មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក) តមកពីលេខមុន

ផ្សាយថ្ងៃទី ២២ ធ្នូ ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ពេលសោយទីវង្គតទៅ គេតែងលើកព្រះសពតំកល់ក្នុងកោដ្ឋ ធ្វើបុណ្យថ្វាយព្រះភ្លើង រួចយកបរមអដ្ឋិធាតុទៅបញ្ចុះក្នុងចេតិយដែលច្រើនតែសាងនៅលើភ្នំ ដូចជាភ្នំដូនពេញ (ចេតិយព្រះបរមរាជាទី២ ចៅពញាយ៉ាត) ភ្នំរាជទ្រព្យ (ចេតីយព្រះចន្ទរាជា) ។ ល ។ ក្នុងករណីគូបដិបក្សជាប់ញាតិវង្ស ហើយត្រូវធ្វើគុត ក៏ព្រះរាជាតែងធ្វើបុណ្យថ្វាយព្រះភ្លើងដល់ព្រះសពអោយសមឋានៈជាក្សត្រដែរ ដូចជា ព្រះធម្មរាជាទី១ ទ្រង់បានសុំសពព្រះរៀមគឺព្រះស្រីរាជា និងក្មួយគឺ ស្រីសុរិយោទ័យ ពីព្រះចៅសៀម និងព្រះចន្ទរាជា បានបញ្ជាអោយគេយកសព ពញាអុង ពីសមរភូមិកាលដែលលើកទ័ពចូលមកវាយខ្មែរ ដើម្បីយកទៅធ្វើពិធីថ្វាយព្រះភ្លើងតាមប្រពៃណីក្សត្រ ។
ពួកបរិវារ
គេឃើញមានជាអាទិរាជវង្សានុវង្សគឺ៖ ឧភយោរាជ : តាមន័យដើម ពាក្យនេះមានន័យថា ក្សត្រដាក់រាជ្យអោយអង្គណាមួយ សោយតំណាងព្រះអង្គ ទទួលរាជសក្ដិជាក្សត្រកណ្ដាលជួយដាស់តឿនក្រើនរំលឹកក្សត្រទ្រង់រាជ្យ និងក្សត្រឧបរាជទាំងពីរអង្គ អោយស្ថិតនៅក្នុងទសពិធរាជធម៌ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងវិញ ឧភយោរាជ ជាក្សត្រដែលមានព្រះឋានៈបន្ទាប់ពីក្សត្រទ្រង់រាជ្យ (ឧ.ព្រះស្រីសុរិយោពណ៌) ។
ឧបរាជ ឬ មហាឧបរាជ : ឋានៈជា ឧបរាជ នេះមានមកជាយូរណាស់មកហើយ ។ គេជ្រើសរើស ឧបរាជ ក្នុងចំណោមបុត្រច្បង ឬ អនុជក្សត្រទ្រង់រាជ្យដែលមានគុណវុឌ្ឍីដ៏ខ្ពង់ខ្ពស់ ប៉ុន្តែក្នុងភាពពិតជាក់ស្ដែងពុំមែនសុទ្ធ តែមានដំណើរប្រព្រឹត្តទៅបែបនេះទេ ព្រោះកាលដែលព្រះ សត្ថាទី១ ដាក់រាជ្យថ្វាយទៅព្រះរាជាបុត្រច្បងនាមព្រះជ័យជេដ្ឋា ដែលមានព្រះជន្ម១១វស្សាអោយឡើងសោយរាជ្យនិងលើកព្រះរាជបុត្របន្ទាប់នាម ចៅពញាអន ដែលមានព្រះជន្មទើបបាន៦វស្សា អោយឡើងឋានៈជាឧបរាជនោះ អំពើនេះធ្វើអោយមានការអាក់អន់ស្រពន់ចិត្តច្រើន ក្នុងចំណោមនាម៉ឺនសព្វមុខមន្ត្រីនិងអាណាប្រជានុរាស្ត្រ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះវររាជមាតា ឬ ព្រះវររាជអយ្យកា ក៏ទំនងជាមានឥទ្ធិពលខ្លាំងក្លាណាស់ដែរ ព្រោះកាលដែលព្រះកែវហ៊្វាទី១ ចៅពញាញោម មិនប្រកបដោយទសពិធរាជធម៌ សម្ដេចព្រះទេវីក្សត្រីត្រូវជាសម្ដេចព្រះអយ្យកាបានជំនុំនឹងមន្ត្រី រួចផ្ញើរសារទៅក្រុងអយុធ្យា ក្រាបទូលព្រះចៅសៀមបើកសម្ដេចព្រះស្រីសុរិយោពណ៌ អោយចេញមកក្រុងកម្ពុជាធិបតីវិញ ។
