទៅ បោះបង់​សម្លៀក​បំពាក់​របៀប​លង្វែក ដែល​បង់​ក​ក្រមា​វែង​ចេញ​ ហើយ​ឱ្យ​ស្លៀក​ពាក់​ដូច​ព្រះ​អង្គ​វិញ។​ ទាំង​ការ​និយាយ​ស្ដី​ក៏​ទ្រង់​ឱ្យ​ដូរ​គឺ​ឱ្យ​ហៅ​ព្រះ​អង្គ​ថា​ ព្រះ​ស្រីសុរិយោពណ៌​សម្ដេច​មនាថ ​វិញ។ ស្ដ្រីៗ​ដែល​មាន​ឋានៈ​ខ្ពស់​ត្រូវ​ឆ្លើយ​នឹង​ព្រះរាជា​ថា​ ព្រះ​ពរ ឆ្លើយ​នឹង​ព្រះ​មហាក្សត្រីយ​ថា​ ព្រះម៉ែ​ ហើយ​ឆ្លើយ​នឹង​ពួក​អ្នក​អង្គ​ម្ចាស់​ថា ព្រះបាទម្ចាស់។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
នៅ​ពេល​នោះ អតីត​រាជានុ​សិទ្ធិ​ព្រះកែវ​ហ្វ៊ា​យោម​មិន​អាច​លាក់​កំបាំង​គំនិត​ដែល​ចង់​ដណ្ដើម​យក​អំណាច​ត​ទៅ​ទៀត​បាន​ទេ ទ្រង់​បាន​គេច​ខ្លួន​ទៅ​គង់​នៅ​ក្នុង​ខែត្រ​ស្ទោង ចន្លោះ​ខែត្រ​ជីក្រែង និង​ខែត្រ​កំពង់ស្វាយ នៅ​ក្នុង​ឆ្នាំ​១៦១១ ហើយ​ចាប់​កេណ្ឌ​កងទ័ព។ ព្រះ​ស្រីសុរិយោពណ៌ បាន​លើក​ទ័ព​ទៅ​វាយ​កែវហ្វ៊ា​យោម ចាប់ខ្លួន​បាន ហើយ​បាន​បញ្ជា​ឱ្យ​គេ​ធ្វើឃាត​ចោល​ទៅ។
ពួក​សៀម​ដែល​តាមដាន​សភាពការណ៍​នៅ​កម្ពុជា​ជាប់ នៅ​ពេល​ដែល​ទទួល​ព័ត៌មាន​ស្ដី​អំពី​ការ​បំបែក​ខ្លួន​របស់​ពញា​យោម ក៏​បញ្ជូន​ទ័ព​មួយ​កង​ចូល​មក​ដល់​ក្នុង​ខែត្រ​ពោធិ៍សាត់ ដោយ​យក​លេស​ថាមក​ជួយ​ព្រះរាជា​កម្ពុជា។ ព្រះ​ស្រីសុរិយោពណ៌ បាន​ដឹកនាំ​ទ័ព​ទៅ​ជួប​ជាមួយ​ទ័ព​សៀម ពួក​នេះ​ក៏​ចាប់​បើក​ការ​វាយ​ប្រហារ​មក​លើ​ព្រះរាជា តែ​ត្រូវ​ព្រះរាជា​រុញ​ច្រាន​ឱ្យ​ដក​ថយ​ទៅ​ប្រទល់​ដែន​វិញ​ទៅ។ ព្រះរាជា​បាន​យាង​ទៅ​កាន់​ស្លាកែត​នៅ​ក្នុង​ខែត្រ​កំពត ជាទី​ដែល​ព្រះ​អង្គ​គង់​នៅ​តាំងពី​ពេល​យាង​ត្រលប់​ពី​ស្រុក​សៀម​ម្ល៉េះ។
នៅ​ក្នុង​ឆ្នាំ​១៦០១ ព្រះ​សុរិយោពណ៌ បាន​កសាង​វត្ដ​សម្បុក ប្រទាន​ដី កាត់​ឫស​សីមា រួច​ទ្រង់​បញ្ជា​ចៅហ្វាយ​ខែត្រ​ឱ្យ​រៀបចំ​ទទួល​ទូត​មក​ពី​ទិសឧត្ដរ និង​ទិស​បូព៌ា បណ្ដា​អ្នកប្រាជ្ញ​បណ្ឌិត​មក​ពី​បរទេស ជា​ពិសេស ឱ្យ​ថ្វាយ​តង្វាយ​ដែល​ព្រះរាជា​កម្ពុជា​តាំងពី​បុរាណកាល​ធ្លាប់​ថ្វាយ​ជូន​ដល់​ស្ដេច​ភ្លើង និង​ស្ដេច​ទឹក​រាល់​៣​ឆ្នាំ​ម្ដង ដើម្បី​ឱ្យ​ជួយ​ថែរក្សា​ផ្លូវ និង​ព្រៃ​ព្រឹក្សា កុំ​ឱ្យ​សត្រូវ​បៀត​បៀន​បាន។
ព្រះ​ស្រីសុរិយោពណ៌​គ្រង​រាជសម្បត្ដិ​បាន​១៣​ឆ្នាំ​ហើយ ប៉ុន្ដែ​មិន​ទាន់​ទទួល​ព្រះ​រាជាភិសេក​នៅ​ឡើយ។ ព្រះ​រាជាភិសេក​នេះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែ ​ធ្នូ ឆ្នាំ​១៦១៣ ព្រះរាជា​ទ្រង់​កាន់​ព្រះខ័នរាជ្យ គង់​នៅ​ក្រោម​ស្វេតច្ឆត្រ ហើយ​ទទួល​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេចព្រះ​បរមរាជាធិរាជ​រាមធិបតី​ព្រះ​ស្រីសុរិយោពណ៌»។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិសាស្ត្រ៖ សម័យស្រីសន្ធរ (តចប់) ប្រវត្តិសាស្ត្រ៖ សម័យស្រីសន្ធរ (តចប់) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:39:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.