ចៅហ៊្វាទឡ្ហៈ : បើប្រៀបធៀបនឹងសព្វថ្ងៃ ចៅហ៊្វាទឡ្ហៈ មានបណ្ដាសក្តិស្មើនឹង នាយករដ្ឋមន្ត្រី ឬ រដ្ឋមន្ត្រីទី១ ។ បន្ទាប់ពី ចៅហ៊្វាទឡ្ហៈ មកគេឃើញមានមន្ត្រីជាន់ខ្ពស់ ៤រូបទៀត ដែលមានមុខងារជាអ្នកសម្រេចរាជការ និងគ្រប់គ្រងផែនដីរួម និងព្រះមហាក្សត្រ ។ មន្ត្រីជាន់ខ្ពស់ទាំង៤នេះគេចាត់ដូចសសរជើងរៀងទាំង ៤​ នៃប្រាសាទ ទើបមាននាមរួមថាចតុស្ដម្ភ :
ឧកញ៉ាក្រឡាហោម
ឧកញ៉ាវាំង
ឧកញ៉ាយមរាជ
ឧកញ៉ាចក្រី
មហាតលិក : នេះជាមន្ត្រីខ្ញុំរាជការដែលមានងារគាល់បម្រើព្រះរាជា ។ ស្ដេចកន កាលពីដើមជា មហាតលិក មួយរូបដែលត្រូវបានព្រះបាទស្រីសុគន្ធបទ តម្ដើងអោយឡើងឋានៈជា ឃុនហ្លួងព្រះស្ដេច ។
ហោរា : ជាមន្ត្រី១ប្រភេទដែលមានមុខងារសំខាន់ណាស់ដែរ ព្រោះក្នុងសម័យនោះ តាំងពីក្សត្រទ្រង់រាជ្យដល់អាណាប្រជានុរាស្ត្រសុទ្ធ តែមានជំនឿលើការទស្សន៍ទាយ ។ មុននឹងលើករាជធានីពីទួលបាសានមកភ្នំពេញ ព្រះបរមរាជាទី២ ចៅពញាយ៉ាត ទ្រង់បានបញ្ជា ឧកញ៉ាហោរាធិបតីខៀវ និងមន្ត្រីឯទៀតអោយមកពិនិត្យមើលក្នុងកន្លែងតាមក្បួនហោរាសិន ។ ឯព្រះបាទស្រីសុគន្ធបទ ពេលទ្រង់ យល់សុបិន្តឃើញនាគដេញពាំស្វេតច្ឆត្រ ក៏បានអោយហោរាទស្សន៍ទាយទៅឃើញថាមានគេចង់ជ្រែករាជ្យ គឺស្ដេចកននេះឯង ។
ចៅជិត ចៅចម : ចៅជិត គឺពួកស្ត្រីជាព្រះរាជបរិវារ មានមុខងារក្រាបបង្គំគាល់បម្រើជិតស្និទ្ធក្នុងព្រះរាជត្រកូល ឯចៅចម គឺពួកស្ត្រីជារាស្ត្រសាមញ្ញដែលគេថ្វាយអោយធ្វើជាមហេសីស្ដេចបានដល់ពួកស្រីស្នំស្រឹង្គារនេះឯង ។
ជាទូទៅ គេសង្កេតឃើញរាជសម្បត្តិត្រូវបានបន្ត​ពីបិតាជាក្សត្រទ្រង់រាជ្យទៅបុត្រ បានសេចក្ដីថានៅពេលដែលព្រះបិតាសោយទិវង្គតទៅ ឬក៏ដាក់រាជ្យ គឺបុត្រច្បងត្រូវមានសិទ្ធិឡើងសោយរាជ្យស្នង ហើយប្រសិនបើបុត្រច្បងត្រូវសុគតមុនសោយរាជ្យ គឺបុត្របន្ទាប់មានសិទ្ធិសោយរាជ្យស្នងព្រះបិតា ។ ដោយហេតុនេះហើយទើបយើងឃើញ ព្រះនារាយណ៍រាជាឡើងសោយរាជ្យស្នងព្រះបរមរាជាទី២ ចៅពញាយ៉ាត ព្រះសត្ថាទី១ សោយរាជ្យស្នងព្រះបរមរាជាទី៤ ឯព្រះបរមរាជាទី៤ បានសោយរាជ្យ ស្នងពីព្រះចន្ទរាជា ព្រោះបុត្រច្បងនាម រាមាធិបតី បានសុគតមុនសោយរាជ្យ (តាមរាជពង្សាវតារខ្លះថាត្រូវព្រះធរណីស្រូប) ។ ក្នុងករណីដែលក្សត្រទ្រង់រាជ្យពុំមានបុត្រសោយរាជ្យស្នងទេ សិទ្ធិនេះត្រូវបានទៅព្រះអនុជជាបន្តបន្ទាប់ ។ ព្រះចន្ទរាជា បានឡើងសោយរាជ្យជាតំណវង្សពីព្រះបាទស្រីសុគន្ធបទ ព្រោះរាជបុត្រក្សត្រអង្គនេះ គឺពញាយសរាជា បានសុគតមុនសោយរាជ្យ ។ ប្រសិនបើគេមិនគោរពទម្លាប់នេះទេនោះវិបត្តិច្បាស់ជាកើតឡើងចៀសមិនបាន ​: នេះគឺចជាករណីរបស់ ស្រីសុរិយោទ័យ ដែលត្រូវបានឡើងសោយរាជ្យស្នងព្រះបិតា គឺព្រះនារាយណ៍រាជា តែពុំដូច្នោះបែរជាបានទៅព្រះស្រីរាជា ជាអនុជសោយរាជ្យវិញ ជាហេតុនាំអោយមានចម្បាំងគ្នាឯងក្នុងស្រុកអស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) ។ ក្នុងសម័យកាលដែលយើងលើកយកមកសិក្សានេះ គេសង្កេតឃើញថាមានអន្តរាគមន៍របស់ពួកមន្ត្រីក្នុងការជ្រើសរើសក្សត្រ​អោយឡើងសោយរាជ្យ ហើយអន្ត្រាគមន៍នេះមាន ប្រសិទញធិភាពខ្លាំងណាស់ដែរ ។ យ៉ាងណាមិញព្រះស្រីរាជា ព្រះបរមរាជាទី៧ ចៅពញាអន និងព្រះស្រីសុរិយោពណ៌សុទ្ធតែបានឡើងសោយរាជ្យ​ដោយសារតែអន្តរាគមន៍របស់នាម៉ឺនសព្វមុខមន្ត្រីនេះឯង ។ ក្នុងករណីដែលបុគ្គលណាមួយ ទោះជាមន្ត្រីជាន់ខ្ពស់ក្ដី ទោះជាជាប់ព្រះញាតិនឹងក្សត្រទ្រង់រាជ្យក្ដី តែបើពុំមានសិទ្ធិទទួលរាជសម្បត្តិទេ ហើយបែរជាប្រើកម្លាំងអាវុធដើម្បីបានឡើងសោយរាជ្យនោះគេអោយឈ្មោះហៅថាស្ដេចជ្រែករាជ្យ (ស្ដេចកន ព្រះរាមជើងព្រៃ) ។
គេសង្កេតឃើញមានវិបត្តិក្នុងរាជវង្សជាញឹកញាប់ ជាហេតុបណ្ដាលអោយមានចម្បាំងគ្នាឯងក្នុងស្រុក : ចម្បាំងរវាងស្រីរាជា ស្រីសុរិយោទ័យ ធម្មរាជា អស់រយៈពេល១០ឆ្នាំ (១៤៧៥-១៤៨៥) និងចម្បាំងរវាងស្រីសុគន្ធបទ ស្ដេចកន ចន្ទរាជា (១៥០៩-១៥១២ និង ១៥១៦-១៥២៥) ។ មូលហេតុនៃចម្បាំងទាំងនេះ គឺបណ្ដាលពីការគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងប្រយោជន៍រួម ។ យ៉ាងណាមិញ ព្រះស្រីសុរិយោទ័យ ច្បាំងនឹងព្រះស្រីរាជា មកតែពីគិតប្រយោជន៍ផ្ទាល់ គឺសិទ្ធិត្រូវបានសោយរាជ្យស្នងព្រះបិតា ព្រះបាទស្រីសុគន្ធបទ រកកលសម្លាប់ស្ដេចកន មកតែពីខ្លាចមន្ត្រីរូបនេះដណ្ដើមរាជសម្បត្តិ ព្រះសត្ថាទី១ បានដាក់រាជ្យថ្វាយទៅបុត្រដែលសុទ្ធតែមានវ័យក្មេងៗ ព្រោះតែខ្លាចរាជសម្បត្តិបានទៅព្រះអនុជគឺ ស្រីសុរិយោពណ៌ ដែលមានសមត្ថភាព និងមានប្រជាប្រិយភាពជាង ។ លុះជម្លោះកើតឡើងហើយ អ្នកដឹកនាំជាតិមិននិយមការដោះស្រាយ ដោយសម្របសម្រួលគ្នាទេបែរជាសុខចិត្ត​ទៅពឹងពាក់អោយបរទេសជិតខាងចូលមកផ្សះផ្សាវិវាទផ្ទៃក្នុងរបស់ខ្មែរទៅវិញ ។ ដោយហេតុនេះហើយ ទើបព្រះធម្មរាជា ទ្រង់បានទៅអន្ទងស្ដេចសៀមអោយលើកទ័ពចូលមក ធ្វើកលចាប់ព្រះស្រីរាជា និងស្រីសុរិយោទ័យ យកទៅស្រុកសៀមអស់ទៅ ។
នៅគ្រានោះខ្មែរមិនទាន់មានកង្វល់នៅព្រំដែនខាងកើតនៅឡើយទេ ព្រោះចាម្ប៉ាកំពុងតែជាប់ដៃធ្វើចម្បាំងជាមួយពួកលោកម្ចាស់ង្វៀន ដែលបានលេបទឹកដីរបស់រាជាណាចក្រនេះបន្តិចម្ដងៗ ។
ប៉ុន្តែព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះយកទឹកដីដែលត្រូវបាត់បង់ទៅតាំងពីស.វ.ទី១៣រៀងមក ។ គឺក្នុងគោលបំណងនេះហើយដែលព្រះស្រីរាជា ព្រះចន្ទរាជា ព្រះបរមរាជាទី៤ ព្រះសត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានី ស្រីអយុធ្យា ហើយរំដោះ យកបានទឹកដីមកវិញជាច្រើនមែន ។ ឯហេតុដែលនាំអោយខ្មែរមានជោគជ័យបែបនេះ គឺបណ្ដាលមកពីភូមាបានលើកទ័ពចូលវាយសៀមជាញឹកញយ វាយយកបានរាជធានី ស្រីអយុធ្យា២លើក (គ.ស.១៥២៤និង១៥៦៩) និងដាក់សៀមជាប្រទេសចំណុះអស់១៥ឆ្នាំទៀតផង ហើយស្ដេចខ្មែរចេះឆ្លៀតឱកាស​ដែលសត្រូវកំពុងតែទន់ខ្សោយនោះលើកទ័ពចូលវាយបន្ថែមទៀត ហើយអាចរំដោះយកបានទឹកដីដែលត្រូវបានបាត់បង់ត្រឡប់មកវិញ ។ ត្រង់ចំណុចនេះ ឯកសារអឺរ៉ុប និយាយថាខ្មែរបានធ្វើសម្ព័ន្ធមិត្តជាមួយភូមាដើម្បីវាយសៀម ប៉ុន្តែឯកសារខ្មែរមិនបាននិយាយដល់រឿងនេះទេ ។ ប្រភពអឺរ៉ុបដដែលបានបន្ថែមទៀតថាក្រោយមកខ្មែរបានងាក ទៅចងសម្ព័ន្ធមេត្រីជាមួយសត្រូវខ្លួន (សន្ធិសញ្ញាខ្មែរ-សៀមគ.ស.១៥៧៤ ព្រះសត្ថាទី១ បញ្ជាអោយ ស្រីសុរិយោពណ៌ លើកទ័ពទៅជួយសៀមវាយឈ្នះភូមា)ប៉ុន្តែមិនបានផលល្អ ព្រោះក្រោយពីបានរំដោះខ្លួនពីចំណុះភូមាមក សៀមតែងបានលើកទ័ពចូលវាយខ្មែរញឹកញាប់ ថាព្រោះខ្មែរមិនរក្សាពាក្យសច្ចៈ ។ ការពិត សៀមធ្វើនេះ គឺនៅក្នុងក្របខ័ណ្ឌពង្រីកទឹកដីរបស់គេតែប៉ុណ្ណោះ ។ ម្ល៉ោះហើយនៅចំពោះមុខគ្រោះថ្នាក់​ដែលតែងតែគំរាមកំហែងមកលើប្រទេសជាតិនេះ ព្រះរាជាខ្មែរចាប់ពីព្រះសត្ថាទី១រៀងមកបានងាកទៅរកជំនួយពីពួកព័រទុយហ្គាល់ ហើយក្រោយមកពីពួកអេស្ប៉ាញទៀត ។ ព្រះអង្គទ្រង់បានយកចិត្តអ្នកផ្សាយសាសនាអឺរ៉ុបយ៉ាងខ្លាំង ដើម្បីអោយពួកនេះជួយធ្វើអន្តរាគមន៍សុំជំនួយទ័ពមកប្រឆាំងនឹងសៀម ។​ ព្រះអង្គទ្រង់បានសន្យាថានឹងបើកសិទ្ធិអោយពួកនេះ ផ្សាយសាសនាគ្រិស្តនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្ររបស់ព្រះអង្គជួយសង់ព្រះវិហារ និងផ្ដល់ទេយ្យទាន មានអង្ករជាដើមដល់ពួកនេះ ។ ពួកអេស្ប៉ាញនៅម៉ានីល មានបំណងចង់មកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរហើយបានបញ្ជូនទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរជាច្រើនលើក តែពុំបានសម្រេចដូចប្រាថ្នា ។ ទៅទីបំផុត ព្រះស្រីសុរិយោពណ៌ ដែលទ័ពសៀមចាប់នាំយកទៅក្រុង អយុធ្យាបានត្រឡប់ ចូលមកប្រទេសខ្មែរវិញដោយនាំយកឥទ្ធិពលសៀមមកផ្សាយទៀត ។ គួរគប្បីបញ្ជាក់ថា ពួកសៀមដែលកាន់ព្រះពុទ្ធសាសនាដូចខ្មែរដែរនោះ បានប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងផ្សាយសាសនារបស់ជនជាតិអឺរ៉ុប ជាពិសេសក្នុងរជ្ជកាលរបស់ព្រះនរេសូរ ។
នៅសម័យនោះ ប្រទេសខ្មែរលែងជាមហាអំណាចមួយខាងទឹកដីទៀតហើយ : ទឹកដីជាន់ក្រៅគឺស្រុក បច្ចន្តជនបទ ដូចជាស្រុកសុខោទ័យស្រុកអយុធ្យា ស្រុកលពបុរី ស្រុក គោត្របូរ (ភិម៉ាយ) ត្រូវាបាត់បង់អស់ទៅហើយ ឯប្រទេសសាមន្តរាជ ដូច ចម្ប៉ា អាណ្ណាម ជ្វា មន ក៏លែងមានទៀតដែរហើយ ។ ព្រំដែនខាងជើងរបស់ខ្មែរធ្លាក់មកនៅត្រឹម ទន្លេមូល ឬនៅលើនេះ បន្តិចបន្តួចនិងប្រទេសលាវ ។ ព្រះដែលខាងលិចទល់នឹង បស្ចឹមបុរី និងរយ៉ង ខាងពាយ័ព្យទល់នឹងស្រុក នាងរង នគររាជ ខាងកើតទល់នឹងប្រទេស ចាម្ប៉ា ខាងត្បូងទល់នឹងសមុទ្រចិន និងឈូងសមុទ្រសៀម ។
បើតាមពង្សាវតារ រាជាណាចក្រខ្មែរសម័យនោះមានប្រមាណ៧០ខេត្តគឺ: លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបុរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ សៀមបូក សម្បុកសម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង សំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ បារៀ (បារា) ពាម កោះស្លាកែត កំពត កំពង់សោម ទឹកខ្មៅ ពាមមេសរ ព្រះត្រពាំង ក្រមួនស ដូនណៃ ។ល។
គួរកត់សម្គាល់ថាក្នុងចំណោមខេត្តទាំងប៉ុន្មាននេះ ខេត្តខ្លះនៅឋានៈជាខេត្តរហូតមកដល់សព្វថ្ងៃនេះដូចជា ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង សៀមរាប ក្រចេះ ព្រៃវែង ។ ល ។ ឯខេត្តខ្លះធ្លាក់ឋានៈមកស្រុកវិញ ដូចជា មង្គលបុរី ស្ទោង ជីក្រែង រលួស ទឹកជោរ ។ល។ ឯខេត្តខ្លះទៀតត្រូវបាត់ឈ្មោះរលាយចូលនឹងខេត្តឯទៀតៗអស់ទៅ ។
ខេត្តនីមួយៗត្រូវបែងចែកជាស្រុក ហើយស្រុកនីមួយៗត្រូវបែងចែកជា ភូមិ ជាច្រើនទៅទៀត ។ ប៉ុន្តែ ខេត្តជាច្រើនត្រូវបានប្រមូលផ្ដុំជាតំបន់ធំៗ ដែលគេអោយឈ្មោះថា ដី ។ ដី > ខេត្ត > ស្រុក > ភូមិ
ដោយហេតុព្រះរាជាជាប្រភពនៃអំណាចទាំងឡាយ ហើយពួកបរិវាររបស់ព្រះអង្គសុទ្ធតែជារាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់ផងនោះ គេអាចយល់បានថាគឺពួកបរិវារនេះ ហើយជាអ្នកញ៉ាំងម៉ាស៊ីនរដ្ឋបាលកណ្ដាលអោយប្រព្រឹត្តទៅ ។ ដូចយើងបានរៀបរាប់រួចមកហើយក្នុងវគ្គនីមួយៗ ពីព្រះរាជបរិវារឃើញថាបន្ទាប់ពីស្ដេចទ្រង់រាជ្យមកមាន ឧភយោរាជ ឧបរាជ ឬ មហាឧបរាជ ព្រះវររាជមាតា វររាជអយ្យកា ចៅហ៊្វាទឡ្ហៈ និងមន្ត្រីជាន់ខ្ពស់៤រូបដែលគេនិយមហៅថា ចតុស្ដម្ភ គឺ :
ឧកញ៉ាយមរាជ (រដ្ឋមន្ត្រីក្រសួងយុត្តិធម៌)
ឧកញ៉ាក្រឡាហោម (រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក)
ឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង)
ឧកញ៉ាចក្រី (រដ្ឋមន្ត្រីក្រសួងទ័ពជើងគោក) ។
ដូច្នេះចៅហ៊្វាទឡ្ហៈ និងមន្ត្រីជាន់ខ្ពស់ទាំង៤រូបនេះប្រៀបបាននឹង គណៈរដ្ឋមន្ត្រី សព្វថ្ងៃ ហើយដែលគេនិយមហៅថាសេនាបតី ។ មន្ត្រីជាន់ខ្ពស់ទាំង៥រូបនេះគេហៅថា មន្ត្រីសម្រាប់ឯក គឺជាមន្ត្រីដែលត្រូវឡើងទៅព្រះមហាក្សត្រ : មន្ត្រីទាំងនេះមានមុខងារញ៉ាំងរដ្ឋបាលកណ្ដាលអោយប្រព្រឹត្តទៅផង ហើយមានអំណាចត្រួតត្រាលើខេត្តខ្លះទៀតផង ។ ក្រៅពីនេះនៅមានមន្ត្រីសម្រាប់ទោត្រូវឡើងទៅ ឧភយោរាជ មន្ត្រីសម្រាប់ត្រី ត្រូវឡើងទៅព្រះឧបរាជ ឬ មហាឧបរាជ និងមន្ត្រីសម្រាប់ចត្វា ត្រូវឡើងទៅព្រះវររាជមាតា ឬ ព្រះវរាជអយ្យកា ។ មន្ត្រីទាំង៤សម្រាប់នេះ លើកលែងតែ ចៅហ៊្វាទឡ្ហៈ ចេញដែលមានឋានន្តរសក្ដិថា សម្ដេចចៅពញា សុទ្ធតែមានឋានន្តរសក្ដិជា ឧកញ៉ា សក្ដិ១០ហ៊ូពាន់ (ហ៊ូពាន់ : ពាក្យសៀមមានន័យថាក្បាលពាន់ គឺទ័ព១០០០នាក់ ដែលនៅក្រោមបង្គាប់របស់មន្ត្រីណាម្នាក់ ) ។
ក្រៅពីមន្ត្រីជាន់ខ្ពស់ទាំងប៉ុន្មានដូចរៀបរាប់រួចមកហើយនេះ គេឃើញមានមន្ត្រីជាន់កណ្ដាល និងជាន់ទាបជាច្រើនទៀតដែលមានឋានន្តរសក្ដិដូចតទៅ:
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ចៅពញា.............សក្ដិ៩/១០ហ៊ូពាន់ (ចៅហ្វាយស្រុក)
ពញា..................សក្ដិ៧/៨ហ៊ូពាន់ (ចៅហ្វាយស្រុក)
ព្រះ.....................សក្ដិ៦ហ៊ូពាន់
ហ្លួង....................សក្ដិ៥ហ៊ូពាន់
ឃុនម៉ឺន...............សក្ដិ៤ហ៊ូពាន់
ឧកម៉ឺន................សក្ដិ៣ហ៊ូពាន់
ចៈម៉ឺន..................សក្ដិ២ហ៊ូពាន់
ម៉ឺន......................សក្ដិ១ហ៊ូពាន់ ។
ចំណែកខ្ញុំរាជការដែលមិនទាន់បានទទួលយកយសសក្ដិនៅឡើយទេ នោះអោយហៅថានាយ ។
ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរ ត្រូវចែកជាប្រមាណ៧០ខេត្ត ហើយ ខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា ដី ។ ក្នុងតំបន់នីមួយៗ មានស្ដេចក្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចក្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ ម្រតាញ ដែលមានប្រើក្នុងសិលាចារឹកខ្មែរ) ។ ស្ដេចក្រាញ់ មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង ។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទ ធម្មរាជាទី១ មានការតែងតាំងស្ដេចក្រាញ់ ៥អង្គគឺ :
ពញាតេជោ ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ១
ពញាសួគ៌ាលោក ចៅហ្វាយស្រុកខេត្តពោធិ៍សាត់១
ពញាស្រីធម្មាតេជោ ចៅហ្វាយស្រុកខេត្តបាភ្នំ១
ពញាពិសណ្ណុលោក ចៅហ្វាយស្រុកខេត្តទ្រាំង១
ពញាអរជូន ចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ១ ។
ដូចបានពោលរួចមកខាងលើនេះ យើងឃើញថាក្នុងខេត្តនីមួយៗមានមន្ត្រីជាន់ខ្ពស់ម្នាក់ឈរត្រួតត្រា ។ មន្ត្រីនេះគេនិយមហៅថា ចៅហ្វាយស្រុក : ឧ.មន្ត្រីឈរត្រួត ខេត្តទ្រាំង គេហៅថាចៅហ្វាយស្រុកខេត្តទ្រាំង ។
តាមប្រភពរាជពង្សាវតាខ្មែរដដែល គេដឹងថា ចៅហ្វាយស្រុក សុទ្ធតែមានសក្ដិ ១០ឬ៩ហ៊ូពាន់ពីបុរាណរៀងមក តាំងឡើងសុទ្ធតែជាសម្ដេចចៅពញា ព្រោះចៅហ្វាយស្រុក ទាំងនោះសុទ្ធតែជាព្រះញាតិនៃព្រះរាជា តែក្រោយមក ចៅហ្វាយស្រុក ទាំងនោះច្រើនតែពុំសូវគោរពកោតខ្លាចសេនាបតីទើបត្រូវទម្លាក់មក នៅត្រឹមតែទីចៅពញា ។ គួរគប្បីជ្រាបថា ទីចៅពញា នេះក៏ជាឋានន្តរសក្ដិរបស់បុត្រស្ដេចទ្រង់រាជ្យដែរ (ឧ.ចៅពញាដំខាត់រាជា ចៅពញាចន្ទរាជា ចៅពញាតន់ ចៅពញាអន ចៅពញាញោម ។ល។) ។ បើចៅហ្វាយស្រុក ណាមានសក្ដិ៨ឬ៧ហ៊ូពាន់ ត្រូវតាំងជាពញា ។
ខេត្តនីមួយៗត្រូវបែងចែកជាច្រើនស្រុក ដែលគ្រប់គ្រងដោយមេស្រុក ។ ហើយមេស្រុកនីមួយៗទំនងជាត្រូវចែកជាឃុំ ជាភូមិ ដែលមានមេឃុំ និងមេភូមិជាអ្នកគ្រប់គ្រង ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក) តមកពីលេខមុន អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក) តមកពីលេខមុន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.